"សំណុំ​រឿង​ឈ្មួញ​ឈើ​ស្ងប់ស្ងាត់​ប៉ុន្តែ​បទល្មើស​រត់​ពន្ធ​ឈើ​នៅ​តែ​កើត​មាន​ឥត​ឈប់ឈរ"

ដោយ តាំង សារ៉ាដា
2017-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គំនរ​ឈើ​ប្រណីត​ដែល​ឈ្មួញ​បម្រុង​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​ត្រូវ​រថយន្ត​ក្រឡាប់​នៅ​ចំណុច​ភូមិ​ជ្រៃឡើង ឃុំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៦។
គំនរ​ឈើ​ប្រណីត​ដែល​ឈ្មួញ​បម្រុង​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​ត្រូវ​រថយន្ត​ក្រឡាប់​នៅ​ចំណុច​ភូមិ​ជ្រៃឡើង ឃុំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី​១៣ មករា ឆ្នាំ​២០១៦។
Photo provided

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​ធនធាន​ព្រៃឈើ​មើល​ឃើញ​ថា រាជរដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​អនុវត្ត​ច្បាប់​ទៅ​លើ​ក្រុម​ឧក្រិដ្ឋជន​ធំៗ ជុំវិញ​ករណី​កាប់​បំផ្លាញ​ព្រៃឈើ ការ​រត់ពន្ធ និង​ស្តុក​ទុក​ឈើ​ខុស​ច្បាប់។ ការ​លើក​ឡើង​នេះ ពីព្រោះ​ជិត ២​ឆ្នាំ​ហើយ សំណុំ​រឿង​ក្តី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដែល​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បញ្ជូន​ទៅ​តុលាការ​គឺ​គ្មាន​ដំណឹង​សោះ​ឡើយ ប៉ុន្តែ​បទល្មើស​កាប់ និង​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​នៅ​តែ​កើត​មាន​កាន់​តែ​ខ្លាំង​ឡើង។

​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការ​មិន​អើពើ​ចំពោះ​សំណុំរឿង​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដែល​បង្កឡើង​ដោយ​មន្ត្រី ឧកញ៉ា​ធំៗ គឺ​បណ្ដាល​ឱ្យ​ពលរដ្ឋ​កាន់តែ​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​ប្រព័ន្ធ​តុលាការ។ បន្ថែម​ពី​នេះ បង្ហាញ​ថា ចំណាត់​ការ​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ គឺ​គ្មាន​ប្រសិទ្ធភាព។ ​ជាក់ស្ដែង​សកម្មភាព​រត់​ពន្ធ​ឈើ​ដោយ​ខុស​ច្បាប់​ទាំង​ក្នុង​ប្រទេស និង​ចេញ​ទៅ​ក្រៅ​ប្រទេស​នៅ​តែ​កើត​មាន​ឥត​ឈប់​ឈរ បើ​ទោះ​ពី​ជា​រាជរដ្ឋាភិបាល​ប្ដេជ្ញា​ទប់ស្កាត់​មិន​ឱ្យ​មាន​យ៉ាង​ណា​ក៏ដោយ។

​មន្ត្រី​ខាង​ផ្នែក​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​បង្កើត​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឡើង ប្រជា​សហគមន៍ ព្រមទាំង​សង្គម​ស៊ីវិល​អបអរសាទរ​ដោយ​សង្ឃឹម​ថា ឧក្រិដ្ឋជន​ជួញដូរ​ឈើ​ធំៗ នឹង​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​រំពឹង​ទុក ក្រុម​ឧកញ៉ា មន្ត្រី​អាជ្ញាធរ​គ្រាក់ៗ មួយ​ចំនួន​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ធ្លាប់​លើក​ចំ​ឈ្មោះ មិន​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​ឡើយ។ លោក​ថា ករណី​នេះ​ដែល​បង្កើត​ជា​វប្បធម៌​និទ្ទណ្ឌភាព​តែម្ដង៖ «បើ​យើង​និយាយ​ទៅ​វា​វប្បធម៌​និទ្ទណ្ឌភាព មិន​ត្រឹម​និទ្ទណ្ឌភាព​ទេ ដែល​យើង​គិត​ថា ជា​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ។ វប្បធម៌​និទ្ទណ្ឌភាព​បូក​នឹង​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ ដែល​ធ្វើ​ឱ្យ​ការ​ចេញ​បញ្ជា ឬ​មួយ​ការ​ដាក់​បញ្ជា​ទៅ​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​បង្ក្រាប​បទល្មើស​អ្វី​មួយ​ហ្នឹង​គឺ​គ្មាន​ប្រសិទ្ធភាព»

កាលពី​ខែ​មករា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ឡើង គឺ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​សកម្មភាព​កាប់​ឈើ ការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ និង​បទល្មើស​ព្រៃឈើ​ផ្សេងៗ​ទៀត​នៅ​ភាគ​ឦសាន ប៉ុន្តែ​ក្រោយ​មក​បាន​ពង្រីក​វិសាលភាព​ការងារ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។

​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៦ គណៈកម្មាធិការ​ជាតិ​មួយ​នេះ​បាន​បញ្ជូន​របាយការណ៍​របស់​ខ្លួន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បញ្ជាក់​ថា ចាប់​បាន​ឈើ​ខុស​ច្បាប់​ជាង ៧​ម៉ឺន​ម៉ែត្រ​គូប និង​ប្ដឹង​ឈ្មួញ​រកស៊ី​ចំនួន ៥៧​ករណី​ទៅ​តុលាការ។ លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​លើក​ចំ​ឈ្មោះ​ឧកញ៉ា​ពីរ​នាក់ ដែល​គេ​ដឹង​ថា សកម្ម​ក្នុង​មុខ​របរ​ជួញដូរ​ឈើ​ប្រណិត​នៅ​ទឹក​ដៃ​ភូមិ​ភាគ​ឦសាន ទៅ​ប្រទេស​វៀតណាម គឺ​ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា នឹង​ឧកញ៉ា សឹង សំអុល ដែល​គេ​ដឹង​ថា កន្លង​មក​ពួក​គេ​ជា​ដៃជើង​របស់​ឧកញ៉ា ទ្រី ភាព។ មិន​តែ​ប៉ុណ្ណោះ ក៏​មាន​ឧកញ៉ា និង​មន្ត្រី​នគរបាល​យុត្តិធម៌​ជា​ច្រើន​ផ្សេង​ទៀត​ដែល​មាន​ឈ្មោះ​ក្នុង​ពាក្យ​បណ្ដឹង​របស់​គណៈកម្មាធិការ​ជាតិ​មួយ​នេះ ប៉ុន្តែ​ជិត ២​ឆ្នាំ​មក​ហើយ សំណុំ​រឿង​ក្តី​ទាំង​នោះ​ស្ងាត់​សូន្យ រី​ឯ​បទល្មើស​រត់ពន្ធ​ឈើ​ចេញ​ទៅ​​ក្រៅ​ប្រទេស​កាន់​តែ​កើន​ឡើង ហើយ​ឈ្មោះ​ឧកញ៉ា​ទាំង​នេះ​គឺ​នៅ​តែ​មាន​លើ​អត្ថបទ​កាសែត​ក្នុង​ស្រុក​ដដែល។

រថយន្ត​ដឹង​ឈើ​ដែល​ពលរដ្ឋ​នៅ​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ឃាត់ តែ​ត្រូវ​អាជ្ញាធរ​ដោះលែង​ប្រគល់​ឲ្យ​ឈ្មួញ​វិញ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រូបថត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ សហគមន៍
រថយន្ត​ដឹង​ឈើ​ដែល​ពលរដ្ឋ​នៅ​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ឃាត់ តែ​ត្រូវ​អាជ្ញាធរ​ដោះលែង​ប្រគល់​ឲ្យ​ឈ្មួញ​វិញ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រូបថត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ សហគមន៍ Photo provided

កន្លង​មក​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ និង​ជា​អ្នកនាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ផង លោក អេង ហ៊ី តែង​លើក​ឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន និង​ប្ដេជ្ញា​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ លោក​ថែម​ទាំង​បញ្ជាក់​ថា រាល់​សំណុំរឿង​ទាំង​ឡាយ​ដែល​ខាង​លោក​ប្រមូល​បាន​គឺ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់​វិធានការ​បន្ត។ យ៉ាង​នេះ​ក្តី ស្ថាប័ន​តុលាការ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ភូមិភាគ​ឦសាន ដែល​វិទ្យុ​អាស៊ីសេរី ទាក់ទង​កន្លង​មក​សុទ្ធតែ​មិន​អាច​បញ្ជាក់​បាន​ទេ ជុំវិញ​ដំណើរ​សំណុំ​រឿង​ក្តី​ទាំង​នោះ។

​លោក ប៉ែន ប៊ុណ្ណារ៍ អះអាង​ថា បទល្មើស​ព្រៃឈើ និង​ការ​រត់​ពន្ធ​ឈើ​ដោយ​ខុស​ច្បាប់​ចេញ​ទៅ​ប្រទេស​វៀតណាម គឺ​មិន​បាន​ថយ​ចុះ​ឡើយ ប៉ុន្តែ​កើន​ឡើង​ទៅ​វិញ ហើយ​មិន​យូរ​ទេ​វាសនា​ព្រៃឈើ ពិសេស​ឈើ​ធំៗ និង​ប្រភេទ​ឈើ​ប្រណិត​នៅ​ស្រុក​ខ្មែរ​នឹង​លែង​មាន​តែម្ដង៖ «ប្រសិនបើ​យើង​ផ្ដល់​ឱ្យ​ប្រជាពលរដ្ឋ​លោក​យល់​ដឹង​ថា លោក​ក៏​មាន​អំណាច​ផ្លូវ​ច្បាប់​ក្នុង​ការ​ដាក់​បណ្ដឹង​ដែរ អ៊ីចឹង​យើង​ធ្វើ​យុទ្ធនាការ​ដាក់​បណ្ដឹង​ឱ្យ​បាន​រាប់​ពាន់​ទៅ»

​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧ អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​អន្តរជាតិ ហៅ​កាត់​ថា អ៊ី.អាយ.អេ (EIA) បាន​ផ្សាយ​របាយការណ៍ "ជនល្មើស​មុខ​ដដែល" ហើយ​ក្រុម​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថា ឈើ​មូល​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប​ត្រូវ​បាន​វៀតណាម នាំ​ចូល​ពី​ប្រទេស​កម្ពុជា ដែល​គេ​កាប់​ពី​តំបន់​ព្រៃ​អភិរក្ស​កម្ពុជា ចន្លោះ​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ដល់​ខែ​មីនា ឆ្នាំ​២០១៧។ អង្គការ​ដដែល​នេះ​រក​ឃើញ​ថា គ្រាន់តែ​ពី​ខែ​មករា ឆ្នាំ​២០១៦ ដល់​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៧ មន្ត្រី​គយ​វៀតណាម បាន​កត់​ត្រា​ឯកសារ​ពន្ធគយ​លើ​ការ​នាំ​ឈើ និង​គ្រឿង​ធ្វើ​អំពី​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កាន់​វៀតណាម មាន​ទឹក​ប្រាក់​រហូត​ជិត ៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ទីភ្នាក់ងារ​មួយ​នេះ​បាន​ចោទ​មន្ត្រី​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​ថា បាន​យក​លុយ​សំណូក​រាប់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ឈ្មួញ​ឈើ​ជា​ថ្នូរ​ការ​បើក​ផ្លូវ​ឲ្យ​កាប់​ឈើ និង​ជួញដូរ​ឈើ​ខុស​ច្បាប់។

​ជាង​នេះ​ទៀត អង្គការ​អន្តរជាតិ​មួយ​ឈ្មោះ ហ្វ័រ៉េស ត្រេន (Forest Trend) ដែល​ទទួល​បាន​ទិន្នន័យ​ពី​គយ​វៀតណាម ស្តីពី​ការ​នាំ​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា បង្ហាញ​ថា រយៈពេល ១​ឆមាស​ដើម​ឆ្នាំ​២០១៧ ឈើ​ដែល​នាំ​ចូល​ពី​ប្រទេស​កម្ពុជា គឺ​មាន​ចំនួន​ជាង ៣​សែន​ម៉ែត្រ​គូប (៣១៣.០០០) និង​មាន​តម្លៃ ១០០​លាន (១៤២)​ ដុល្លារ​សហរដ្ឋអាមេរិក។ ប៉ុន្តែ​របាយការណ៍​ទាំង​នេះ ក្រសួង​បរិស្ថាន​តែង​បដិសេធ​ជានិច្ច។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បរាជ័យ​ក្នុង​ការ​សច្ចា​ថា នឹង​កាត់​ក​ខ្លួន​ឯង​ចោល ប្រសិនបើ​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​មិន​បាន ប៉ុន្តែ​បទល្មើស​នៅ​តែ​កើត​មាន​ដដែល។ កាល​ពី​ខែ​សីហា ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ស្ដីពី​កិច្ច​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ លោក ហ៊ុន សែន លើក​ឡើង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ណា​មួយ​គឺ​មិន​ខុស​ពី​កាប់​ក្បាល​លោក​នោះ​ឡើយ ហើយ​លោក​ស្អប់​បំផុត​អ្នក​ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ទាំង​នោះ​ទៀត​ផង។ លោក​អះអាង​ថា រាល់​កិច្ចប្រជុំ​គណបក្ស​ម្តងៗ លោក​តែង​រំលឹក​ដល់​មន្ត្រី​របស់​ខ្លួន​មិន​ត្រូវ​អត់ឱន​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​អំពើ​អនាធិបតេយ្យ​ទាំង​នេះ​បាន​ឡើយ បើ​ទោះ​បី​ជា​អ្នក​នោះ​មាន​ឋានៈ​អ្វី​ក៏ដោយ។

អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង កត់សម្គាល់​ថា វិធានការ​របស់​រាជរដ្ឋាភិបាល​ជុំវិញ​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ គឺ​មិន​បាន​យូរ​អង្វែង​ទេ ហើយ​ក៏​មិន​មាន​ប្រសិទ្ធភាព​នោះ​ដែរ។ ចំណែក​វិធានការ​ផ្លូវ​ច្បាប់​វិញ គឺ​មាន​ប្រសិទ្ធភាព​ចំពោះ​តែ​ក្រុម​ជន​ល្មើស​តូចតាច ប្រជាពលរដ្ឋ​ទន់​ខ្សោយ គ្មាន​ខ្នង គ្មាន​បក្ខពួក​ធំៗ​តែប៉ុណ្ណោះ៖ «ផ្ទុយ​ទៅ​វិញ បើ​យើង​បែរ​មក​មើល​មតិ​មហាជន ជាពិសេស​ប្រជាពលរដ្ឋ​ទូទៅ យើង​ឃើញ​ថា ពួកគាត់​ហាក់​អស់​ជំនឿ​ទៅ​លើ​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុម​ឧក្រិដ្ឋកម្ម​ទាំង​អស់​នោះ»

អ្នក​សម្រប​សម្រួល​បណ្ដាញ​ព្រៃឡង់​រូប​នេះ មើល​ឃើញ​ថា ការ​ប្ដេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ចំពោះ​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ គឺ​បរាជ័យ ហើយ​នឹង​ឈាន​ទៅ​រក​ភាព​បរាជ័យ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត ប្រសិនបើ​រដ្ឋាភិបាល​មិន​ព្រម​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុម​អ្នក​មាន​អំណាច មន្ត្រី ឧកញ៉ា​ធំៗ ដែល​ពាក់ព័ន្ធ​ការ​រក​ស៊ី​ឈើ​ខុស​ច្បាប់​នោះ​ទេ។ ការ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ព្រៃឈើ​ធំៗ​ទាំង​នោះ​យក​មក​ផ្ដន្ទាទោស គឺ​ជា​គំរូ​ដល់​ល្អ​ក្នុង​ការ​អនុវត្ត​ច្បាប់ និង​អាច​បន្ថយ​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

When the government cannot taking care the resource natural in the kingdoom of cambodia ,the king and the people will do it .

Jan 17, 2018 06:47 PM

គេហទំព័រ​ទាំងមូល