ក្រសួង​បញ្ឈរ​ជើង​ស្នងការ​ខេត្ត​កំពង់ធំ​ពាក់ព័ន្ធ​រឿង​រំលោភបំពាន​ផ្លូវ​ភេទ​ក្រុម​នគរបាល​ជា​ស្ត្រី

ក្រសួងមហាផ្ទៃ សម្រេច​បញ្ឈរជើង​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក អ៊ុក កុសល ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌ រំលោភបំពាន​ផ្លូវ​ភេទ​លើ​នគរបាល​ជា​ស្ត្រី និង​ប្រព្រឹត្ត​អំពើពុករលួយ។ សង្គម​ស៊ីវិល​សាទរ​ចំណាត់ការ​នេះ និង​ស្នើ​ឱ្យ​មាន​យន្តការ​លើកស្ទួយ​សិទ្ធិ​ស្ត្រី​នៅ​កន្លែង​ការងារ។

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន ឲ្យ​អាស៊ីសេរី​ដឹង​ថា ការ​ព្យួរ​ការងារ​មេ​ប៉ូលិស​ខេត្ត​កំពង់ធំ​លោក អ៊ុក កុសល បណ្ដោះអាសន្ន​នេះ គឺ​ដើម្បី​ស៊ើបអង្កេត​ករណី​បៀតបៀន​ផ្លូវភេទ​តាម​បណ្ដឹង​របស់​ក្រុម​នគរបាល​ជា​ស្ត្រី​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ។ លោក​អះអាង​ថា ប្រសិនបើ​រកឃើញ​ថា ស្នងការ​ខេត្ត​កំពង់ធំ​រូប​នេះ បាន​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​កងកម្លាំង ក្រសួង​នឹង​ចាត់ការ​តាម​បែប​បទ​វិន័យ តែ​ប្រសិនបើ​រក​ឃើញ​ថា លោក​បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​រហូតដល់​ផ្លូវច្បាប់ ក្រសួង​នឹង​ចាត់ការ​តាមច្បាប់។ «»

ក្រុម​មន្ត្រី​នគរបាល​ជានា​រី​នៅ​ខេត្ត​កំពង់ធំ​បាន​អះអាង​នៅ​ក្នុង​ពាក្យ​បណ្តឹង ចុះ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ថា ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ លោក អ៊ុក កុសល តែង​ប្រើ​អំណាច​បៀតបៀន​ផ្លូវ​ភេទ​លើ​ពួកគេ ដោយ​ប្រើ​ពាក្យ​សម្តី​លួងលោម ចាប់​បង្ខំ និង​ស្ទាបអង្អែល​កេរ្តិ៍​ខ្មាស​ដោយ​មិន​ញញើត​។ ក្រុម​ស្ត្រី​នគរបាល​ទាំងនោះ ថ្លែង​ទៀត​ថា ពួក​នាង​មិន​ហ៊ាន​ស្រែក​ប្រាប់​គេឯង​នោះ​ទេ ព្រោះ​ពួកនាង​ខ្លាច​អំណាច​បុគ្គល​រូបនេះ​ជា​ស្នងការ ហើយ​ម្យ៉ាង​លោក អ៊ុក កុសល បាន​គំរាមកំហែង​ពួក​នាង មិន​ឲ្យ​ផ្សព្វផ្សាយ​រឿង​នេះ​ចេញទៅ​ក្រៅ​ឡើយ បើ​ពុំ​នោះ​ទេ គឺ​នឹង​មាន​បញ្ហា​ដល់​ខ្លួន។

ក្រុម​ស្ត្រី​នគរបាល​ទាំងនោះ រៀបរាប់​ក្នុង​លិខិត​នោះ​ទៀត​ថា នារី​ជា​នគរបាល​ខ្លះ ទទួលរង ភាព​ឈឺចាប់​ខ្លាំង រហូតដល់​បែកបាក់​គ្រួសារ ដោយសារ​ទង្វើ​របស់​ស្នងការ​ខេត្ត​រូប​នេះ​។ កន្លងមក​ក្រុម​ស្ត្រី​នគរបាល​ទាំងនេះ ក៏​ធ្លាប់​សុំ​កិច្ច​អន្តរាគមន៍​ពី​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួងមហាផ្ទៃ​ដែរ ប៉ុន្តែ​ពុំ​ទទួល​បាន​យុត្តិធម៌​ឡើយ ហើយ​លោក អ៊ុក កុសល កាន់តែ​ធ្វើបាប និង​គាបសង្កត់​ពួកគេ​បន្ថែម​ទៀត ព្រមទាំង​គំរាម​មិន​ដំឡើង​បុណ្យ​ស័ក្តិ​ជាដើម​។ ក្រៅ​ពី​នេះ ក្រុម​ស្ត្រី​នគរបាល​បាន​ចោទ​លោក អ៊ុក កុសល ថា បាន​បង្កើត​បក្ខពួក សែស្រឡាយ​ពុករលួយ និង​អុចអាល​ធ្វើ​ឲ្យ​បែកបាក់​ផ្ទៃក្នុង ទាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ក្រោម​ឱវាទ ដែល​មិន​អាច​ស្តារ​កិត្តិយស​បាន​ឡើយ។

ឆ្លើយតប​រឿង​នេះ លោក អ៊ុក កុសល បានចេញ​វីដេអូ​ឃ្លីប​បដិសេធ​ការចោទប្រកាន់​ទាំងនេះ​។ លោក​ថ្លែង​ថា បណ្តឹង​ប្រឆាំង​រូបលោក ធ្វើឡើង​ដោយមាន​ការរៀបចំ​ជា​ប្រព័ន្ធ ក្នុង​បំណង​ដណ្ដើម​តំណែង​ស្នងការ​ពី​លោក​។ លោក​ថា ពេលនេះ​លោក​កំពុង​រង់ចាំ​ចំណាត់ការ​ពី​រដ្ឋាភិបាល​ក្នុង​ការ​រក​យុត្តិធម៌​ជូន​រូបលោក។

ទោះជា​យ៉ាង​នេះ​ក្តី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​សម្រេច​បញ្ឈរជើង​លោក អ៊ុក កុសល តាមរយៈ​លិខិត​ចុះ​ថ្ងៃ​ទី១២ សីហា​។ លោក ស ខេង តម្រូវ​ឲ្យ​លោក អ៊ុក កុសល ត្រូវ​មក​បង្ហាញខ្លួន នៅ​នាយកដ្ឋាន​បុគ្គលិក​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​រង់ចាំ​ការសម្រេច​ជាថ្មី​។ ទន្ទឹម​នឹង​នេះ ក្រសួង​មហាផ្ទៃ បាន​តែងតាំង​ស្នងការ​រង លោក អ៊ិត គឹម​ស្រ៊ន ជា​ស្នងការ​ស្តីទី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ជំនួស​លោក អ៊ុក កុសល វិញ រហូតដល់​មានការ​សម្រេច​ជាថ្មី។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី គាំទ្រ​ចំណាត់ការ​របស់​ក្រសួងមហាផ្ទៃ​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ក្រុមការងារ​ស៊ើបអង្កេត​រឿង​នេះ ដើម្បី​រក​ការពិត​ឲ្យ​ច្បាស់​។ លោក​បន្ត​ថា ផ្អែក​តាម​ការលើក​ឡើង​របស់​ក្រុម​ស្ត្រី​នគរបាល ទង្វើ​របស់​ស្នងការ​ខេត្ត​កំពង់ធំ ត្រូវ​បាន​ចាត់ទុកថា ជា​ការ​រំលោភ​អំណាច ឬ​ការប្រើប្រាស់​អំណាច​ខុស​ទិសដៅ។

ចំណែក នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីល​ការ អ្នកស្រី សេង រាសី លើកឡើង​ថា ការ​រំលោភបំពាន​ស្ត្រី​នៅ​កន្លែងធ្វើការ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​រងគ្រោះ ប៉ះពាល់​ដល់​ការសម្រេចចិត្ត និង​បាត់បង់​ឱកាស​សម្រាប់​ស្ត្រី​ក្នុង​ការ​អនុវត្ត​សក្ដានុពល​របស់​ខ្លួន​។ អ្នកស្រី​សង្កត់ធ្ងន់​ថា ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​ផង ចាំបាច់​ត្រូវ​មាន​យន្តការ​ក្នុង​ការ​ដោះស្រាយ​អំពើ​រំលោភបំពាន​ផ្លូវ​ភេទ និង​យន្តការ​ក្នុង​ការ​ប្ដឹងផ្ដល់ ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​តម្លាភាព ដើម្បី​រក​យុត្តិធម៌​ជូន​ស្ត្រី​រងគ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។