អាជ្ញាធរពន្ធនាគារមិន អនុញ្ញាតឲ្យសាច់ញាតិចូលសួរសុខទុក្ខកញ្ញា សូ មេត្តា ទេ នៅថ្ងៃទី១០ កញ្ញា ដោយសារកញ្ញាកំពុងជាប់ធ្វើចត្តាឡឺស័ក រយៈពេល ១៤ថ្ងៃសិន។
ប្អូនស្រី សូ មេត្តា គឺកញ្ញា អេង វ៉ាន់ឌី ឲ្យដឹងថា អាជ្ញាធរមិនបានអនុញ្ញាតឱ្យកញ្ញាចូលជួបបងស្រីទេ ប៉ុន្តែបានអនុញ្ញាតឲ្យទិញម្ហូបអាហារពីម៉ាត (Mart) ក្នុងបរិវេណពន្ធនាគារ និងអាចផ្ញើលុយឲ្យកញ្ញា សូ មេត្តា បាន។ កញ្ញាសោកស្ដាយ ដែលមិនបានជួបសួរសុខទុក្ខបងស្រី ប៉ុន្តែកញ្ញា នឹងដាក់ពាក្យស្នើសុំជួបម្ដងទៀត នៅចុងខែកញ្ញានេះ គឺរយៈពេល ១៤ថ្ងៃក្រោយ៖ « សោកស្ដាយដែល បងខ្លួនឯង ជាប់ពន្ធនាគារហើយ មិនបានសួរសុខទុក្ខ និងមិនដឹងស្ថានភាពគាត់យ៉ាងម្ដេច ?»។
នគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនកញ្ញា សូ មេត្តា កាលពីល្ងាចថ្ងៃទី៧ កញ្ញា នៅខណ្ឌច្បារអំពៅ ហើយបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ពីបទញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម។ ការចាប់ខ្លួននេះ ក្រោយពេលកញ្ញា សូ មេត្តា និងយុវជនដទៃទៀត ព្យាយាមប្រមូលផ្ដុំគ្នាតវ៉ាសម្ដែងមតិ នៅទីលានប្រជាធិបតេយ្យថ្មី នៅខណ្ឌឫស្សីកែវ។ ប៉ុន្តែគម្រោងនេះបានបរាជ័យ ដោយសារការរារាំងពីអាជ្ញាធរ។ គិតពីចុងខែកក្កដា រហូតដល់ថ្ងៃទី៩ កញ្ញា របបលោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជន អ្នកនយោបាយ និងយុវជនដាក់ពន្ធនាគារចំនួន ១៦នាក់ហើយ ស្របពេលមន្ត្រីបក្សសង្គ្រោះជាតិម្នាក់ ត្រូវតុលាការខេត្តកំពតកាត់ទោសឱ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទរួមគំនិតក្បត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។