ពលរដ្ឋខ្មែរក្រោមនឹងធ្វើពិធីរំឭកខួបបារាំងកាត់ទឹកដីឱ្យវៀតណាមនៅវត្តសាមគ្គីរង្សី
2024.05.19

ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅកម្ពុជានិងប្រទេសមួយចំនួនទៀតនឹងប្រារព្ធទិវាលើកទី ៧៥ឆ្នាំនៃថ្ងៃអាណានិគមបារាំងកាត់ទឹកដីកម្ពុជាក្រោមទាំងខុសច្បាប់ឲ្យវៀតណាមត្រួតត្រា។ រយៈពេល ៧៥ឆ្នាំនេះ វៀតណាមធ្វើទុក្ខបុកម្នេញផ្នែកសិទ្ធិមនុស្សនិងសាសនាលើពលរដ្ឋនិងព្រះសង្ឃខ្មែរក្រោមឥតមានពេលស្រាកស្រាន្ត។
ពលរដ្ឋខ្មែរក្រោមរំលឹកព្រឹត្តិការណ៍នេះ ដើម្បីឲ្យកូនខ្មែរគ្រប់ជំនាន់ចងចាំនូវប្រវត្តិសាស្ត្រដ៏ជូរចត់នេះ និងដើម្បីសំដែងការដឹងគុណដល់វីរភាពនិងពលីកម្មរបស់បុព្វបុរសខ្មែរដែលបានតស៊ូថែរក្សាពូជសាសន៍ខ្មែរ សាសនា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ឲ្យបានគង់វង្សរហូតមកដល់សព្វថ្ងៃនេះ។
បារាំងបានកាត់ទឹកដីកម្ពុជាទៅឲ្យវៀតណាមត្រួតត្រាទាំងខុសច្បាប់ដោយគ្មានយល់ព្រមពីកម្ពុជាកាលពីថ្ងៃទី៤ ខែមិថុនាឆ្នាំ១៩៤៩ រហូតមកទល់ពេលនេះ មានរយៈពេល៧៥ឆ្នាំហើយ។
នៅកម្ពុជា សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នឹងប្រារព្ធទិវាបាត់បង់ទឹកដីនៅឯវត្ត សាមគ្គីរង្សី ឋិតនៅខណ្ឌ មានជ័យ រាជធានី ភ្នំពេញ។កម្មវិធីនេះនឹងចាប់ផ្ដើមពីម៉ោង៨ព្រឹក ដល់ម៉ោង ១១និង៣០ថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី៩ មិថុនា។ ក្នុងពិធីនេះ នឹងមានពិធីបុណ្យសង្ឃទានប្រគេនព្រះសង្ឃចំនួន៧៥អង្គ ឧទ្ទិសមហាកុសលប្រគេនគោរពវិញ្ញាណក្ខន្ធ ព្រះវីរសមណ និងជូនដួងវិញ្ញាណក្ខន្ធវីរបុរសខ្មែរស្នេហាជាតិ។ សមាគមក៏បានអញ្ជើញតំណាងព្រះរាជតំណាងរបស់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ជាព្រះអធិបតីភាពផងដែរ។
ដោយឡែកនៅសហរដ្ឋអាមេរិកវិញ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងប្រារព្ធទិវាបាត់បង់ទឹកដីនេះជាលក្ខណៈទ្រង់ទ្រាយធំ នៅរដ្ឋ ( California) និង (Washington State)។
សហព័ន្ធនឹងធ្វើពិធីនេះនៅទីក្រុង សានហូហ្ស៊េ (San Jose)នៅថ្ងៃទី ១ មិថុនា រីឯនៅទីក្រុង (Tacoma, Washington State) វិញធ្វើនៅថ្ងៃទី ៩ មិថុនា។ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ថា ខ្មែរក្រោមធ្វើពិធីនេះឡើង ដើម្បីពញ្ញាក់ស្មារតីខ្មែរកុំភ្លេចពីការបាត់បង់ទឹកដី និងការឈឺចាប់របស់ពលរដ្ឋខ្មែរក្រោមដែលរស់នៅក្រោមការត្រួតត្រារបស់វៀតណាម។
លោក ប្រាក់ សេរីវុឌ្ឍ៖ «ក្នុងខួប៧៥ឆ្នាំនេះមានសារៈសំខាន់មួយចំនួនដើម្បីរំលឹកឲ្យពលរដ្ឋខ្មែរទូទៅទឹកដីមួយភាគបីនៃព្រះរាជាណាចក្រកម្ពុជាបានបាត់បង់ទៅកណ្ដាប់ដៃវៀតណាមដោយសារតែបារាំងកាត់ទឹកដីដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជាពេលនោះ។ក្រៅពីបាត់បង់ទឹកដីក៏មានការគាបសង្កត់លើយើងរហូតជាពិសេសរបបកុម្មុយនិស្ត»។
លោក ប្រាក់ សេរីវុឌ្ឍ ក៏រំលឹកដល់រដ្ឋាភិបាលខ្មែរ កុំឲ្យភ្លេចខ្លួន ព្រោះខ្លាចបន្តបាត់បង់ទឹកដីខ្មែរបន្ថែមទៀត។
លោក ប្រាក់ សេរីវុឌ្ឍ៖ «រាជរដ្ឋាភិបាលនិងពលរដ្ឋខ្មែរត្រូវដឹងថាបើយើងមិនប្រុងប្រយ័ត្ន កម្ពុជាយើងនឹងក្លាយជាកម្ពុជាក្រោមទីពីរហើយ»។
លោកបន្តថា ក្នុងរយៈពេល៧៥ឆ្នាំនេះ វៀតណាមប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបំបាត់ អត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងសាសនាខ្មែរ។ សព្វថ្ងៃ មានព្រះសង្ឃខ្មែរក្រោម ៥អង្គ និងសកម្មជនខ្មែរក្រោម ៨នាក់ កំពុងជាប់ឃុំដោយសារតែសកម្មភាពទាមទារសិទ្ធស្វ័យសម្រេច។ វៀតណាមបានចោទព្រះសង្ឃនិងសកម្មជនខ្មែរក្រោមពីបទបំបែកបំបាក់សាមគ្គីវៀតណាម និងកេងប្រវ័ញ្ចលទ្ធិប្រជាធិបតេយ្យ ហើយមន្ត្រីវៀតណាមនៅអង្គការសហប្រជាជាតិនៅតែអះអាងវៀតណាមគោរពសិទ្ធិមនុស្ស ទោះបីជាមន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិអះអាងផ្ទុយវិញថា ការចោទប្រកាន់លើព្រះអង្គនិងពលរដ្ឋខ្មែរក្រោមគ្រាន់តែជាលេសរបស់វៀតណាមដើម្បីធ្វើទុក្ខបុកម្នេញខ្មែរក្រោម ជាជនជាតិដើម។
ជុំវិញរឿងនេះលោក ប្រាក់ សេរីវុឌ្ឍ បញ្ជាក់ថា ខ្មែរក្រោមកំពុងធ្វើយុទ្ធនាការអន្តរជាតិ ដើម្បីជំរុញឲ្យវៀតណាមគោរពសិទ្ធិមនុស្សនិងដោះលែងព្រះសង្ឃនិងសកម្មជនខ្មែរក្រោម។
ប្រាក់ សេរីវុឌ្ឍ៖ «ធ្វើការពន្យល់ឲ្យបងប្អូនយើងយល់ពីសិទ្ធិរបស់ខ្លួន ហើយសិទ្ធិជាសិទ្ធិស្របច្បាប់របស់អន្តរជាតិ។ សិទ្ធិទាំងនោះមានសិទ្ធិបញ្ចេញមតិ គ្រប់គ្រងដីស្រែខ្លួន សិទ្ធិពលករ ស្ត្រី និងកុមារ។យើងកំពុងពន្យល់ឲ្យពួកគាត់យល់ហើយ»។
បច្ចុប្បន្នខ្មែរនៅទូទាំងពិភពលោក កំពុងធ្វើយុទ្ធនាការបាតុកម្មនៅមុខស្ថានទូតវៀតណាមដើម្បីអន្តរជាតិបានដឹងលឺការរំលោភសិទ្ធិមនុស្សរបស់វៀតណាមទៅលើពលរដ្ឋខ្មែរក្រោម និងដោះលែងព្រះសង្ឃនិងសកម្មជនខ្មែរក្រោម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕