សង្គម​ស៊ីវិល​នៅ​ខេត្ត​មួយ​ចំនួន​ត្អូញត្អែរ​​ថា​​អាជ្ញាធរ​រឹតត្បិត​សិទ្ធ​សេរីភាព​លំបាក​បំពេញ​ការងារ

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​​សិទ្ធិមនុស្ស​នៅ​​ខេត្ត​មួយ​ចំនួន​​ អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​​រឹតត្បិត​សិទ្ធិ​សេរីភាព​​​ការ​ជួប​ប្រជុំ​​​​​​របស់​សង្គម​ស៊ីវិល​កាន់​តែ​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​បំពេញ​ការងារ​របស់​ពួកគាត់​មិន​បាន​ពេញលេញ។ មន្ត្រី​សិទ្ធិមនុស្ស​បញ្ជាក់​ថា សកម្មភាព​ទាំង​នោះ​​មាន​ដូច​ជា​ ​នៅ​ពេល​​ចុះ​បើក​វគ្គ​អប់រំ​ផ្នែក​សិទ្ធិមនុស្ស​ដល់​ប្រជាពលរដ្ឋ​​​ ដោយ​​អាជ្ញាធរ​​តម្រូវ​​ឱ្យ​សុំ​ច្បាប់​អនុញ្ញាត​​​​ឬ​ជូន​ដំណឹង​​ដល់​អាជ្ញាធរ​ជា​មុន​ទើប​អាច​បើក​ដំណើរ​ការ​បាន ទោះ​បី​ជា​គ្មាន​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​បែប​នេះ​ក្ដី។

​​​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​​ លើក​ឡើង​ស្រដៀង​គ្នា​​ថា ​មួយ​រយៈ​នេះ​ពួកគាត់​លំបាក​ធ្វើ​ការងារ​យ៉ាង​ខ្លាំង​ ជា​ពិសេស​​ពេល​ចុះ​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។

​​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ប្រចាំ​ខេត្ត​បាត់ដំបង​ លោក យិន ម៉េង​លី ប្រាប់​អាស៊ី​សេរី​ថា ​កាល​ពី​ដើម​ខែ​កញ្ញា​អាជ្ញាធរ​​មូលដ្ឋាន​​​នៅ​ឃុំ​​សាលាក្រៅ​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ បាន​​រារាំង​​មិន​ឱ្យ​មន្ត្រី​របស់​លោក​បើក​វគ្គ​អប់រំ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​ការ​ជួញ​ដូរ​មនុស្ស​ និង​​ការ​ធ្វើ​ចំណាក​ស្រុក​​​​ទៅ​ក្រៅ​ប្រទេស​ដល់​ប្រជាពលរដ្ឋ​​ឡើយ។ លោក​បន្ត​ថា វគ្គ​ផ្សព្វផ្សាយ​នេះ​​មាន​ប្រជាពលរដ្ឋ​៤០​នាក់​ចូល​រួម​​ ក៏​ប៉ុន្តែ​ត្រូវ​បាន​​រំសាយ​វិញ​ភ្លាមៗ​ បន្ទាប់​ពី​មេឃុំ​សាលាក្រៅ​ គឺ​លោក​ ឃឿម ភឿន​ តម្រូវ​​ឱ្យ​​​បុគ្គលិក​របស់​អង្គការ​លោក​​​សុំ​ច្បាប់​​ពី​សាលាស្រុក​ទើប​អនុញ្ញាត​ឱ្យ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​​នេះ​​បាន​។ លោក​បន្ថែម​ថា ​​​​មន្ត្រី​អាដហុក​​ដែល​បាន​ចុះ​អប់រំ​ពលរដ្ឋ​នៅ​ទី​នោះ​ បាន​ព្យាយាម​​ពន្យល់​ និង​យក​ឯកសារ​ដែល​អង្គការ​លោក​​បាន​​ចុះ​បញ្ជី​​នៅ​ក្រសួង​មហាផ្ទៃ​បង្ហាញ​ដល់​អាជ្ញាធរ​​​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​​នៅ​តែ​អាជ្ញាធរ​មិន​​​​អនុញ្ញាត​​​ដដែល៖ «សកម្មភាព​របស់​គាត់​មិន​ត្រឹម​តែ​រារាំង​នូវ​សកម្មភាព​របស់​សមាគម​ប៉ុណ្ណឹង​ទេ​ មាន​ន័យ​ថា​គាត់​អត់​គោរព​ ឬ​ក៏​មិន​យល់​ដឹង​នូវ​​លិខិត​របស់​ក្រសួង​មហាផ្ទៃ​។​រឿង​នេះ​ធ្វើ​ឱ្យ​កិច្ចសហការ​គ្នា​អត់​បាន​ល្អ​ ហើយ​យើង​គិត​នេះ​មិន​មែន​ជា​បញ្ហា​ឬ​ក៏​​រចនាសម្ព័ន្ធ​បញ្ជា​​ពី​លើ​មក​ទេ​ ពីព្រោះ​ឃើញ​ឃុំ​ ​ខ្លះ​មិន​អាច​ធ្វើ​បាន​ ហើយ​ខ្លះ​គាត់​អនុញ្ញាត​ឱ្យ​យើង​ធ្វើ​។​យើង​សោកស្ដាយ​រឿង​ប្រជាពលរដ្ឋ​​នៅ​ឃុំ​គាត់​ទេ​ដែល​អត់​បាន​យល់​ដឹង​ អំពី​បញ្ហា​ជួញដូរ​មនុស្ស​​និង​បញ្ហា​ធ្វើ​ចំណាក​ស្រុក​ ហើយ​គាត់​មិន​គប្បី​ធ្វើ​បែប​ហ្នឹង​ទេ »

លោក​ឱ្យ​ដឹង​ថា ការ​អប់រំ​នេះ​ ក្នុង​គោល​បំណង​​ដើម្បី​ពន្យល់​ឱ្យ​ប្រជាពលរដ្ឋ​ឱ្យ​យល់​ដឹង​ពី​ច្បាប់​និង​ហានិភ័យ​​ក្នុង​ពេល​​​​ធ្វើ​ចំណាក​ស្រុក​​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់។

ឆ្លើយ​តប​នឹង​​បញ្ហា​នេះ​មេឃុំ​សាលាក្រៅ​លោក​ យឿម ភឿន​ ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លាំង​ថា ​រឿង​នេះ​ ដោយសារ​មន្ត្រី​សង្គម​ស៊ីវិល​​ចុះ​អប់រំ​ពលរដ្ឋ​ដោយ​ពុំ​មាន​​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​​ឱ្យ​បាន​ត្រឹម​ត្រូវ៖ «ទេ​គាត់​មក​អត់​មាន​ច្បាប់​អី​មក​ទេ​ ខ្ញុំ​ថា​ខ្ញុំ​សុំ​មើល​ការ​អនុញ្ញាត​អី​​ការ​ចុះ​ផ្សព្វផ្សាយ​ស្អីៗ​ហ្នឹង​​ក៏​ផ្សព្វផ្សាយ​ទៅ​ ខ្ញុំ​ថា​ ឱ្យ​រង់ចាំ​២​ថ្ងៃ​ខ្ញុំ​កំពុង​រវល់​ការងារ​ខ្ញុំ​សិន​ ហើយ​បើ​ចង់​ប្រញាប់​ទៅ​ខាង​ប៉ូលិស​ទៅ​បើ​គេ​អនុញ្ញាត​ទៅៗ »

ចំណែក​នៅ​​ឧត្ដរមានជ័យ​វិញ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក៏​ត្អូញត្អែរ​អំពី​​បញ្ហា​​អាជ្ញាធរ​រឹតត្បិត​សិទ្ធិ​សេរីភាព​​​ក្នុង​ពេល​បំពេញ​ការងារ​ដូច​គ្នា​​ដែរ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ឧត្ដរ​មាន​ជ័យ​ លោក​ ស្រី ណារ៉េន ឱ្យ​ដឹង​ថា ​​កាល​ពី​ថ្ងៃ​ទី១១ កញ្ញា​​មេឃុំ​ទំនប់​ដាច់​​ស្រុក​ត្រពាំងប្រាសាទ​ ​បាន​រារាំង​ប្រជាពលរដ្ឋ​​​មិន​ឱ្យ​​​​ចូលរួម​អប់រំ​​​​ជា​មួយ​អង្គការ​របស់​លោក​ ដើម្បី​​ស្វែង​យល់​អំពី​សិទ្ធិ​សេរីភាព​​ការ​សម្ដែង​មតិ​ដោយ​សន្តិវិធី​ និង​ការ​ចងក្រង​​សហគមន៍​នៅ​ក្នុង​មូលដ្ឋាន​​នោះ​ទេ។ លោក​បញ្ជាក់​ថា ​​​​​​​​ប្រជាពលរដ្ឋ​​ប្រមាណ ២០នាក់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​បាន​ចូល​រួម​អប់រំ​អ្វី​ឡើយ​។លោក​​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​ធ្វើ​បែប​នេះ​ថា ​​​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​​​​​ការ​ជួប​ប្រជុំ​របស់​ប្រជាពលរដ្ឋ​​និង​អង្គការ​សង្គម​ស៊ីវិល​ ដែល​​​​ធ្វើ​ឱ្យ​ខាត​​ប្រយោជន៍​ដល់​ពលរដ្ឋ​​ ពុំ​បាន​យល់​ដឹង​​ពី​សិទ្ធិ​​​សេរីភាព​​របស់​ខ្លួន​​ ដើម្បី​ចូល​រួម​ការ​អភិវឌ្ឍន៍​​ប្រទេស​ជាតិ៖ «គឺ​នៅ​តែ​ប្រកាន់​ថា​ អង្គការ​សង្គម​ស៊ីវិល​ត្រូវ​តែ​ជូន​ដំណឹង​ អានេះ​ហើយ​ខ្ញុំ​ថា​ជា​ការ​រឹតត្បិត ពីព្រោះ​ក្រសួង​បាន​ចេញ​ការណែនាំ​ហើយ​នៅ​តែ​គាត់​មិន​ស្រប​ជា​មួយ​ក្រសួង​។អីចឹង​គាត់​មិន​ចង់​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​​ដែល​យើង​មាន​យើង​មាន​ច្បាប់​ត្រូវ​​ហ្នឹង​ធ្វើ​សកម្មភាព​នៅ​ក្នុង​មូលដ្ឋាន​របស់​គាត់​ទេ។ ប៉ះពាល់​ដែរ​ ពីព្រោះ​ដោយសារ​ប្រជាពលរដ្ឋ​ដែល​គាត់​មក​ចង់​ចូល​រួម​ចង់​ដឹង​ចង់​ចេះ​ ហើយ​អាជ្ញាធរ​មក​រំសាយ​ អីចឹង​ធ្វើ​គាត់​ព្រួយបារម្ភ​ ហើយ​ពេល​យើង​ចង់​អញ្ជើញ​គាត់​មក​ទៀត​ គាត់​នៅ​តែ​មាន​ការ​ព្រួយបារម្ភ​​ខ្លាច​អាជ្ញាធរ​គេ​ថា​មក​ខុស​ច្បាប់​មិន​ប្រាប់​មេភូមិ​ឃុំ​មេ​អីចឹង »

ទាក់ទង​នឹង​​​បញ្ហា​នេះ​ មេឃុំ​ទំនប់​ដាច់​ ស្រុក​ត្រពាំងប្រាសាទ លោក​ យ៉ុង នី ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​​ប្រាប់​ប្រជាពលរដ្ឋ​​​មិន​ឱ្យ​ចូល​រួម​អប់រំ​នៅ​ក្នុង​កម្មវិធី​នោះ​​ប្រាកដ​មែន​ ក៏​ប៉ុន្តែ​លោក​ថា​ ​រឿង​នេះ​​ដោយសារ​តែ​មន្ត្រី​សង្គម​ស៊ីវិល​មិន​បាន​ជូន​ដំណឹង​​ឱ្យ​លោក​បាន​ដឹង​ជា​មុន៖ «រឿង​ហ្នឹង​ខ្ញុំ​អត់​ដូច​ជា​ភ្លេច​ឬ​យ៉ាង​ម៉េច​ទេ​វា​យូរ​ពេក​ទៅ​ វា​មិន​បាន​ចាំ​ដែរ​មិន​ដឹង​ជា​វា​មាន​ការណែនាំ​អីចឹង​មែន ឬ​ក៏​អី។ ដល់​ខ្ញុំ​មើល​លិខិត​នោះ​ទៅ​​ខ្ញុំ​និយាយ​មួយ​គាត់​ដែរ​ខ្ញុំ​ថា​ពាក្យ​ត្រង់​ហ្នឹង​ខ្ញុំ​ដូច​អត់​ចង់​ស្រប​ ព្រោះ​អាជ្ញាធរ​គ្រប់​គ្រង​ដែន​ដី ហើយ​មើល​ខុស​ត្រូវ​ប្រជាពលរដ្ឋ​ ពិតមែន​តែ​គាត់​មាន​សិទ្ធិ​មែន​ក៏​ប៉ុន្តែ​អ្វី​ៗ​វា​ទាល់​តែ​អាជ្ញាធរ​ហ្នឹង​ដឹង​ផង​ដែរ​។​បាន​ន័យ​ថា​បើ​អត់​ដឹង​​បាន​ន័យ​ថា​វា​ទីងមោង​​មិន​បាច់​តាំង​អាជ្ញាធរ​ធ្វើ​អី​បាទ »

មន្ត្រី​អង្គការ​​ទាំង​នេះ​​​​បាន​ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​មូល​ដ្ឋាន​នេះ​​ថា ជា​ការ​​អនុវត្ត​​ផ្ទុយ​​​ពី​​ការណែនាំ​​របស់​ក្រសួង​មហាផ្ទៃ​ ដែល​បាន​បើក​សិទ្ធិ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​​​បំពេញ​ការងារ​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​អាជ្ញាធរ​​នោះ​ទេ។

កាល​ពី​ខែ​តុលាការ​ឆ្នាំ២០១៨ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​ ស ខេង​ បាន​ចេញ​​លិខិត​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ខេត្ត​ឱ្យ​​​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​ជា​មួយ​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ព្រមទាំង​សហគមន៍​នានា​នៅ​តាម​មូលដ្ឋាន​។​​​លិខិត​​ដដែល បាន​ឱ្យ​ដឹង​ទៀត​ថា ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​សហគមន៍​ទាំងឡាយ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​​ស្របច្បាប់​ មាន​សិទ្ធិ សេរី​ពេញលេញ​​​ធ្វើ​សកម្មភាព​​​ដោយ​ស្របច្បាប់​នៅ​កម្ពុជា​ ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​​ដល់​អាជ្ញាធរ​មូលដ្ឋាន​បាន​ដឹង​ជា​មុខ​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង​និង​ឧត្ដរមានជ័យ​​នៅ​តែ​អះអាង​ថា ​អាជ្ញាធរ​ហាក់​មិន​បាន​​ផ្សព្វផ្សាយ​សេចក្ដីណែនាំ​របស់​ក្រសួង​មហាផ្ទៃ​​ឱ្យ​បាន​ទូលំទូលាយ​​ដល់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឡើយ​ទេ​​ ទើប​បណ្ដាល​ឱ្យ​​មេឃុំ​​​ជា​ច្រើន​កន្លែង​​នៅ​ក្នុង​ខេត្ត​បាត់ដំបង ប៉ៃលិន​ និង​ ខេត្ត​ឧត្ដរមានជ័យ​ជា​ដើម​ មិន​សូវ​សហការ​ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​ ដោយ​​​បាន​ហាមឃាត់​​​ពួកគាត់​ក្នុង​ពេល​​ចុះ​បំពេញ​ការងារ​ជា​ប្រចាំ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។