អាជ្ញាធរ​រាជធានី​ភ្នំពេញ​រារាំង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​មិន​ឱ្យ​ធ្វើ​យុទ្ធនាការ​បំផុស​ពលរដ្ឋ​ឱ្យ​ស្រលាញ់​ជាតិ​

0:00 / 0:00

អាជ្ញាធរ​ខណ្ឌ ៧ មករា រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី១២ សីហា បាន​រារាំង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ប្រមាណ​ ២០នាក់ មិន​ឱ្យ​ពួក​គេ​ធ្វើ​យុទ្ធនាការ​បំផុស​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​ស្រឡាញ់​ជាតិ​ដើម្បី​ការពារ​ទឹកដី​នោះ​ឡើយ។ មន្ត្រី​សង្គម​ស៊ីវិល ចាត់ទុក​ទង្វើ​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ចូលរួម​ការងារ​សង្គម​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។

អាជ្ញាធរ​បាន​បង្ក្រាប​ដោយ​ហិង្សា​លើ​ក្រុម​យុវជន​បណ្ដាល​ឱ្យ​យុវនារី ២នាក់ របួស​ឈាម​ដៃ​និង​ដួល​សន្លប់ បន្ទាប់ពី​ពួក​គេ​លើក​ទង់ជាតិ​ខ្មែរ​ស្រែកច្រៀង​បទ​គោរព​ទង់​ខ្មែរ​បំផុស​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ស្រលាញ់​ទឹកដី​នៅ​ក្បែរ​ផ្សារ​អូរ​ឡាំ​ពេជ្រ​រាជធានី​ភ្នំពេញ។

យុវជន​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី១២ សីហា​ថា កម្លាំង​កង​សន្តិសុខ​និង​ប៉ូល​ិ​ស​ខណ្ឌ ៧ មករា​ប្រមាណ ៣០នាក់ បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​ពួក​លោក និង​បាន​ដណ្ដើមយក​ទង់ជាតិ​ពី​ដៃ​ស្ត្រី​ទាំង​កម្រោល។ លោក​បញ្ជាក់​ថា ពួក​លោក​ធ្វើ​យុទ្ធនាការ​នេះ​ដើម្បី​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​ងាក​មក​ចាប់អារម្មណ៍​បញ្ហា​ប្រទេសជាតិ​ឱ្យ​បាន​ច្រើន ដើម្បី​រួមគ្នា​ការពារ​ផលប្រយោជន៍​ជាតិ ដោយ​ពុំ​បាន​ប្រព្រឹត្ត​សុខ​ច្បាប់​ឡើយ៖ « ហើយ​ប្រជាពលរដ្ឋ​មិនបាន​សកម្ម​ក្នុង​ការ​ឈឺឆ្អាល ជួយ​ស្វែងរក​យុត្តិធម៌​ឱ្យ​លោក​គ្រូ រ៉ុង ឈុន ទេ បើ​ទោះបីជា​គាត់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ដោយ​អយុត្តិធម៌​បំផុត​ក៏ដោយ។ មួយ​វិញ​ទៀត​ យើង​មើល​ឃើញ​ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​ប្រទេស​យើង​ដុនដាប​មកដល់​ថ្នាក់​នេះ ទាំង​អាជ្ញាធរ​ទាំង​ប្រជាពលរដ្ឋ​មិន​សូវ​គិត​គួរ​រឿង​ជាតិ ហើយ​មិន​ទាន់​មាន​អ្នក​ណា​បំផុស​ឱ្យ​ស្រលាញ់​ជាតិ ដល់​អីចឹង​បាន​ជា​យើង​ផ្លាស់ប្ដូរ​វិធីសាស្ត្រ​ពី​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន មក​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ឱ្យ​ខ្មែរ​ចេះ​ស្រលាញ់​ជាតិ និង​ចំណាយ​ពេល​គោរព​ទង់​ជាតិ​យើង »

យុទ្ធនាការ​នេះ​ក្រុម​យុវជន​ពាក់​អាវ​យឺត​ស​ដៃ​ខ្លី មាន​រូប​បេះដូង​នៅ​ខាងមុខ និង​សរសេរ​អក្សរ​ថា​ខ្ញុំ​ស្រឡាញ់​ជាតិ។ ក្រុម​យុវជន​ទាំងនោះ​បាន​នាំគ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី១២ សីហា បន្ទាប់ពី​ពួក​គេ​ធ្វើ​យុទ្ធនាការ​នេះ​ប្រមាណ ១ម៉ោង។ ពួក​គេ​គ្រោង​ប្រមូល គ្នា​ធ្វើ​យុទ្ធនាការ​បែបនេះ​ជា​រៀងរាល់ថ្ងៃ​ពុធ​នៅ​សប្ដាហ៍​ក្រោយៗ ទៀត។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី១២ សីហា ដោយ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​ពុំ​មាន​អ្នកទទួល។

ប៉ុន្តែ​នៅ​ក្នុង​វីដេអូ​រឃ្លិប មាន​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល ២នាក់ ដែល​បាន​បញ្ជា​ឱ្យ​កង​សន្តិសុខ​បង្ក្រាប​ក្រុម​យុវជន​ទាំងនោះ និយាយ​ថា ក្រុម​យុវជន​ធ្វើ​យុទ្ធនាការ​នេះ ដោយ​មិន​សុំច្បាប់​ពី​អាជ្ញាធរ​នោះ​ទេ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការ​ពារ អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍​ថា សកម្មភាព​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ធ្វើ​នេះ គឺជា​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ស្របតាម​រដ្ឋធម្មនុញ្ញ។លោក​ចាត់​ទុក​ការរារាំង​របស់​អាជ្ញាធរ​នេះ​ថា ជា​ការរំលោភ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដោយ​ខុសច្បាប់៖ « អីចឹង​ផ្ទុយទៅវិញ​សកម្មភាព​ដែល​អាជ្ញាធរ​គាត់​បាន​រារាំង​និង​រុញច្រាន​ក្រុម​យុវជន​នេះ ជា​អំពើ​មួយ​រំលោភ​លើ​គោលការណ៍​ច្បាប់ ហើយ​ជា​អំពើ​ដែល​រំលោភ​គោលការណ៍​ប្រជាធិបតេយ្យ ដែល​កម្ពុជា​បាន​ជា​ប្រទេស​ប្រជាធិបតេយ្យ​នោះ។ ដូច្នេះ​អាជ្ញាធរ​ធ្វើបែប​នេះ​ជាសកម្ម​ភាព​មួយ​មិនបាន​ឆ្លុះបញ្ចាំង​ជា​ប្រទេស​ដែល​កំពុងតែ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ទេ »

នេះ​មិនមែន​ជា​លើក​ទី​​មួយ​ទេ​ដែល​អាជ្ញាធរ​បាន​ប្រើ​ហិង្សា​មក​លើ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ក្នុង​ពេល​ផ្សព្វផ្សាយ​ពី​វប្បធម៌​គោរព​ភ្លេង​ជាតិ​នោះ។

កាលពី​សប្ដាហ៍​មុន អាជ្ញាធរ​បាន​ប្រើ​ហិង្សា​មក​លើ​ពួក​គេ​បណ្ដាល​ឱ្យ​ស្ត្រី​វ័យ​ក្មេង ២នាក់​របួស​ជើង​ធ្ងន់ធ្ងរ ក្នុង​ពេល​ដែល​ពួក​គេ តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក រ៉ុង ឈុន។ ក្រុម​យុវជន​ទាំងនេះ អះអាង​ថា ពួក​គេ​នឹង​នាំគ្នា​តវ៉ា​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៣ សីហា​បន្ត​ទៀត ពេល​ដែល​អាជ្ញាធរ​បញ្ជូន​លោក រ៉ុង ឈុន ឡើង​តុលាការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។