អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជនយុវជន​ទាំងអស់

ដោយ អាស៊ីសេរី
2020-09-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​ AFP

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញ​សេចក្តីថ្លែងការណ៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការចោទប្រកាន់​ពី​បទ​ញុះញង់​ដោយ​គ្មាន​មូលដ្ឋាន លើ​ក្រុម​យុវជន​ដែល​តស៊ូ​មតិ​ដោយ​អហិង្សា​រឿង​បញ្ហា​សង្គម ​និង​បរិស្ថាន ​និង​ដោះលែង​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ។ មន្ត្រី​រដ្ឋាភិបាល នៅតែ​បកស្រាយ​ថា វិធានការ​របស់​សមត្ថកិច្ច ​គឺ​ជា​ការអនុវត្ត​ច្បាប់ ហើយ​គ្មាន​នរណា​អាច​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​បានទេ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទទួច​ឲ្យ​រដ្ឋាភិបាល ​បញ្ឈប់​ទង្វើ​រារាំង​ចំពោះ ការតវ៉ា​ដោយ​សន្តិវិធី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ហើយ​ត្រូវ​ដោះលែង​សកម្មជន និង​យុវជន​ទាំងឡាយ​ដែល​ត្រូវបាន​ចាប់​ខ្លួន​ទាំង​បំពាន​ច្បាប់​នោះ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ  លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី១១ កញ្ញា ថា  ការបង្កើន​យុទ្ធនាការ​ចុងក្រោយ​ចាប់ខ្លួន​សកម្មជន​ពីសំណាក់​អាជ្ញាធរ​រដ្ឋាភិបាលនេះ​ គឺ​បង្ហាញ​នូវការ​មិនយក​ចិត្ត​ទុកដាក់​ខ្ពស់ ​មិនត្រឹមតែ​សេរីភាព​បញ្ចេញមតិ ​និង​ការជួប​ប្រជុំគ្នា​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​សិទ្ធិដីធ្លី ​និង​បញ្ហា​បរិស្ថាន​ផងដែរ។ លោក ហ្វីល រ៉ូបឺតសុន បន្តថា​ អាជ្ញាធរ ​ត្រូវតែ​បញ្ឈប់​ការប្រើប្រាស់​ដោយ​មិន​ត្រឹមត្រូវ​នូវ​បទចោទ​ញុះញង់​ក្នុង​ក្រមព្រហ្មទណ្ឌ​ ក្នុង​ទិសដៅ​រារាំង​អ្នករិះគន់​អហិង្សា​មិន​ឱ្យ​តវ៉ា​ជា​សាធារណៈ​ទៅកាន់​រដ្ឋាភិបាល។

គិត​ចាប់​ពី​ចុង​ខែកក្កដា​ រហូត​ដល់​ថ្ងៃទី១១ ​កញ្ញា ​អាជ្ញាធរ​របបក្រុងភ្នំពេញ​​បាន​ចាប់ខ្លួន​ក្រុម​​​សកម្ម​ជន អ្នកនយោបាយ និង​យុវជន​​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​កើន​ឡើង​ដល់​១៧នាក់​ហើយ។ អ្នកទាំង នោះរួមមាន៖ មេដឹកនាំ​សហជីព​ លោក​ រ៉ុង ឈុន ​ប្រធាន​គណបក្ស​ខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៥នាក់ ​យុវជន​ខ្មែរថាវរៈ​ចំនួន ​៥នាក់ ​យុវជន​ចលនា​មាតា​ធម្មជាតិ ចំនួន​៣នាក់ និង​យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​២នាក់ រួមទាំង​អ្នកចម្រៀង​រ៉ែប​រិះគន់​សង្គម​ម្នាក់ទៀត ​គឺ​យុវជន គា សុគន្ធ ​។ ដើមហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ គឺ​ពាក់ព័ន្ធ​នឹង​ការ​​រិះគន់​រឿង​​ព្រំដែន ​ការបញ្ចេញ​មតិ​រឿង​នយោបាយ​និង​សង្គម​ ការ​ធ្វើ​សកម្មភាព​ការងារ​បរិស្ថាន​ ការ​តវ៉ា​ទាម​ទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ​ និង​គម្រោង​​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ទាមទារ​យុត្តិធម៌​សង្គម ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជាដើម។ ​​តុលាការ​​បាន​ចោទ​ប្រកាន់​ពួកគេ​ពីបទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ» ឬ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងនធ្ងរ​ដល់​សន្តិសុខ​សង្គម» ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី៦ ខែ​ដល់​២ ឆ្នាំ។ ក្រៅពីនេះ​ សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្តកំពតម្នាក់ ​គឺ​អ្នកស្រី ​ប៉ែន មុំ ត្រូវបាន​ចាប់ខ្លួន​ឡើងវិញ​នៅព្រឹក ​ថ្ងៃទី៩ ​ខែកញ្ញា ​បន្ទាប់​ពី​តុលាការ​ខេត្ត​នេះ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អ្នកស្រី​ឲ្យ​ជាប់​ពន្ធនាគារ​៥ឆ្នាំ​ពីបទ​រួម​គំនិត​ក្បត់ ពាក់ព័ន្ធ​នឹង​គម្រោង​មាតុភូមិ​និវត្តន៍​របស់​ លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩។

Youths
រូបភាពយុវជន និង​ព្រះសង្ឃ ដែលត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួនជាបន្តបន្ទាប់។ រូបភាពពីហ្វេសប៊ុក

ឆ្លើយតប​នឹង​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ សមាជិក​ និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល ​លោក កត្តា អ៊ន មាន​ប្រសាសន៍​ថា ការចាប់​ខ្លួន​យុវជន និង​ក្រុម​សកម្មជន​មួយ​ចំនួន​ថ្មីៗនេះ គឺជា​ការអនុវត្ត​ច្បាប់។ លោក​ ចោទ​ក្រុម​សកម្មជន​ និង​យុវជន​ទាំងនោះ ធ្វើបាតុកម្ម​ដោយ​គ្មានច្បាប់​អនុញ្ញាត​ពីអាជ្ញាធរ​មាន​សមត្ថកិច្ច ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ។ លោក កត្តា អ៊ន ចាត់ទុកថា ​ការលើកឡើង និង ការទាមទារ​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ មិនបាន​ពិនិត្យ​មើលឲ្យ​បានគ្រប់​ជ្រុងជ្រោយ ​និង​ផ្ទុយគ្នា​ទាំងស្រុង​ពី​ការមើល​ឃើញ​របស់​រដ្ឋាភិបាល៖ «រឿង​ការ​ទាមទារ​ណាមួយ​ យើង​ត្រូវយល់​អំពី​ក្របខណ្ឌ ​នីតិវិធី​ប្រព័ន្ធច្បាប់​របស់​កម្ពុជា។ប្រសិនបើ​រឿង​ដល់​តុលាការ ​នោះ​គឺជា​អំណាច​របស់​តុលាការ​ដែល​គ្មាន​ជនណា​អាច​ទាមទារ ​អាច​កម្រិត​ ឬមួយ​អាច​បង្ខំ​តុលាការ​បានទេ។ ក្នុងនាម​រដ្ឋាភិបាល​ គឺគាត់បំ​ពេញតួនាទី​អនុវត្តច្បាប់ ​ប៉ុន្តែ​បើ​ជនល្មើស​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​នោះ គឺ​ជារឿង​របស់​តុលាការ ដូច្នេះ ​ការអន្តរាគមន៍​ណាមួយ​ឲ្យ​ដោះលែង​ក្រុម​ណាមួយ​បុគ្គល​ណាមួយ ​វាជារឿង​មួយ​ក្នុងការ​អនុវត្ត​ស្តង់ដារពីរ​ក្នុង​ក្របខណ្ឌ​ច្បាប់​ ក៏ដូចជា​សិទ្ធិមនុស្ស»

ទោះជាយ៉ាងណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក ស៊ឹង សែនករុណា ​ព្រួយបារម្ភ​ថា ​ការដែល​មន្ត្រី​រដ្ឋាភិបាល បន្ត​បកស្រាយ​ច្បាប់​តាម​ទំនើងចិត្ត ដើម្បី​ការពារ​អំពើ​រំលោភច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស​បែបនេះ​ គឺជា​ការលើក​ទឹកចិត្ត​ឱ្យមាន​ការអនុវត្ត​ច្បាប់​បែប​រើសអើង ឬ​មានស្តង់ដាពីរ៖ «យើង​មានការ​បារម្ភ​មែនទែន​អំពី​ស្ថានភាព​សិទ្ធិមនុស្ស ​និង​លទ្ធិប្រជា ធិបតេយ្យ​ កាន់តែ​មានស​ភាពធ្ងន់ធ្ងរ​ទៅ ហើយ​ធ្វើឲ្យ​ប៉ះពាល់​ដល់ជីវភាព​ប្រជាពលរដ្ឋ ​ក៏ដូចជា​ស្ថាន ភាពនយោបាយ ​កាន់តែ​ដុនដាបទៅ​ៗ ហើយ​នឹង​រកការដាក់​ទណ្ឌកម្ម​ផ្សេងៗ​ពី​សហគមន៍​អន្តរជាតិ​បន្តទៀត»

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន នៅតែទទួច​ថា អាជ្ញាធរ​គួរតែ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ដោយ​បំពាន​ទាំងនោះ​ ហើយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរតែ​បញ្ឈប់​ការ​ហាមឃាត់​ចំពោះ​ការ​ធ្វើបាតុកម្ម​សំ​ខាន់​ៗ​នៅក្នុង​រាជធានី​ភ្នំពេញ។ លោក​យល់ថា ​ ការរំលោភ​បំពាន​ទាំងនេះ​នឹង​អាច​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ អនុម័ត​នូវ​សេចក្តីសម្រេច​មួយ​ដែល​នឹង​បង្កើន​ការ​ឃ្លាំមើល​របស់​អង្គការ​សហប្រជាជាតិ និង​រាយការណ៍​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល