សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ IFJ (International Federation of Journalists)ស្នើអោយអាជ្ញាធរកម្ពុជាចាត់វិធានការ ដើម្បីធានាសន្តិសុខ សុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន នៅក្រោយករណីស្លាប់អ្នកកាសែតអនឡាញម្នាក់ លោក គួយ ពិសិត។ ស្ថាប័នអន្តរជាតិនេះលើកឡើងពីព័ត៌មាន ដែលនាំអោយសង្ស័យថាអ្នកកាសែតរូបនេះអាចត្រូវគេសម្លាប់។ តែទោះជាយ៉ាងណាមន្រ្តីនគរបាលជាន់ខ្ពស់បដិសេធការលើកឡើងនេះ ដោយបន្តអះអាងថា លោក គួយ ពិសិត ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ។
សហព័ន្ធអ្នកសារព័ន្ធមានអន្តរជាតិ IFJ អោយដឹងតាមរយៈសេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃទីថ្ងៃទី៦ ខែតុលា ថាជារឿងសោកសៅមួយចំពោះមរណភាពរបស់លោក គួយ ពិសិត ដែលបានកើតឡើងនៅក្នុងពេលដែល អ្នកសារព័ត៌មាននៅកម្ពុជាកំពុងប្រឈមនឹងស្ថានភាពងាយរងគ្រោះ។
អ្នកយកព័ត៌មានម្នាក់នៃសារព័ត៌មាន ស៊ីប៊ីអ៊ិន (CBNTV Online) ឈ្មោះ គួយ ពិសិត អាយុ ២៤ឆ្នាំ ត្រូវគេប្រទះឃើញដេកស្លាប់លើថ្នល់ កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ កញ្ញា នៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អគ្គលេខាធិការនៃ IFJ លោក អង់តូនី បេឡង់ហ្ស៊េ (Anthony Bellanger) លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍នោះថា IFJ ចូលរួមរម្លែកទុក្ខជាមួយក្រុមគ្រួសាររបស់លោក គួយ ពិសិត។ លោកថាករណីស្លាប់របស់អ្នកកាសែតរូបនេះ កើតឡើងចំពេលអ្នកសារព័ត៌មាននៅកម្ពុជា ប្រឈមនឹងបញ្ហាសុវត្ថិភាពបំពេញការងាររបស់ខ្លួន។ លោកបន្តថា IFJ អំពាវនាវដល់អាជ្ញាធរនៃរដ្ឋាភិបាលកម្ពុជា អោយចាត់វិធានការភ្លាមៗ និងហ្មត់ចត់ជាងមុន ដើម្បីធានាសុវត្ថិភាពដល់អ្នកសារព័ត៌មាន។
ជាមួយគ្នានេះ IFJ ក៏បានបង្ហាញពីសាវតាររឿងដែលទាក់ទងនឹងករណី លោក គួយ ពិសិត នេះ ដោយស្រង់សេចក្ដីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក ដែលមានចំណុចសង្ស័យថាជារឿងឃាតកម្ម។ សារព័ត៌មានអរិយធម៌បានផ្សាយភ្លាមនៅក្រោយពេលកើតហេតុថាប្រភពពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យម្នាក់បានប្រាប់ថាគាត់បានទាក់ទងទៅម្ចាស់ផ្ទះនៅក្បែរកន្លែងកើតហេតុ ដែលមានកាមេរ៉ាសុវត្ថិភាព ឃើញថាជនរងគ្រោះត្រូវគេវាយពីក្រោយបណ្ដាលអោយដួលបោកក្បាលស្លាប់។
ឆ្លើយតបរឿងនេះអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីកាលពីយប់ថ្ងៃទី០៦ ខែតុលា ថាសមត្ថកិច្ចមានជំនាញពិតប្រាកដមិនមែនចេះតែសន្និដ្ឋានដោយគ្មានមូលដ្ឋានទេ លោកថាភស្ដុតាងនៅកន្លែងកើតហេតុបង្ហាញយ៉ាងច្បាស់ហើយថាជាករណីគ្រោះថ្នាក់ចរាចរ។ លោកថាមិនចាំបាច់ត្រូវការស៊ើបអង្កេតឡើងវិញនោះឡើយ៖ «បើជំនាញសន្និដ្ឋានច្បាស់ថាគ្រោះថ្នាក់ចរាចរទៅហើយ តើអោយសមត្ថកិច្ចស៊ើបអង្កេតយ៉ាងម៉េចទៀតឥឡូវហ្នឹង។ ឥឡូវនេះអស់លោកអ្នកវាយតម្លៃខាងក្រៅហ្នុងគាត់មានសមត្ថកិច្ច មានសមត្ថភាព មានវិជ្ជាជីវៈ ក្នុងការវាយតម្លៃហ្នុងអត់? បើសមត្ថកិច្វាយតម្លៃថាស្លាប់ដោយគ្រោះថ្នាក់ចរាចរអ៊ីញ្ចឹងហើយគាត់ថាលួចវាយ តើគាត់មានភស្ដុតាងមានសាក្សី មានស្អីយកមកដាក់អោយសមត្ថកិច្ចមក កុំសន្និដ្ឋានចោលទទេៗ។»
ករណីនេះដែរសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJA)ស្នើសុំឲ្យរដ្ឋាភិបាល ធានាថា សិទ្ធិ សេរីភាព និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន អាចរាយការណ៍បទល្មើសនានា ដោយគ្មានការគំរាមកំហែង ឬធ្វើបាប។
នាយកប្រតិបត្តិនៃ ខេមបូចា លោក ណុប វី មានប្រសាសន៍ថា អាជ្ញាធរគួរតែពិចារណាពីការស៊ើបអង្កេតឡើងវិញនៅពេលមានការសង្ស័យបែបនេះ៖ «ជារួមគួរតែពិនិត្យមើលថាតើហេតុអ្វីបានគាត់មានការលើកឡើង ជំរុញអោយមានការស៊ើបអង្កេត ជាជាងបដិសេធ ជាជាងច្រានចោលការស្នើសុំទាំងអស់ហ្នឹង ពីព្រោះយើងដឹងហើយថាការបាត់បង់មនុស្សម្នាក់ៗ ជាពិសេសគាត់ជាអ្នកសារព័ត៌មាន គាត់ធ្វើការយប់ព្រលប់អីទៅទៀតវាអាចថាសុទ្ធតែជាផ្នែកមួយសង្ស័យថាមាននរណាម្នាក់អាចនឹងធ្វើទុក្ខបុកម្នេញ ឬធ្វើបាបគាត់។»
លោក ណុប វី សង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ អ្នកសារព័ត៌មាននៅកម្ពុជា រងការគំរាមកំហែងជាបន្តបន្ទាប់ ដោយសារការរាយការណ៍របស់ខ្លួន ពាក់ព័ន្ធនឹងបទល្មើស។ លោក ចង់ឲ្យរដ្ឋាភិបាល ធានាថា អ្នកសារព័ត៌មានអាចប្រើប្រាស់សិទ្ធិសេរីភាពរាយការណ៍ព័ត៌មាន ដោយគ្មានការរំលោភបំពាន និងគ្មានការភ័យខ្លាច។
ជុំវិញការទាមទារអោយមានការស៊ើបអង្កេតការស្លាប់អ្នកកាសែតនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ មិនអធិប្បាយពីរឿងនេះទេ ដោយលោកប្រាប់យ៉ាងខ្លីថាក្រសួងទុករឿងនេះឱ្យអាជ្ញាធរមានសមត្ថកិច្ចជាអ្នកដោះស្រាយ។
បើទោះជាយ៉ាងណាចំពោះ IFJ ការស្លាប់របស់ លោក គួយ ពិសិត កើតឡើងបន្ទាប់ពីមានការបង្រ្កាបឥតស្រាកស្រាន្ដទៅលើសេរីភាពសារព័ត៌មានទាំងមុន និងក្រោយការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៨។ ការស្ទង់មតិមួយរបស់ IFJ កាលពីដើមឆ្នាំ២០២០នេះបង្ហាញថា ៨១%នៃអ្នកសារព័ត៌មាននៅកម្ពុជានិយាយថាការងាររបស់ពួកគេបារម្ភពីបញ្ហាសុវ្ថិភាព ដោយសារតែការអនុវត្តការងាររបស់ពួកគេ។
នៅក្នុងរបាយការណ៍ចេញកាលពីខែឧសភារបស់អង្គការលីកាដូអោយដឹងថាអ្នកសារព័ត៌មាននៅកម្ពុជានៅតែប្រឈមការចាប់ចង ចោទប្រកាន់តាមផ្លូវតុលាការ ដែលធ្វើអោយពួកគេមួយចំនួនមិនហ៊ានរាយការណ៍ព័ត៌មានរសើប និងព័ត៌មាននាំអោយខូចប្រយោជន៍អ្នកមានអំណាច។
គិតចាប់តាំងពីឆ្នាំ១៩៩៣មកមានអ្នកសារព័ត៌មាន១៣នាក់ យ៉ាងតិចត្រូវគេធ្វើឃាត ក្នុងនោះភាគច្រើនអាជ្ញាធរមិនបានចាប់ជនប្រព្រឹត្តមកផ្តន្ទាទោសនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។