តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​រាយការណ៍​ករណី​ធ្វើ​ទុក្ខបុកម្នេញ​កញ្ញា រ៉ូហ៊្សេត ប្រាប់​អ.ស.ប

ដោយ មាន ឫទ្ធិ
2018-02-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពីថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពីថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៣​រូប បាន​សរសេរ​លិខិត​រាយការណ៍​ទៅ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ (អ.ស.ប) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដោយ​សម្ដែង​ពី​ការ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ករណី​ធ្វើ​ទុក្ខបុកម្នេញ និង​យាយី​ផ្នែក​នយោបាយ​ជា​បន្តបន្ទាប់​មក​លើ​ចៅសង្កាត់​អូរចារ ខេត្ត​បាត់ដំបង គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត។

ក្នុង​លិខិត​មួយ​ច្បាប់​ដែល​មាន​ប្រើ​ក្បាល​លិខិត​តំណាង​រដ្ឋសភា​ជាតិ ចុះ​ថ្ងៃ​ទី​១២ កុម្ភៈ និង​ចុះ​ហត្ថលេខា​ដោយ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៣​រូប ផ្ញើ​ទៅ​កាន់​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ លោក យូជី អ៊ីវ៉ាសាវា (Yuji Iwasawa) ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នោះ បាន​រៀបរាប់​អំពី​ករណី​ធ្វើ​ទុក្ខបុកម្នេញ និង​តាម​រំខាន​យាយី​ផ្នែក​នយោបាយ​ជា​បន្តបន្ទាប់​មក​លើ​ចៅសង្កាត់​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ពី​សំណាក់​ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច។ លិខិត​គូស​បញ្ជាក់​ដោយ​សរសេរ​ចំៗ​ឈ្មោះ​ថា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក ឈាង វុន បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ថា កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត កំពុង​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ប្រើប្រាស់​ទីតាំង​ហាង​លក់​នំ​បញ្ចុក​របស់​កញ្ញា​ជា​ទីតាំង​គាំទ្រ​ចលនា​ឧទ្ទាម។

​តំណាងរាស្ត្រ​ទាំង ១៣​រូប​នោះ​ស្នើ​ទៅ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ឲ្យ​លើក​អំពី​ក្តី​បារម្ភ​ទាំង​នេះ​ប្រាប់​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ជាតិ និង​ស្នើ​ឲ្យ​ប្រធាន​រដ្ឋ​សភា​រូប​នេះ​ត្រូវ​ធ្វើ​យ៉ាង​ណា​ធានា​សុវត្ថិភាព​របស់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត ក៏​ដូចជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឯទៀតៗ ដែល​កំពុង​តែ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា។ ជាមួយ​គ្នា​នេះ​ដែរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១៣​រូប​នោះ ក៏​ស្នើ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដដែល ប្រាប់​ទៅ​លោក ហេង សំរិន ឲ្យ​បង្គាប់​ទៅ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ទាំង​អស់ ជៀសវាង​នូវ​ការ​ប្រើប្រាស់​យុទ្ធវិធី​បំភិតបំភ័យ​មក​លើ​មន្ត្រី​គណបក្ស​ប្រឆាំង​ត​ទៅ​ទៀត។

​នៅ​ចុង​បញ្ចប់​នៃ​ខ្លឹមសារ​នៃ​លិខិត​ដដែល​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១៣​រូប បាន​ស្នើ​ឲ្យ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ធានា​ថា បញ្ហា​នៃ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​ទាំង​អស់​នេះ ត្រូវ​បាន​​លើក​យក​មក​ធ្វើការ​ពិចារណា​យ៉ាង​ដិតដល់​នៅ​ក្នុង​ការ​ធ្វើ​របាយការណ៍​ណា​មួយ និង​ការ​ត្រួត​ពិនិត្យ​មើល​អំពី​ស្ថានភាព​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ពេល​អនាគត​ពី​សំណាក់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល