ឪពុកបុរសម្នាក់នៅក្រុងប៉ោយប៉ែត ដែលត្រូវប៉ូលីសបាញ់របួសធ្ងន់រកជំនួយ ពីអង្គការសិទ្ធិមនុស្សស្វែងរកយុត្តិធម៌

ឪពុករបស់បុរសម្នាក់នៅក្រុងប៉ោយប៉ែតស្វែងរកកិច្ចអន្តរាគមន៍ពីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យឱ្យជួយប្ដឹងនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្តម្នាក់ពាក់ព័ន្ធនឹងករណីបាញ់កូនប្រុសរបស់លោកអោយធ្លាយពោះ កាលពីយប់ថ្ងៃទី២៧ ខែសីហា។ មន្ត្រីសិទ្ធិមនុស្សចាត់ទុករឿងនេះថា ជាអំពើមនុស្សឃាតដោយចេតនា ដែលជនល្មើសត្រូវតែបាននាំទៅផ្ដន្ទាទោសតាមច្បាប់។
ឪពុកជនរងគ្រោះនៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត លោក នួន វរ៍ ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៣០ សីហាថាមូលហេតុដែលលោករកអន្តរាគមន៍ពីមន្ត្រីសង្គមស៊ីវិល ដោយសារលោកអស់ជំនឿនឹងអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត គឺលោក ឫទ្ធី ពិសិដ្ឋ បានបាញ់កូនប្រុសរបស់លោក គឺ លោក នាង មករា បណ្ដាលឱ្យធ្លាយពោះដោយអយុត្តិធម៌អស់ជាច្រើនថ្ងៃមកហើយ ប៉ុន្តែសមត្ថកិច្ច នៅមិនទាន់ចាប់ជនល្មើសមកផ្ដន្ទាទោសបាននៅឡើយ។ លោកប្រាប់ថានៅថ្ងៃកើតហេតុកូនរបស់លោកបានជិះម៉ូតូតាមផ្លូវនៅសង្កាត់និមិត្តជាមួយមិត្តភក្ដិ ដោយមន្ត្រីប៉ូលិសបានឃាត់ម៉ូតូរបស់មិត្តភក្ដិកូនរបស់លោក។ លោកបន្តថានៅពេលនោះកូនរបស់លោកធ្វើដំណើរទៅហួសហើយ ក៏ប៉ុន្តែបានត្រឡប់មកវិញ ហើយបានសួរមន្ត្រីប៉ូលិសថា មានរឿងអ្វីបានជាឃាត់ម៉ូតូមិត្រភក្ដិខ្ញុំ? ស្រាប់តែមន្ត្រីប៉ូលិសឈ្មោះ លោក ឫទ្ធី ពិសិដ្ឋ បានដកកាំភ្លើងខ្លីបាញ់ចំពីក្រោយខ្នងកូនរបស់លោកធ្លាយពោះតែម្ដង៖ «បាទសាហាវណាស់ គ្មានរឿងអីផងគ្រាន់តែសួរវាកាក់ម៉ូតូក៏វាថា ឯងចង់ខ្លាំងចុះមក ។គ្នាក៏ថាខ្ញុំខ្លាំងអីបងខ្ញុំងុយដេកខ្ញុំទៅដេកហើយ ខ្ញុំខ្លាំងអីជាមួយបងឯង ដកកាំភ្លើងបាញ់ផូងបណ្ដោយគ្នាអង្គុយនៅលើម៉ូតូហ្នឹង។ បាញ់ហើយទៅតាមដល់ផ្ទះទៀត បាញ់ដូចបាញ់សត្វលលកងាប់ហើយតាមរើសអីចឹង។ លេងសុទ្ធតែបាញ់ចោលអីចឹងឱ្យប្រជាជនទៅពឹងអ្នកណាគ្នាទន់ខ្សោយហ្នឹង។ ខ្ញុំនឹកឃើញវាហួសហេតុពេកលើសសត្វធាតុទៀត ធ្វើបាបគ្នាអាងតែខ្លួនសមត្ថកិច្ចមកបាញ់រះដោយមិនដឹងហេតុផលអីខ្ញុំសូមឱ្យតុលាការដាក់ទោសតាមផ្លូវច្បាប់។»
លោកឱ្យដឹងថាក្រោយពីកូនរបស់លោកត្រូវគ្រាប់កាំភ្លើងគឺសាច់ញាតិបានបញ្ជូនជនរងគ្រោះទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី ហើយរហូតមកដល់ថ្ងៃទី៣០ សីហាមិនទាន់បានធូរស្រាលនៅឡើយទេ។ ចំណែកមន្ត្រីប៉ូលិសដែលបានបាញ់ជនរងគ្រោះនៅក្រៅសំណាញ់ច្បាប់ ដោយពុំមានអាជ្ញាធរណាចាត់វិធានការនោះឡើយ។
ទាក់ទងនឹងបញ្ហានេះនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់និមិត្ត លោក ម៉ា រិន ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកសុំមិនអត្ថាធិប្បាយជុំវិញការចោទប្រកាន់នេះទេ ដោយលោកប្រាប់ថា បានបញ្ជូនសំណុំរឿងទៅថ្នាក់លើអស់ហើយ៖ «ខ្ញុំរាយការណ៍ទៅខាងអធិការអីអស់ហើយអីចឹងបានថាខ្ញុំឱ្យគាត់សួរទៅលោកអធិការគាត់បំភ្លឺទៅព្រោះខ្ញុំរៀបរាប់ដំណើររឿងហ្នឹងទៅអស់ហើយ។ ទេត្រង់ថាគេចោទប្រកាន់វាចោទចោទប្រកាន់ហើយ ប៉ុន្តែខ្ញុំបានរៀបរាប់ហេតុការណ៍ហ្នឹងទៅមេកោយខ្ញុំហើយ។»
អាស៊ីសេរីបានព្យាយាមទាក់ទងស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ និងអធិការនគរបាលបាលក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត បន្ថែមទៀតនៅរសៀលថ្ងៃទី៣០ សីហាដោយទូរស័ព្ទចូលជាច្រើនដងត្រូវបានចុចផ្ដាច់វិញ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ដែលបានចុះស៊ើបអង្កេតរឿងនេះមានប្រសាសន៍ថា ការបាញ់ប្រជាពលរដ្ឋបែបនេះជាអំពើមនុស្សឃាតដោយចេតនាក៏ប៉ុន្តែជាសំណាងល្អដែលយុវជនរួបនោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ទាន់ពេលវេលាមិនបណ្តាលឲ្យស្លាប់ ។ លោក ថាអាជ្ញាធរពាក់ព័ន្ធគួរតែចាត់វិធានរឿងនេះតាមច្បាប់ជាបន្ទាន់ ដោយមិនអាចលើកលែងបានឡើយ។ លោកបញ្ជាក់ថា ប្រសិនបើអាជ្ញាធរមិនចាត់វិធានការរឿងនេះទេគឺជាការអនុវត្តច្បាប់ស្តង់ដារ២ ដោយផ្ដន្ទាទោសចំពោះតែជនក្រីក្រ និងគ្មានអំណាច ចំណែកអ្នកមានលុយ និងមានអំណាចរស់នៅក្រៅសំណាញ់ច្បាប់៖ « អីចឹងបាញ់ចំពីក្រោយទៀតអីចឹងចេតនាគឺចង់បានលទ្ធផលគឺជនរងគ្រោះស្លាប់។ អីចឹងបើជនរងគ្រោះស្លាប់ ឬរបួសធ្ងន់ធ្ងរណាមួយនេះគឺជាការផ្ដើមចេញអំពីអំពើទុច្ចរិតរបស់សមត្ថកិច្ច។ អីចឹងទាំងអស់នេះហើយដែលខាងសមាគមអាដហុកបានទទួលពាក្យបណ្ដឹងរបស់គាត់ហើយ ហើយបានស៊ើបអង្កេតទៅលើរឿងហ្នឹង ហើយក៏បានអន្តរាគមន៍ខ្លះៗទៅតាមតេឡេក្រាមជាមួយព្រះរាជអាជ្ញាដែរ ដើម្បីឱ្យជួយចាត់ការរឿងនេះ ដើម្បីកុំឱ្យជនប្រព្រឹត្តដែលជាសមត្ថកិច្ចហ្នឹងរួចខ្លួន ចេះតែសុខផុតពីសំណាញ់ច្បាប់។»
ក្រមព្រហ្មទណ្ឌមាត្រា១៩៩ចែងថាអំពើមនុស្សឃាតដោយចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។ សាច់ញាតិគ្រោងប្ដឹងទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី៣១សីហាដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ។
មន្ត្រីសិទ្ធិមនុស្ស លោក ស៊ុំ ច័ន្ទគា ឱ្យដឹងថានៅក្នុងឆ្នាំ២០២០ យ៉ាងហោចណាស់មាន២ករណីហើយដែលប៉ូលិសនៅក្នុងខេត្តបន្ទាយមានជ័យបាញ់ពលរដ្ឋឱ្យរងរបួស និងស្លាប់ ដោយពុំមានការចាត់វិធានការផ្លូវច្បាប់។ កាលពីដើមឆ្នាំ២០២០ មានពលរដ្ឋម្នាក់នៅក្រុងប៉ោយប៉ែតត្រូវបានប៉ូលិសក្រុងនេះបាញ់ស្លាប់ក្នុងរឿងជម្លោះផ្ទាល់ខ្លួនទាំងកណ្ដាលយប់ និងចុងក្រោយកើតឡើងនៅសង្កាត់និមិត្ត។ លោកអះអាងថាករណីទាំងពីរនេះអាជ្ញាធរមិនទាន់ចាប់ជនដៃដល់ទាំងនោះមកផ្ដន្ទាទោសបាននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។