ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍ពីកម្ពស់ទឹកទន្លេមេគង្គ និងទឹកភ្លៀង ឲ្យដឹងថា ភ្លៀងធ្លាក់នៅតំបន់ជួរភ្នំក្រវ៉ាញ តាំងពីថ្ងៃទី១៧ សីហា រហូតដល់ថ្ងៃទី១៨ សីហានេះ បានបង្កឲ្យជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួនក្នុងខេត្តកំពត និងខេត្តព្រះសីហនុ។
ឃុំចំនួន៤ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពតត្រូវបានទឹកភ្លៀងជន់លិច រួមមានឃុំព្រៃថ្មី ឃុំកណ្ដោល ឃុំព្រៃឃ្មុំ និងឃុំកំពង់សំរោង ហើយទឹកក៏បានជន់លិចតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៣ ប្រវែង១០០ម៉ែត្រ ត្រង់ចំណុចរោងចក្រផលិតស៊ីមង់ត៍ចក្រីទីង ហើយនៅរសៀលថ្ងៃទី១៨ សីហា អាជ្ញាធរបានបើកឲ្យធ្វើចរាចរឆ្លងកាត់ជាធម្មតាវិញ។
រីឯនៅខេត្តព្រះសីហនុវិញ កាលពីរសៀលថ្ងៃទី១៨ សីហា ជំនន់ទឹកភ្លៀងក៏បានជន់លិច និងហូរកាត់ពីលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង (គម ១១៦-១១៧) ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ អាជ្ញាធរបានចាប់ផ្ដើមធ្វើការហាមឃាត់រថយន្តធុនធំមិនឲ្យបើកបរឆ្លងកាត់ជាបណ្ដោះអាសន្នសិន ខណៈរថយន្តធុនតូចៗ ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ជាធម្មតា។
មន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អះអាងថា ចាប់តាំងពីដើមខែសីហាមក មានមនុស្សស្លាប់ ១៥នាក់ហើយ ដោយសារគ្រោះទឹកជំនន់ នៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ព្រៃវែង កណ្ដាល និងខេត្តកំពង់ចាម។
ទឹកជំនន់ បានប៉ះទង្គិច ដល់ពលរដ្ឋសរុបជាង ៦ម៉ឺនគ្រួសារ៕