
អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកដំបូង ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែកញ្ញា។
សេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ ឲ្យដឹងថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នឹងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងសមាជិកជាន់ខ្ពស់របស់រដ្ឋាភិបាលមួយចំនួនទៀត។ ក្រៅពីនោះ អ្នកស្រីក៏គ្រោងជួបជាមួយមន្ត្រីសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាននានា ព្រមទាំងក្រុមអង្គការសហប្រជាជាតិប្រចាំប្រទេស និងសហគមន៍ម្ចាស់ជំនួយផងដែរ។ ជំនួបនេះ មានបំណងសន្ទនាក្នុងន័យស្ថាបនាជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការបន្តលើកស្ទួយ និងការពារសិទ្ធិមនុស្សនៅកម្ពុជា គឺធ្វើការងារលើកស្ទួយសិទ្ធិមនុស្សបន្តពី លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អតីតអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលផុតអាណត្តិនោះ។
កាលពីខែមីនា ឆ្នាំ២០១៥ ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានតែងតាំងឲ្យ អ្នកស្រី រ៉ូណា ស្មីត ជាអ្នកធ្វើសេចក្ដីរាយការណ៍ និងផ្ដល់ប្រឹក្សាយោបល់ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អ្នកស្រី រ៉ូណា ស្មីត បច្ចុប្បន្នមានវ័យ ៤៥ឆ្នាំ បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកច្បាប់សិទ្ធិមនុស្សអន្តរជាតិ នៅសាកលវិទ្យាល័យស្រ្តាតខ្លៃដ៏ (Strathclyde University) នាទីក្រុងគ្លាសហ្គោ (Glasgow) ប្រទេសស្កុតឡែនដ៏ (Scotland) ចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៩៦។ អ្នកស្រីក៏ជាសាស្ត្រាចារ្យផ្នែកច្បាប់សិទ្ធិមនុស្សអន្តរជាតិ នៅសាកលវិទ្យាល័យណតសាំប្រៀ (Northumbria) ចក្រភពអង់គ្លេស ផងដែរ។
ថ្ងៃបញ្ចប់បេសកកម្មនៅថ្ងៃទី២៤ ខែកញ្ញា អ្នកស្រីនឹងធ្វើសន្និសីទកាសែតមួយនៅការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។