សហគមន៍​ព្រៃឡង់​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​មិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដោយ​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី

ដោយ សេក បណ្ឌិត
2022.05.02
សហគមន៍​ព្រៃឡង់​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​មិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដោយ​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី រថយន្ត​ច្នៃ​របស់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ភីអ៊ិនធី (PNT) ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់​ចូល​ដី​សម្បទាន​របស់​ខ្លួន នៅ​ថ្ងៃ​ទី២១ ខែមេសា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

ប្រជា​សហគមន៍​ព្រៃឡង់​រិះគន់​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី (PNT Co., Ltd.)​។ ពួកគេ​អះអាង​ថា ក្រុមហ៊ុន​នេះ នៅតែ​បន្ត​បញ្ជូន​កម្លាំង​កម្មករ​រាប់​សិប​នាក់​ប្រើប្រាស់​គោយន្ត និង​រណា​យន្ត សម្រុក​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​ទ្រង់ទ្រាយ​ធំ​រយៈ​ជាច្រើន​ខែ​មក​ហើយ នៅ​មិនទាន់​ឃើញ​អាជ្ញាធរ​ណា​ចុះ​បង្ក្រាប​នៅឡើយ​ទេ មក​ទល់​ពេល​នេះ។

អ្នកសម្របសម្រួល​សហគមន៍​ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី ប្រាប់​វិទ្យុ​នៅ​ថ្ងៃទី​២ ឧសភា​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ​រវល់​តែ​រឿង​ឃោសនា​អូសទាញ​ប្រជា​ពលរដ្ឋ​ឱ្យ​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់អំណាច ដោយ​មិន​ខ្វល់​ពី​បទ​ល្មើស​ព្រៃឈើ ដែល​កំពុង​កើតមាន​យ៉ាង​ពេញទំហឹង​នោះ​ទេ​។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ក្រុម​កម្មករ​រាប់​សិប​នាក់ ភាគច្រើន​ជា​ពលរដ្ឋ​មកពី​ខេត្ត​កំពង់ធំ កំពុង​នាំគ្នា​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់ ដឹក​ចូល​ការដ្ឋាន​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី។ លោក​បារម្ភ​ថា ជោគវាសនា​ព្រៃ​ឡង់ នឹង​លែង​មាន​ដើមឈើ​ធំៗ នៅពេល​ដ៏​ខ្លី​ខាងមុខ៖ «អត់​មាន​ឈប់​ទេ មុនៗ​គោយន្ត​ចេញ ឥលូវ​នេះ​ដល់ រាប់​រយ​គោយន្ត​។ មិន​ដឹង​ធ្វើ​ម៉េច បើ​យើង​រាយការណ៍​មិនទាន់​ធ្វើ​ស្អី​ផង​។ យើង​អស់​សង្ឃឹម​ព្រៃឈើ​នឹង​បាត់បង់ បើ​នៅតែ​ប៉ុណ្ណឹង​ដដែលៗ»

ប្រជា​សហគមន៍​ព្រៃឡង់​រូប​នេះ​បន្ថែម​ថា បើ​ទោះ​បី​ពួកលោក​បាន​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ជាច្រើន​ដង និង​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ពី​សកម្មភាព​កាប់​ឈើ​ហ៊ុ​ប​ធំៗ ក្នុង​ព្រៃ​ឡង់ ដើម្បី​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់ ប៉ុន្តែ​គ្មាន​បាន​ផល​ឡើយ​។ លោក​ស្តាយ​ស្រណោះ ដើមឈើ​ធំៗ ប្រភេទ ផ្អុង ដួងចែម ផ្ដៀក និង​ឈើទាល​ជាដើម ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ ត្រូវ​គេ​កាប់​ផ្ដួល​អស់​ជា​បន្តបន្ទាប់​នៅ​រយៈពេល ៤​ខែ​ចុង​ក្រោយ​នេះ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី បាន​ទេ​នៅ​ថ្ងៃទី​២​ឧសភា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​តែ​គ្មាន​អ្នក​លើក។

ចំណែក​អភិបាល​ខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ លោក សុង ចាន់​សុជាតិ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ ៧.៩០០​ហិកតារ នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ឆ្នាំ​២០១០ ក្រោម​កិច្ចសន្យា​រយៈពេល ៧០​ឆ្នាំ។ ក្នុង​កិច្ចសន្យា​ក្រុមហ៊ុន​នេះ​វិនិយោគ​ដំណាំ​ខ្លឹម​ច័ន្ទ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ ទៀត ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​មិន​បាន​ដាំ​ដុះ​តាម​កិច្ចសន្យា​នោះ​ទេ ដោយ​ផ្ដោត​លើ​ការ​កាប់​ឈើ​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។