តំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ បានឲ្យដឹងកាលពីថ្ងៃទី៤ មិថុនា ថា លោកនឹងដាក់របាយការណ៍ និងបណ្ដឹងរបស់ប្រជាពលរដ្ឋជាង ១០បណ្ដឹងទៀត ស្ដីពីការកាប់ព្រៃឈើនៅខេត្តរតនគិរីទៅរដ្ឋសភា និងរដ្ឋាភិបាល នៅថ្ងៃច័ន្ទ ទី១០ សប្ដាហ៍ក្រោយ។
លោក សុន ឆ័យ មានប្រសាសន៍ថា លោកបានប្រមូលភស្តុតាងជាច្រើនអំពីការកាប់ព្រៃឈើ និងការរំលោភដីប្រជាពលរដ្ឋជនជាតិដើមភាគតិចចារាយ និងទំពួន ដែលបង្កឡើងដោយក្រុមហ៊ុនវៀតណាម ឈ្មោះ ហួង អាញ់ យ៉ាឡាយ (Hoang Anh Gia Lai = HAGL) និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber Group = VRG)។ លោក សុន ឆ័យ បញ្ជាក់ថា របាយការណ៍នោះមានទាំងរូបថត វីដេអូឃ្លីប និងខ្សែអាត់សំឡេង និងសាក្សីពលរដ្ឋរងគ្រោះផ្ទាល់ ដែលត្រូវក្រុមហ៊ុនវៀតណាម រំលោភយកដី និងប្រើអំពើហិង្សារឿងទំនាស់ដីធ្លី និងកាប់បំផ្លាញព្រៃឈើ ក្រោមរូបភាពវិនិយោគដីសម្បទានសេដ្ឋកិច្ច។
ការគ្រោងដាក់របាយការណ៍ និងពាក្យបណ្ដឹងនេះ ធ្វើឡើងនៅបន្ទាប់ពីលោក សុន ឆ័យ បានដឹកនាំមន្ត្រីបក្សមួយក្រុមទៅខេត្តរតនគិរី រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែឧសភា ដើម្បីធ្វើការស្រាវជ្រាវអំពីករណីកាប់ឈើនេះ។
អង្គការឃ្លាំមើលពិភពលោក (Global Witness) បានចេញរបាយការណ៍នៅក្នុងខែឧសភា បានរកឃើញថា មកដល់ចុងឆ្នាំ២០១២ រដ្ឋាភិបាលបានជួលដីជាលក្ខណៈសម្បទានសេដ្ឋកិច្ចចំនួន ២លាន ៦សែនហិកតារ ទៅឲ្យក្រុមហ៊ុនជាច្រើន។ ក្នុងនោះ ក្រុមហ៊ុនវៀតណាម ធំ២ គឺក្រុមហ៊ុន ហួង អាញ់ យ៉ាឡាយ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយឧកញ៉ា ទ្រី ភាព ទទួលបានជិត ៥ម៉ឺនហិកតារ (៤៧.៣៧០ហិកតារ)។ រីឯក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ដែលអង្គការឃ្លាំមើលពិភពលោក សង្ស័យកំពុងរកស៊ីជាដៃគូជាមួយអ្នកស្រី សេង គាង អតីតភរិយារបស់លោក ឌី ចូច ជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានជាង ១សែន ៦ម៉ឺនហិកតារ (១៦១.៣៤៤ហិកតារ)។ ក្រុមហ៊ុនទាំងពីរនេះ កំពុងតែមមាញឹករបរកាប់រានព្រៃ និងដឹកជញ្ជូនឈើចេញពីតំបន់សម្បទាន។
ប្រធានកម្មវិធីដីធ្លីនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ជុំ ណារិន មានប្រសាសន៍នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី២ មិថុនា ថា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល។
លោក សុន ឆ័យ អះអាងថា លោកបានដាក់លិខិតអញ្ជើញរដ្ឋមន្ត្រីក្រសួងកសិកម្ម និងតំណាងក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធទៀតឲ្យមកឆ្លើយបំភ្លឺនៅរដ្ឋសភា នៅក្នុងកិច្ចប្រជុំនៅថ្ងៃសុក្រ ទី៧ មិថុនា ចំពោះការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ។
ទោះជាយ៉ាងនេះក្ដី រដ្ឋាភិបាលនៅតែបន្តផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យទៅក្រុមហ៊ុនឯកជនដដែល នៅក្នុងរយៈពេលថ្មីៗនេះ ទោះបីជារដ្ឋាភិបាលធ្លាប់ប្រកាសថា គោលនយោបាយរបស់រដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ រដ្ឋាភិបាលបានផ្អាកហើយក៏ដោយ។
ឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបាន គឺលោក ឡោ រស្មី ជាអគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យោងតាមចំណាររបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសម្រេចឲ្យក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់លោកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមូល និងកែច្នៃវល្លិរមៀតនៅក្នុងអាងស្តុកទឹកវារីអគ្គិសនីស្ទឹងអាតៃ ស្ថិតក្នុងជួរភ្នំក្រវាញ ភាគកណ្ដាល ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងអនុញ្ញាតឲ្យបង្កើតរោងចក្រកែច្នៃរមៀតដែលមិនធ្វើឲ្យប៉ះពាល់ព្រៃឈើ និងបរិស្ថាន។
ទោះបីជាយ៉ាងនេះក្ដី អង្គការសង្គមស៊ីវិលមួយចំនួន មានបណ្ដាញយុវជនកម្ពុជា សម្ព័ន្ធសហគមន៍កសិករកម្ពុជា និងអង្គការមួយចំនួនទៀត បានចេញសេចក្ដីប្រកាសព័ត៌មានរួមគ្នា ស្ដីពីការព្រួយបារម្ភរបស់យុវជន ចំពោះវិនាសកម្មព្រៃឈើ។ អង្គការទាំងនេះនឹងប្រារព្ធទិវាបរិស្ថានពិភពលោកលើកទី៤១ នៅថ្ងៃទី៥ មិថុនា ក្រោមប្រធានបទស្ដីពីព្រៃឈើយើង បរិស្ថានយើង ដើម្បីបង្ហាញពីការព្រួយបារម្ភចំពោះវិនាសកម្មព្រៃឈើកំពុងកើតឡើងនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ដែលកំពុងប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរ។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ ក៏គ្រោងដាក់ញត្តិទៅរដ្ឋសភា ដើម្បីទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការចំពោះការការពារបរិស្ថាន និងត្រួតពិនិត្យទៅលើក្រុមហ៊ុនបានទទួលដីសម្បទានសេដ្ឋកិច្ច ដែលកំពុងប្រតិបត្តិការនៅកម្ពុជា កំពុងកាប់បំផ្លាញព្រៃឈើ ក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ច សម្បទានរ៉ែ និងទាមទារឲ្យរដ្ឋាភិបាលបញ្ឈប់ផ្ដល់ដីសម្បទានសេដ្ឋកិច្ច សម្បទានរ៉ែ ចំពោះក្រុមហ៊ុនណាដែលមិនគោរពច្បាប់កម្ពុជា នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។