លោក ចាន់ យុត្ថា នាយខុទ្ទកាល័យក្រសួងធនធានទឹក បានប្រកាសក្នុងសេចក្ដីជូនដំណឹងថា សីតុណ្ហភាពត្រជាក់នេះ នឹងមានកម្ដៅឡើងវិញបន្តិចនៅថ្ងៃអង្គារ ទី២៤ ខែធ្នូ។ ប៉ុន្តែអាកាសធាតុត្រជាក់ខ្លាំង នឹងវិលមកជាថ្មីនៅចុងខែធ្នូ រហូតដល់ដើមខែមករា ឆ្នាំ២០១៤។
មន្ត្រីជំនាញឲ្យដឹងថា សីតុណ្ហភាពចុះត្រជាក់អាចមានចន្លោះពី ៧ ទៅ ៨អង្សាសេ ឬធ្លាក់ចុះទាបជាងនេះនៅតំបន់ភ្នំ ឬនៅលើកំពូលភ្នំ។
លោក ចាន់ យុត្ថា ឲ្យដឹងទៀតថា សីតុណ្ហភាពដែលចុះត្រជាក់ក្នុងប៉ុន្មានថ្ងៃមកនេះ មាននៅតំបន់ខ្នងភ្នំដងរែក និងជួរភ្នំក្រវាញ គឺសីតុណ្ហភាពបានចុះដល់ ១២អង្សាសេ។ ចំណែកនៅទីប្រជុំជនខេត្តព្រះវិហារ និងខេត្តមណ្ឌលគិរី ជាដើម សីតុណ្ហភាពបានចុះដល់កម្រិតពី ១៦ ទៅ ១៧អង្សាសេ។
មន្ត្រីក្រសួងធនធានទឹកបានបន្តថា សីតុណ្ហភាពចុះត្រជាក់ខ្លាំងនៅឆ្នាំនេះ មិនធ្លាប់មានទេនៅប្រទេសកម្ពុជា ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅនេះ។
ទាក់ទិនបញ្ហាអាកាសធាតុត្រជាក់នេះដែរ សមត្ថកិច្ចមិនបញ្ចេញឈ្មោះប្រចាំការនៅលើកំពូលភ្នំប្រាសាទព្រះវិហារ បានឲ្យដឹងថា សីតុណ្ហភាពនៅកំពូលភ្នំប្រាសាទព្រះវិហារ ក្នុងសប្ដាហ៍កន្លងទៅនេះ បានចុះមកដល់ ១២អង្សាសេ និងនៅតំបន់ជើងភ្នំ ឬទីប្រជុំជនក្បែរនោះ មានសីតុណ្ហភាពចន្លោះពី ១៤ ទៅ ១៥អង្សាសេ។
សមត្ថកិច្ចនិងប្រជាពលរដ្ឋរស់នៅប្រាសាទព្រះវិហារ បញ្ជាក់ថា សីតុណ្ហភាពត្រជាក់ខ្លាំង គឺមាននៅរាត្រី បន្តមកដល់ពេលព្រឹកព្រលឹម ទើបមានកម្ដៅ។
សមត្ថកិច្ចប្រចាំការនៅលើកំពូលភ្នំប្រាសាទព្រះវិហារ ថ្លែងថា អាកាសធាតុត្រជាក់ខ្លាំងក្នុងប៉ុន្មានថ្ងៃមកនេះ បណ្តាលឲ្យកម្លាំងឆ្មាំការពារប្រាសាទ និងសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើងនៅតំបន់នោះ ជួបការលំបាក និងពិបាកទ្រាំក្នុងការរស់នៅដោយសារសីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕