អង្គការ​ Human Rights Watch ថា កម្ពុជា​ក្លាយ​ជា​របប​ផ្តាច់​ការ​ឯក​បក្ស​ ដោយសារ​ឧត្ដមសេនីយ៍​បាតដៃ​កខ្វក់ ១២រូប

ដោយ សេក បណ្ឌិត
2020-10-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
Photo: RFA

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) អះអាង​ថា ប្រទេស​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ក្លាយ​ជា​របប​ផ្ដាច់​ការ​ឯក​បក្ស ដោយសារ​តែ​ឧត្ដមសេនីយ៍​បាត​ដៃ​កខ្វក់​ចំនួន ​១២រូប ដែល​ចូល​រួម​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ។ ការ​លើក​ឡើង​បែបនេះ គឺ​នៅ​ក្នុង​ពេល​អង្គការ​ Human Rights Watch បញ្ចេញ​របាយការណ៍​ថ្មី​មួយ​កម្រាស់២៧១ ទំព័រ​ជា​ភាសា​ខ្មែរ ស្ដីពី​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​យូរ​អង្វែង​របស់​ឧត្ដមសេនីយ៍​ទាំង១២ នាក់​នោះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី២២ តុលា​ថា លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ត​ទទួល​បាន​ផល​ប្រយោជន៍​ពីការ​គាំទ្រ​ដោយ​ឥតងាករេ​ពី​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​កងទ័ព កង​រាជអាវុធហត្ថ​ និង​នគរបាល​ ដើម្បី​កម្ចាត់​ក្រុម​អ្នក​នយោបាយ​ជំទាស់​ និង​រំលាយ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​បន្ទាប់​មក​រៀប​ចម្ការ​បោះឆ្នោត​បែប​បង្គ្រប់​កិច្ច​នៅ​ខែកក្កដា ឆ្នាំ២០១៨។

អង្គការ Human Rights Watch រក​ឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ ដែល​ជួយ​ជ្រោង​របប​ផ្ដាច់​ការ​លោក ហ៊ុន សែន នោះ មាន​ចំនួន ១២នាក់ ហើយ​ពួក​គេ​បាន​ជាប់​ឈ្មោះ​ថា ជា​ឧត្ដមសេនីយ៍​បាតដៃ​កខ្វក់ ឬ​បាតដៃ​ប្រឡាក់​ឈាម។

អ្នក​ទាំង​នោះ មាន ៦នាក់ ស្ថិត​ក្នុង​ជួង​កងទ័ព រួមមាន អតីត​អគ្គ​មេបញ្ជាការ​កង​ទ័ព​ និង​បច្ចុប្បន្ន​ជា​ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស លោក ប៉ុល សារឿន អតីត​នាយសេនាធិការ​ចម្រុះ​កងទ័ព និង​បច្ចុប្បន្ន​ជា​អនុប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក គន់ គីម មេបញ្ជាការ​កង​ពល​តូច​ទ័ព​ពិសេស​ឆ័ត្រយោង៩១១ លោក ចាប ភក្តី មេបញ្ជាការ​យោធភូមិភាគ២ លោក ជឿន សុវណ្ណថា អតីត​មេបញ្ជាការ​យោធភូមិភាគទី៥ និង​បច្ចុប្បន្ន​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ លោក ប៊ុន សេង និង​មេបញ្ជាការ​យោធភូមិភាគ​ទី៤​ ដែល​បាន​ទទួល​មរណភាព​កាល​ពី​​ឆ្នាំ២០១៨ លោក ជា ម៉ន។ ចំណែក ក្នុង​ជួរ​កងរាជអាវុធហត្ថ​វិញ មាន​២ នាក់ គឺ​មេ​ប៉េអិម​ផ្ទៃ​ប្រទេស លោក សៅ សុខា និង​មេ​ប៉េអិម​រាជធានី​ភ្នំពេញ លោក រ័ត្ន ស្រ៊ាង។ ដោយ​ឡែក ក្នុង​ជួរ​នគរបាល​ជាតិ​វិញ ឧត្ដមសេនីយ៍​បាតដៃ​ប្រឡាក់​ឈាម​មាន​៤ រូប រួម​មាន​ មេ​ប៉ូលិស​ជាតិ និង​ជា​ក្មួយ​ប្រសា​លោក ហ៊ុន សែន គឺ​លោក នេត សាវឿន អតីត​អគ្គនាយក​អន្តោប្រវេសន៍ និង​បច្ចុប្បន្ន​ជា​រដ្ឋ​លេខាធិការ​ក្រសួងមហាផ្ទៃ លោក សុខ ផល អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ម៉ក់ ជីតូ និង​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ដែល​ជា​អតីត​ស្នងការ​រាជធានី​ភ្នំពេញ និង​បច្ចុប្បន្ន​ជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក ជួន សុវណ្ណ។

អង្គការ Human Rights Watch អះអាង​ថា ក្រុម​ឧត្ដមសេនីយ៍​ទាំង​នេះ ទទួល​បាន​បុណ្យស័ក្ដិ​ខ្ពង់ខ្ពស់ និង​មុខ​តំណែង​ខ្លាញ់ ហើយ​ម្នាក់ៗ សុទ្ធតែ​ជំពាក់​គុណ​លោក ហ៊ុន សែន ដែល​បំពាក់​សក្ដិ​ខ្លួន​ឯង​ថា ជា​នាយ​ឧត្ដមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស៥។ ជា​ជាង​ការងារ​បម្រើ​ប្រយោជន៍​សាធារណៈ ក្រុម​ឧត្ដមសេនីយ៍​បាតដៃ​កខ្វក់​ទាំង​នេះ​បំពេញការងារ​ការពារ​របប​លោក ហ៊ុន សែន ហើយ​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស​ជំនួស​លោក ហ៊ុន សែន។ ជាង​នេះ​ទៅ​ទៀត ក្នុង​តួនាទី​បម្រើ​រដ្ឋាភិបាល ពួក​គេ​មាន​ប្រាក់​ខែ​សម​ល្មម​ទេ ប៉ុន្តែ​ម្នាក់ៗ បែរ​ជា​ទ្រព្យ​សម្បត្តិ​យ៉ាង​ច្រើន​សម្បើម ដែល​គ្មាន​អ្នក​ណា​អាច​បក​ស្រាយ​បាន។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាមស៍ (Brad Adams) មាន​ប្រសាសន៍​ថា ជាច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ លោក​ ហ៊ុន សែន បាន​បង្កើត​ និង​បណ្ដុះបណ្ដាល​ក្រុម​មន្ត្រី​ស្នូល​ផ្នែក​សន្តិសុខ​ដែល​បាន​ធ្វើតាម​បញ្ជា​របស់​គាត់​យ៉ាង​ឃោរឃៅ និង​គ្មាន​មេត្តាធម៌។ លោក​ថា ភាព​សំខាន់​នៃ​ក្រុម​ឧត្ដមសេនីយ៍​បាត​ដៃ​កខ្វក់​ទាំង​នេះ​ស្ដែង​ចេញ​កាន់​តែ​ច្បាស់​តាម​រយៈ​ការ​បង្ក្រាប​​ទ្រង់​ទ្រាយ​ធំ​ទៅលើ​អ្នកសារព័ត៌មាន អ្នក​នយោបាយ​ជំទាស់ និង​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ៖ «គ្មាន​មេដឹកនាំ​ផ្ដាច់​ការ​ណា​ឡើង​ដល់​ចំណុច​កំពូល​បាន​ដោយ​គ្មាន​ការ​ជួយ​ជ្រោមជ្រែង​គាំទ្រ​ពី​ក្រុម​មនុស្ស​ឃោរឃៅ​ឥត​មេត្តាធម៌​នោះ​ទេ។ នៅ​ក្រោម​បង្គាប់​លោក ហ៊ុន សែន មាន​មន្ត្រី​ស្នូល​នៃ​ឧត្ដមសេនីយ៍​មួយ​ក្រុម ដែល​ជា​ក្រុម​រំលោភ​បំពាន​ និង​បំភិត​បំភ័យ​ពលរដ្ឋ​កម្ពុជា។ ពួក​គេ​មាន​​ចិត្ត​គំនិត​ប្រមាថ​មើលងាយ​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ដូច​លោក ហ៊ុន សែន បាន​ធ្វើ​ក្នុង​រយៈពេល​៣៥ ឆ្នាំ កន្លង​ទៅ​នោះ​ដែរ»

អង្គការ Human Rights Watch បាន​ចេញផ្សាយ​របាយការណ៍​អំពី​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ប្រព្រឹត្ត​ដោយ​ក្រុម​ឧត្ដមសេនីយ៍​ទាំងនេះ កាល​ពី​ឆ្នាំ២០១៨ ម្ដង​រួច​មក​ហើយ ប៉ុន្តែ​កាល​នោះ​មាន​តែ​ជា​ភាសា​អង់គ្លេស។ ទោះ​ជា​យ៉ាង​ណា Human Rights Watch បាន​ចំណាយ​ពេល​ដ៏​យូរ​ដើម្បី​បក​ប្រែ​របាយការណ៍​នេះ​លម្អិត​ជា​ភាសាខ្មែរ ហើយ​នៅថ្ងៃទី២២ តុលា អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​បាន​ចេញផ្សាយ​ជា​ផ្លូវការ​របាយការណ៍​ថ្មី​ជា​ភាសា​ខ្មែរ ក្រោម​ចំណង​ជើង​ថា “ឧត្ដមសេនីយ៍​បាត​ដៃ​កខ្វក់​ទាំង ១២នាក់ នៅ​កម្ពុជា៖ ប្រវត្តិ​ដ៏​យូរអង្វែង​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ដោយ​ឧត្ដមសេនីយ៍​របស់​លោក ហ៊ុន សែន”។

ក្រៅ​ពី​របាយការណ៍​កម្រាស់ ២៧១ទំព័រ អង្គការ Human Rights Watch ក៏បាន​ចេញផ្សាយ​វីដេអូ​ខ្លី​មួយ​ស្ដី​អំពី​ទ្រព្យ​សម្បត្តិ​ដ៏​មហិមា ​ដែល​មិន​អាច​ពន្យល់​បាន​របស់​ក្រុម​ឧត្ដមសេនីយ៍​បាត​ដៃ​កខ្វក់​ទាំង​នោះ​ផង​ដែរ។ ទាំង​របាយការណ៍ និង​វីដេអូ​នោះ អាច​រក​បាន​នៅ​លើ​គេហទំព័រ​របស់​អង្គការ​ Human Rights Watch

អាស៊ី​សេរី​បាន​ទាក់ទង​ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត និង​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រក​ឃើញ​របស់​អង្គការ Human Rights Watch ប៉ុន្តែ​ពួក​លោក​មិន​លើក​ទូរស័ព្ទ​ទេ នៅ​ថ្ងៃ​ទី២២ តុលា។

ចំណែក អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន​ ចេញមុខ​បដិសេធ​ការ​លើក​ឡើង​ទាំងឡាយ​របស់​អង្គការ ​Human Rights Watch។ លោក​ថា របាយការណ៍​នេះ​ធ្វើ​ឡើង​ដោយ​មិន​គ្រប់​ជ្រុងជ្រោយ និង​ឯកតោ​ភាគី។ មេ​ប៉ូលិស​ជាន់​ខ្ពស់​រូប​នេះ​អះអាង​ថា ថ្នាក់​ដឹក​នាំ​កង​កម្លាំង​ប្រដាប់​អាវុធ​បាន​ប្រឹង​ប្រែង​​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ដោយ​មិន​បាន​រំលោភ​សិទ្ធិ​មនុស្ស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ៖ «គាត់​អត់​ខ្វល់​គិត​អំពី​ទិដ្ឋភាព​ច្បាប់​នៅ​កម្ពុជា​ ច្បាប់​គេ​អនុវត្ត​របៀប​ម៉េច​ដែរ។ ដល់​ថ្ងៃនេះ គាត់​ថែម​ទាំង​ថា ថ្នាក់ដឹកនាំ​ហ្នឹង​រំលោភ​សិទ្ធិមនុស្ស​ទៀត។ អា​ហ្នឹង​រឿង​របស់​គាត់ ប៉ុន្តែ​គ្រាន់​តែ​ថា ​យើង​ខ្ញុំ​សុំ​បដិសេធ​ហើយ។ ការ​វាយ​តម្លៃ​របៀប​នេះ គឺ​គ្មាន​តម្លាភាព ឬក៏​ការ​វាយ​តម្លៃ​ដោយ​​ឯកចិត្ត ​ដោយ​ពុំ​មាន​មូលដ្ឋាន​ព័ត៌មាន​​អ្វី​ច្បាស់​លាស់​ ហើយ​ជា​ការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​​ថ្នាក់ដឹកនាំ​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា»

ទោះ​ជា​យ៉ាង​ណា អង្គការ ​Human Rights Watch អះអាង​ថា ខ្លួន​បាន​ចងក្រង​ទុក​ជា​ឯកសារ​អំពី​កំណត់​ត្រា​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​របស់​លោក ហ៊ុន សែន និង​ក្រុម​មន្ត្រី​របស់​លោក​ តាំងពី​យូរ​មក​ហើយ។ Human Rights Watch រក​ឃើញ​ថា ជាង ៣០ឆ្នាំ​មក​នេះ មាន​អ្នក​នយោបាយ​ប្រឆាំង អ្នក​កាសែត មេ​ដឹក​នាំ​សហជីព និង​មនុស្ស​រាប់​រយ​នាក់ ត្រូវ​បាន​សម្លាប់​ក្រោម​ហេតុផល​នយោបាយ។ ករណី​ឃាតកម្ម​ទាំងនោះ ភាគច្រើន​គ្មាន​ការ​ស៊ើបអង្កេត និង​កាត់​ទោស​ឱ្យ​បាន​ត្រឹម​ត្រូវ​ គួរ​ឱ្យ​ទុក​ចិត្ត​បាន​នោះ​ឡើយ ទោះ​ជា​ករណី​ទាំងនោះ​ត្រូវ​បាន​ដឹង​ថា ជាប់ពាក់ព័ន្ធ​នឹង​ក្រុម​កង​កម្លាំង​សន្តិសុខ​ក្តី។ ករណី​ខ្លះ​ទៀត ជន​ដៃដល់​ ឬ​ឃាតក​សិប្បនិម្មិត​ ត្រូវ​បាន​ផ្ដន្ទាទោស ឯ​អ្នក​បញ្ជា​នៅ​ពីក្រោយ​ខ្នង​បាន​រួច​ផុត​ពី​សំណាញ់​ច្បាប់ ដោយ​មិន​អាច​ប៉ះពាល់​បាន។ ជាង​នេះ​ទៅ​ទៀត ក្រុម​កង​កម្លាំង​សន្តិសុខ​បាន​ចាប់​ខ្លួន​ វាយ​ដំ ច្រំធាក់ ​យាយី និង​បំភិត​បំភ័យ​អ្នក​រិះគន់​រដ្ឋាភិបាល​ជា​ច្រើន ដូច​ជា​អ្នក​ការពារ​សិទ្ធិមនុស្ស សកម្មជន​សិទ្ធិ​ការងារ សកម្មជន​ដីធ្លី និង​អ្នក​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ិនធើណិត​ជា​ដើម។

ឆ្លើយតប​នឹង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​បែប​នេះ មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊ែដ អាដាមស៍ មាន​ប្រសាសន៍​ថា ក្រុម​ឧត្ដមសេនីយ៍​បាត​ដៃ​ប្រឡាក់​ឈាម​ទាំងនោះ​ រួម​ទាំង​ចៅហ្វាយ​នាយ​របស់​ពួក​គេ​ផង គួរ​តែ​ត្រូវ​បាន​នាំមក​កាត់​ទោស និង​កោះហៅ​ឱ្យ​មក​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋ​កម្ម​ជាច្រើន ដែល​ពួក​គេ​បាន​ប្រព្រឹត្ត៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល