ក្រសួងការបរទេសកម្ពុជាចេញថ្លែងការណ៍ កាលពីថ្ងៃទី១៨ កញ្ញា ចោទថា សេចក្តីថ្លែងការណ៍របស់មន្រ្តីអាមេរិក ធ្វើឡើងដោយយោងលើការវាយតម្លៃមិនត្រឹមត្រូវ អំពីអង្គហេតុ អង្គច្បាប់ និងស្ថានភាពពិតដែលកំពុងកើតមាននៅកម្ពុជា។
ក្រសួងការបរទេសកម្ពុជា ថាខ្លួនខកចិត្ត និង សោកស្ដាយ ដែលមន្រ្តីអាមេរិកទាំងនេះ ចេញសេចក្តីថ្លែងការណ៍ ដែលក្រសួងនេះ អះអាងថា មានចរិតបែបនយោបាយ ជុំវិញការចាប់ខ្លួនសកម្មជនជាច្រើននាក់ ក្នុងរយៈពេលជិតពីរខែចុងក្រោយនេះ។
មិនតែប៉ុណ្ណោះ ក្រសួងដដែលនេះ ចាត់ទុកមន្រ្តីអាមេរិកទាំងពីររូប ថាអនុវត្តស្តង់ដារពីរ ព្រោះក្នុងពេលតែមួយ គឺពួកគាត់អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងក្រុមយុវជនទាំងអស់ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ដោយមិនឆ្លងកាត់នីតិវិធីតុលាការ ដែលធ្វើនេះវាផ្ទុយទៅនឹងកិច្ចដំណើរការនីតិវិធីត្រឹមត្រូវតាមផ្លូវតុលាការផង ហើយស្រាប់តែពួកគាត់ បែរជាស្នើឲ្យមានការគោរពនីតិរដ្ឋឲ្យបានត្រឹមត្រូវទៅវិញ។
ប្រតិកម្មរបស់ក្រសួងការបរទេសកម្ពុជានេះ ធ្វើឡើងក្រោយឧបការីរងក្រសួងការបរទេសអាមេរិក ទទួលបន្ទុកផ្នែកប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិការងារ លោក រ៉ូប៊ើត ដេស្រ្តូ (Robert A. Destro) កាលពីថ្ងៃទី ១៤ ខែ កញ្ញា ថ្លែងតាមបណ្តាញសង្គមទ្វីតទ័រ ( Twitter) របស់លោក ដោយរម្លឹកកម្ពុជា ថាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងប្រមូលផ្តុំគ្នាតវ៉ាដោយសន្តិវិធី គឺមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
មន្រ្តីជាន់ខ្ពស់ការបរទេសអាមេរិករូបនេះ បញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក ស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងសកម្មជនទាំងអស់នោះ ឲ្យមានសេរីភាពវិញជាបន្ទាន់ និងគប្បីអនុញ្ញាតឲ្យពលរដ្ឋទាំងអស់ មានសិទ្ធិបញ្ចេញមតិ ដោយគ្មានការរឹតត្បិត ឬបង្ក្រាប។
មួយថ្ងៃបន្ទាប់មក គឺកាលពីថ្ងៃទី ១៥ ខែ កញ្ញា សមាជិកសភាអាមេរិកលោក អាឡែន ឡូវ៉ិនស្សល (Alan Lowenthal) បានថ្កោលទោសរបបលោក ហ៊ុន សែន ដែលបានចាប់យុវជនជាច្រើននាក់ ដាក់ពន្ធនាគារ។ លោក អាឡែន ឡូវ៉ិនស្សល ថារបបលោក ហ៊ុន សែន ធ្វើតាមតែអំពើចិត្ត ដោយបំពានច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ក្នុងការចាប់ខ្លួនយុវជនទាំងនោះ។
លោកបន្ថែមថា សកម្មភាពតស៊ូមតិ ឬតវ៉ាដោយសន្តិវិធី ឬរិះគន់រដ្ឋាភិបាល គឺជាការប្រើប្រាស់សិទ្ធិសេរីភាព និងសិទ្ធិបញ្ចេញមតិ ដែលជាសិទ្ធិមូលដ្ឋាន និងចាំបាច់សម្រាប់ដំណើរការប្រជាធិបតេយ្យត្រឹមត្រូវមួយ។ យុវជនដែលចូលរួមសកម្ម ក្នុងជីវភាពនយោបាយបែបនេះ គួរតែរបបលោក ហ៊ុន សែន លើកទឹកចិត្តពួកគាត់ មិនមែនចាប់ពួកគាត់ដាក់គុកនោះទេ។
លោកបន្តថា យុវជនទាំងនេះ គឺជាអនាគតរបស់កម្ពុជា ហើយលោកប្តេជ្ញានៅតែបន្តថ្កោលទោសរបបលោក ហ៊ុន សែន ដែលធ្វើបាបប្រជាពលរដ្ឋបែបនេះ។ លោកព្រមានថា ទង្វើរបស់របបនេះ នឹងរឹតតែធ្វើឲ្យកម្ពុជា ប្រឈមទណ្ឌកម្មបន្ថែម ពីសហគមន៍អន្តរជាតិ។
ប៉ុន្តែ ជាការឆ្លើយតប ក្រសួងការបរទេសកម្ពុជា អះអាងថាកម្ពុជាគោរពសិទ្ធិសេរីភាពប្រជាពលរដ្ឋ ក្នុងការបញ្ចេញមតិ និងសិទ្ធិជួបប្រជុំគ្នាតវ៉ាដោយសន្តិវិធី ដែលមានធានាក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ ក្រសួងអះអាងបន្ថែមថា សកម្មជនដែលត្រូវបានចាប់ខ្លួន គឺបានប្រើប្រាស់សិទ្ធិទាំងនេះ ហួសព្រំដែនកំណត់ដោយច្បាប់ ព្រោះក្រសួងចោទថា បានផ្សព្វផ្សាយព័ត៌មានឲ្យមានការស្អប់ខ្ពើម ការរើសអើងពូជសាសន៍ និងអំពើហិង្សាជាដើម។
ទោះបីជាក្រសួងការបរទេសកម្ពុជា អះអាងថាចំណាត់ការរបស់ខ្លួន ទៅលើការបង្ក្រាបក្រុមសកម្មជន ថាជាវិធានការត្រឹមត្រូវតាមច្បាប់ និងមិនរំលោភសិទ្ធិមនុស្សក៏ដោយ ក៏របបក្រុងភ្នំពេញរងការរិះគន់ជុំទិស ពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា និងការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាផង។
ជារឿយៗ រាល់ការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនៅកម្ពុជា តែងតែត្រូវបានរបបក្រុងភ្នំពេញ ចេញសេចក្តីថ្លែងការណ៍ ថាជាចំណាត់ការត្រឹមត្រូវ ដែលបង្ហាញថារបបនេះ ប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ប៉ុន្តែ សហគមន៍អន្តរជាតិ បន្តថ្កោលទោស និងដាក់ទណ្ឌកម្មរបបនេះជាហូរហែ។ ជាឧទាហរណ៍ សហភាពអឺរ៉ុប ទើបតែដកការអនុគ្រោះពន្ធ EBA ២០% ពីកម្ពុជា ក៏ដោយសារតែរកឃើញករណីរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ ដែលរបបក្រុងភ្នំពេញអះអាងថាខ្លួនមិនបានរំលោភនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។