សមាជិកសភាអាមេរិកបញ្ជាក់ជំហរជាថ្មី តបទៅនឹងការចោទប្រកាន់របស់របបក្រុងភ្នំពេញ ដែលចោទលោកថា មិនដឹងបញ្ហាកម្ពុជា។ លោកថាការចាប់ខ្លួនយុវជនជាច្រើននាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារនយោបាយនិងសង្គម នាពេលថ្មីៗ ចុងក្រោយនេះ គឺបង្ហាញយ៉ាងច្បាស់ក្រឡែតថា របបលោកហ៊ុន សែនធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីបន្តកាន់អំណាចផ្តាច់ការរបស់ខ្លួនតែប៉ុណ្ណោះ។
ប្រតិកម្មរបស់សមាជិកសភាអាមេរិក លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) ធ្វើឡើងភ្លាមៗ ក្រោយដែលក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែកញ្ញា បានចោទសមាជិកសភា និងមន្រ្តីការបរទេសអាមេរិក ថាមិនយល់ពីសភាពការណ៍ពិត និងការអនុវត្តច្បាប់នៅកម្ពុជា ករណីឃាត់ខ្លួនសកម្មជនបរិស្ថាន ព្រំដែន និងនយោបាយ។
លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) ប្រាប់អាស៊ីសេរី នៅរសៀលថ្ងៃទី១៨ ខែកញ្ញា តបទៅនឹងការចោទប្រកាន់របស់របបក្រុងភ្នំពេញនេះថា លោកបានយល់ច្បាស់អំពីការពិតទាំងឡាយ ជុំវិញការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា។
លោកបន្តថា ការពិតនោះ គឺដោយសារតែដើម្បីរក្សាអំណាចរបស់ខ្លួន របបលោក ហ៊ុន សែន ធ្វើតាមតែអំពើចិត្ត ដោយបំពានច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា តាមរយៈការគំរាមកំហែង ការចាប់ខ្លួន និងការប្រើអំពើហិង្សាបំពានច្បាប់។
សមាជិកសភាអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ថា លោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក បានប្រើអំណាចតុលាការ លុបបំបាត់គណបក្សនយោបាយសង្គ្រោះជាតិ តាមគ្រប់មធ្យោបាយ តាមរយៈការបោះឆ្នោតដោយខុសច្បាប់ និងដ៏គួរឲ្យភ្ញាក់ផ្អើល ដើម្បីបន្តដឹកនាំផ្តាច់ការរបស់ខ្លួន។ លោកហ៊ុន សែន បានរំលោភបំពាន និងហាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មិនឲ្យផ្សព្វផ្សាយពត៌មានពិត ត្រឹមត្រូវ និងទាន់ពេលវេលា ដល់ប្រជាពលរដ្ឋខ្មែរ។ បន្ថែមពីនេះ របបដឹកនាំរបស់លោក ហ៊ុន សែន គ្រប់គ្រងប្រព័ន្ធតុលាការ និងនិតីរដ្ឋ ដោយអនុម័តច្បាប់មួយចំនួន ដើម្បីគាបសង្កត់គ្រប់សកម្មភាពរបស់ប្រជាពលរដ្ឋ និងអង្គការក្រៅរដ្ឋាភិបាល នៅតាមមូលដ្ឋាន។
តំណាងរាស្រ្តអាមេរិក ដែលគាំទ្រច្បាប់ដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន និងមន្រ្តី នៃរបបនេះ បានបញ្ជាក់ផងដែរថា លោកនឹងនៅតែបន្តគាំទ្ររាល់គោលបំណងរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយលោក នៅតែបន្តគាំទ្រឲ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងនៅទូទាំងពិភពលោក។
កាលពីថ្ងៃទី១៥ ខែកញ្ញា លោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសរបបលោក ហ៊ុន សែន ដែលបានចាប់យុវជនជាច្រើននាក់ ដាក់ពន្ធនាគារ។ លោកថា សកម្មភាពតវ៉ាដោយសន្តិវិធី ក្នុងការរិះគន់រដ្ឋាភិបាល គឺជាការប្រើប្រាស់សិទ្ធិសេរីភាព និងសិទ្ធិបញ្ចេញមតិ ដែលជាសិទ្ធិមូលដ្ឋាន និងចាំបាច់សម្រាប់ដំណើរការប្រជាធិបតេយ្យត្រឹមត្រូវ។
ក៏ប៉ុន្តែក្រសួងការបរទេសកម្ពុជា អះអាងថា សកម្មជនដែលត្រូវបានចាប់ខ្លួនទាំងនោះ គឺបានប្រើប្រាស់សិទ្ធិហួសព្រំដែនកំណត់ដោយច្បាប់ ព្រោះក្រសួងចោទថា បានផ្សព្វផ្សាយព័ត៌មានឲ្យមានការស្អប់ខ្ពើម ការរើសអើងពូជសាសន៍ និងអំពើហិង្សាជាដើម។
ទោះបីជាយ៉ាងណា ចំណាត់ការរបស់អាជ្ញាធរនៃរបបក្រុងភ្នំពេញនេះ រងការរិះគន់ជុំទិសពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា និងការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។