ការបាក់ទំនប់វារីអគ្គិស​នៅ​ប្រទេស​ឡាវ បង្ក​ទឹក​ជំនន់​នៅ​ខេត្ត​ស្ទឹងត្រែង និង​ខេត្តរតនគិរី

0:00 / 0:00

គ្រោះមហន្តរាយដោយសារបាក់ទំនប់វារីអគ្គិសនី សេពាន សេណាមណយ (Xe Pien-Xe Namnoy) ឋិតក្នុងស្រុក​សាណាមសៃ​ ខេត្តអត្តពឺ (Attapeu) ប្រទេសឡាវ បង្កឲ្យទឹកអាងទន្លេសេកុង​ក្នុង​ស្រុក​សៀមប៉ាង ខេត្តស្ទឹងត្រែង ហក់​ឡើង​យ៉ាង​លឿន និង​ធ្វើឲ្យតំបន់មួយ​ចំនួន ក្នុងស្រុក​សៀមប៉ាងត្រូវលិចលង់។ អាជ្ញាធរខេត្តស្ទឹងត្រែងកំពុង​ជម្លៀស​ពលរដ្ឋ ដែល​រស់​នៅ​ជាប់​ព្រំដែន​ឡាវ ទៅ​កាន់ទី​សុវត្ថិភាព និង​ផ្តល់​ដំណឹងឲ្យពលរដ្ឋរស់នៅខេត្តស្ទឹងត្រែង​ទាំងអស់ប្រុងប្រយ័ត្ន។

ក្រសួងធនធានទឹកឲ្យដឹងនៅថ្ងៃទី២៥ កក្កដា​ថា ទឹកជំនន់ដែលហូរ​ធ្លាក់​ពីប្រទេស​ឡាវ បាន​លិច​ចូល​តំបន់​​មួយ​ចំនួន នៅ​ជាប់​ព្រំដែន​​ប្រទេស​កម្ពុជា​ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ធ្វើឲ្យ​កម្រិត​ទឹក​ទន្លេសេកុងហក់ឡើង​កម្ពស់​ជាង ១១ម៉ែត្រ ៣​តឹក (១១,៣០ម)។

ស្ថានភាពទឹកជំនន់នេះ បង្កឲ្យលិចតំបន់មួយចំនួនក្នុងឃុំថ្មកែវ ឃុំសន្តិភាព និង​ឃុំសេកុង នៃ​ស្រុក​សៀមប៉ាង ខេត្តស្ទឹងត្រែង។ ចំណែកនៅខេត្តរតនគិរី មានស្រុកចំនួន ៤ គឺស្រុកតាវែង ស្រុកអូរយ៉ាវ ស្រុកអណ្តូងមាស និង​ស្រុក​វ៉ើនសៃ​ក៏​កំពុង​រងគ្រោះ​ទឹក​ជំនន់​ដែរ។

អ្នកជំនាញបរិស្ថានព្យាករណ៍ថា ឥទ្ធិពលនៃការបាក់ទំនប់វារីអគ្គិសនី សេពាន សេណាមណយ(Xe Pien-Xe Namnoy) ក្នុង​ខេត្ត​អត្តពឺ (Attapeu)ប្រទេសឡាវ មិនប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិត​ពលរដ្ឋ​រស់ នៅ​ជាប់​ព្រំដែន​ឡាវ​ក្នុង​ខេត្ត​ស្ទឹងត្រែង​នោះ​ទេ ព្រោះ​ទំហំ​ទ្វារ​ទឹក​ជាង ៥​ពាន់​លាន​ម៉ែត្រ​គូប​ ដែល​ហូរធ្លាក់ពីទំនប់នោះនឹងថយខ្លាំងទម្រាំ មកដល់ព្រំដែន​ខេត្ត​ស្ទឹងត្រែង ព្រោះ​​ទំនប់​​នោះ​​ឋិត​​នៅ​ឆ្ងាយ​ពី​ព្រំដែន​ខេត្ត​ស្ទឹងត្រែង​ជាង ៧០​គីឡូ​ម៉ែត្រ។

អាជ្ញាធរខេត្តអាត្តពឺ ប្រទេសឡាវថ្មីៗនេះ បានផ្តល់ដំណឹងឲ្យ អាជ្ញាធរខេត្តស្ទឹងត្រែងប្រុងប្រយ័ត្ន និង ទប់ទល់​គ្រោះ​ទឹក​ជំនន់ ដោយសារ​ការ​បាក់​ទំនប់​សេពាន សេណាមណយ (Xe Pien-Xe Namnoy) បង្កឲ្យបរិមាណទឹកក្នុងផ្ទៃអាងទំនប់ជាង ៥ពាន់លាន ម៉ែត្រគូប ធ្លាក់ចុះក្នុងអាងទន្លេសេកុងក្នុង​ស្រុក​សៀមប៉ាង ខេត្តស្ទឹងត្រែង ធ្វើឲ្យទឹកជំនន់ហក់ឡើងលឿន។

បាតុភាពបាក់ទំនប់នេះ​ធ្វើឲ្យមនុស្សរាប់រយនាក់បាត់ខ្លួន និងស្លាប់។ ក្រៅពីនេះក៏មានមនុស្សជាង ៤ពាន់​​នាក់​បាន​ភៀស​ខ្លួន​ទៅ​កាន់​ទី​ទូល​សុវត្ថិភាព និងជាង ២.០០០នាក់បាត់បង់ទីជម្រក។ អ្នក​ជំនាញ​បរិស្ថាន​វាយតម្លៃថា ទឹក​ជំនន់​ដោយសារ​ការ​បាក់​ទំនប់​នេះ នឹង​​ស្រក​​ចុះ​​ខ្លាំង​​ក្នុង​​ចន្លោះ ២ ទៅ ៥ថ្ងៃ ក៏ប៉ុន្តែវាអាចកើនឡើង​លឿន ប្រសិនបើភ្លៀងនៅបន្តពូនជ្រុំ។

គណៈកម្មាធិការជាតិគ្រប់គ្រងទន្លេមេគង្គកម្ពុជា លោក តែ ណាវុធ ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៥ កក្កដា​ថា អាជ្ញាធរ​ឡាវ​បាន​ផ្តល់​ដំណឹង​ដល់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ឲ្យ​ប្រុងប្រយ័ត្ន រីឯក្រសួង​ធនធាន​ទឹក បាន​ប្រកាស​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​បាតុភាព​នេះ​​ដែរ។

លោកថា ជំហ៊ានដំបូងអាជ្ញាធរពាក់ព័ន្ធ​របស់​កម្ពុជា បាន​ជម្លៀស​ពលរដ្ឋទៅកាន់​ទីទួល​សុវត្ថិភាព និង​​ផ្តល់​​ស្បៀង​អាហារ និង​​ថ្នាំ​ពេទ្យ​ដល់​ពលរដ្ឋ​រងគ្រោះ​ជា​ដើម។ រីឯវិធានការ​ឲ្យ​អាជ្ញាធរ​ឡាវ ទទួល​ខុស​ត្រូវ​ពី​ផល​ប៉ះពាល់ ឬ​យ៉ាង​ណា​នោះ គេ​អាច​នឹង​ពិភាក្សា​ដោះស្រាយ​នៅ​ពេល​ក្រោយ៖«»

ទំនប់វារីអគ្គិសនី សេពាន សេណាមណយ(Xe Pien-Xe Namnoy) ឋិតនៅស្រុកសាណាមសៃ ខេត្ត​អត្តពឺ ប្រទេសឡាវ ស្ថាបនា​ឡើង​​ដោយ​​ក្រុមហ៊ុន សេពាន សេណាមណយ ផូវឺ ខាំផានី (Xe Pien-Xe Namnoy Power Company) ដែល​មាន​ភាគហ៊ុន ៣ ប្រទេស​វិនិយោគ រួមមាន កូរ៉េ​ខាង​ត្បូង ថៃ និង​ប្រទេស​ឡាវ​ខ្លួន​ឯង។

មក​ទល់​ពេល​នេះ ទំនប់​នេះ​នៅ​មិន​ទាន់​បញ្ចប់​ការ​សាងសង់​នៅ​ឡើយ​ទេ និង​បាន​ដាក់​ឲ្យ​ដំណើរ​ជា​​បណ្តោះអាសន្ន​​ចំនួន ២ តួប៊ីន កាល​​ពី​​អំឡុង​​ខែ​​កក្កដា ឆ្នាំ២០១៨។ ទំនប់​នេះ​មាន​កម្ពស់ ១៦​ម៉ែត្រ ទទឹង ៨ម៉ែត្រ និង​ប្រវែង ៧៧០ ម៉ែត្រ ហើយ​អាច​ផលិត​ថាមពល​អគ្គិសនី​បាន ៤១០​មេហ្កាវ៉ាត់។

អ្នកជំនាញបរិស្ថានម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះ ពន្យល់ថា អាងទន្លេសេកុងក្នុងខេត្តស្ទឹងត្រែង មាន​លទ្ធភាព​​ផ្ទុក​​បរិមាណ​​ទឹក​​ក្នុង​​ចន្លោះ​​ពី ៦រយ​ទៅ ៨រយ​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី និង​អាច​រំដោះ​ទឹក ដែល​បាក់​ចេញ​ពី​ទំនប់​នោះ​បាន​ដោយ​មិន​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​ខ្មែរ​ជាប់​ព្រំដែន​ឡាវ​ទេ។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​រស់​នៅ​ស្រុក​សៀមប៉ាង​​ជាប់​​ព្រំដែន​​ឡាវ អាច​​នឹង​​រង​​ផល​​ប៉ះ​ពាល់​​ដោយសារ​​ទឹក​​ជំនន់​នេះ តែ​មិន​ប៉ះពាល់​ដល់​អាយុ​ជីវិត​ពលរដ្ឋ​ទេ៖ «»។

អ្នកជំនាញបរិស្ថានដដែលពន្យល់ថា ទំនប់វារីអគ្គិសនី សេពាន សេណាមណយ (Xe Pien-Xe Namnoy) សាងសង់​ឡើង​ក្នុង​ដៃ​​ទន្លេ​​សេពាន ឬ​ទន្លេ​សេកុង ឋិត​ក្នុង​តំបន់​ភ្នំ ឬ​ជ្រលង​ភ្នំ និង​មាន ប្រជាជន​ឡាវ​រាប់​ពាន់​គ្រួសារ​រស់នៅ​តាម​ជ្រលង​ភ្នំ និង​តាម​ដៃ ទន្លេ​សេពាន ឋិត​នៅ​ខាង​ក្រោម​ទំនប់ និង​គៀក​ទំនប់​នោះ ហើយ​នៅ​គ្រា​ដែល​កម្លាំង​ទឹក​ទំនប់​បុក​​ខ្លាំង​​បង្ក​​ឲ្យ​​ប្រជាជន​​ឡាវ​​រង​​គ្រោះ​​ធ្ងន់ធ្ងរ៖ «»

មន្ត្រីសង្គមស៊ីវិល ពន្យល់​ថា ការ​បាក់​ទំនប់ សេពាន សេណាមណយ (Xe Pien-Xe Namnoy) នេះ បង្ក​ឲ្យ​ប្រជាជន​ឡាវ​រងគ្រោះ​ធំធេង ឬ​ផល​ប៉ះពាល់​ផ្ទាល់​ក្នុង​ដំណាក់កាល​ទី​មួយ រួម​មាន ការ​ប៉ះ​ពាល់​ផ្ទះ​សម្តែង សត្វ​ពាហនៈ អាយុ​ជីវិត ទ្រព្យ​សម្បត្តិ និង​កសិផល​ជា​ដើម។

លើសពីនេះ ក្រោយពីទឹកស្រករូច ពលរដ្ឋឡាវ និង ពលរដ្ឋខ្មែរក្នុង ខេត្ត ស្ទឹងត្រែង ដែល​រស់​នៅ​ក្រោម​ខ្សែ​ទឹក អាច​នឹង​កើត​មាន​ជំងឺ​ផ្សេងៗ ដូចជា អាសន្នរោគ ជំងឺ​រមាស់ និង​រមាស់​ស្បែក​ជា​ដើម ស្រប​ពេល​ដែល​ទំនប់​បាក់ នឹង​មាន​កំណក​ដី ឬ​កម្ទេច​​ដី​ល្បាប់ ដែល​ស្តុក​ក្នុង​ផ្ទៃ​អាង និង​ហូរ​ចុះ​តាម​ខ្សែ​ទឹក​មក​កាន់​អាង​ទន្លេ​សេកុង​ក្នុង​ខេត្ត​ស្ទឹងត្រែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។