ទឹកជំនន់​ចាប់ផ្ដើម​ស្រប​បន្តិច​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា ប្រាប់​អាស៊ីសេរី​ថា ទឹកជំនន់​បាន​ចាប់ផ្ដើម​ស្រប​បន្តិច​នៅ​ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ បន្ទាប់ពី​ប្រទេស​ថៃ​បាន​បង្ហូរទឹក​ចូល​មក​ប្រទេស​កម្ពុជា កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ​នេះ។

លោក​ថា នៅ​ក្នុង​រយៈពេល​ណ៣ ថ្ងៃ​ខាងមុខ​ទៀត​បើ​មិន​មាន​ភ្លៀង​ធ្លាក់​ទេ ស្ថានភាព​កម្ពស់​ទឹក​នៅ​ទូទាំង​ប្រទេស​នឹង​មាន​កា​រ​ស្រក​ចុះ ជា​បន្តបន្ទាប់។ ប៉ុន្តែ​នៅ​តំបន់​មួយ​ចំនួន​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​បាត់ដំបង មិនទាន់​ឆ្លង​ផុត​ពី​គ្រោះ​ទឹកជំនន់​នៅឡើយ៖ «ទឹកបាន​ចាប់ផ្ដើម​ធូរ​ស្រាល​ហើយ ប៉ុន្តែ​នៅ​តំបន់​មួយ​ចំនួន មិនទាន់​ឆ្លង​ផុត​ពី​ហានិភ័យ ទេ។ ពួកគាត់​នៅ​ត្រូវ​ការ​ជំនួយ​បន្ត​ទៀត។ អ៊ីចឹង​បាន​ន័យ​ថា ទឹក​វា​ធូរ​មែន តែ​ប្រជាពលរដ្ឋ​មិនទាន់​ផុត​ហានិភ័យ​ទេ គាត់​នៅ​តម្រូវការ ចាំបាច់​ដែល​ត្រូវ​ជួយ​បន្ត»។

ទឹកជំនន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​សម្លាប់​មនុស្ស​ចំនួន ៣៩ នាក់​ក្នុង​នោះ​មាន​កុមារ​ចំនួន ៨​នាក់​។ ភាគច្រើន​រងគ្រោះ​ស្លាប់​ដោយសារ​ការ​លង់ទឹក និង​ទឹក​កួច​ជាដើម​នោះ ពេល​ដែល​ទឹកជំនន់​កំពុង​ឡើង​ខ្លាំង។

គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​តុលា នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​៤៨ ម៉ឺន​នាក់ រង​ផល​ប៉ះពាល់ ប្រជាជន​ដែល​ត្រូវ​បាន​ជម្លៀស មាន​ចំនួន ជាង​៤​ម៉ឺន ៦ ពាន់​នាក់ លំនៅឋាន ជាង​១០០​ពាន់​ខ្នង រង​ផល​ប៉ះពាល់ ដំណាំ​ស្រូវ​ប្រមាណ ជាង​២៣០​ពាន់​ហិកតារ បាន​ប៉ះពាល់ ដំណាំ​ជាង​១៣​ម៉ឺន​ហិកតារ និង​ផ្លូវជាតិ និង​ផ្លូវ​ទី​រួម​ខេត្ត ប្រមាណ​ជាង​៤០០​គីឡូម៉ែត្រ បាន​ខូចខាត​ទាំងស្រុង ដោយសារ​គ្រោះ​ទឹក​ជំនន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។