មន្ត្រី​សិទ្ធិមនុស្ស​ខេត្ត​ព្រះវិហារ និង​មេធាវី ចោទ​មេ​ពន្ធនាគារ​ខេត្ត​នេះ​ថា រំលោភ​សិទ្ធិ​ជន​ជាប់​ចោទ

ដោយ វ៉ែន សុមេធ
2020-10-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រោងចក្រ​ផលិត​ស្ករស​របស់​ក្រុមហ៊ុន រូយ ហ្វេង ស្ថិត​នៅ​ភូមិ​ពោធិទាប ឃុំ​ម្លូព្រៃមួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦ RFA/Yang Chandara
រោងចក្រ​ផលិត​ស្ករស​របស់​ក្រុមហ៊ុន រូយ ហ្វេង ស្ថិត​នៅ​ភូមិ​ពោធិទាប ឃុំ​ម្លូព្រៃមួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ។ រូបថត​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៦ RFA/Yang Chandara
RFA/Yang Chandara

មន្ត្រី​សិទ្ធិមនុស្ស​ខេត្ត​ព្រះវិហារ និង​មេធាវី​របស់​សមាគម​អាដហុក (ADHOC) ចោទ​ប្រធាន​ពន្ធនាគារ​ខេត្ត​នេះ​ថា រំលោភ​វិជ្ជាជីវៈ​មេធាវី និង​បំពាន​សិទ្ធិ​ជន​ជាប់​ចោទ។ ការ​ចោទ​ប្រកាន់​នេះ ក្រោយពី ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះវិហារ លោក យន់ ម៉ានី មិន​អនុញ្ញាត​ឱ្យ​មេធាវី របស់​សមាគម​អាដហុក​មួយ​រូប ចូល​ចួប​ជន​ជាប់​ចោទ ក្នុង​សំណុំរឿង តុលាការ​ឃុំ​ខ្លួន​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ២នាក់។

មេធាវី​របស់​សមាគម​អាដហុក ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី ១៤ ខែតុលា​ថា ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះវិហារ លោក យន់ ម៉ានី បាន​អនុញ្ញាត​ឱ្យ​មេធាវី​តែ​ម្នាក់​ប៉ុណ្ណោះ ចូល​ចួប​ជន​ជាប់​ចោទ ២នាក់ ពាក់ព័ន្ធ​នឹង​ក្នុង​សំណុំរឿង ជម្លោះ​ដីធ្លី​រវាង​សហគមន៍​ភូមិ​បុស្ស និង​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន រូយ ហ្វេង (Rui Feng)

មេធាវី​ដែល​កាន់​សំណុំរឿង​នេះ លោក ហូ សំអុល ឱ្យ​ដឹង​ថា មេធាវី មាន​សិទ្ធិ​ការពារ​សិទ្ធិ​កូន​ក្ដី​តាម​អាណត្តិ​របស់​ខ្លួន ស្រប​តាម​វិជ្ជាជីវៈ​មេធាវី ហើយ​អាច​ចូល​ចួប​កូន​ក្តី​តាម​បែប​បទ​ស្នើសុំ ក៏​ប៉ុន្តែ​បែរ​ជា​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះវិហារ មិន​អនុញ្ញាត​ទៅ​វិញ។ លោក​ចាត់​ទុក​ទង្វើ​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​កូន​ក្ដី​របស់​លោក ប៉ះ​ពាល់​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី ហើយ​លោក​នឹង​ធ្វើ​ពាក្យ​បណ្ដឹង ទៅ​ក្រសួង​មហាផ្ទៃ ឱ្យ​ជួយ​អន្តរាគមន៍​ដោះ​ស្រាយ៖ «ខ្ញុំ​នឹង​រៀបចំ​ជា​ពាក្យ​បណ្ដឹង ឬ​មួយ​លិខិត​អន្តរាគមន៍​មួយ​ទៅ​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ការ​មិន​អនុញ្ញាត​ឱ្យ​ខ្ញុំ​ចូល​ចួប​កូន​ក្ដី​ហ្នឹង។ យើង​ក៏​មិន​ដឹង​ថា គាត់​មាន​មូលដ្ឋាន​អ្វី​ដែល​គាត់​មិន​ឱ្យ​ខ្ញុំ​ចួប​អត់​ទាន់​យល់​ពី​គាត់ ឬ​មួយ​គាត់​មិនទាន់​យល់​សិទ្ធិ​របស់​ជន​ជាប់​ចោទ ឬមួយ​វិជ្ជាជីវៈ​របស់​មេធាវី»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះវិហារ លោក យន់ ម៉ានី ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី១៤ តុលា។

កាល​ពី​ព្រឹក​ថ្ងៃ​ទី១៤ តុលា មេធាវី​ពីរ​រួប គឺ​លោក ហូ សំអុល និង លោក សេក សោភ័ណ រួម​ទាំង​មន្ត្រី​អាដហុក លោក ឡោ ចាន់ បាន​ធ្វើ​ដំណើរ​រួម​គ្នា​ទៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ដើម្បី​បំពេញ​បែបបទ ស្នើ​ឱ្យ​មេធាវី​ពីរ​រូប​នេះ ចូល​ជួប​ជន​ជាប់​ចោទ​ពីរ​នាក់ ជា​សហគមន៍​ដីធ្លី​រស់​នៅ​ភូមិ​បុស្ស ស្រុក​ឆែប ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ អះអាង​ថា ប្រធាន​ពន្ធនាគារ បាន​និយាយ​នៅ​ចំពោះ​មុខ​លោក​ថា គេ​អនុញ្ញាត​ឱ្យ​មេធាវី​តែ​ម្នាក់​ប៉ុណ្ណោះ ចូល​ជួប​ជន​ជាប់ចោទ ដោយសារ​ជា​សំណុំ​រឿង​តែ​មួយ។ លោក​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ជា​ហេតុផល​មិន​សម​ស្រប​តាម​ច្បាប់ បំពាន​វិជ្ជាជីវៈ​មេធាវី និង​រំលោភ​សិទ្ធិ​ជន​ជាប់​ចោទ៖ «ទោះបីជា​ជនជាប់ចោទ​ម្នាក់​ ​ឬមួយ​ពីរ​ទៅ​ ​បី​នាក់​ ​ក្នុង​សំណុំរឿង​តែមួយ​ក៏ដោយ​ ​គឺ​ជនជាប់ចោទ​មាន​សិទ្ធិ​ពឹង​ពាក់​មេធាវី​ ​បាន​ដល់ ៤ ទៅ​ ​១​០​ក៏បាន​ដែរ​។​ ​គ្មាន​ច្បាប់​ចែង​ថា​ ​ជនជាប់ចោទ​មួយ​ ​ពីរ​នាក់​ ​ក្នុង​សំណុំរឿង​តែមួយ​ ​ត្រូវតែ​ពឹង​ពាក់​មេធាវី​បានតែ​មួយ​ទេ»

កាល​ពី​ថ្ងៃ​ទី៧ ខែ​តុលា  តុលាការ​ខេត្ត​ព្រះវិហារ បាន​ឃុំខ្លួន​ សហគមន៍​មាន​ជម្លោះ​ដីធ្លី ២នាក់ ដោយ​ចោទ​ពី​បទ​គំរាម​កំហែង​យក​គ្រឿងចក្រ និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ រូយ ហ្វេង (Rui Feng)

ក្នុង​សំណុំរឿង​ដដែល​នេះ មាន​ពលរដ្ឋ ៥នាក់​ហើយ កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ហើយ​នៅ​ថ្ងៃ​ទី១៤ ខែតុលា ប្រជា​សហគមន៍​ភូមិ​បុស្ស ស្រុក​ឆែប​ជាង ១រយ​នាក់ បាន​លើក​គ្នា​មក​ឃ្លាំមើល​សមាជិក​សហគមន៍ ៣នាក់​ទៀត ដែល​ត្រូវ​មក​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ។ ក៏​ប៉ុន្តែ​មន្ត្រី​តុលាការ​បាន​ជូន​ដំណឹង​ថា ចៅក្រម​ស៊ើបសួរ​សម្រេច​លើក​ពេល​ឱ្យ​ពួក​គេ​ទាំង​បី​មក​ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃ​ទី២២ ខែ​តុលា​ខាង​មុខ​នេះ​វិញ។ ក្រុម​ពលរដ្ឋ​ក៏​បាន​សម្រេច​រំសាយ​គ្នា​ទៅ​គេហដ្ឋាន​រៀងៗ ខ្លួន​វិញ​ដែរ។

តំណាង​ពលរដ្ឋ លោក ផង នី ហួស​ចិត្ត​ចំពោះ​និតិវិធី​របស់​តុលាការ ដែល​សម្រេច​លើក​ពេល​កោះហៅ​សមាជិក​សហគមន៍ មក​ឆ្លើយ​បំភ្លឺ​នេះ។ លោក​ថា ក្រុម​ពលរដ្ឋ​រាប់​រយ​នាក់​នឹង​ត្រៀម​ខ្លួន​តវ៉ា​ទ្រង់ទ្រាយ​ធំ ទាមទារ​ឱ្យ​តុលាការ​ទម្លាប់​បទ​ចោទ​ប្រកាន់​ប្រឆាំង​ប្រជា​សហគមន៍​ទាំង ៥នាក់ ដែល​ពួក​គេ​ចាត់​ទុក​ថា ជា​រឿង​អយុត្តិធម៌៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល