អ្នកវិភាគ និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ សម្ដែងការខកចិត្តយ៉ាងខ្លាំង ដែលក្រសួងយុត្តិធម៌និងតុលាការមិនមានចំណាត់ការណាមួយ លើក្រុមសន្តិសុខ ប្រើអំពើហិង្សា វាយដំ ក្រុមអ្នកតវ៉ាទាមទារឲ្យដោះលែងមេដឹកនាំសហជីព និងសកម្មជនព្រំដែន លោក រ៉ុង ឈុន និងទាមទារយុត្តិធម៌សង្គម បែរជាក្រសួងយុត្តិធម៌មានចេតនាចង់ធ្វើទុក្ខបុកម្នេញ ក្រុមអង្គការសង្គមស៊ីវិល ទៅវិញ។
អ្នកវិភាគនយោបាយ និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយ លើកឡើងថា របបក្រុងភ្នំពេញកំពុងតែបំពានច្បាប់ បង្ក្រាបលើក្រុមអ្នកតវ៉ាទាមទារយុត្តិធម៌សង្គម ក្រោមរូបភាពអនុវត្តច្បាប់ ដែលជាគំរូនៃការអនុវត្តតាមរបបផ្ដាច់ការ។
អ្នកវិភាគ ដែលនិរទេសខ្លួននៅក្រៅប្រទេស លោក គឹម សុខ មានប្រសាសន៍ថា ក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការមិនមែនជាស្ថាប័នឯករាជ្យ ដែលជាក្ដីសង្ឃឹមសម្រាប់ជនរងគ្រោះនោះទេ។ លោកបញ្ជាក់ថា របបក្រុងភ្នំពេញ ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចកំពុងតែបំពានច្បាប់ក្រោមហេតុផលរក្សាសណ្ដាប់ធ្នាប់សង្គម និងសន្តិសុខជាតិ។ ផ្ទុយទៅវិញទង្វើរបស់សមត្ថកិច្ចនេះ កំពុងតែជាន់ឈ្លីរដ្ឋធម្មនុញ្ញទៅវិញ៖ «
នៅក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរ រួមទាំងសន្តិសុខខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ បានបង្កើនការបង្ក្រាបកាន់តែខ្លាំង ក្រោយពីក្រុមយុវជន គ្រូបង្រៀន កម្មករ ប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ ទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងយុត្តិធម៌សង្គម។ ក្រុមសន្តិសុខទាំងនោះ បង្ក្រាប និងប្រើអំពើហិង្សាមិនរើសមុខឡើយ ពិសេសការបង្ក្រាបវាយដំលើក្រុមស្រ្តី ដែលជាអ្នកតវ៉ា។ កាលពីថ្ងៃទី១៨ សីហា អង្គការ សមាគម សហជីព ជិត ៨០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ទាមទារឲ្យរដ្ឋាភិបាល បញ្ឈប់ការប្រើអំពើហិង្សា និងចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធីជាបន្ទាន់។
ក្រោយពីក្រុមអង្គការសង្គមស៊ីវិលចេញសេចក្ដីថ្លែងការណ៍បានមួយថ្ងៃ គឺនៅថ្ងៃទី១៩ សីហា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និងជាអនុប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាល ស្នើឲ្យក្រសួងមហាផ្ទៃពិនិត្យមើលសកម្មភាពរបស់អង្គការសង្គមស៊ីវិលមួយចំនួនឡើងវិញ អំពីអព្យាក្រឹត្យ ដោយផ្អែកលើច្បាប់ស្ដីពីការបង្កើតសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ លោក ជិន ម៉ាលីន ចាត់ទុក អង្គការ សមាគមទាំងនេះ ភាគច្រើនជាអង្គការសមាគមខ្យល់ មិនមានសកម្មភាពអ្វីទេនាពេលកន្លងមក ក្រៅតែពីការប្រមូលផ្តុំគ្នាចេញសារ និងសេចក្ដីថ្លែងការណ៍នយោបាយ ដែលលោកអះអាងថា ជាការការពារក្រុមគោលដៅនយោបាយរបស់គេ និងរិះគន់វិធានការច្បាប់របស់រដ្ឋាភិបាល ដោយគ្មានមូលដ្ឋាន។
លោក ជិន ម៉ាលីន បន្តថា តុលាការជាស្ថាប័នឯករាជ្យ គ្មានជនណា ឬក្រុមអង្គការអន្តរជាតិណាមួយ អាចដាក់សម្ពាធ និងបង្គាប់បញ្ជាមកលើតុលាការបាននោះទេ។ ការចេញសេចក្ដីថ្លែងការណ៍ដាក់សម្ពាធ និងទាមទារឱ្យតុលាការដោះលែងជនជាប់ចោទ និងទម្លាក់ចោលបទចោទ មិនមែនជាមធ្យោបាយស្របច្បាប់ក្នុងការការពារជនជាប់ចោទនោះទេ៖ «
ឆ្លើយតបនិងបញ្ហានេះ ទីប្រឹក្សាអង្គការខុមហ្វ្រែល លោក គល់ បញ្ញា សម្ដែងការសោកស្ដាយ ដែលក្រសួងយុត្តិធម៌មិនបានចាត់វិធានការណាមួយ ស៊ើបអង្កេតលើក្រុមសន្តិសុខ ឬសមត្ថកិច្ចដែលប្រើអំពើហិង្សាលើក្រុមអ្នកតវ៉ា បែរជាមកគាបសង្កត់លើអង្គការសង្គមស៊ីវិលដែលជាក្រុមស្ថាប័នឯករាជ្យធ្វើការ ដើម្បីការពារសិទ្ធិប្រជាពលរដ្ឋ និងលើកស្ទួយសិទ្ធិមនុស្សទៅវិញ៖ «
ទាក់ទងនិងបញ្ហានេះ នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លើកឡើងថា ក្រុមអ្នកតវ៉ាទាមទារឲ្យដោះលែងប្រធានសហព័ន្ធសហជីពកម្ពុជា លោក រ៉ុង ឈុន ឬយុត្តិធម៌សង្គមនេះ ធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី និងគោលការណ៍ច្បាប់សិទ្ធិមនុស្សអន្តរជាតិដទៃទៀត។ ផ្ទុយទៅវិញអ្នកស្រីសង្កត់ធ្ងន់ថា ក្រុមសមត្ថកិច្ច ឬអាជ្ញាធររដ្ឋមិនត្រឹមតែបិទសិទ្ធិសេរីភាពពលរដ្ឋ អង្គការសង្គមស៊ីវិលប៉ុណ្ណោះទេ សមត្ថកិច្ចក៏ថែមទាំងបំពារបំពាន និងបៀតបៀនលើក្រុមស្ត្រីអ្នកតវ៉ា ដែលជាទង្វើខុសច្បាប់ និងអសីលធម៌សង្គមទៀតផង៖ «
ចំណែកអ្នកស្រី ចក់ សុភាព បន្ថែមថា អង្គការសង្គមស៊ីវិល មានតួនាទីសំខាន់ ក្នុងការបំពេញការងារលើកស្ទួយសិទ្ធិមនុស្ស ឃ្លាំមើលអំពីទង្វើរំលោភសិទ្ធិមនុស្ស និងធ្វើការតស៊ូមតិទៅរដ្ឋាភិបាល ដើម្បីឲ្យរដ្ឋាភិបាលងាកមកគោលការណ៍សិទ្ធិមនុស្ស៖ «
ក្រុមអ្នកវិភាគ និងអ្នកការពារសិទ្ធិមនុស្សជាតិ អន្តរជាតិ លើកឡើងថា របបលោក ហ៊ុន សែន តែងតែច្រានចោលសេចក្ដីថ្លែងការណ៍នានា របស់អង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ ដោយមិនទទួលស្គាល់ការពិត ចំពោះការប្រើអំពើហិង្សា ការបង្ក្រាបដែលប្រព្រឹត្តិដោយអាជ្ញាធររដ្ឋ និងការចាប់ចងអ្នកតវ៉ាដោយសន្តិវិធីដាក់ពន្ធនាគារជាដើម។ រីឯប្រព័ន្ធតុលាការវិញ ជាស្ថាប័នមិនឯករាជ្យ ឬតុលាការជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច។ កង្វះភាពឯករាជ្យនៃប្រព័ន្ធតុលាការ គឺបង្កើតឲ្យមានអំពើរំលោភសិទ្ធិមនុស្ស និងអំពើអយុត្តិធម៌ជាច្រើននៅក្នុងសង្គម។ កាលពីឆ្នាំ២០១៩ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញរបាយការណ៍មួយស្ដីពីសន្ទស្សន៍នៃការគោរពនីតិរដ្ឋ ដោយបានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា នៅជិតបាតតារាង គឺជាប់លេខ១១២ ក្នុងចំណោម ១១៣ប្រទេស ដែលមានកេរ្តិ៍ឈ្មោះអសោចខាងការមិនគោរព និងរំលោភប្រព័ន្ធនីតិរដ្ឋ។ របាយការណ៍នេះបញ្ជាក់ថា ចំណាត់ថ្នាក់យុត្តិធម៌របស់កម្ពុជាដោយសារតែមានការជ្រៀតជ្រែកពីរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។