អង្គការសិទ្ធិមនុស្ស​ស្នើ​ឱ្យ​បញ្ឈប់​ការ​រើសអើង​អ្នក​ស្រឡាញ់​ទាំង ២ភេទ

អង្គការ​សិទ្ធិមនុស្ស​ស្នើ​ដល់​សាធារណជន​ឱ្យ​ទទួល​ស្គាល់ និង​បញ្ឈប់​ការរើសអើង ឬ​ផ្នត់គំនិត​មិនល្អ​ទៅលើ​បុគ្គល ដែល​ស្រឡាញ់​ទាំង ២ភេទ។

ថ្ងៃទី២៣ ខែកញ្ញា នេះ​ត្រូវ​បាន​កំណត់​ថា​ជា​ទិវា​សម្រាប់​អ្នក​ស្រឡាញ់​ទាំង ​២ភេទ ដែល​សំដៅ​ទៅដល់​អ្នក​ដែល​មាន​ក្ដី​ស្រឡាញ់ មាន​ភាព​ទាក់ទាញ ឬ​ចង់​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ទៅ​នឹង​បុគ្គល​ផ្សេងៗ​គ្នា ដែល​មាន​និន្នាការ​ភេទ ឬ​យេនឌ័រ​ច្រើន​ជាង​មួយ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បាន​ចេញ​ផ្សាយ​ខិត្តប័ណ្ណ​នៅ​ថ្ងៃនេះ​ដោយ​បញ្ជាក់​ថា បុគ្គល​ដែល​ស្រឡាញ់​ទាំង ២ភេទ មាន​សិទ្ធិ​ពេញលេញ​ទទួល​បាន​នូវ​ការ​គោរព​ក្នុង​ភាព​ជា​មនុស្ស ហើយ​សិទ្ធិ​នេះ​មាន​ធានា​នៅ​ក្នុង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ពោល​គឺ​ធានា​ថា ​ពួក​គេ​ត្រូវ​ចៀស​ផុត​ពី​ការ​រើសអើង​គ្រប់​ទម្រង់​ទាំង​អស់។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​យល់​ឃើញ​ថា ​នៅ​កម្ពុជា​នៅ​មិន​ទាន់​មាន​ការ​យល់​ដឹង​ច្បាស់លាស់​ពី​​អ្នក​ស្រឡាញ់​ទាំង ២ភេទ​នេះ​នៅ​ឡើយ​ទេ ហើយ​ពួក​គេ​តែង​រង​ការ​ប្រមាថ រើសអើង និង​ការ​មាក់ងាយ ព្រមទាំង​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​សង្គម ដោយ​ចាត់​ទុក​ថា​ ជា​ក្រុម​មនុស្ស​មិន​សំខាន់។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ដដែល​នេះ​ស្នើ​រដ្ឋាភិបាល​ថា ​គួរ​បង្កើត​ឱ្យ​មាន​ច្បាប់​ប្រឆាំង​ការរើសអើង មាន​គោល​នយោបាយ​ជាក់លាក់​ក្នុង​ការ​ទប់​ស្កាត់​ការរើសអើង​ផ្អែកលើ​ភេទ និង​អត្តសញ្ញាណ​យេនឌ័រ ដើម្បី​ការពារ​បុគ្គល​ដែល​ស្រឡាញ់​ទាំង ២ភេទ និង​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។