ឪពុកជនរងគ្រោះ និងអ្នកការពារសិទ្ធិមនុស្សរំពឹងថាតុលាការក្នុងខេត្តបន្ទាយមានជ័យនឹងផ្ដល់យុត្តិធម៌ពិតប្រាកដក្នុងសំណុំរឿង មន្រ្តីនគរបាលក្នុងសង្កាត់និមិត្តបាញ់បុរសមានវ័យ២២ម្នាក់ អោយរបួសធ្ងន់។ ការលើកឡើងនេះបន្ទាប់ពីអាជ្ញាធរក្នុងខេត្តបន្ទាយមានជ័យបានឃាត់ខ្លួននាយរងប៉ុស្ដិ៍នគរបាលនិមិត្ត លោក ឫទ្ធី ពិសិដ្ឋ និងបញ្ចូនទៅតុលាការកាលពីរសៀលថ្ងៃទី៣១ ខែសីហា។
ឪពុករបស់ជនរងគ្រោះគឺលោក នួន វ័រ ប្រាប់អាស៊ីសេរីថា លោកចង់អោយអាជ្ញាធរពាក់ព័ន្ធដាក់ទោសទណ្ឌមន្រ្តីនគរបាល ដែលបានបាញ់កូនប្រុសលោកអោយរបួសធ្ងន់នោះអោយសក្ដិសមនឹងទង្វើដែលមន្រ្តីរូបនោះបានធ្វើលើពលរដ្ឋស្លូតត្រង់ ដែលគ្មានអាវុធនៅក្នុងដៃ។
លោក នួន វ័រ បន្តថាលោកបានបដិសេធការរចរចារសម្របសម្រួលបញ្ចប់រឿងក្ដីនេះ ដ្បិតលោកចង់បានយុត្តិធម៌ពិតប្រាកដ។ បើទោះជាយ៉ាងណាលោកនឹងដាក់បណ្ដឹងទាមទារសំណងក្នុងរឿងក្ដីនេះ៖ «ខ្ញុំសុំអោយច្បាប់ដោះស្រាយកុំអោយលោកហ្នុងមានតំណែងតទៅមុខ។ សូមកុំអោយរួចទោសអោយសោះ អោយច្បាប់ធ្វើតាមច្បាប់ទៅ លោកហ្នឹងសាហាវណាស់ បាញ់សម្លាប់មនុស្ស ដែលគ្នាគ្មានទោសកំហុសអីទាំងអស់។»
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំនៅខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ប្រាប់អាស៊ីសេរីថានាយរងប៉ិស្ដិ៍នគរបាលសង្កាត់និមិត្ត លោក ឫទ្ធី ពិសិដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការកាលពីល្ងាចថ្ងៃទី៣១ ខែសីហា។ តែលោកថានៅមិនទាន់ដឹងច្បាស់ពីចំណាត់ការរបស់អាជ្ញាធរពាក់ព័ន្ធនៅក្នុងករណីនេះនៅឡើយទេគឺដឹងត្រឹមថា លោក ឫទ្ធី ពិសិដ្ឋ ត្រូវបានបញ្ជូនទៅសាកសួរ ហើយក៏ត្រូវបញ្ជូនទៅស្នងការនគរបាលខេត្តវិញ។ លោកថាបើតាមព័ត៌មានពីអាជ្ញាធរ ការសាកសួរ លោក ឫទ្ធី ពិសិដ្ឋ នឹងបន្តនៅតុលាការខេត្តនៅព្រឹកថ្ងៃទី១ ខែកញ្ញានេះ។
នាយរងប៉ុស្តិ៍នគរបាលសង្កាត់និមិត្ត លោក ឫទ្ធី ពិសិដ្ឋ ត្រូវចោទប្រកាន់ថា បានបាញ់បុរស ឈ្មោះ នាង មករា ដែលគ្មានអាវុធក្នុងដៃអោយរបួសធ្ងន់គឺធ្លុះពីខ្នងចេញទៅក្រោមក្លៀកស្ដាំ កាលពីយប់ថ្ងៃទី២៧ ខែសីហា។ ឪពុករបស់ជនរងគ្រោះប្រាប់អាស៊ីសេរីដោយអះអាងថា នៅថ្ងៃកើតហេតុកូនរបស់លោកបានជិះម៉ូតូតាមផ្លូវនៅសង្កាត់និមិត្តជាមួយមិត្តភក្ដិ ហើយមន្ត្រីប៉ូលិសបានឃាត់ម៉ូតូរបស់មិត្តភក្ដិកូនរបស់លោក។ នៅពេលនោះកូនរបស់លោកធ្វើដំណើរទៅហួសហើយក៏ប៉ុន្តែបានត្រឡប់មកវិញ ហើយបានសួរមន្ត្រីប៉ូលិសថា មានរឿងអ្វីបានជាឃាត់ម៉ូតូមិត្រភក្ដិខ្លួនក៏ស្រាប់តែមន្ត្រីប៉ូលិសឈ្មោះ លោក ឫទ្ធី ពិសិដ្ឋ បានដកកាំភ្លើងខ្លីបាញ់ចំពីក្រោយខ្នងកូនរបស់លោកធ្លាយពោះតែម្ដង។
មន្ត្រីសិទ្ធិមនុស្សចាត់ទុករឿងនេះថា ជាអំពើមនុស្សឃាតដោយចេតនា ដែលជនល្មើសត្រូវតែបាននាំទៅផ្ដន្ទាទោសតាមច្បាប់។
លោក ស៊ុំ ច័ន្ទគា ដែលសាទរការឃាត់ខ្លួននេះថាលោករំពឹងដែរថាតុលាការនឹងផ្ដល់យុត្តិធម៌ ដល់អ្នករងគ្រោះបន្ទាប់ពីព្រះរាជអាជ្ញាបានចាត់វិធានការទាន់ពេលវេលាក្នុងសំណុំរឿងនេះ។ លោកថាលោកមិនបោះបង់ទេគឺនឹងបន្តតាមដានរឿងនេះ ដើម្បីធានាថាអាជ្ញាធរនឹងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ៖ «យើងសង្ឃឹមថាតុលាការនៅខេត្តបន្ទាយមានជ័យក៏ជាតុលាការគំរូមួយដែរ បើសិនគាត់មានការលម្អៀង ដោយអគតិធម៌ទាំង៤ណាមួយនឹងធ្វើអោយគាត់ហ្នឹងបាត់បង់នូវការជឿជាក់ពីប្រជាពលរដ្ឋ។ ពេលកន្លងមកគេតែងតែរិះគន់តុលាការថាអយុត្តិធម៌ តុលាការស៊ីលុយ តុលាការពុករលួយ ប៉ុន្តែយើងសង្ឃឹមថាតុលាការគំរូ ក្រោយពីការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នៅខេត្តបន្ទាយមានជ័យសង្ឃឹមថានឹងបានយុត្តិធម៌ ហើយនឹងរឿងក្ដីទាំងឡាយនៅក្នុងខេត្តបន្ទាយមានជ័យ គឺអ្នកប្រព្រឹត្តល្មើសទាំងអស់ហ្នឹងនឹងត្រូវទទួលខុសត្រូវតាមច្បាប់។»
អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបពីតំណាងតុលាការខេត្តបន្ទាយមានជ័យនៅឡើយទេកាលពីយប់ថ្ងៃទី៣១ ខែសីហា ជុំវិញការស្នើអោយតុលាការដំណើការរឿងក្ដី ដោយយុត្តិធម៌នេះ។
ក្នុងក្រមព្រហ្មទណ្ឌមាត្រា១៩៩ចែងថាអំពើមនុស្សឃាតដោយចេតនាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០ឆ្នាំទៅ១៥ឆ្នាំ។
មន្ត្រីសិទ្ធិមនុស្ស លោក ស៊ុំ ច័ន្ទគា ឱ្យដឹងថានៅក្នុងឆ្នាំ២០២០ យ៉ាងហោចណាស់មាន២ករណីហើយដែលប៉ូលិសនៅក្នុងខេត្តបន្ទាយមានជ័យបាញ់ពលរដ្ឋឱ្យរងរបួស និងស្លាប់។ កាលពីដើមឆ្នាំ២០២០ មានពលរដ្ឋម្នាក់នៅក្រុងប៉ោយប៉ែតត្រូវបានប៉ូលិសក្រុងនេះបាញ់ស្លាប់ក្នុងរឿងជម្លោះផ្ទាល់ខ្លួនទាំងកណ្ដាលយប់ និងចុងក្រោយកើតឡើងនៅសង្កាត់និមិត្តនេះ។ លោកអះអាងថាករណីនេះអាជ្ញាធរមិនទាន់ចាប់ជនដៃដល់មកផ្ដន្ទាទោសបាននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។