ប៉ូលិស​​បញ្ជូន​សមាជិក​ក្រុមការងារ ១០០រាត្រី​ម្នាក់​លោក មួង សុភ័ក្រ ទៅ​សាកសួរ​នៅ​តុលាការ​ភ្នំពេញ​រឿង​ចូល​រួម​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ

0:00 / 0:00

ប៉ូលិស​បាន​បញ្ជូន​សមាជិក​ក្រុម​ការងារ ១០០រាត្រី​ម្នាក់ គឺ​លោក​ មួង សុភ័ក្រ ទៅ​​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី១១ កញ្ញា ​ពាក់ព័ន្ធ​នឹង​​​ការ​ចូល​រួម​តវ៉ា​ឱ្យ​មាន​យុត្តិធម៌​សង្គម​​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ដើម​សប្ដាហ៍​នេះ។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​គំរាមកំហែង​​ធ្ងន់ធ្ងរ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ។

​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ លោក សាន សុខ​សីហា ប្រាប់​អាស៊ី​សេរី​​ថា​ អាជ្ញាធរ​បាន​ចាប់​ខ្លួន​យុវជន ​មួង សុភ័ក្រ តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​ទី១០ ​កញ្ញា។ ​លោក​បញ្ជាក់​ថា តុលាការ​បាន​ចោទ​ប្រកាន់​យុវជន​រូប​នេះ​ ពី​បទ​ញុះញង់​​​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​​​សង្គម​ ក៏​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា​​លោក មួង សុភ័ក្រ​ បាន​ធ្វើ​សកម្មភាព​អ្វី​នោះ​ទេ៖ «យើង​ជា​ធម្មតា​​ យើង​អនុវត្ត​តាម​ដីកា​ អីចឹង​ពេល​ចាប់​គាត់​ភ្លាម​យើង​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ »

ប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ដែល​ជា​បង​ប្រុស​យុវជន មួង សុភ័គ្រ ​ថ្លែង​ថា ការ​ចាប់​ខ្លួន​នេះ​ អាជ្ញាធរ​​ធ្វើ​ឡើង​ដោយ​លួចលាក់​ និង​​ពុំ​បាន​ជូន​ដំណឹង​ដល់​​សាច់ញាតិ​​បាន​ដឹង​នោះ​ឡើយ។លោក​ឱ្យ​ដឹង​ថា លោក​ មួង​ សុភ័ក្រ​ បាន​​បាត់​ខ្លួន​នៅ​ម្ដុំ​សាលា​បឋមសិក្សា​សុធារស ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ នៅ​ពេល​ប្អូន​ប្រុស​របស់​លោក​រូប​នេះ​​បាន​យក​ម៉ូតូ​ទៅ​ឲ្យ​ប្អូន​ប្រុស​របស់​លោក មាន​ ព្រហ្ម​មុនី ​សកម្មជន​ព្រំដែន ដែល​តុលាការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​កាល​ពីពេល​ថ្មីៗនេះ។ លោក​បញ្ជាក់​ថា រហូត​មក​ដល់​​រសៀល​ថ្ងៃ​ទី១១ កញ្ញា​ សមត្ថកិច្ច​មិន​ទាន់​ជូន​ដំណឹង​ដល់​សាច់ញាតិ​នៅ​ឡើយ​ទេ ជុំវិញ​ការ​ចាប់​ខ្លួន​ប្អូន​ប្រុស​របស់​លោក​នេះ។ លោក​បន្ថែម​​ថា ប្អូន​របស់​លោក​មិន​បាន​ប្រព្រឹត្តិ​ខុស​ច្បាប់​អ្វី​ឡើយ​ ហើយ​​លោក ចាត់​ទុក​រឿង​នេះ​ថា ​ជា​ការ​​ធ្វើ​ទុក្ខបុកម្នេញ​​ដល់​ក្រុម​យុវជន​ដែល​ឈឺឆ្អាល​ការងារ​សង្គម​ ដើម្បី​កុំ​ឱ្យ​​យុវជន​តវ៉ា​​​ទាមទារ​​ឱ្យ​មាន​យុត្តិធម៌​សង្គម​ទៅ​ថ្ងៃ​ក្រោយ​ទៀត៖ «អា​ហ្នឹង​វា​ឆ្លុះបញ្ចាំង​អំពី​ចេតនា​របស់​រដ្ឋាភិបាល​ដែល​គាត់​មាន​ការ​បារម្ភ​ ហើយ​ខ្ញុំ​គិត​ថា​បារម្ភ​ពេក​អីចឹង​​ក៏​មិន​ល្អ​ដែរ​ ព្រោះ​ប្រទេស​យើង​កាន់​​លទ្ធិ​ប្រជាធិបតេយ្យ​​សេរី ពហុបក្ស​។ ម្យ៉ាង​យុវជន​ដែល​គាត់​តស៊ូ មតិ​ហ្នឹង​ក៏​គាត់​ស្រលាញ់​ជាតិ​ស្រលាញ់​ទឹក​ដី​ អ្នក​ធ្វើ​ការ​ក៏​ដើម្បី​​​ជាតិ​ដែរ​។ខ្ញុំ​គិត​រដ្ឋាភិបាល​គួរតែ​យោគយល់​ឬ​ក៏​ការពារ​លើក​ទឹក​ចិត្ត​អី​វិញ​ល្អ​ជាង​ ព្រោះ​យើង​ស្រលាញ់​អី​ទាំង​អស់​គ្នា »

យុវជន មួង សុភ័គ្រ មាន​អាយុ ២៤ឆ្នាំ។ លោក​ជា​យុវជន​ដែល​ចូលរួម​តវ៉ា​យ៉ាង​សកម្ម​ជាមួយ​ក្រុម​យុវជន និង​ពលរដ្ឋ​ទាមទារ​យុត្តិធម៌​សង្គម ជា​បន្តបន្ទាប់​។ ​កាល​ពី​ថ្ងៃ​ទី៧ កញ្ញា យុវជន​រូប​នេះ​​បាន​ចូល​រួម​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ និង​បាន​ធ្វើ​ដំណើរ​​ជា​មួយ​ក្រុម​យុវជន និង​ ប្រជាពលរដ្ឋ​​ប្រមាណ ៤០នាក់​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក ដើម្បី​ឱ្យ​ស្ថាន​ទូត​ជួយ​អន្តរាគមន៍​​ដោះលែង​អ្នក​ទោស​មនសិការ​ដែល​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ពេល​ថ្មីៗនេះ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​ចូល​រួម​សម្ដែង​មតិ​​​របស់​យុវជន​រូប​នេះ ​ជា​សិទ្ធិ​សេរីភាព​​របស់​ពលរដ្ឋ​​ស្របតាម​រដ្ឋធម្មនុញ្ញ គឺ​ពុំ​មែន​ជា​ការ​ខុស​ច្បាប់​ឡើយ។ លោក​​សំណូម​ពរ​ឱ្យ​អាជ្ញាធរ​​បញ្ឈប់​ការ​​ចាប់​មនុស្ស​​ដាក់​គុក​តាម​អំពើ​ចិត្ត​បន្ត​ទៀត ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​​ប្រើប្រាស់​សេរីភាព​ចូល​រួម​សម្ដែង​មតិ​​​​ឱ្យ​បាន​ពេញលេញ​ឡើង​វិញ៖ «អីចឹង​យើង​ទទូច​ស្នើ​ម្ដង​ហើយ​ម្ដង​ទៀត​ សុំ​ឱ្យ​រដ្ឋាភិបាល​ហ្នឹង​ពិចារណា​ដោះលែង ឬ​ក៏​ទម្លាក់​រាល់​បទ​ចោទ​ប្រកាន់​ទាំង​អស់​​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​ថ្មីៗ នេះ ហើយ​ងាក​ទៅ​រក​ការ​ដោះស្រាយ​បញ្ហា​ជាតិ​បញ្ហា​ដីធ្លី​ បញ្ហា​​ភាព​ក្រីក្រ​ និង​បញ្ហា​យុត្តិធម៌​នៅ​ក្នុង​សង្គម​ហ្នឹង​ឱ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ​បាទ »

ក្រៅ​ពី​យុវជន មួង សុភ័ក្រ នៅ​មាន​​សកម្មជន​​​សង្គម​ចំនួន​ ៧នាក់​ទៀត​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​នៅ​ក្នុង​សប្ដាហ៍​នេះ​ដែរ ក្នុង​នោះ​រួម​មាន ​ព្រះសង្ឃ​ខ្មែរ​ថាវរៈ​ ព្រះ​តេជ​គុណ​ កើត សារាយ អនុប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​លោក​ មាន ​ព្រហ្ម​មុនី លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ​ ហៅ សូ មេត្តា និង​ យុវជន​ ថុន រដ្ឋា ជា​ដើម។ តុលាការ​បាន​ចោទ​ប្រកាន់​ព្រះសង្ឃ​ និង​ក្រុម​យុវជន​ទាំង​នេះ​ ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ឬ​ញុះញង់​​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​​ដល់​សន្តិសុខ​សង្គម។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ផង អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន ដោះលែង​ក្រុម​សកម្មជន​ទាំងនេះ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ជាពិសេស​គឺ​បញ្ឈប់​ការ​បង្ក្រាប​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ជួប​ជុំ​ដោយ​សន្តិវិធី និង​ការ​ចង​ក្រង​ជា​សមាគម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។