មន្ត្រី​សិទ្ធិ​មនុស្ស​ថា ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​កំណើត កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​វៀតណាម​ជា​ច្រើន​វិស័យ

ដោយ យន់ សាមៀន
2020-05-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
Photo: RFA

មន្ត្រី​ជាន់​ខ្ពស់ នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ដែល​បាន​តាមដាន​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​វៀតណាម ប្រាប់​អាស៊ី​សេរី​ថា ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​របស់​ពួក​គេ កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម គ្រប់​សព្វ​បែប​យ៉ាង។ ការរំលោភ​បំពាន​ទាំង​នោះ​រួមមាន ការ​បង្ខំ​បណ្ដេញ​យក​ដីធ្លី​ស្រែ​ចម្ការ ការ​បំបិទ​សិទ្ធិ​ផ្នែក​អ៊ិនធឹណែត និង​សិទ្ធិ​ជា​ជន​ជាតិ​ដើម​កំណើត​ជា​ដើម។

ក្នុង​នាទី​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​សប្ដាហ៍ លោក យន់ សាមៀន និង​នាយក​រង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) ជុំវិញ​បញ្ហា​នេះ។

យន់ សាមៀន៖ បាទ ជំរាបសួរ លោក Phil Robertson! ខ្ញុំ​បាន​តាម​ដាន​ស្ថានភាព​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​កើត​ឡើង​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​របស់​ពួក​គេ។ បាទ​ជា​ដំបូង​នេះ ខ្ញុំ​ចង់​សាកសួរ​លោក លើ​ករណី​មួយ កើត​ឡើង​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ គឺ​យុវជន​ខ្មែរ​ក្រោម​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម ដាក់​ជា​សញ្ជាតិ​វៀតណាម ក្នុង​សំបុត្រ​កំណើត​យុវជន​នោះ ហើយ​យុវជន​នោះ​មិន​យល់​ព្រម​ទេ ដោយសារ​តែ​គាត់​ជា​ខ្មែរ។ ​តើ​លោក​យល់​ឃើញ យ៉ាង​ណា​ដែរ ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម​នេះ?

ចម្លើយ​លោក ហ៊្វីល រ៉ូប៊ើតសុន៖ វៀតណាម រើសអើង​នឹង​ពលរដ្ឋ​ខ្មែរ​ក្រោម ដោយ​ឥត​លាក់លៀម។ ការ​រើសអើង​នេះ រួមមាន ការ​រឹតត្បិត​មិន​ឲ្យ​ខ្មែរ​ក្រោម​ប្រើប្រាស់​អក្សរ​សម្រាប់​ការ​អប់រំ ការ​ជ្រៀតជ្រែក​ចូល​កិច្ច​ការងារ របស់​ព្រះពុទ្ធ​សាសនា និង​វត្ត​អារាម របស់​ខ្មែរ​ក្រោម។ ចំពោះ​ករណី​ដាក់​ខ្មែរ​ក្រោម ជា​ជន​ជាតិ​ភាគ​តិច​វៀតណាម​នេះ វា​មិន​ត្រូវ​ទេ ពីព្រោះ​ខ្មែរ​ក្រោម​មិន​មែន​ជា​ជន​ជាតិ​ភាគ​តិច​ឡើយ។ វៀតណាម​កំពុង​ចង់​ប្រែ​ក្លាយ​ខ្មែរ​ក្រោម ឲ្យ​ពួក​គេ​និយាយ និង​ប្រើប្រាស់​ភាសា​វៀតណាម ដើម្បី​ទទួល​លាភ​សក្ការ​ក្នុង​ការ​រស់​នៅ​សមរម្យ។ វៀតណាម​កំពុង​តែ​បៀតបៀន​ធ្វើ​ទុក្ខបុកម្នេញ និង​គំរាមកំហែង​ខ្មែរ​ក្រោម។ ខ្ញុំ​គិត​ថា វៀតណាម គួរ​តែ​ទទួល​ស្គាល់​ថា ខ្មែរ​ក្រោម ជា​ជន​ជាតិ​ខ្មែរ ហើយ​វៀតណាម​ត្រូវ​តែ​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំពោះ​ការ​ប្រើប្រាស់​ភាសា និង​វប្បធម៌​របស់​ខ្មែរ​ក្រោម។ វៀតណាម​មិន​ត្រូវ​ព្យាយាម​ចាប់​បង្ខំ​ខ្មែរ​ក្រោម​ឲ្យ​ទទួល​យក​មនោគមវិជ្ជា​របស់​ខ្លួន​នោះ​ទេ ហើយ​នៅ​ពេល​ខ្មែរ​ក្រោម​ចង់​បញ្ចេញ​ទស្សនៈ ទាមទារ​ឲ្យ​វៀតណាម​កុំ​ជ្រៀត​ជ្រែក​ចូល​ការងារ​វត្ត​អារាម នៅ​តាម​បណ្ដាញ​សង្គម វៀតណាម​មិន​ត្រូវ​បៀតបៀន និង​សម្លុត​បំភ័យ​ពួក​គេ​ឡើយ។

សំណួរ យន់ សាមៀន៖ អរគុណ​លោក។ ករណី​មួយ​ទៀត មាន​ចលនា​ខ្មែរ​ក្រោម​នៅ​ខាង​ក្រៅ​ស្រុក រួម​មាន នៅ​សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​ប្រទេស​ដទៃ​ទៀត កំពុង​បង្កើត​យុទ្ធនាការ​មួយ ជំរុញ​វៀតណាម​ដល់​សិទ្ធិ​ស្វ័យ​សម្រេច ជោគ​វាសនា​ខ្លួន​ឯង ដល់​ខ្មែរ​ក្រោម។ តើ​លោក​មាន​យោបល់​អ្វី​ខ្លះ​ដែរ​ចំពោះ​យុទ្ធនាការ​នេះ?

ចម្លើយ​លោក ហ៊្វីល រ៉ូប៊ើតសុន៖ អង្គការ (Human Right Watch) មិន​មាន​យោបល់​ចំពោះ​ការ​បញ្ហា ការ​គូស​បន្ទាត់​ព្រំដែន ឬ​ក៏​ក្រុម​ពលរដ្ឋ​មួយ​ណា ត្រូវ​ឋិត​ក្នុង​ផ្នែក​នៃ​ប្រទេស​មួយ​ណា​នោះ​ទេ។ យើង​គ្មាន​ជំហរ​ទៅ​លើ​ជម្លោះ​ព្រំដែន​ខ្មែរ និង​វៀតណាម​នោះ​ទេ។ ប៉ុន្តែ អ្វី​ដែល​យើង​អាច​និយាយ​បាន​នោះ​គឺ​ថា យើង​មាន​ការ​ព្រួយបារម្ភ ពី​ការ​រំលោភ​លើ​សិទ្ធិ​សេរីភាព​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម ​បង្ក​ឡើង​រដ្ឋាភិបាល​វៀតណាម។ យើង​បន្ត​ឃើញ​ការ​រើសអើង យើង​ឃើញ​កិច្ច​ខំ​ប្រឹងប្រែង​បង្ខំ​យុវជន​ខ្មែរ​ក្រោម ឲ្យ​ផ្លាស់​ប្ដូរ​ប្រែ​ក្លាយ​ជា​ជន​ជាតិ​វៀតណាម ដើម្បី​ទទួល​បាន​ឋានៈ​ក្នុង​សង្គម និង​ការងារ​ល្អ​ធ្វើ។ យើង​ឃើញ វៀតណាម​ដាក់​សំពាធ​ទៅ​លើ​សង្គម​ខ្មែរ​ក្រោម​ជា​ច្រើន​ផ្នែក ឧទាហរណ៍​ដូច​ជា ការ​ដាក់​សំពាធ​ទៅ​លើ​វត្ត​អារាម ដែល​ជា​ទីកន្លែង ចំណុច​ស្នូល​នៃ​វប្បធម៌ និង​អត្តសញ្ញាណ​របស់​ខ្មែរ​ក្រោម។ វៀតណាម​កំពុង​ព្យាយាម​ត្រួតត្រា និង​បំផ្លាញ​ឯករាជភាព នៅ​ក្នុង​វត្ត​អារាម។ យើង​បាន​ធ្វើ​ការងារ​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទាក់ទង​នឹង​ករណី​រំលោភ​សិទ្ធិមនុស្ស និង​ការ​រើសអើង​នឹង​ខ្មែរ​ក្រោម​ជា​ច្រើន​ករណី។ ខ្ញុំ​គិត​ថា វៀតណាម​ត្រូវ​តែ​ប្រព្រឹត្ត​ឲ្យ​បាន​សមរម្យ​លើ​ខ្មែរ​ក្រោម។ ខ្មែរ​ក្រោម​ត្រូវ​តែ​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​ចូលរួម​នឹង​អង្គការ និង​បង្កើត​សមាគម​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក ពី​វៀតណាម និង​ចូលរួម​ការ​តវ៉ា និង​ប្រមូល​ផ្តុំ ដោយ​សន្តិវិធី ដើម្បី​សំដែង​ការ​មិន​ពេញ​ចិត្ត​ណា​មួយ ហើយ​វៀតណាម​ត្រូវ​តែ​ដោះ​ស្រាយ។

សំណួរ យន់ សាមៀន៖ បាទ! យុវជន​ខ្មែរ​ក្រោម​បច្ចុប្បន្ន កំពុង​ពេញ​និយម​ប្រើប្រាស់ បណ្ដាញ​សង្គម ដូចជា ហ្វេសប៊ុក​ជា​ដើម ដើម្បី​បញ្ចេញ​ព័ត៌មាន ប្រវត្តិសាស្ត្រ និង​វប្បធម៌​ពី​សហគមន៍​របស់​ពួក​គេ។ ប៉ុន្តែ​ពេល​ថ្មីៗ នេះ ខ្ញុំ​ទទួល​បាន​របាយការណ៍​ថា អាជ្ញាធរ​វៀតណាម បាន​កោះហៅ​យុវជន​ខ្មែរ​ក្រោម​ឲ្យ​ចុះ​កិច្ច​សន្យា បញ្ឈប់​សកម្មភាព​របស់​ពួក​គេ ប្រសិន​មិន​ដូច្នោះ​ទេ ពួក​គេ​អាច​នឹង​ត្រូវ​ពិន័យ ឬ​ចាប់​ដាក់​ពន្ធនាគារ។ តើ​លោក​យល់​ឃើញ​យ៉ាង​ណា​ដែរ ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​វៀតណាម​នេះ?

ចម្លើយ​លោក ហ៊្វីល រ៉ូប៊ើតសុន៖ ខ្ញុំ​គិត​ថា មនុស្ស​មិន​ត្រូវ​គេ​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​តែ​ការ​សរសេរ​អ្វី​មួយ​នៅ​លើ​បណ្ដាញ​អ៊ិនធឹណែត​នោះ​ទេ លុះ​ត្រា​តែ​ការ​សរសេរ​នោះ បាន​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា។ យើង​មើល​មិន​ឃើញ​ថា ខ្មែរ​ក្រោម​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ទេ។ ខ្មែរ​ក្រោម​គ្រាន់​តែ បង្ហាញ​ការ​ពិត​ពី​វប្បធម៌ សាសនា និង​ឯករាជភាព​សង្គម ពី​ព្រោះ​ពួក​គេ មិន​មែន​ជា​ជន​ជាតិ​វៀតណាម។ ខ្មែរ​ក្រោម មាន​មោទនភាព ជា​ខ្មែរ​ក្រោម ហើយ មោទនភាព​នេះ មិន​ត្រូវ​ទទួល​រង​ការ​ដាក់​វិន័យ ឬ ចាប់​ដាក់​ពន្ធនាគារ​នោះ​ទេ។ វៀតណាម​កំពុង ព្យាយាម​បំបាត់​ការ​រិះគន់ អវិជ្ជមាន ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម ហើយ​វិធានការ​នេះ​កំពុង​កើត​ឡើង​នៅ​ទូទាំង​ប្រទេស។ វៀតណាម​កាល​ពី​ខែ​កុម្ភៈ និង​មេសា បាន​ដាក់​គំនាប​យ៉ាង​សំបើម​ទៅ​លើ ក្រុមហ៊ុន facebook នៅ​វៀតណាម។ យើង​មិន​យល់​ស្រប ចំពោះ​ករណី​មួយ​ចំនួន ដែល​វៀតណាម​ចាត់​ទុក​ថា ជា​អំពើ​ខុស​ច្បាប់​នោះ​ទេ។ ទង្វើ​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ការ​អនុវត្ត​របស់​វៀតណាម វា​ផ្ទុយ​ទៅ​នឹង​និយមន័យ​អន្តរជាតិ ស្ដីពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា​ស្ដីពី សិទ្ធិពលរដ្ឋ និង​នយោបាយ ដែល​វៀតណាម​បាន​អនុម័ត​ទទួល​យក​ទៅ​អនុវត្ត។ វៀតណាម​កំពុង​រឹតត្បិត​ការ​បញ្ចេញ​មតិ  ដែល​ក្នុង​ទស្សនៈ​យើង​គិត​ថា វា​មិន​ត្រឹមត្រូវ ហើយ​វៀតណាម​មិន​ត្រូវ​ផ្ដន្ទាទោស​រាល់​ការ​បញ្ចេញ​មតិ​នោះ​ទេ។ ទង្វើ​របស់​វៀតណាម​នេះ ដោយសារ​តែ​វៀតណាម ជា​រដ្ឋាភិបាល​ឯក​បក្ស ហើយ​វៀតណាម​ព្យាយាម​ខ្លាំង​ណាស់ ដើម្បី គ្រប់គ្រង​ទៅ​លើ​អ្វី​ដែល​ពលរដ្ឋ​មើល​ឃើញ និង​អាន​បាន ហើយ​ទង្វើ​នេះ វៀតណាម​ក៏​កំពុង​ធ្វើ​ទៅ​លើ​ខ្មែរ​ក្រោម​ដែរ។ វៀតណាម​កំពុង​ព្យាយាម​លាង​ខួរ​យុវជន​ខ្មែរ​ក្រោម ហើយ​បង្ខំ​ឲ្យ​ពួក​គេ​ប្រែ​ក្លាយ​ទៅ​ជា​ជន​ជាតិ​វៀតណាម ហើយ​កុំ​ពួក​គេ​ចូល​ចុះ​នឹង​សហគមន៍​ខ្មែរ​ក្រោម​របស់​ពួក​គេ។

សំណួរ យន់ សាមៀន៖ បាទ សូម​អរគុណ​លោក។ កាល​ពី​ដើម​ខែ​ឧសភា​នេះ មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​អាជ្ញាធរ​វៀតណាម និង​ពលរដ្ឋ​ខ្មែរ​ក្រោម។ អំពើ​ហិង្សា​កើត​ឡើង​ពេល​អាជ្ញាធរ​វៀតណាម បាន​បង្ខំ​បណ្ដេញ​ពួក​គេ​ចេញ​ពី ដី​ស្រែ​ចម្ការ ប្រមាណ ១០០​ហិកតារ ដែល​ពួក​គេ​បាន​បង្កបង្កើន​ផល​ចាប់​តាំង​ពី​ឆ្នាំ១៩៧៣ មក​ម្ល៉េះ។ ក្រោយ​ហេតុការណ៍​បង្ខំ​បណ្ដេញ​នោះ ខ្មែរ​ក្រោម បាន​ដាក់​ពាក្យ​បណ្ដឹង សុំ​ឲ្យ​វៀតណាម​ដោះ​ស្រាយ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន​បាន​បដិសេធ។ បើ​តាម​លោក យល់​តើ​អាជ្ញាធរ​វៀតណាម ត្រូវ​ដោះ​ស្រាយ​ករណី​នេះ ដូច​ម្ដេច​ដែរ​បាទ?

ចម្លើយ​លោក ហ៊្វីល រ៉ូប៊ើតសុន៖ នៅ​ប្រទេស​វៀតណាម រដ្ឋាភិបាល​គ្រប់គ្រង និង​កាន់កាប់​ដីធ្លី​ទាំង​អស់។ កត្តា​នេះ​ហើយ​បាន​បណ្ដាល​ឲ្យ​កើត​មាន​ករណី​ជម្លោះ​ដីធ្លី នៅ​ទូទាំង​ប្រទេស។ នៅ​វៀតណាម មាន​ករណី​ជម្លោះ​ដីធ្លី​ច្រើន​ណាស់ មិន​មែន​កើត​ឡើង​តែ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ​ទេ។ រដ្ឋាភិបាល​វៀតណាម បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​ដីធ្លី​របស់​ពួក​គេ ហើយ​បង្ក​អំពើ​ហិង្សា​ទៀត​ផង។ រដ្ឋាភិបាល​វៀតណាម បាន​កាន់កាប់​ដីធ្លី ហើយ​តែងតែ​ប្រើប្រាស់​កម្មសិទ្ធិ​នេះ ដើម្បី​ដាក់​ការ​ត្រួតត្រា​ទៅ​លើ​ដីធ្លី​របស់​សហគមន៍។ ជាក់ស្ដែង​ដូច ករណី​ដី​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​បាន​កាន់​កាប់​ចាប់​តាំង​ពី​ឆ្នាំ១៩៧៣ ជាដើម ដែល​ត្រូវ​វៀតណាម​បង្ខំ​បណ្ដេញ​ចេញ ដោយ​សំអាង​លើ​ហេតុផល​មួយ​ចំនួន។ ការ​បង្ខំ​បណ្ដេញ​ចេញ​នេះ បណ្ដាល​ឲ្យ​កើត​មាន​អំពើ​ហិង្សា គេច​មិន​ផុត​នោះ​ទេ ដោយសារ​តែ​ពលរដ្ឋ​រស់​នៅ​អាស្រ័យ​ផល​លើ​ដី​ស្រែ​ចម្ការ។ ដី​ធ្លី​ចម្ការ​មាន​សារ​សំខាន់​ណាស់​សម្រាប់​ជីវិត​រស់​នៅ​របស់​ពួក​គេ។​ ករណី​អំពើ​ហិង្សា​កើត​ឡើង​នៅ​ខេត្ត កៀង យ៉ាង នេះ បណ្ដាល​ឲ្យ​ខ្មែរ​ក្រោម ១០នាក់​រង​របួស បង្ក​ឡើង​ដោយ​កង​សន្តិសុខ​វៀតណាម។ ករណី​នេះ ជាឧទាហរណ៍ បាន​ប្រើប្រាស់​អំណាច​រំលោភ​សិទ្ធិ​របស់​ខ្មែរ​ក្រោម និង​សហគមន៍​ពួក​គេ។

យន់ សមៀន៖ បាទ អរគុណ! សង្គម​ស៊ីវិល ដែល​តាម​ដាន​ករណី​អាជ្ញាធរ​វៀតណាម បង្ខំ​បណ្ដេញ​ខ្មែរ​ក្រោម ចេញ​ពី​ដី​ស្រែ​ចម្ការ​ពួក​គេ​នេះ ស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​ករណី​នេះ​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ជួយ​ដោះ​ស្រាយ។ តើ​លោក​គិត​ថា រដ្ឋាភិបាល​គួរ​ព្យាយាម អន្តរាគមន៍​ករណី​នេះ?

ចម្លើយ​លោក ហ៊្វីល រ៉ូប៊ើតសុន៖ បាទ! ចំពោះ​ករណី​រដ្ឋាភិបាល​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ​ក្រោម រដ្ឋាភិបាល​កម្ពុជា​មិន​សូវ មើល​ថែ​ខ្មែរ​ក្រោម​ឲ្យ​បាន ល្អ​ដិត​ដល់​នោះ​ទេ។ យើង​សង្កេត​ឃើញ​ថា រាល់​ពេល​ដែល​ខ្មែរ​ក្រោម ធ្វើ​ដំណើរ​ទៅ​កម្ពុជា អាជ្ញាធរ​ខ្មែរ​ប្រាប់​គេ​ថា ពួក​គេ​មិន​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​នោះ​ទេ ពីព្រោះ​ពួក​គេ កើត​នៅ​វៀតណាម ឬ​ក៏​ឈ្មោះ​ខ្មែរ​ក្រោម មិន​ដូច​ឈ្មោះ​ខ្មែរ។ រដ្ឋាភិបាល​ខ្មែរ​ម្តង​​ថា ខ្មែរ​ក្រោម​ជា​ជន​ជាតិ​ខ្មែរ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ត្រួត​ពិនិត្យ អាជ្ញាធរ​ថ្នាក់​ក្រោម និង​បង្កើត​ច្បាប់​ឬ​នីតិវិធី ដើម្បី​ធានា​ថា ខ្មែរ​ក្រោម ទទួល​បាន​សញ្ជាតិ​ខ្មែរ​នោះ​ទេ។ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​ដោះ​ស្រាយ គោល​នយោបាយ​ខ្លួន ដែល​មិន​បាន​បម្រើ​ខ្មែរ​ក្រោម​ឲ្យ​បាន​ល្អ​ជា​មុន​សិន ទើប​អាច​ទៅ​ធ្វើ​អន្តរាគមន៍ ករណី​រំលោភ​បំពាន​ខ្មែរ​ក្រោម ទៅ​រដ្ឋាភិបាល​វៀតណាម ។ ខ្មែរ​ក្រោម​ចង់​មក​កម្ពុជា​ណាស់ ដើម្បី​ទទួល​បាន​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​ខ្មែរ​ក្រោម​មិន​ទទួល​បាន​ការ​យក​ចិត្ត​ទុក្ខ​ដាក់​ឲ្យ​បាន​ល្អ​សមរម្យ ម្តង​ហើយ​ម្ដង​ទៀត។ នៅ​កម្ពុជា មាន​ការ​រើសអើង​នឹង​ខ្មែរ​ក្រោម ដោយសារ​តែ​ខ្មែរ​ក្រោម​មក​ពី​វៀតណាម

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល