អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ដោះលែង​​លោក​ ជុំ ​សារ៉ាត់ សកម្មជន​បក្ស​ប្រឆាំង​

ដោយ ហេង រស្មី
2020-10-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជុំ សារ៉ាត់ សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ពោធិ៍សាត់ និង​លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)
លោក ជុំ សារ៉ាត់ សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ពោធិ៍សាត់ និង​លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)
រូប៖ ហ្វេសប៊ុក និង AFP

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​ការ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ ​សកម្មជន​បក្ស​ប្រឆាំង​នៅខេត្ត​ពោធិ៍សាត់  លោក​ ជុំ ​សារ៉ាត់ ​គឺ​ជា​រឿង​នយោបាយ​។​ ស្ថាប័ន​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​អះអាង​ ថា​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ និង​ច្បាប់​ ដើម្បី​បំបិទមាត់​អ្នក​រិះគន់​ និង​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង។

អង្គការ​យូមែនរ៉ៃស៍វ៉ច្ឆ (Human Rights Watch) ទាម​ទារ​ឱ្យ​របប​លោក ហ៊ុន សែន​ ទម្លាក់​ចោល​បទចោទ​ប្រកាន់​ប្រឆាំង​នឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក ជុំ សារ៉ាត់ និង​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​វិញ។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​យូមែន រ៉ៃត៍ វ៉ច្ឆ លោក​ ហ្វីល​ រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែង​ការណ៍  នៅ​ថ្ងៃ​ទី​ ១៤​ តុលា​ថា ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ ធ្វើ​ឡើង​ដោយ​មិន​ត្រឹម​ត្រូវ។ ​ ​ មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ​រូប​នេះ​ពិនិត្យ​ឃើញ​ថា ​គណបក្ស​កាន់​អំណាច​បាន​​ប្រើ​​ប្រាស់ ​តុលាការ​ និង​ច្បាប់​ ជា​យុទ្ធសាស្ត្រ​មួយ​យូរ​មក​ហើយ​ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់។

អង្គការ Human Rights Watch អំពាវ​នាវ​ដល់​ប្រទេស​ម្ចាស់​ជំនួយ​ និង​អង្គការ​សហប្រជាជាតិ​ ទាមទារ​ទៅ​រដ្ឋាភិបាល​ លោក​ ហ៊ុន សែន​ ឲ្យ​បញ្ឈប់​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ ជា​បន្ទាន់។ ស្ថាប័ន​នេះ​មើល​ឃើញ​ថា ​ ផល​ប៉ះពាល់​សេដ្ឋកិច្ច និង​សង្គម​ដោយ​សារ​ ជំងឺ​កូវីដ១៩ មិន​បាន​បញ្ឈប់​លោក ហ៊ុន សែន ពី​ការ​តាម​កម្ចាត់​អ្នក​រិះគន់​ និង​ក្រុម​អ្នក​ប្រឆាំង​នោះ​ឡើយ។

លោក ជុំ សារ៉ាត់ ឬ ជុំ សារ៉េត គឺ​ជា​អតីត​ជំទប់​ទី​២​ ឃុំ​អន្លង់​រាប​ ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​ ៦​ ខែ​តុលា​ ក្បែរ​ផ្ទះ​របស់​លោក។ តុលាការ​ខេត្ត​ពោធិ៍សាត់​ បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ ចូល​ទន្ទ្រាន​កាន់​កាប់​ដោយ​ខុស​ច្បាប់​ និង​ប្រើ​ហិង្សា​លើ​ម្ចាស់​កម្មសិទ្ធិ​ឯកជន ហើយ​បាន​ឃុំ​ខ្លួន​លោក​បណ្ដោះ​អាសន្ន​ នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍​សាត់។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ឃ្លំា​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ រៀប​រាប់​ថា​ លោក ជុំ សារ៉ាត់ ត្រូវ​ក្រុមហ៊ុន​ របស់​លោក​ ទ្រីភាព​ ឈ្មោះ ​អឹម ​ឌី ​អេស​ (M.D.S. Import Export Co. compan) ប្ដឹង​ថា បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ។ បណ្ដឹង​នេះ​កើត​ឡើង​តាំង​ពី​ឆ្នាំ២០១៤ នៅ​ពេល​មាន​វិវាទ​ដី​ធ្លី​រវាង​ពលរដ្ឋ និង​ក្រុម​ហ៊ុន​លោក ទ្រី ភាព​ ប៉ុន្តែ​តុលាការ​ទើបតែ​លើក​យក​ករណី​នេះ​មក​កាត់​ក្ដី ហើយ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង លោក ជុំ សារ៉ាត់ តែ​ម្តង។

អាស៊ីសេរី ​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​សមាជិក​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក កត្តា អ៊ន ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ថ្លែង​ការណ៍​របស់​អង្គការ Human Rights Watch ប៉ុន្តែ ពួក​លោក​មិន​ទ​ទទួល​ទូរស័ព្ទ​ទេ នៅ​រសៀល​ទី១៤ តុលា។

ទោះ​យ៉ាង​ណា​ក្ដី លោក​ ជិន​ ម៉ាលីន ធ្លាប់​អះអាង​ថា សេចក្ដី​ថ្លែង​ការណ៍​របស់​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​និង​អន្តរជាតិ​ គឺ​មិន​មាន​ឥទ្ធិពល ដល់​សេចក្ដី​សម្រេច​របស់​តុលាការ​កម្ពុជា​នោះ​ទេ។ មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះ​ក៏​ធ្លាប់​ចោទ​ប្រកាន់​ថា​ ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ គឺ​លំអៀង​ការ​គាំ​ទ្រ​ទៅ​បក្ស​ប្រឆាំង។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ពិនិត្យ និង​កែ​លម្អ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឱ្យ​ប្រសើរ​ឡើង​វិញ ព្រោះ​ការ​ឆ្លើយ​តប​បែប​អវិជ្ជមាន គឺ​មិន​មាន​ផល​ល្អ​ដល់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ៖ «គួរ​ណាស់​តែ​យើង​ទេ​ពិនិត្យ​ឡើង​វិញ​ថា អ្វី​ជា​ចំណុច​ខ្វះខាត​ដែល​យើង​មិន​ទាន់​បាន​ធ្វើ យើង​គួរ​តែ​កែ​លម្អ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ស្ថានភាព​ល្អ ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​កុំ​ឲ្យ​មាន​ការ​រិះគន់​ត​ទៅ​ទៀត និង​បើ​សិន​មាន​ការ​រិះគន់​ហើយ និង​ការ​លើក​ឡើង​ជា​បន្ត​បន្ទាប់ ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​អី​ហ្នឹង វា​អត់​សូវ​មាន​ផល​ចំណេញ​សម្រាប់​កម្ពុជា​យើង​ទេ»

ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ផ្ទុះ​ឡើង​ជា​ថ្មី ​បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី​ ​បាន​ប្រកាស​​​ថា​នឹង​ធ្វើ​មាតុភូមិ​និវត្ត​លើក​ទី​២ ​ដើម្បី​​ចូល​​ទៅ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​នៅ​ឡើង​វិញ។ ចាប់​តាំង​ពី​ខែមករា រហូត​ដល់​ដើម​ខែតុលា​នេះ មាន​សកម្មជន​​នយោបាយ​ ព្រះសង្ឃ​ និង​ សកម្មជន​សង្គម​ ជាង​៣០​នាក់​ ហើយ​ ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃស ក្រោម​បទចោទប្រកាន់​ដែល​ត្រូវ​បាន​ក្រុម​អ្នក​សិទ្ធិមនុស្ស​វាយ​តម្លៃ​ថា ជា​បទ​ចោទ​ប្រកាន់​បែប​នយោបាយ ដើម្បី​បំបិទ​សំឡេង​អ្នក​រិះគន់​រដ្ឋាភិបាល។ កាល​ពី​ពេល​ថ្មីៗនេះ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន ​បាន​ប្រកាស​ជាថ្មី​ទៀត ឱ្យ​អាជ្ញាធរ​បន្ត​អនុវត្ត​បទបញ្ជា ចេញ១ វាយ​១ ចេញ២ វាយ២ ចំពោះ​សកម្មជន​បក្ស​ប្រឆាំង ក្រោម​ហេតុផល​ថា រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្ដាប់​ធ្នាប់​សង្គម៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល