មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ឲ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន រង់ចាំការសម្រេចពីក្រសួងយុត្តិធម៌ មុននឹងបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានប្រាប់វិទ្យុ VOD ថា ទាំងរដ្ឋាភិបាល និងក្រសួងយុត្តិធម៌ ប្ដេជ្ញាថា សេចក្ដីព្រាងច្បាប់នេះ គ្រោងអនុម័តនៅចុងឆ្នាំ២០២០ នេះ។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន នៅថ្ងៃទី២៦ខែកញ្ញានេះបានទេ ក៏ប៉ុន្តែលោកបានប្រាប់ VOD ថ្មីៗ នេះថា ក្រុមការងារក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មាន កំពុងពិនិត្យមើលពីទោសបញ្ញត្តិក្នុងសេចក្ដីព្រាងច្បាប់នេះ។
សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវបានផ្ដួចផ្ដើម និងឆ្លងកាត់ការពិភាក្សាពិគ្រោះយោបល់អស់រយៈពេល ១៥ឆ្នាំមកហើយ។
ក្រុមសង្គមស៊ីវិលធ្លាប់លើកឡើងថា កម្ពុជានៅតែមិនទាន់មានច្បាប់បញ្ញត្តិសម្រាប់ការស្នើសុំព័ត៌មានសាធារណៈនៅឡើយ ដែលជាមូលហេតុធ្វើឱ្យមន្ត្រីរដ្ឋាភិបាលអាចបដិសេធនូវការផ្តល់ព័ត៌មានសាធារណៈបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។