អ្នករាយការណ៍ពិសេស អ.ស.ប ស្ដីពី​សិទ្ធិមនុស្ស​បារម្ភ​ជាថ្មីទៀត​ពីការរឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្ស​នៅកម្ពុជា​បារម្ភ​ពី​ការរឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​ការជួបជុំតវ៉ា ព្រមទាំង​ស្នើអោយ​រដ្ឋាភិបាល​ធ្វើវិសោធនកម្ម​ច្បាប់សំខាន់ៗពាក់ព័ន្ធ​នឹងសិទ្ធិសេរីភាពនេះ ដែលរួមមាន​ក្រមព្រហ្មទណ្ឌ ច្បាប់​ស្ដីពី​សមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសេចក្ដីព្រាងច្បាប់ថ្មី​ស្ដីពី​សណ្ដាប់ធ្នាប់សាធារណៈ ​ជាដើម។

សេចក្ដីប្រកាសព័ត៌មាន​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ថ្ងៃទី២៥ ខែសីហាម្សិលម៉ិញ​អោយដឹងថា​អ្នកស្រី រ៉ូណា ស្មីត​(Rhona Smith) បានជួបប្រជុំ​តាមប្រព័ន្ធវីដេអូ ជាមួយប្រធាន​គៈណកម្មាធិការនេះ​លោក កែវ រ៉េមី។

អ្នករាយការណ៍ពិសេស​រូបនេះ​បាន​លើកឡើង​នូវអនុសាសន៍​ក្នុង​ការទប់ស្កាត់​ព័ត៌មាន​មិនពិត និងក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​ជំងឺកូវីដ-១៩ ការរៀបចំ​វិសោធនកម្ម ឬកែប្រែច្បាប់​មួយចំនួន ដោយមាន​ការចូលរួម​ពីភាគីពាក់ព័ន្ធ និងស្របតាម​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ។ ច្បាប់ទាំងនោះ​រួមមាន ក្រមព្រហ្មទណ្ឌ ច្បាប់ស្ដីពី​សមាគម និង​អង្គការ​មិនមែនរដ្ឋាភិបាល សេចក្ដីព្រាង​ច្បាប់ស្ដីពី​សណ្ដាប់ធ្នាប់​សាធារណៈ និង​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការបង្កើត​ស្ថាប័ន​សិទ្ធិមនុស្សជាតិ​ជាដើម។

ជាមួយគ្នានេះ​អ្នកស្រី​បារម្ភពីការរឹតត្បិត​សិទ្ធិសេរីភាពបញ្ចេញមតិ និងការជួបជុំតវ៉ា និងការកើនឡើង​នៃការឃុំខ្លួន​បណ្ដោះអាសន្ន និងភាព​ចង្អៀតណែន​ក្នុង​ពន្ធនាគារ​ស្របពេលមាន​ការរីករាលដាល​នៃជំងឺកូវីដ-១៩។ តែយ៉ាងណាអ្នកស្រី​ថាមិនគាំទ្រ​ចំពោះ​ការជួបជុំ​បញ្ចេញមតិ​ដែលបំពានច្បាប់ បំពាន​សិទ្ធិសេរីភាព​អ្នកដទៃ បង្កអោយមាន​ការរើសអើង​ពូជសាសន៍ អំពើហិង្សា និងភាពចលាចល​ប៉ះពាល់​ដល់សណ្ដាប់ធ្នាប់​សាធារណៈ និង​សន្តិសុខសង្គម។

ឆ្លើយតបនឹង​បញ្ហានេះ​តំណាងរដ្ឋាភិបាល​បញ្ជាក់​ថា​នឹង​ពិចារណា​លើអ្វីដែល​អ្នកស្រី​បាន​លើក​ឡើងនេះ និង​បន្តកិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ទៀត ដើម្បី​ធ្វើអោយ​ស្ថានភាព​សិទ្ធិមនុស្ស​នៅកម្ពុជា​កាន់តែ​ល្អប្រសើឡើង។

កិច្ចប្រជុំរ​វាងអ្នករាយការណ៍ពិសេស​អង្គការសហប្រជាជាតិ ជាមួយប្រធានគណៈកម្មាធិការ​សិទ្ធិមនុស្ស​នៅពេលនេះ​ជាការពិនិត្យមើល​ស្ថានភាព​សិទ្ធិមនុស្ស និង​ចំណុច​ពាក់ព័ន្ធ​មួយចំនួន​នៅមុនពេល​អ្នកស្រី រ៉ូណា ស្មីត ឡើង​ថ្លែងការណ៍​ពី​របាយការណ៍​សិទ្ធិមនុស្សនៅកម្ពុជា​របស់​អ្នកស្រី​នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អន្តរជាតិ នៅក្នុង​ខែតុលា​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។