អង្គការលើកលែងទោសអន្តរជាតិ Amnesty Internationalថា សារព្រមានរបស់ លោក ហ៊ុន សែន ចំពោះស្ត្រីដែលស្លៀកសំលៀកបំពាក់ស៊ិចស៊ីផ្សព្វផ្សាយពាណិជ្ជកម្មលក់ផលិតផលនានាលើបណ្ដាញសង្គម គឺជាការមិនទទួលខុសត្រូវ និងជារឿងប្រកបដោយគ្រោះថ្នាក់។
កាលពីថ្ងៃទី១៧ កុម្ភៈ ថ្លែងក្នុងកិច្ចប្រជុំ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» លោក ហ៊ុន សែន បានបញ្ជាឱ្យសមត្ថកិច្ច ចាត់វិធានការ និងប្លុករាល់ការផ្សព្វផ្សាយ Live ការលក់ផលិតផលតាមអនឡាញរបស់ស្ត្រី ដែលលោកថា «បង្ហាញភាពស៊ិចស៊ីជ្រុលហួសហេតុ» ធ្វើឱ្យប៉ះពាល់ខ្លាំងដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ។
ពីរថ្ងៃក្រោយការព្រមាន និងបញ្ជារបស់លោក ហ៊ុន សែន នេះ នៅថ្ងៃទី១៩ កុម្ភៈ ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះវីដេអូសុំទោសរបស់ស្ត្រីប្រើប្រាស់បណ្ដាញសង្គមម្នាក់ឈ្មោះ វ៉ាន់ រចនា ហៅ ថៃ ស្រីនាង ដោយសារតែនាងធ្លាប់ផុសរូបភាព និងវីដេអូលក់សំលៀកបំពាក់បែបស៊ិចស៊ី តាមបណ្ដាសង្គមហ្វេសប៊ុក។ អង្គការលើកលែងទោសអន្តរជាតិថា ការបង្ហោះវីដេអូសុំទោសនេះ ទំនងជាត្រូវបានធ្វើឡើង ដោយ «ការបង្ខិតបង្ខំ»។
លោកវរសេនីយ៍ទោ សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានបញ្ជាក់អោយដឹងថា ថៃ ស្រីនាង ដែលតែងតែផុសរូបភាព និងវីដេអូខ្លីប លក់សម្លៀកបំពាក់ សិចសុីជ្រុលហួសហេតុ ដែលធ្វេីអោយប៉ះពាល់យ៉ាងខ្លាំងដល់ទំនៀមទំលាប់ប្រពៃណី និងកិត្តិយសរបស់ស្រ្តីខ្មែរ ត្រូវបាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីធ្វេីការអប់រំ ណែនាំ និងធ្វេីកិច្ចសន្យា ហេីយ ថៃ ស្រីនាង ក៏បានថតវីដេអូដេីម្បីធ្វេីការសុំទោសជាសាធារណ:ផងដែរ ។
Posted by ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ on Tuesday, February 18, 2020
នាយកប្រចាំតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៃអង្គការលើកលែងទោសអន្តរជាតិ លោក នីកូឡា បេខឺលីន (Nicholas Bequelin) ថ្លែងក្នុងសេចក្តីថ្លែងការណ៍ផ្សាយថ្ងៃទី១៩ ខែកុម្ភៈ ថា វោហារសព្ទរបស់លោក ហ៊ុន សែន បែបនេះ រឹតតែជាការបង្កឱ្យបន្តកើតមានអំពើហិង្សាប្រឆាំងនឹងស្ត្រី និងបង្កស្លាកស្នាមទុរយសដល់ជនរងគ្រោះពីអំពើហិង្សាដោយសារយេនឌ័រ។
នាយកប្រចាំតំបន់របស់អង្គការអន្តរជាតិដដែលនេះ ថា បទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យតាមដានអ្នកប្រើប្រាស់ជាស្ត្រីតាមបណ្ដាញសង្គម និង “អប់រំស្ត្រី” បែបនេះ តំណាងឱ្យការអនុវត្តការឈ្លបយកការណ៍របស់រដ្ឋ ដើម្បីជំរុញរបៀបវារៈបែបរើសអើង និងបុរសនិយម។ លោកស្នើឱ្យក្រុមហ៊ុន ហ្វេសប៊ុក ត្រូវតែបដិសេធ មិនសហការជាមួយសំណើរើសអើងណាមួយ ពីសំណាក់អាជ្ញាធរកម្ពុជា ដើម្បីប្លុកគណនីរបស់ស្ត្រីទាំងនោះ។នាយកប្រចាំតំបន់របស់អង្គការអន្តរជាតិដដែលនេះ ថា «ការអប់រំ“ សីលធម៌ បែបបង្ខិតបង្ខំទៅលើស្ត្រីដោយប៉ូលិសបែបនេះ មានលក្ខណៈជាការបំពារបំពាន។ លោកថា គ្មានស្ត្រីណាម្នាក់ ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ណាមួយឡើយ ហើយប៉ូលិសហាក់ដូចជាធ្វើសកម្មភាព ដោយផ្អែកលើហេតុផលផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន។
អង្គការលើកលែងទោសអន្តរជាតិ ថា ការវិវឌ្ឍន៍ចុងក្រោយនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់ពីស្ថានភាពធ្ងន់ធ្ងរនៃការរំលោភសេរីភាពនៃបញ្ចេញមតិនៅកម្ពុជា ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរកម្ពុជាបានបង្កើនយុទ្ធនាការឈ្លបយកការណ៍តាមអ៊ីនធឺណិត កាន់តែខ្លាំងឡើងៗ ប្រឆាំងនឹងក្រុមអ្នកការពារសិទ្ធិមនុស្ស និងក្រុមអ្នកគាំទ្រគណបក្សប្រឆាំង ដោយសារការបង្ហោះ និងការទំនាក់ទំនងតាមហ្វេសប៊ុករបស់ពួកគេ។ មន្ត្រីរដ្ឋាភិបាលកម្ពុជាមិនទាន់ឆ្លើយតបនឹងសេចក្ដីថ្លែងការណ៍អង្គការសិទ្ធិមនុស្ស Amnesty International នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។