មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ព្រមាន​ថា កម្ពុជា​នឹង​ត្រូវ​ទណ្ឌកម្ម​ក្ដៅ​ជាង​នេះ បើ​នៅ​តែ​មិន​កែ​ខ្លួន

0:00 / 0:00

មន្រ្តី​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ ព្រមាន​ថា របបលោក ហ៊ុន សែន នឹង​ប្រឈម​មុខ​ ទៅ​នឹង​វិធានការ​ក្ដៅ​ជាង​នេះ បើ​នៅ​តែ​មិន​ព្រម​កែ​ខ្លួន ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ការ​ព្រមាន​នេះធ្វើ​ឡើង​ក្រោយ​គណៈកម្មការ​អឺរ៉ុប សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ចំនួន ២០% សិន។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ថា ចំណាត់ការ​របស់​សហភាព​អឺរ៉ុប​លើ​របប​ក្រុង​ភ្នំពេញជុំវិញ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នេះគឺ​ជា​ជំហាន​ដំបូង​ជា​វិជ្ជមាន​មួយ​របស់​សហភាព​អឺរ៉ុបដែល​នឹង​ឈាន​ទៅ​រក​ចំណាត់​ការ​កាន់​តែ​ខ្លាំងក្លា​ច្រើន​ជាង​នេះ​ទៀត ប្រសិន​បើ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​តែ​មិន​ប្រសើរ​ឡើង​ទេ​នោះ។

គណៈកម្មការ​អឺរ៉ុបកាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធគិត​ជា​ទឹក​ប្រាក់ ១,៣ពាន់​លាន​ដុល្លារ ឬ ១ពាន់​លាន​អឺរ៉ូដោយសារ​របប​ក្រុង​ភ្នំពេញមិន​ព្រម​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ។

ការ​សម្រេច​យក​ពន្ធ​ពេញ​លើ​ទំនិញ​នាំ​ចេញ​ពី​ប្រទេស​កម្ពុជាទៅ​ទីផ្សារ​អឺរ៉ុប​នេះ នឹង​ប៉ះពាល់​លើ​ទំនិញ​កម្ពុជា​លើ​វិស័យ​កាត់​ដេរ​សំលៀក​បំពាក់ស្បែក​ជើងសម្ភារៈ​ធ្វើ​ដំណើរ និង​ស្ករ​ស។

តំណាង​ជាន់ខ្ពស់​ការបរទេស និង​សន្តិសុខ​គោល​នយោបាយ អនុ​ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក ចូសេហ្វ បូរ៉ែល (Joseph Borrell) ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍ពេល​ចេញ​សេចក្តី​សម្រេច​នោះ​ថា សហភាព​អឺរ៉ុប គ្មាន​ជម្រើស​អ្វីក្រៅ​ពី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មួយ​ផ្នែក​សិនតែ​ប៉ុណ្ណោះ។សហភាព​អឺរ៉ុប នឹង​មិន​ឈរ​ឱប​ដៃ​មើលពេល​ដែល​ប្រជាធិបតេយ្យ​រង​ការ​បំផ្លាញសិទ្ធិ​មនុស្ស​រងការ​រំលោភ​បំពាន និង​សេរីភាពក្នុងការ​ជជែក​ដេញដោល​គ្នា ត្រូវ​បាន​គេ​បំបិទ​នោះ​ទេ។លោក​បន្ថែម​ថា សេចក្ដី​សម្រេច​ថ្ងៃ​នេះឆ្លុះ​បញ្ចាំង​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​សហភាព​អឺរ៉ុប ដើម្បី​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ខ្មែរប្រយោជន៍​សិទ្ធិ​សេរី​សេរីភាព​របស់​ពួក​គាត់ និង​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព។

ទោះ​ជា​យ៉ាង​នេះ​ក្តីគណៈកម្មការ​អឺរ៉ុបនៅ​តែ​ទុក​ឱកាស​ឲ្យ​របប​ក្រុង​ភ្នំពេញស្តារ​ស្ថានភាព​អាក្រក់​ទាំង​នេះ​ឡើង​វិញ ក្នុង​រយៈ​ពេល៦ខែ​ទៅ​មុខ​ទៀតមុន​នឹង​សេចក្តី​សម្រេច​នេះ ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១២ខែ​សីហា។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មិន​ភ្នាក់​ផ្អើល​នឹង​ការ​ដាក់​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​នេះ​ទេ។ ប៉ុន្តែ អ្វី​ដែល​ភ្ញាក់​ផ្អើលគឺ​ទណ្ឌកម្ម​នេះហាក់​បី​ដូច​ជា​មិន​សម​ល្មមទៅ​នឹង​ទំហំ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យដែល​គណៈកម្មការ​អឺរ៉ុបបាន​រក​ឃើញ​នោះ​ឡើយ។នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារនិង​សិទ្ធិ​មនុស្ស (សង់ត្រាល់) លោក មឿន តុលា ថា​លោក​បាន​អាន​របាយការណ៍​លម្អិតដែល​មាន​កម្រាស់ ៧០ ទំព័រ​របស់​គណៈកម្មការ​អឺរ៉ុប អំពី​ទំហំ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរនិង​ជា​ប្រព័ន្ធនិង​ការ​មិន​បាន​ចាត់វិធានការ​សមស្រប​គ្រប់គ្រាន់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ។ លោក​ថាកម្ពុជា​មិន​សម​នឹង​ទទួល​ទណ្ឌកម្ម​តែ ២០% រយ​នេះ​នោះ​ទេ៖ «ខ្ញុំ​គិត​ថា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហ្នឹង​ អាច​មាន​ការ​ព្យួរ​ ឬ​ដក​ហូត​ច្រើន​ជាង ២០ % ។ ខ្ញុំ​និយាយ​បែ​បនេះ មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ចង់​ឲ្យ​សហភាព​អឺរ៉ុប​ហ្នឹង​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​ហ្នឹង​ទេ»

លោក មឿន តុលា បន្ថែម​ថាការណ៍​ដែល​លោក​មិន​អ៊ីចឹង​ឃើញ​សហភាព​អឺរ៉ុបដក​ការ​អនុគ្រោះ​ពន្ធ​នេះគឺ​ដោយសារ​លោក​ធ្វើ​ការ​ជាមួយ​កម្មករ លោក​ស្គាល់ និង​យល់​ច្បាស់​អំពី​សុខ​ទុក្ខ ជីវភាព និង​ការ​ព្រួយ​បារម្ភ​របស់​កម្មករ ក្នុង​ការ​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដីលោក​ថាការណ៍​ដែល​គណៈកម្មការ​អឺរ៉ុបមិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុងស​បញ្ជាក់​អំពី​សមាន​ចិត្តការ​ឈឺ​ឆ្អាល និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​របស់​សហភាព​អឺរ៉ុបក្នុង​ការ​ថ្លឹង​ថ្លែង​អំពី​ផល​ប៉ះពាល់ដែល​អាច​កើត​មាន​ទៅ​លើ​កម្មករ​ខ្មែរ។ចំណុច​នេះ លោក មឿន តុលា ថា គួរ​តែ​ភាគី​កម្ពុជា​ទៅ​វិញ​ទេដែល​ត្រូវ​ធ្វើ​ដូច្នេះ រដ្ឋាភិបាលកម្ពុជា គួរតែ​គិតគូរ​ពលរដ្ឋ​ខ្មែរ​ខ្លួន​ឯង មិន​មែន​ទុក​ឲ្យ​សាសន៍​ដទៃគិត​រឿង​យើង​នោះ​ទេ៖ «ខ្ញុំ​មាន​អារម្មណ៍​ខ្មាស​ដែរ នៅ​ពេល ​មាន​គេ​សួរ​ បែប​ហ្នឹង ! ចង់​និយាយ​ថា គេ​អ្នក​ដទៃ​ គេ​ខ្វល់​អំពី​ប្រជាពលរដ្ឋ​ គេ​ខ្វល់​អំពី​សុខុមាលភាព​ គេ​ខ្វល់​អំពី​ សុខ​ទុក្ខ ​របស់​ប្រជាពលរដ្ឋ​យើង ក្នុង​ ខណៈ​ដែល មេ​ដឹក​នាំ ​យើង​មួយ​ចំនួន លោក​ហាក់​ដូច​ជា​ផ្គើន លោក​ ហាក់​ដូច​ជា ​មិន​សូវ​បាន​បង្ហាញ​អំពី​ការ​ខ្វល់​ខ្វាយ​អំពី​ សុខ​ទុក្ខ ​ ឬ​ក៏​ ការ​បាត់ ​បង់ ឬ​ក៏ផល​ប៉ះពាល់​ជាអវិជ្ជមាន​ ទៅ​ដល់ ​ពលរដ្ឋ។ នេះ​ ជា​រឿង ​មួយ​ដែល​ខ្ញុំ​តែង​ តែ​និយាយ ​ថា ហេតុអ្វី​បាន​ជា​សាច់​ឯង​ យើង​ ហាក់​ដូច​ជា​មិន ​សូវ​ខ្វល់​ ពី​សាច់​ខ្លួន​ឯង​ដូ ច​អ្នក​ដទៃ »

គណៈកម្មការ​អឺរ៉ុប បាន​ដាក់​លក្ខខណ្ឌ​បី​ចំណុច​ធំៗ ឲ្យ​របប​ក្រុង​ភ្នំពេញ អនុវត្ត​តាម ប្រសិន​បើ​របប​នេះ ចង់ឲ្យ​សហភាព​អឺរ៉ុប​លែង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​វិញ។លក្ខខណ្ឌ​ទាំង​នោះរួម​មាន ទី​មួយ អាជ្ញាធរ​កម្ពុជា​ត្រូវ​ចាត់​វិធានការ​យ៉ាង​ណា បើកចំហ​ឡើងវិញ ឲ្យ​មាន​សេរីភាព​ក្នុង​ការ​ចូល​រួម​ក្នុង​​សកម្មភាព​នយោបាយ។ ទី​ពីរ​បង្ក​លក្ខណៈ​អំណោយ​ផល​ដល់​ការ​បង្កើត​ឲ្យ​មាន​គណបក្ស​ប្រឆាំង​ពិត​ប្រាកដ តាម​គោលការណ៍​ប្រជាធិបតេយ្យ​ និង​ទីបី​ត្រូវ​ផ្ដួច​ផ្ដើម​ឲ្យ​មាន​ដំណើរ​ការ​ផ្សះផ្សា​ជាតិ​មួយ​តាម​គន្លង​ប្រជាធិបតេយ្យ ដោយ​មាន​ការ​ចរចា​ដោយ​ស្មោះ​ត្រង់ និង​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ សោកស្តាយ​ដែល​ស្ថានភាព​កម្ពុជាមិន​ល្អ​ប្រសើរ​ រហូត​ដល់​គណៈកម្មការ​អឺរ៉ុបសម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​បែប​នេះ។អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី មូរ សុខហួរ ថា អ្នកស្រី​សោក​ស្ដាយ​នេះគឺ​ដោយសារ​ការ​ដាក់​ទណ្ឌកម្ម​នេះវា​ប៉ះពាល់​ដល់​ឆ្នាំង​បាយ​កម្មករ​ខ្មែរ។ទោះ​ជា​យ៉ាង​នេះ​ក្តីអ្នកស្រី​នៅ​តែ​មាន​ទុទ្ទិដ្ឋិនិយម​ថា អាច​នៅ​មាន​ច្រក​រក​ដំណោះ​ស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នេះ។ អ្នក​ស្រី​ថា មិន​ទាន់​ហួស​ពេល​ទេដែល​កម្ពុជា​អាច​ងាក​មក​រក​ផ្លូវ​ត្រូវ​វិញ ដោយ​គណៈកម្មការ​អឺរ៉ុបក៏​មិន​ទាន់​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​​នៅ​ឡើយព្រោះ​ទុក​ផ្លូវ​ឲ្យ​រក​ដំណោះ​ស្រាយ​រវាង​ខ្មែរ និង​ខ្មែរ​ដែរ៖ «គេ​ដាក់ ២០ % នេះ​គឺ ដើម្បី​ឲ្យ​ មាន​ការ ​ផ្សះផ្សារ​ជាតិ។ កន្លែង​នេះ ធ្វើ​ឲ្យ​យ៉ាង​ ជា​ខ្មែរ ទាំង​អស់ ​គ្នា គ្រប់​ភាគី មិន​មែន​ត្រឹមតែ​គណបក្ស​ សង្គ្រោះ​ជាតិ ​ទេ មិន​ មែន​ត្រឹម​តែ​គណបក្ស​ប្រជាជន ​កម្ពុជា​ទេ​ មាន​ ទាំង​ភាគី​សហជីព សង្គម​ស៊ីវិល កសិករ ប្រជាពលរដ្ឋ​ ខ្មែរ​ទាំង​អស់ ត្រូវ​តែ​មានការ​រួមចំណែក​ នៅ​ក្នុង​ការ ​ផ្សះផ្សារ​ជាតិ។ នេះ​ហើយ ​ធ្វើ​ឲ្យ​យើង​មាន​សង្ឃឹម​ ក្នុង​ការ​វិលត្រឡប់ ធ្វើ​ មាតុភូមិ​និវត្តន៍ ក៏​ជា ​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ ហើយ​យើង​ តែងតែ​និយាយ ផ្សះផ្សា​ជាតិៗ

ទោះ​ជា​មន្ត្រី​បក្ស​ប្រឆាំង​មាន​សង្ឃឹម​ថា នឹង​មាន​ដំណោះ​ស្រាយក៏​ខាង​របប​ក្រុង​ភ្នំពេញ​ជំទាស់​ដាច់​ខាត​ទៅ​នឹង​ការ​វាយ​តម្លៃ​របស់​សហភាព​អឺរ៉ុប។របប​ក្រុង​ភ្នំពេញ​ ក៏​សម្ដែង​ការ​សោក​ស្ដាយ​ដែរ​ ដែល​គណៈកម្មការ​អឺរ៉ុប​សម្រេច​បែប​នេះ។ ប៉ុន្តែ​មិន​មែន​ស្ដាយ​រឿង​បាត់​បង់ EBA ខ្លះ​នោះ​ទេតែ​ស្ដាយ​រឿង​បរទេស​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា។

ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ភ្លាមៗ ក្រោយ​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​នេះ​ថា សេចក្ដី​សម្រេច​នេះមាន​ភាព​អយុត្តិធម៌ព្រោះ​សម្រេច​ដោយ​ឈរ​លើ​ការ​ភាន់​ច្រឡំ និង​យល់ខុសអំពី​យថាភាព​ជាក់​ស្ដែង​នៅ​កម្ពុជា។ ក្រសួង​ការ​បរទេស​កម្ពុជា ចាត់​ទុក​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ថា ធ្វើ​តាម​ទំនើង​ចិត្ត និង​ចាត់​ទុក​លក្ខខណ្ឌនិង​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប ឲ្យ​របប​នេះ​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​ថា ជា​ប៉ុនប៉ង​របស់​បរទេស ក្នុង​ការ​ប្រើប្រាស់​ពាណិជ្ជកម្ម ឬ​ជំនួយ​អភិវឌ្ឍន៍ ដើម្បី​ជា​លេស​ក្នុង​ការ​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា របប​ក្រុង​ភ្នំពេញ​ល្មម​ឈប់​បន្ត​វាយ​បក​ទៅ​សហភាព​អឺរ៉ុបនាំ​តែ​ខាត​ពេល​អត់​ប្រយោជន៍​នោះ​ទៀត​ទៅព្រោះ​សហភាព​អឺរ៉ុប​មិន​មែន​ជា​អ្នក​បង្កើត​បញ្ហា​ទាំង​នេះ​ទេគឺ​របប​ក្រុង​ភ្នំពេញ​នេះ​ឯងដែល​ជា​អ្នក​បង្កើត​ឲ្យ​មាន​បញ្ហា​ទាំង​អស់​នេះ​តាំង​ពី​ដំបូងដូច្នេះ កម្ពុជា​ត្រូវ​តែ​​ងាក​មក​រក​វិធី​ដោះ​ស្រាយ​បញ្ហា ដែល​សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​ដោះ​ស្រាយ​នោះ។ នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) លើក​ឡើង​ថាឥឡូវ​កម្ពុជា​នៅ​សល់​ពេល៦ខែ​ទៀត​ដែរដើម្បី​ចាប់​ផ្ដើម​ចរចារក​ដំណោះ​ស្រាយ។លោក​ថា លោក ហ៊ុន សែន គួរ​តែ​ទទួល​ស្គាល់​ការ​ពិត និង​ចូល​តុ​ចរចា​ឥឡូវ​នេះបើ​មិន​ចង់​ឲ្យ​ទទួល​ទណ្ឌកម្ម​ធំ​ជាង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។