Global Witness បង្ហាញ​ឈ្មោះ​ម្ចាស់​ក្រុមហ៊ុន​-​សាជីវកម្ម​របស់​ក្រុម​មន្ត្រី​ពុករលួយ​កម្ពុជា

ដោយ មាន ឫទ្ធិ
2018.04.26
សែស្រាឡាយ​ត្រកូល ហ៊ុន ៨៥៥ គំនូរ​​បង្ហាញ​សែស្រឡាយ​ត្រកូល «ហ៊ុន» របស់​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness)។
Global Witness Photo

អង្គការ​ឃ្លាំមើល​ពិភពលោក ក្លបបល វីនេស (Global Witness) សហការ​ជាមួយ​គេហទំព័រ OpenCorporates របស់​ក្រុមហ៊ុន Chrinon ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​ប្រកាស​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​គេហទំព័រ​ទិន្នន័យ ឈ្មោះ https://opencorporates.com លាតត្រដាង​ពី​ឈ្មោះ​បុគ្គល ដែល​ជា​ម្ចាស់ និង​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន ឬ​សាជីវកម្ម​ធំៗ​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក ផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ មេសា ឲ្យ​ដឹង​ថា ការ​ដាក់​ឲ្យ​ប្រើប្រាស់​គេហទំព័រ​នេះ នឹង​ជួយ​ឲ្យ​អ្នកសារព័ត៌មាន និង​សកម្មជន​សិទ្ធិ​មនុស្ស លាតត្រដាង​អំពី​អំពើពុករលួយ និង​អំពើ​រំលោភច្បាប់​នានា ដែល​បាន​ជួយ​ឲ្យ​របប​លោក ហ៊ុន សែន អាច​បន្ត​កាន់អំណាច​អស់​ជាង ៣០ ឆ្នាំ​មកនេះ។

មន្ត្រី​យុទ្ធនាការ​អង្គការ​ឃ្លាំមើល​ពិភពលោក អ្នកស្រី អេមម៉ា ប៊ឺនណែ​ត (Emma Burnett) ថ្លែង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ថា ការស៊ើបអង្កេត​របស់​អង្គការ​ឃ្លាំមើល​ពិភពលោក Global Witness បង្ហាញ​ឲ្យ​ឃើញ​អំពី របៀប​ដែល​ក្រុម​អ្នកនយោបាយ​កំពូលៗ​នៅ​កម្ពុជា ព្រមទាំង​ក្រុម​គ្រួសារ និង​បក្សពួក​របស់​ពួកគេ បាន​ប្រព្រឹត្តិ​អំពើពុករលួយ​ជា​ប្រព័ន្ធ និង​អំពើ​លួច​ប្លន់​ទ្រព្យសម្បត្តិ​ជាតិ​យ៉ាង​មហាសាល ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ក្រីក្រ។ អ្នកស្រី​បន្ត​ថា ការ​កេង​ចំណេញ​ល្បែង​នយោបាយ និង​សេដ្ឋកិច្ច​នៅ​កម្ពុជា របស់​ក្រុម​មន្ត្រី​ពុករលួយ​គ្រាក់ៗ​អស់ទាំង​នេះ ដែល​បាន​ធ្វើ​មាន​ធ្វើ​បាន និង​ពង្រីក​ឥទ្ធិពល​អំណាច​របស់​ពួកគេ​កាន់តែ​ខ្លាំង បាន​ញាំង​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្លាយ​ជា​មេដឹកនាំ​ដែល​អាច​បន្ត​កាន់អំណាច​យូរ​ជាងគេ​បង្អស់​នៅ​លើ​ពិភពលោក។

អង្គការ​ឃ្លាំមើល​ពិភពលោក សង្ឃឹម​ថា ធនធាន​ថ្មី ដែល​ជា​ការ​លាតត្រដាង​ទិន្នន័យ​ឈ្មោះ​ម្ចាស់​ក្រុមហ៊ុន និង​សាជីវកម្ម​នៅ​កម្ពុជា​នេះ នឹង​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់ មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​គឺ​នៅ​ទូទាំង​សាកលលោក។ អង្គការ​ឃ្លាំមើល​ពិភពលោក អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស​នានា ឲ្យ​ដាក់ទណ្ឌកម្ម​មក​លើ​សមាជិក​ក្រុម​អភិជន​នៅ​កម្ពុជា​ទាំងអស់​នេះ ដោយសារតែ​ពួកគេ​បាន​គាស់​រម្លើង​ប្រជាធិបតេយ្យ បំផ្លិចបំផ្លាញ និង​លួច​ប្លន់​ទ្រព្យសម្បត្តិ​រដ្ឋ តាមរយៈ​ការប្រព្រឹត្តិ​អំពើពុករលួយ​ជា​ប្រព័ន្ធ ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​រឹតត្បិត​ក្រុម​ជន​ទាំងនេះ មិន​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន ធ្វើ​ការ​វិនិយោគ ឬ​ចំណាយ​ធនធាន​ណាមួយ ក្នុង​ប្រទេស​ទាំងនោះ ដូចជា​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប និង​ប្រទេស​អូស្ត្រាលី​ជាដើម។ អង្គការ​ឃ្លាំមើល​ពិភពលោក គូស​បញ្ជាក់​ថា ទិន្នន័យ​អំពី​ឈ្មោះ​ម្ចាស់​ក្រុមហ៊ុន​ទាំងនេះ នឹង​ក្លាយ​ជា​ប្រភព​ចម្បង ដើម្បី​តាមដាន​ស្រាវជ្រាវ​រកមើល​ប្រភព​ធនធាន​ទ្រព្យសម្បត្តិ​របស់​ក្រុម​មនុស្ស​ទាំងនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។