ក្រសួង​មហាផ្ទៃ​កំពុង​ស្រាវជ្រាវ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​តាម​បញ្ជា​លោក ហ៊ុន សែន

ដោយ មួង ណារ៉េត
2017-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​គេហទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)
​គេហទំព័រ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)
Screenshot

ក្រសួង​មហាផ្ទៃ កំពុង​តែ​សិក្សា និង​ស្រាវជ្រាវ​លើ​ករណី​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា តាម​បញ្ជា​របស់​លោក ហ៊ុន សែន។ សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ យល់​ថា ចំណាត់ ការ​នេះ​ធ្វើ​ឡើង​តាម​អំពើ​ចិត្ត​គ្មាន​មូលដ្ឋាន​ច្បាប់​ឡើយ។

បើទោះបី​ជា​មាន​ការ​រិះគន់​ធ្ងន់ៗ​ពី​អង្គការ​ជាតិ និង​អន្តរជាតិ​យ៉ាង​ណា​ក៏ដោយ ក៏​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ទម្លាក់​ចោល​ការ​ប៉ុនប៉ង​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) នោះ​ដែរ។

​អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​មហាផ្ទៃ លោក ឈឹម កាន បាន​បញ្ជាក់​ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ថា មន្ត្រី​ជំនាញ​ក្រសួង​មហាផ្ទៃ កំពុង​ឈ្មុសឈ្មុល​ធ្វើ​ការ​សិក្សា និង​ស្រាវជ្រាវ​លើ​ករណី​ពាក់ព័ន្ធ​នឹង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ ទោះ​យ៉ាង​ណា​ក្តី លោក ឈឹម កាន បញ្ជាក់​ថា នៅ​ពេល​នេះ ក្រសួង​មហាផ្ទៃ មិន​ទាន់​សម្រេច​ថា​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ ដោយ​រង់​ចាំមើល​ការសិក្សា​ស្រាវជ្រាវ​សិន។

​ការ​សិក្សា​ស្រាវជ្រាវ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា បញ្ជា​អោយ​ក្រសួង​មហាផ្ទៃ ពិនិត្យ​មើល និង​ស្រាវជ្រាវ​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​បង្កើត​ឡើង​ដោយ​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​ហេតុផល​សង្ស័យ​ថា បរទេស​ជា​អ្នក​ឲ្យ​បង្កើត និង​ស្ដាប់​បង្គាប់​បញ្ជា​បរទេស៖ «»។

​អ្នកនាំពាក្យ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ប្រសិនបើ​អាជ្ញាធរ​ស៊ើប​អង្កេត​នោះ សូម​ធ្វើ​ឡើង​ដោយ​តម្លាភាព​ជា​ជាង​ការ​ធ្វើ​តាម​បញ្ជា ហើយ​ជាពិសេស​ពិនិត្យ​មើល​ផល​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ។ លោក​ថា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នេះ គឺ​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស និង​យុត្តិធម៌​សង្គម​សម្រាប់​កម្ពុជា៖ «»។

​លោក ស៊ឹង សែនករុណា បន្ថែម​ថា ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​គឺ​ជា​រឿង​ចាស់ ព្រោះ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ផ្លាស់ប្តូរ​អ្នកដឹកនាំ​ពីរ​ជំនាន់​ទៅ​ហើយ។ ម្យ៉ាង​វិញ​ទៀត អង្គការ​មួយ​នេះ ក៏​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ ដែរ។

​ក្រោយ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល គួរ​មាន​ការ​ពិគ្រោះ​យោបល់ និង​សន្ទនា​ប្រកប​ដោយ​អត្ថន័យ ចៀសវាង​ការ​ចោទប្រកាន់​មិន​ត្រឹមត្រូវ។

​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​ខ្លួន​ថា ស្ថាប័ន​នេះ​មិន​ចូល​បក្ស​សម្ព័ន្ធ ហើយ​ប្រកាន់​គោលការណ៍​អព្យាក្រឹត ឯករាជ្យ និង​មិន​ស្ថិតនៅក្រោម​ឥទ្ធិពល​បក្ស​នយោបាយ​ណា​ទាំង​អស់ ហើយ​អ្វី​ដែល​មជ្ឈមណ្ឌល​មាន គឺ​ធ្វើ​កិច្ចការ​លើក​ស្ទួយ​សិទ្ធិមនុស្ស ការ​ផ្ដល់​អំណាច​ដល់​សហគមន៍​ជនបទ ដែល​រង​ផលប៉ះពាល់​ដោយ​វិវាទ​ដីធ្លី។ កិច្ចការ​ចម្បង​ដទៃ​ទៀត គឺ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥត​គិត​ថ្លៃ។ កិច្ច​គាំពារ​ទាំង​នេះ​ហើយ គឺ​ជា​ការ​រួម​ចំណែក​ដោយ​ផ្ទាល់ និង​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​របស់​ប្រទេស​កម្ពុជា។

​ចំណែកឯ​រដ្ឋាភិបាល​ប្រទេស​បារាំង តាម​រយៈ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបរទេស​បារាំង ក្នុង​ជំនួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​ដើម​សប្តាហ៍​នេះ ក៏​ចាត់​ទុក​ថា ប្រទេស​កម្ពុជា នឹង​បង្កើត​ឲ្យ​មាន​ការវិវត្តន៍​ជា​អវិជ្ជមាន ថ្មី​ពិសេស​មួយ​ទៀត ប្រសិនបើ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ត្រូវ​បាន​បិទទ្វារ​ដូច​ការ​ប៉ុនប៉ង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មែន​នោះ។  ប្រធាន​នាយកដ្ឋាន​អាស៊ី និង​អូសេអានី នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង លោក ធារី ម៉ាធូ (Thierry MATHOU) ទទូច​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ងាក​មក​គន្លង​នៃ​ប្រជាធិបតេយ្យ​វិញ ដោយ​មិន​ត្រូវ​រារាំង​សំឡេង​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី និង​អង្គការ​សង្គម​ស៊ីវិល​ដូច្នេះ​នោះ​ទេ។

​កាល​ពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា បណ្ដាញ​អង្គការ​សាកល​ដើម្បី​ការពារ និង​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ ហៅ​កាត់​ថា IFEX មាន​មូលដ្ឋាន​នៅ​ទីក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា ដែល​ជា​បណ្ដុំ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ១១៩​អង្គការ ធ្វើការ​ដើម្បី​លើក​កម្ពស់ និង​ការពារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ព័ត៌មាន​នៅ​ទូទាំង​ពិភពលោក ក៏​បាន​ថ្កោលទោស​លោក ហ៊ុន សែន យ៉ាង​ខ្លាំង​ដែរ។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​ដដែល​នេះ គូស​បញ្ជាក់​ថា ដោយសារ​តែ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ​នេះ រាល់​ចំណាត់ការ​នានា ប្រឆាំង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង នឹង​ត្រូវ​គេ​មើល​ឃើញ​ថា គឺ​គ្រាន់តែ​ជា​ផែនការ​ដ៏​ហ្មត់ចត់​មួយ​ដើម្បី​លុបបំបាត់​ចោល​ការងារ​តាម​ដាន និង​រាយការណ៍​អំពី​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ដើម្បី​បំបិទ​នូវ​សំឡេង​រិះគន់​ប្រឆាំង​នានា ចោល​តែម្ដង។

​រីឯ​នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) បាន​ថ្លែង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែ​បង្ហាញ​អំពី​ការ​ភ័យ​ខ្លាច​របស់​គាត់ មិន​ត្រឹមតែ​ចំពោះ​ការ​បោះ​ឆ្នោត​ដោយ​សេរី​នោះ​ទេ គឺ​លោក​ក៏​ភ័យខ្លាច​ចំពោះ​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​ការ​ចូលរួម​អង្គការ​សមាគម​ផង​ដែរ។

​អង្គការ IFEX និង យូមែន រ៉ៃត៍ វ៉ច្ឆ អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ រួម​ទាំង​អង្គការ​សហប្រជាជាតិ ក្រុម​អង្គការ​ដែល​ធ្វើការ​ពាក់ព័ន្ធ​វិស័យ​សិទ្ធិមនុស្ស ក្រុម​ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​ពាណិជ្ជកម្ម ជួយ​ការពារ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​ដូចជា​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ព្យាយាម​កម្ចាត់​ចោល​នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ភ​វរ្ម័ន

ពី បាវិត​ ស្វាយ​រៀង​

លោក​ហ៊ុនសែនមេបក្សប្រជាជនបានបញ្ជាក់​ច្បាស់​ជាថ្មីទៀតហើយថា អង្គការ​​សង្គម​ស៊ីវិល​ដែល​បាន​បង្កើត​ឡើង​ដោយ​អ្នក​នយោបាយ​ខ្មែរ​និង​ប្រជាជន​​ខ្មែរ ដែលប្រកាន់លិទ្ធិប្រជាធិបតេយ្យ ហើយ​បាន​សុំ​ជំនួយ​បទ​​ពិសោធន៍​ការងារបច្ចេកទេស និងសុំជំនួយឧបត្ថម្ភថវិកាពីបរទេស ប្រទេស​​សហគមន៍អន្ដរជាតិប្រជាធិបតេយ្យមកជួយអភិវឌ្ឍន មាតុ​ភូមិ​ខ្មែរ​​ត្រូវ​លោក​ហ៊ុនសែន​ចាត់ទុក​ជា​ពួក​ខ្មាំង​ប្រឆាំង​របប​លោក​ហ៊ុន​សែន​ទាំង​អស់! ក្រោម​ពាក្ស​ថា​បដិវត្តន៍​ពណ៌​ជា​ពាក្ស​ថ្មី​សម្រាប់​លោក​ហ៊ុន​សែន​​លាប​ពណ៌​​ប្រជាជន​ខ្មែរ​អ្នកនយោបាយ​ខ្មែរពេលនេះ​ លោក​ហ៊ុន​សែន​​​បញ្ជា​ឲ្យកំចាត់ចោលទាំងអស់!
យើង​សួរដូចឆោតថា តើរដ្ឋាភិបាលផ្ដល់ថវិកាឧបត្ថម្ភ អង្គការ​សង្គម​ស៊ីវិល​​ក្រៅរដ្ឋាភិបាលឬទេ? បើ​រដ្ឋាភិបាល​ឧបត្ថម្ភ​នោះវា​ជា​អង្គការ​ក្នុង​រដ្ឋាភិបាល​ យើង​មិន​ហៅ​ថា​អង្គការ​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​នោះ​ទេ! គួររំឭកថាបន្ទាប់ពីមានកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ២៣​តុលា​១៩៩១ បញ្ចប់សង្រ្គាមរ៉ាំរ៉ៃជាង២ទសវត្សរ៍ ប្រទេស​យើង​ត្រូវ​បាន​ប្រកាន់​យកលិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពេល​នោះ​ប្រទេស​ជា​សហគមន៍​លិទ្ធិ​ប្រជាធិប​តេយ្យ​បាន​ជួយ​ជ្រោម​ជ្រែង​បង្កើត​អង្គការ​ក្រៅ​រដ្ឋាភិបាលទាំងអស់ឡើងដើម្បីជួយស្ដារសេដ្ឋកិច្ចនិងអភិវឌ្ឍ វា​ជា​មធ្យោ​បាយ​ដ៏ល្អសម្រាប់ប្រជាជនខ្មែរសុំជំនួយបរទេសមកជួយជាតិ អភិវឌ្ឍ​​មាតុភូមិ ជួយសម្រាលជួយបំពេញការងារខ្វះចន្លោះរបស់ រដ្ឋា​ភិ​​បាល មិន​មាន​​គោល​ដៅ​ធ្វើ​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្អី​​គេ​នោះ​​ទាល់តែសោះ! របប​លិទ្ធិ​ប្រជាធិប​តេយ្យ​យើង​ផ្លាស់​ប្ដូរ​បក្ស​កាន់​​អំណាច​ ដឹកនាំប្រទេសដោយការបោះឆ្នោត មិន​មែន​បដិវត្តន៍​ពណ៌​!

Nov 29, 2017 09:44 PM

គេហទំព័រ​ទាំងមូល