"ភាគី​ពាក់ព័ន្ធ​ក្នុង​តំបន់​មេគង្គ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ចូលរួម​ពាក់ព័ន្ធ​របស់​អាមេរិក"

ដោយ មាន ឫទ្ធិ
2021-04-02
Share
"ភាគី​ពាក់ព័ន្ធ​ក្នុង​តំបន់​មេគង្គ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ចូលរួម​ពាក់ព័ន្ធ​របស់​អាមេរិក" អ្នកនេសាទកម្ពុជា​កំពុងនេសាទត្រីនៅលើទន្លេមេគង្គ ក្រុងភ្នំពេញ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។
រូប៖ AP Photo/Heng Sinith

អ្នកជំនាញ​តំបន់​មេគង្គ​លើក​ឡើង​ថា ភាគី​ពាក់ព័ន្ធ​នៅក្នុង​តំបន់​មេគង្គ កំពុង​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ការចូលរួម​ពាក់ព័ន្ធ​របស់​អាមេរិក​នៅក្នុង​តំបន់​មេគង្គ តាមរយៈ​យន្តការ​ភាពជា​ដៃគូ​រវាង​តំបន់​មេគង្គ និង​សហរដ្ឋអាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​តំបន់​នេះ​។ ការ​លើកឡើង​នេះ កើត​មាន​ឡើង​ស្រប​ពេល​តំបន់​មេគង្គ​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ជាច្រើន ជាពិសេស ​បញ្ហា​សន្តិសុខ​ទឹក​នៅ​តាម​ប្រទេស​ខ្សែទឹក​ខាងក្រោម​ទន្លេមេគង្គ ដោយសារ​ប្រទេស​ចិន​រាំង​ខ្ទប់​ទឹក​ដោយ​ប្រើ​វារីអគ្គិសនី​ខ្នាត​យក្ស​របស់​ខ្លួន។ ថ្មីៗ ​នេះ មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោល​នយោបាយ ស្ទីមសុន សេនធឺរ (Stimson Center) ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន បាន​រៀបចំ​ឲ្យ​មាន​នូវ​កិច្ច​សន្ទនា​គោលនយោបាយ​មួយ ក្រោម​យន្តការ​ភាពជា​ដៃគូ​រវាង​តំបន់​មេគង្គ និង​សហរដ្ឋអាមេរិក​នេះ។

នេះ​បទសម្ភាសន៍​រវាង​លោក មាន ឫទ្ធិ ជាមួយ​នាយក​កម្មវិធី​អាស៊ីអាគ្នេយ៍​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​គោលនយោបាយ ស្ទីមសុន សេនធឺរ (Stimson Center) លោក ប្រាយ អ៊ិន អាយល័រ (Brian Eyler) ជុំវិញ​លទ្ធផល​នៃ​កិច្ច​សន្ទនា​គោល​នយោបាយ​នេះ​ដូចតទៅ​៖

មាន ឫទ្ធិ៖ តើ​អ្វីខ្លះ​ទៅជា​លទ្ធផល​ដែល​ទទួល​បាន​ពី​កិច្ច​សន្ទនា​គោលនយោបាយ ក្រោម​យន្តការ​ភាពជា​ដៃគូ​រវាង​តំបន់​មេគង្គ និង​សហរដ្ឋអាមេរិក ដែល​មជ្ឈមណ្ឌល​របស់​លោក​ទើបបាន​រៀបចំឡើង​នេះ​?

ប្រាយអ៊ិន អាយល័រ៖ យើង​បាន​ស្វែងយល់​ថា មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ក្នុង​តំបន់​នេះ មក​លើ​ការចូលរួម​កាន់តែ​ខ្លាំង​របស់​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​មេគង្គ តាម​រយៈ​​យន្តការ​​ភាព​ជា​​ដៃគូ​​រវាង​តំបន់​មេគង្គ និង​សហរដ្ឋអាមេរិក​។ សន្និសីទ​នេះ​ធ្វើឡើង​ភាគច្រើន ​ដើម្បី​ស្តាប់ និង​ប្រមូល​មតិយោបល់​នានា ដើម្បី​ឲ្យ​អ្នកជំនាញ និង​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​អាមេរិក អាច​ស្តាប់​ពី​តម្រូវការ និង​ផលប្រយោជន៍​នានា​របស់​ភាគី​ពាក់ព័ន្ធ​នៅក្នុង​តំបន់​មេគង្គ​។ យើង​ស្វែងយល់​បាន​ច្រើន​អំពី​តម្រូវការ ចង់​ឲ្យ​មានការ​អភិវឌ្ឍន៍​​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ ការ​កែ​លម្អ​ការ​ភ្ជាប់​ទំនាក់ទំនង​ក្នុង​តំបន់ មធ្យោបាយ​នានា​ដើម្បី​កែ​លម្អ​អភិបាលកិច្ច ឬ​ការ​គ្រប់គ្រង​ទឹក​ឆ្លង​ដែន និង​ការ​បែងចែក​ធនធាន​​ទឹក​​ប្រកប​ដោយ​សមធម៌​សម្រាប់​ប្រទេស​ក្នុង​តំបន់​ខ្សែទឹក​ខាងក្រោម​ទន្លេមេគង្គ​។ ក្រៅពីនោះ ក៏​មាន​ការ​ជជែក​អំពី​ភាព​ចាំបាច់ និង​មធ្យោបាយ​នានា​ដើម្បី​កែ​លម្អ​ការអនុវត្ត​​ច្បាប់​​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​មាន​ការរៀបចំ​ទុកជាមុន​។ ចុងក្រោយ​នោះ គឺ​ការ​ជជែក​គ្នា​ជុំវិញ​ប្រធានបទ​នៃ​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា ដែល​គេ​ហៅថា ដំណោះស្រាយ​​ផ្តោត​​លើ​​កត្តា​​ធម្មជាតិ​។ វិធីសាស្ត្រ​ដោះស្រាយ​បែបនេះ ពិតជា​ល្អ​មែនទែន​សម្រាប់​តំបន់​មេគង្គ ដោយ​ផ្អែកលើ​កត្តា​ធម្មជាតិ​ជា​គោល។

មាន ឫទ្ធិ​៖ ផ្អែកលើ​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​របស់​លោក​ក្នុង​គម្រោង​កិច្ច​សន្ទនា​គោលនយោបាយ​នេះ ក្រោម​យន្តការ​ភាពជា​ដៃគូ​រវាង​តំបន់​មេគង្គ និង​សហរដ្ឋអាមេរិក​នេះ តើ​លោក​មើល​ឃើញ​ថា សហរដ្ឋអាមេរិក​កំពុង​ចូលរួម​ពាក់ព័ន្ធ​ក្នុង​តំបន់​មេគង្គ​នេះ​បាន​ខ្លាំង​ប៉ុណ្ណា​ដែរ បើ​ប្រៀបធៀប​នឹង​ពេល​កន្លង​ទៅ​?

ប្រាយអ៊ិន អាយល័រ៖ យន្តការ​ភាពជា​ដៃគូ​រវាង​តំបន់​មេគង្គ​និង​សហរដ្ឋអាមេរិក​នេះ ជួយ​ពង្រីក​គោល​នយោបាយ​ការបរទេស​សហរដ្ឋអាមេរិក​នៅក្នុង​តំបន់​នេះ​កាន់តែ​ខ្លាំង តាម​រយៈ​​ការ​ពង្រឹង​ភាព​ជា​​ដៃគូ​​រវាង​​រដ្ឋាភិបាល និង​រដ្ឋាភិបាល​។ សំខាន់​ជាង​នេះ​ទៀត តាមរយៈ​ការបង្កើត​ឲ្យ​មាន​នូវ​វិធីសាស្ត្រ​រួម​មួយ​របស់​អាមេរិក​សម្រាប់​តំបន់​នេះ​។ យើង​តែងតែ​និយាយ​​អំពី​​ភាព​ចាំបាច់ ឲ្យ​មាន​វិធីសាស្ត្រ​រួម​របស់​រដ្ឋាភិបាល​អាមេរិក​ទៅលើ​បញ្ហា​មួយចំនួន​។ ក៏ប៉ុន្តែ​ភាព​ប្រសើរ​នៃ​យន្តការ​ភាព​ជា​​ដៃគូ​​តំបន់​​មេគង្គ និង​អាមេរិក​នេះ គឺថា វា​អាច​ជំរុញ​​ទឹក​ចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ ដែល​​ជា​​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​​នៅ​​សហរដ្ឋអាមេរិក មិន​ថា​ពួកគេ​មកពី​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ ស្ថាប័ន​​ស្រាវជ្រាវ ឬ​វិស័យ​ឯកជន​នោះ​ទេ ឲ្យ​អាច​​​បង្កើន​​ទំនាក់ទំនង​កាន់តែ​ជ្រាលជ្រៅ​នៅក្នុង​តំបន់​នេះ​បាន​។ សំខាន់​ជាង​នេះ យើង​ត្រូវ​ទទួលស្គាល់​ថា ភាគី​ពាក់ព័ន្ធ​មិនមែន​រដ្ឋាភិបាល​ដែល​មកពី​សហរដ្ឋអាមេរិក កំពុង​តែ​ធ្វើ​​​ការ​​យ៉ាង​​ស្វាហាប់​នៅក្នុង​តំបន់​នេះ ដោយ​ផ្តោត​លើ​បញ្ហា​មួយចំនួន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​កន្លង​ទៅ​នេះ​។ យន្តការ​ភាពជា​ដៃគូ​រវាង​តំបន់​មេគង្គ និង​សហរដ្ឋអាមេរិក​នេះ គឺ​ជា​​វិធីសាស្ត្រ​​មួយ​​ក្នុង​​ការ​បង្កើត​ឲ្យ​បាន​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្រោម​ក្របខណ្ឌ​តែមួយ។

មាន ឫទ្ធិ​៖ បាទ​មុន​ហ្នឹង លោក​បាន​លើកឡើង​ពី​ការ​ផ្តោត​លើ​វិធី​ដោះស្រាយ​ដោយ​ផ្អែកលើ​កត្តា​ធម្មជាតិ​ជា​គោល សម្រាប់​ដោះស្រាយ​បញ្ហា​នានា​ក្នុង​តំបន់​មេគង្គ​។ តើ​លោក​គិតថា តាមរយៈ​កិច្ច​សន្ទនា​នេះ វា​អាច​ជួយ​ដល់​ប្រទេស​ក្នុង​តំបន់ ឲ្យ​ជ្រើស​រើស​យក​វិធីសាស្ត្រ​នេះ​មក​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​នានា​បង្កឡើង​ដោយ​ប្រទេស​ចិន​ដែរ​ឬទេ​?

ប្រាយអ៊ិន អាយល័រ៖ ដំណោះស្រាយ​ផ្អែកលើ​កត្តា​ធម្មជាតិ​ជាធំ ផ្តល់​ឲ្យ​នូវ​វិធីសាស្ត្រ​ដោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ជាច្រើន​ដែល​កំពុងតែ​កើតមានឡើង​ក្នុង​សង្គម​។ មាន​ដូចជា​ប្រព័ន្ធ​ធ្វើ​កសិកម្ម​ ដែល​​មាន​​លក្ខណៈ​​សម្រប​សម្រួល​ដែល​អាច​ជួយ​ឲ្យ​សហគមន៍​មូលដ្ឋាន​មាន​ភាពរឹងមាំ​​ទាំង​អស់​​គ្នា និង​ដែល​អាច​ការពារ​ពួកគេ​ពី​ភាព​ងាយ​រងគ្រោះ​នានា ដូច​ជា ​​ការ​​ធ្វើ​ចំណាកស្រុក​​ដោយ​​បង្ខំ ការ​​ជួញដូរ​មនុស្ស​ខុសច្បាប់ ការអនុវត្ត​កម្មវិធី​អភិរក្ស​ត្រី ដែល​ការពារ​ទន្លេ និង​តំបន់​ដី​សំណើម​​ជា​ដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណេះ វិធី​ដោះស្រាយ​បែបនេះ ក៏​ចូលរួម​កែ​លម្អ​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​​​ឲ្យ​​​មនុស្ស​​​បន្ត​ពឹង​ផ្អែកលើ​ធម្មជាតិ និង​ធនធានធម្មជាតិ​ជា​បន្ត​ទៅ​ទៀត​។ ទាំងអស់​នេះ គឺ​​សុទ្ធសឹង​តែ​​ជា​​ការ​​សន្យា​ផ្តល់​ដោយ​វិធីសាស្ត្រ​​ដោះស្រាយ​ដោយ​ផ្តោត​លើ​កត្តា​ធម្មជាតិ​ជាធំ​នេះ​ឯង។ ខ្ញុំ​គិតថា វា​ជា​វិធីសាស្ត្រ​ដោះស្រាយ​ថ្មី​មួយ ដែល​សាកលលោក​ទាំងមូល និង​តំបន់​នេះ កំពុង​​តែ​​​ដាក់​​ចេញ​។ យើង​ចង់​​ឃើញ​​វិធីសាស្ត្រ​​ដោះស្រាយ​បែបនេះ​ស្តែង​​ចេញ​ជា​រូបរាង​ឡើង និង​​ចូលរួម​​ចំណែក​ដល់​ការ​ដាក់ចេញ​នូវ​គម្រោង និង​កម្មវិធី​នានា ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​​មូលដ្ឋាន ហើយ​សង្ឃឹមថា ភាគី​​ពាក់ព័ន្ធ និង​ស្ថាប័ន​នៅ​អាមេរិក នឹង​ផ្តោត​លើ​អត្ថប្រយោជន៍​​នៃ​​ដំណោះស្រាយ​ដែល​ផ្តោត​លើ​កត្តា​ធម្មជាតិ​ជាធំ​នេះ។

មាន ឫទ្ធិ​៖ តើ​លោក​សង្កេតឃើញ​មាន​ការ​ប្រែប្រួល​ដែរឬទេ ទៅលើ​ឥរិយាបថ​របស់​រដ្ឋាភិបាល​ចិន កាល​ពី​ពេល​ថ្មីៗ​ នេះ ក្រោយ​ពេល​ដែល​មាន​យន្តការ​ភាពជា​ដៃគូ​រវាង​តំបន់​មេគង្គ​ និង​សហរដ្ឋអាមេរិក​នេះ និង​ការបង្កើត​ឲ្យ​មាន​នូវ​កម្មវិធី​ឃ្លាំមើល​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​មេគង្គ?

ប្រាយអ៊ិន អាយល័រ៖ បាទ​! កម្មវិធី​ឃ្លាំមើល​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​មេគង្គ​នេះ ត្រូវ​បាន​លើក​យក​​មក​​ពិភាក្សា​​គ្នា​យ៉ាង​យូរ​ក្នុង​កិច្ចប្រជុំ​របស់​យើង ក្នុងចំណោម​អង្គ​ពិភាក្សា​ផ្សេងៗ​ គ្នា​។ ខ្ញុំ​ពិត​​ជា​​រីករាយ​​ណាស់​ដែល​បាន​ឃើញថា កម្មវិធី​នេះ ត្រូវ​បាន​គេ​យក​មក​ពិភាក្សា​គ្នា​បែបនេះ ក្នុង​នាម​​ខ្ញុំ​​ជា​​សហប្រធាន​មួយ​រូប​នៃ​គម្រោង​នេះ​។ វា​ត្រូវ​បាន​ពិភាក្សា​យ៉ាង​​វិជ្ជមាន​ឆ្ពោះ​ទៅ​រក​​ការ​ពិត​​​ដែល​​​ថា កម្មវិធី​ឃ្លាំមើល​នេះ កំពុង​ជួយ​ពង្រឹងសមត្ថភាព​ចរចា​របស់​ប្រទេស​តាម​ខ្សែទឹក​ខាងក្រោម ដោយ​តម្រូវ​ឲ្យ​ប្រទេស​ចិន មានការ​ទទួលខុសត្រូវ​ជាង​មុន និង​ផ្តល់​ឲ្យ​ស្ថាប័ន ព្រមទាំង​សហគមន៍​​នានា ​នៅ​តាម​ប្រទេស​ខ្សែទឹក​ខាងក្រោម នូវ​ភស្តុតាង​ដើម្បី​ឲ្យ​ពួកគេ​អាច​ចរចា​ជាមួយ​ប្រទេស​​ចិន បាន​​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​​មុន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល