គ្រោះមហន្តរាយដោយសារបាក់ទំនប់វារីអគ្គិសនី សេពាន សេណាមណយ (Xe Pien-Xe Namnoy) ឋិតក្នុងស្រុកសាណាមសៃ ខេត្តអត្តពឺ (Attapeu) ប្រទេសឡាវ បង្កឲ្យទឹកអាងទន្លេសេកុងក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ហក់ឡើងយ៉ាងលឿន និងធ្វើឲ្យតំបន់មួយចំនួន ក្នុងស្រុកសៀមប៉ាងត្រូវលិចលង់។ អាជ្ញាធរខេត្តស្ទឹងត្រែងកំពុងជម្លៀសពលរដ្ឋ ដែលរស់នៅជាប់ព្រំដែនឡាវ ទៅកាន់ទីសុវត្ថិភាព និងផ្តល់ដំណឹងឲ្យពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងទាំងអស់ប្រុងប្រយ័ត្ន។
ក្រសួងធនធានទឹកឲ្យដឹងនៅថ្ងៃទី២៥ កក្កដាថា ទឹកជំនន់ដែលហូរធ្លាក់ពីប្រទេសឡាវ បានលិចចូលតំបន់មួយចំនួន នៅជាប់ព្រំដែនប្រទេសកម្ពុជាក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ធ្វើឲ្យកម្រិតទឹកទន្លេសេកុងហក់ឡើងកម្ពស់ជាង ១១ម៉ែត្រ ៣តឹក (១១,៣០ម)។
ស្ថានភាពទឹកជំនន់នេះ បង្កឲ្យលិចតំបន់មួយចំនួនក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ចំណែកនៅខេត្តរតនគិរី មានស្រុកចំនួន ៤ គឺស្រុកតាវែង ស្រុកអូរយ៉ាវ ស្រុកអណ្តូងមាស និងស្រុកវ៉ើនសៃក៏កំពុងរងគ្រោះទឹកជំនន់ដែរ។
អ្នកជំនាញបរិស្ថានព្យាករណ៍ថា ឥទ្ធិពលនៃការបាក់ទំនប់វារីអគ្គិសនី សេពាន សេណាមណយ(Xe Pien-Xe Namnoy) ក្នុងខេត្តអត្តពឺ (Attapeu)ប្រទេសឡាវ មិនប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតពលរដ្ឋរស់ នៅជាប់ព្រំដែនឡាវក្នុងខេត្តស្ទឹងត្រែងនោះទេ ព្រោះទំហំទ្វារទឹកជាង ៥ពាន់លានម៉ែត្រគូប ដែលហូរធ្លាក់ពីទំនប់នោះនឹងថយខ្លាំងទម្រាំ មកដល់ព្រំដែនខេត្តស្ទឹងត្រែង ព្រោះទំនប់នោះឋិតនៅឆ្ងាយពីព្រំដែនខេត្តស្ទឹងត្រែងជាង ៧០គីឡូម៉ែត្រ។
អាជ្ញាធរខេត្តអាត្តពឺ ប្រទេសឡាវថ្មីៗនេះ បានផ្តល់ដំណឹងឲ្យ អាជ្ញាធរខេត្តស្ទឹងត្រែងប្រុងប្រយ័ត្ន និង ទប់ទល់គ្រោះទឹកជំនន់ ដោយសារការបាក់ទំនប់សេពាន សេណាមណយ (Xe Pien-Xe Namnoy) បង្កឲ្យបរិមាណទឹកក្នុងផ្ទៃអាងទំនប់ជាង ៥ពាន់លាន ម៉ែត្រគូប ធ្លាក់ចុះក្នុងអាងទន្លេសេកុងក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ធ្វើឲ្យទឹកជំនន់ហក់ឡើងលឿន។
បាតុភាពបាក់ទំនប់នេះធ្វើឲ្យមនុស្សរាប់រយនាក់បាត់ខ្លួន និងស្លាប់។ ក្រៅពីនេះក៏មានមនុស្សជាង ៤ពាន់នាក់បានភៀសខ្លួនទៅកាន់ទីទូលសុវត្ថិភាព និងជាង ២.០០០នាក់បាត់បង់ទីជម្រក។ អ្នកជំនាញបរិស្ថានវាយតម្លៃថា ទឹកជំនន់ដោយសារការបាក់ទំនប់នេះ នឹងស្រកចុះខ្លាំងក្នុងចន្លោះ ២ ទៅ ៥ថ្ងៃ ក៏ប៉ុន្តែវាអាចកើនឡើងលឿន ប្រសិនបើភ្លៀងនៅបន្តពូនជ្រុំ។
គណៈកម្មាធិការជាតិគ្រប់គ្រងទន្លេមេគង្គកម្ពុជា លោក តែ ណាវុធ ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៥ កក្កដាថា អាជ្ញាធរឡាវបានផ្តល់ដំណឹងដល់អាជ្ញាធរខេត្តស្ទឹងត្រែងឲ្យប្រុងប្រយ័ត្ន រីឯក្រសួងធនធានទឹក បានប្រកាសផ្សព្វផ្សាយព័ត៌មានពីបាតុភាពនេះដែរ។
លោកថា ជំហ៊ានដំបូងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា បានជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងផ្តល់ស្បៀងអាហារ និងថ្នាំពេទ្យដល់ពលរដ្ឋរងគ្រោះជាដើម។ រីឯវិធានការឲ្យអាជ្ញាធរឡាវ ទទួលខុសត្រូវពីផលប៉ះពាល់ ឬយ៉ាងណានោះ គេអាចនឹងពិភាក្សាដោះស្រាយនៅពេលក្រោយ៖«»
ទំនប់វារីអគ្គិសនី សេពាន សេណាមណយ(Xe Pien-Xe Namnoy) ឋិតនៅស្រុកសាណាមសៃ ខេត្តអត្តពឺ ប្រទេសឡាវ ស្ថាបនាឡើងដោយក្រុមហ៊ុន សេពាន សេណាមណយ ផូវឺ ខាំផានី (Xe Pien-Xe Namnoy Power Company) ដែលមានភាគហ៊ុន ៣ ប្រទេសវិនិយោគ រួមមាន កូរ៉េខាងត្បូង ថៃ និងប្រទេសឡាវខ្លួនឯង។
មកទល់ពេលនេះ ទំនប់នេះនៅមិនទាន់បញ្ចប់ការសាងសង់នៅឡើយទេ និងបានដាក់ឲ្យដំណើរជាបណ្តោះអាសន្នចំនួន ២ តួប៊ីន កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៨។ ទំនប់នេះមានកម្ពស់ ១៦ម៉ែត្រ ទទឹង ៨ម៉ែត្រ និងប្រវែង ៧៧០ ម៉ែត្រ ហើយអាចផលិតថាមពលអគ្គិសនីបាន ៤១០មេហ្កាវ៉ាត់។
អ្នកជំនាញបរិស្ថានម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះ ពន្យល់ថា អាងទន្លេសេកុងក្នុងខេត្តស្ទឹងត្រែង មានលទ្ធភាពផ្ទុកបរិមាណទឹកក្នុងចន្លោះពី ៦រយទៅ ៨រយម៉ែត្រគូបក្នុងមួយវិនាទី និងអាចរំដោះទឹក ដែលបាក់ចេញពីទំនប់នោះបានដោយមិនប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនខ្មែរជាប់ព្រំដែនឡាវទេ។ លោកបញ្ជាក់ថា ពលរដ្ឋខ្មែររស់នៅស្រុកសៀមប៉ាងជាប់ព្រំដែនឡាវ អាចនឹងរងផលប៉ះពាល់ដោយសារទឹកជំនន់នេះ តែមិនប៉ះពាល់ដល់អាយុជីវិតពលរដ្ឋទេ៖ «»។
អ្នកជំនាញបរិស្ថានដដែលពន្យល់ថា ទំនប់វារីអគ្គិសនី សេពាន សេណាមណយ (Xe Pien-Xe Namnoy) សាងសង់ឡើងក្នុងដៃទន្លេសេពាន ឬទន្លេសេកុង ឋិតក្នុងតំបន់ភ្នំ ឬជ្រលងភ្នំ និងមាន ប្រជាជនឡាវរាប់ពាន់គ្រួសាររស់នៅតាមជ្រលងភ្នំ និងតាមដៃ ទន្លេសេពាន ឋិតនៅខាងក្រោមទំនប់ និងគៀកទំនប់នោះ ហើយនៅគ្រាដែលកម្លាំងទឹកទំនប់បុកខ្លាំងបង្កឲ្យប្រជាជនឡាវរងគ្រោះធ្ងន់ធ្ងរ៖ «»
មន្ត្រីសង្គមស៊ីវិល ពន្យល់ថា ការបាក់ទំនប់ សេពាន សេណាមណយ (Xe Pien-Xe Namnoy) នេះ បង្កឲ្យប្រជាជនឡាវរងគ្រោះធំធេង ឬផលប៉ះពាល់ផ្ទាល់ក្នុងដំណាក់កាលទីមួយ រួមមាន ការប៉ះពាល់ផ្ទះសម្តែង សត្វពាហនៈ អាយុជីវិត ទ្រព្យសម្បត្តិ និងកសិផលជាដើម។
លើសពីនេះ ក្រោយពីទឹកស្រករូច ពលរដ្ឋឡាវ និង ពលរដ្ឋខ្មែរក្នុង ខេត្ត ស្ទឹងត្រែង ដែលរស់នៅក្រោមខ្សែទឹក អាចនឹងកើតមានជំងឺផ្សេងៗ ដូចជា អាសន្នរោគ ជំងឺរមាស់ និងរមាស់ស្បែកជាដើម ស្របពេលដែលទំនប់បាក់ នឹងមានកំណកដី ឬកម្ទេចដីល្បាប់ ដែលស្តុកក្នុងផ្ទៃអាង និងហូរចុះតាមខ្សែទឹកមកកាន់អាងទន្លេសេកុងក្នុងខេត្តស្ទឹងត្រែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។