ក្រុម​អង្គការ-សមាគម ៧៩ស្ថាប័ន ទាមទារ​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​ហិង្សា និង​ការ​ចាប់​ខ្លួន​អ្នក​​តវ៉ា​ដោយ​សន្តិវិធី

0:00 / 0:00

ក្រុម​អង្គការ-សមាគម​ សហជីព​ និង​សហគមន៍​ដីធ្លី​ចំនួន ៧៩ស្ថាប័ន ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ នៅ​ថ្ងៃ​ទី១៨ ខែសីហា ទាមទារ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា និង​ចាប់​ខ្លួន​អ្នក​តវ៉ា​ដោយ​សន្តិវិធី។ ការ​ទាមទារ​នេះ បន្ទាប់​ពី​អាជ្ញាធរ​រដ្ឋាភិបាល បាន​បង្កើន​ការ​បង្ក្រាប​ដោយ​ហិង្សា ​និង​ចាប់​ខ្លួន​អ្នក​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន និង​អ្នកទោស​នយោបាយ​ជា​បន្ត​បន្ទាប់។ រីឯ​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​អះអាង​ថា ការ​បង្ក្រាប និង​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ទាំង​នោះ គឺ​ជា​ការ​អនុវត្ត​ច្បាប់។

ក្រុម​អង្គការ-សមាគម និង​សហជីព​ សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ក្រុង ដែល​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ និង​ការ​ចាប់ខ្លួន​សកម្មជន​ជាង ១០នាក់ កាល​ពី​ពេល​ថ្មីៗ នេះ។ ពួក​គេ​ទទូច​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ ដោះ​លែង​អ្នក​ឃុំ​ក្នុង​ពន្ធនាគារ ដែល​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ធានា​ដោយ​រដ្ឋធម្មនុញ្ញ ព្រមទាំង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​អស់​ទៅ​លើ​ពួក​គាត់​ និង​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​តវ៉ា​ផ្សេងៗ ទៀត។

ក្រុម​សង្គម​ស៊ីវិល​ដែល​ចូល​​រួម​​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​នេះ មាន​ដូច​ជា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម​អាដហុក (ADHOC) អង្គការ​លីកាដូ (LICADHO) អង្គការ​សង់ត្រាល់ (CENTRAL) និង​បណ្តាញ​យុវជន​កម្ពុជា (CYN) ព្រម​ទាំង​សហជីព សមាគម និង​សហគមន៍​ដីធ្លី​តាម បណ្តា​ខេត្ត​ជាច្រើន​ផ្សេង​ទៀត។

ការ​ចេញ​សេចក្ដីថ្លែងការណ៍​រួម​នេះ បន្ទាប់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន អាជ្ញាធរ​បាន​បង្ក្រាប​បែប​ហិង្សា​ជា​បន្ត​បន្ទាប់​ទៅ​លើ​អ្នក​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​ប្រធាន​សហជីព លោក រ៉ុង ឈុន ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ​ កាល​ពីដើម​ខែសីហា ឆ្នាំ២០២០ នេះ។ គិត​មក​ដល់​ពេល​នេះ អ្នក​តស៊ូ​មតិ​ដោយ​អហិង្សា​ទាមទារ​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន មាន​ចំនួន ៦នាក់​ហើយ ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ក្នុង​នោះ​មាន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បី​នាក់ យុវជន​ខ្មែរ​ថាវរៈ​ពីរ​នាក់ និង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ ម្នាក់​ទៀត។ រីឯ​យុវជន​ខ្មែរ​ថាវរៈ​ចំនួន ៤នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឲ្យ​ចុះ​កិច្ច​សន្យា​ឈប់​ចូលរួម​តវ៉ា​ដោះ​លែង​លោក រ៉ុង ឈុន មុន​នឹង​ត្រូវ​ដោះ​លែង​ពួក​គេ​វិញ។ ជាមួយ​គ្នា​នោះ ព្រះសង្ឃ​ចំនួន ៨អង្គ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​បាត់ដំបង ដើម្បី​ចូលរួម​ការ​តវ៉ា ត្រូវ​បាន​នគរបាល​ហាមឃាត់​ និង​បង្ខំ​ឱ្យ​និមន្ត​ត្រឡប់​ទៅ​វត្ត​ដែល​ព្រះអង្គ​គង់​នៅ​វិញ ខណៈ​ដែល​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​អ្នកស្រី អ៊ុក ឆាយ៉ាវី ដែល​ជា​ដឹក​នាំ​តវ៉ា​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ទាញ​ម៉ូតូ​ផ្ដួល​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ។ លើស​ពី​នេះ សមត្ថកិច្ច និង​កង​សន្តិសុខ​រាជធានី​ភ្នំពេញ ​ក៏បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ប្រពន្ធ​កូន​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​វាយ​ទាត់​ធាក់ ​និង​ចាប់​អូស​កាត់​ផ្លូវ​ថ្នល់​ផង​ដែរ ខណៈ​ពួក​គេ​ភាគ​ច្រើន​ជា​ស្ត្រី កំពុង​តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​ប្ដី ​និង​ឪពុក​របស់​ពួកគេ​ជា​រៀង​រាល់​ថ្ងៃ​សុក្រ ចាប់​តាំង​ពី​ថ្ងៃ​ទី១៩ ខែមិថុនា​មក។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ ចាត់​ទុក​ថា ​ការ​អំពាវនាវ​ឱ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ពី​សំណាក់​សមាជិក​គ្រួសារ​ និង​សម្ដែង​មតិ​ជំទាស់​ទៅ​នឹង​ការ​ចាប់​ខ្លួន​មិត្តភ័ក្ដិ ឬ​អ្នក​ធ្វើ​ការងារ​ដើម្បី​សង្គម​ជាតិ​ គឺ​មិន​មែន​ជា​បទ​ល្មើស​នោះ​ទេ ​ហើយ​ការ​ឈរ​កៀក​ស្មា​គ្នា​ជាមួយ​មនុស្ស​នៅ​ក្នុង​សហគមន៍​​​ និង​ការ​ទាមទារ​រក​យុត្តិ​ធម៌​ ក៏​មិន​មែន​ជា​បទ​ល្មើស​ដែរ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ​សង្កត់​ធ្ងន់​ថា ​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​សិទ្ធិ​ក្នុង​ការ​តវ៉ា​ដោយ​អហិង្សា​ ដែល​មិន​គួរ​ត្រូវ​ប្រឈម​ជាមួយ​នឹង​ការ​រុញ​ច្រាន​ ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា ​ឬ​អូសទាញ​ពីសំណាក់​នគរបាល​ទេ។

ឆ្លើយតប​នឹង​ករណី​នេះ ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ​ម៉ាលីន លើក​ឡើង​ថា ការ​បង្ក្រាប​ និង​ការ​ចាប់ខ្លួន​អ្នក​តវ៉ា​មួយ​ចំនួន ​គឺ​ជា​ការ​អនុវត្ត​ច្បាប់​ ហើយ​លោក​ចាត់ទុកថា ​សេចក្ដី​ថ្លែង​ការណ៍ ​រួម​របស់​ក្រុម​សង្គម​ស៊ីវិល​នេះ ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត និង​មិន​អាច​យក​ជា​ការ​បានទេ។ ​លោក ជិន ម៉ាលីន បន្ត​ចោទ​ប្រកាន់​ថា ​សកម្មភាព​តវ៉ា​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន ​និង​ដោះ​លែង​អ្នកទោស នយោបាយ​កន្លង​មក​ គឺ​ជា​ការ​បំពាន​ច្បាប់ និង​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម ដោយ​សំអាង​ថា មិន​បាន​ជូនដំណឹង​ទៅ​អាជ្ញាធរ ​ដាក់​សម្ពាធ​ទៅ​លើ​ស្ថាប័ន​តុលាការ​ និង​បំពាន​បម្រាម​របស់​ក្រសួង​សុខាភិបាល​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩៖ « មួយ​ក្រុម​ដែល​គាំទ្រ​សកម្មភាព​ខុស​ច្បាប់​នោះ​មើល​ឃើញ​មួយ​បែប​ទៅ ហើយ​មួយ​ក្រុម​ទៀត​មើល​ឃើញ​សកម្មភាព​ស្រប​ច្បាប់ និង​វិធានការ​របស់​សមត្ថកិច្ច ឃើញ​ផ្សេង​ទៅ​វិញ។ ដូច្នេះ​សមត្ថកិច្ច​នៅ​តែ​បន្ត​វិធានការ​ច្បាប់​នេះ​យ៉ាង​ម៉ឺងម៉ាត់​ត​ទៅ​ទៀត ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​នូវ​សកម្មភាព ដែល​បង្ក​ភាព​ចលាចល​ដល់​សង្គម »

ការ​លើក​ឡើង​ដដែលៗ របស់​លោក ជិន ម៉ាលីន ដោយ​មិន​បាន​និយាយ​យោង​ទៅ​លើ​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី និង​រដ្ឋធម្មនុញ្ញ​ដែល​បើក​សិទ្ធិ​ឱ្យ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​បាន​ដោយ​សន្តិវិធី​នោះ ត្រូវ​បាន​អ្នក​សង្កេតការណ៍​យល់​ថា ជា​ការ​និយាយ​ឱ្យ​តែ​រួច​ពី​មាត់ និង​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​រើសអើង ឬ​មាន​ស្តង់ដារ​ពីរ។

ប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក អ៊ុល វ៉ាន់ មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​មន្ត្រី​រដ្ឋាភិបាល គឺ​មាន​ចរិត​នយោបាយ ​ជា​ការ​លាប​ពណ៌​ និង​ជា​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់ ការចូលរួម​ឈឺ​ឆ្អាល​រឿង​សង្គម​ជាតិ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន ​និង​ផ្ទុយ​ពី​ស្មារតី​នៃ​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី ព្រមទាំង​គោល​ការណ៍​សិទ្ធិមនុស្ស៖ « រដ្ឋាភិបាល ក៏​ត្រូវ​មាន​កាតព្វកិច្ច​ជួយ​ការពារ​នូវ​សុវត្ថិភាព​ប្រជាពលរដ្ឋ ជា​អ្នក​ហ៊ាន​បញ្ចេញ​មតិ​ជា​អ្នក​ចូលរួម​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា សង្គម ក៏​ដូច​ចូលរួម​បញ្ចេញ​មតិ​យោបល់​លើ​បញ្ហា ដែល​កើត​មាន​ឡើង​ជាក់ស្ដែង។ លើស​ពី​នេះ រដ្ឋ គួរ​តែ​ធានា​ឲ្យ​មាន​បរិយាកាស​ល្អ បរិយាកាស​អំណោយ​ផល​ប្រកប​ដោយ​សុវត្ថិភាព សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ជា​ពិសេស យុវជន​យើង​ដែល​ជា​អ្នក​ឈឺ​ឆ្អាល​ស្រឡាញ់​សង្គម ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​អាច​អនុវត្ត​នូវ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​ត្រូវ​បាន​ធានា ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ »

កាល​ពី​សប្ដាហ៍​មុន ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស (OHCHR) ប្រចាំ​នៅ​កម្ពុជា ​និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​អាជ្ញាធរ​កម្ពុជា ដែល​បាន​ប្រើប្រាស់​កម្លាំង​បង្ក្រាប​ហួស​ប្រមាណ ទប់ទល់​នឹង​ក្រុម​បាតុករ​ដែល​ភាគ​ច្រើន​ជា​ស្ត្រី និង​យុវជន បើ​ទោះ​បី​ជា​ការ​ជួបជុំ​តវ៉ា​របស់​ពួក​គេ ធ្វើ​ឡើង​ដោយ​សន្តិវិធី​ក៏​ដោយ។

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ នៅ​តែ​សង្ឃឹម​ថា ​តុលាការ​នឹង​អាច​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​ទៅលើ​ពួក​គេ​ឱ្យ​បាន​ឆាប់​ និង​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​​គោរព​សិទ្ធិ​​បញ្ចេញមតិ ​និង​សិទ្ធិ​ក្នុង​ការ​ជួបជុំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​បាន​ពេញ​លេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។