ពលករខ្មែរ៧នាក់បញ្ជូនមកដល់ស្រុកខ្មែរវិញនៅល្ងាចថ្ងៃពុធ ទី ១០ កញ្ញា បន្ទាប់ពីពួកគាត់ជាប់ក្នុងពន្ធនាគារ ខ្លះជាង ៦ខែ និង១ឆ្នាំក្នុងប្រទេសម៉ាឡេស៊ី។
លោក ចៅ សែនសុខ មន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ឲ្យដឹងថាពួកគាត់ទាំង៧នាក់ មានប្រុស ៤នាក់ និងស្រី ៣នាក់ មកពីបណ្ដាខេត្តផ្សេងគ្នា ដូចជាខេត្តសៀមរាប បន្ទាយមានជ័យ ក្រចេះ ព្រៃវែង កំពង់ស្ពឺ និងរាជធានីភ្នំពេញ។
ស្ត្រី៣នាក់បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី តាមរយៈក្រុមហ៊ុននាំពលករ តាំងពីឆ្នាំ ២០១០មក។ ពួកនាងបានសម្រេចរត់គេចពីម្ចាស់ផ្ទះឈ្នួល ដោយសារការធ្វើបាប រំលោភលើសិទ្ធិធ្ងន់ធ្ងរ និងមិនមានលិខិតការងារត្រឹមត្រូវពីថៅកែ ទើបពួកនាងរត់គេច ដោយគ្មានលិខិតឆ្លងដែន ហើយប្រឈមនឹងប៉ូលិសចាប់ផ្ដន្ទាទោស។
ចំណែកឯបុរស៤នាក់ផ្សេងទៀត ត្រូវបានគេបោកយកទៅលក់ធ្វើជាកម្មករនេសាទសមុទ្រ តាមរយៈមេខ្យល់នៅប្រទេសថៃកាលពីដើមឆ្នាំ ២០១៣។
លោក ចៅ សែនសុខ សំណូមពរដល់ពលរដ្ឋខ្មែរទាំងអស់ត្រូវសិក្សាឲ្យច្បាស់មុននឹងចំណាកស្រុកទៅធ្វើការបរទេសប្រកបដោយសុវត្ថិភាព៖ « ពួកគាត់ត្រូវដឹងឲ្យយល់ អំពីលក្ខខណ្ឌការងារដែលត្រូវទៅធ្វើ ឲ្យយល់ពីកន្លែងការងារដែលត្រូវធ្វើ ឲ្យយល់ពីផលប្រយោជន៍ដែលគាត់ទទួលបាន ហើយឲ្យមានការទទួលខុសត្រូវពីក្រុមហ៊ុន ដែលបញ្ជូនគាត់ទៅ ហើយឲ្យមានការការពារពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ ទើបប្រជាពលរដ្ឋទាំងអស់យើងរួចផុតពីការទទួលរងគ្រោះ អំពីការរំលោភបំពានផ្សេងៗ »។
ដោយមានស្នើសុំពីស្ថានទូតខ្មែរនៅម៉ាឡេស៊ី ដល់អង្គការទេសន្តរប្រវេសក៍អន្តរជាតិ ហៅកាត់អាយអូអឹម (International Organization for Migration) បានសម្រេចបញ្ជូនអ្នកទាំង៧នេះមកកម្ពុជាវិញ ដោយមានការសហការជាមួយអង្គការការពារសិទ្ធិមនុស្សលីកាដូ(Licadho) ជួយសម្របសម្រួល និងជួយផ្ដល់វគ្គបណ្ដុះបណ្ដាលកែប្រែនីតិសម្បទា មុនហ្នឹងបញ្ជូនពួកគាត់ទៅកាន់ស្រុកកំណើតរៀងៗខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។