អង្គការ​សហប្រជាជាតិ ទាមទារ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បង្ហាញ​ព័ត៌មាន​អំពី​ការ​ស៊ើបអង្កេត​ករណី​ចាប់​ពង្រាត់​សកម្មជន​នយោបាយ​អាវ​ក្រហម​ថៃ

0:00 / 0:00

ស្ថាប័ន​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​​ការ​ស៊ើបអង្កេត​មិន​ពេញ​លេញ​នៃ​ករណី​បាត់​ខ្លួន​ដោយ​បង្ខំ​សកម្មជន​នយោបាយ​អាវ​ក្រហម​ថៃ​​ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធិ (Wanchalerm Satsaksit) នៅ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ដើម​ខែមិថុនា កន្លង​ទៅ។ ក្រុម​ស្ថាប័ន​ជំនាញ​ទាំង​នេះ លើកឡើង​ថា​ ការ​ស៊ើប​អង្កេត​មិន​ពេញ​លេញ​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​នេះ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដល់​សុវត្ថិភាព ​និង​ជោគ​វាសនា​របស់​សកម្មជន​នយោបាយ​អាវ​ក្រហម​ថៃ​រូប​នេះ។

ការ​បារម្ភ​នេះ ​ធ្វើ​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ជា​លើក​ទី២ របស់​ក្រុម​ស្ថាប័ន​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អ.ស.ប. ដែល​បាន​ផ្ញើ​ជូន​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា និង​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ នៅ​​ថ្ងៃ​ទី​១៤ កញ្ញា។ ក្រុម​អ្នក​ជំនាញ​ស្ដីពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​របស់​អង្គការ​សហប្រជាជាតិ ​លើក​ឡើង​ក្នុង​លិខិត​ថា ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ម៉ត់ចត់ និង​ឥត​លម្អៀង ហើយ ​ ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ផ្តល់​ព័ត៌មាន​លំអិត ឬ​ការ​វិវត្ត​នៃ​ការ​ស៊ើបអង្កេត​នោះ ដើម្បី​ធានា​ថា សកម្មជន​អាវ​ក្រហម​ថៃ​ លោក វ៉ាន់ឆាឡឺម សាត​ស័ក្តិសិទ្ធិ (Wanchalerm Satsaksit) នៅ​កន្លែង​ណា និង​បង្ហាញ​ថា​​​ ជនល្មើស​​កំពុង​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ និង​កំពុង​ស្វែង​រក​ចាប់​ខ្លួន។

លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ មាន​វ័យ ៣៧ឆ្នាំ ត្រូវ​បាន​ជន​​ប្រដាប់​អាវុធ​មួយ​ក្រុម​ចាប់​ពង្រត់ កាល​ពី​ថ្ងៃ​ទី៤ មិថុនា ក្នុង​ពេល​ដែល​លោក​កំពុង​ដើរ​តាម​ផ្លូវ​ទៅ​ទិញ​ម្ហូប​អាហារ នៅ​មុខ​កន្លែង​ស្នាក់​នៅ​របស់​លោក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ អ្នក​រិះគន់​រដ្ឋាភិបាល​ថៃ​រូប​នេះ បាន​រត់​គេច​ចេញ​ពី​ប្រទេស​កំណើត​របស់​ខ្លួន បន្ទាប់​ពី​រដ្ឋប្រហារ​យោធា ឆ្នាំ ២០១៤ និង​បាន​រស់នៅ​និរទេស​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​នៅ​តែ​បន្ត​រិះគន់​រដ្ឋាភិបាល​ថៃ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​គាត់។

ក្រុម​ជំនាញ​សិទ្ធិមនុស្ស ​បាន​រៀបរាប់​ក្នុង​លិខិត​ទី២ ថា ពួក​គេ​បាន​ទំនាក់ទំនង​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​អំពី​ការ​បាត់​ខ្លួន​របស់​លោក​ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ កាល​ពី​ថ្ងៃ​ទី១២ មិថុនា ហើយ​បាន​ទទួល​ការ​ឆ្លើយ​តប​ត្រឡប់​វិញ​នៅ​ថ្ងៃ​ទី​ ១៩​ មិថុនា ​ឆ្នាំ​២០២០ ដែល​នៅ​ពេល​នោះ​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ លោក​ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ បាន​ចូល​មក​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១៩ តុលា​២០១៥​ ហើយ​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​កម្ពុជា​ដល់​ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៧។ រដ្ឋាភិបាល​បាន​បញ្ជាក់​​បន្ថែម​ថា លោក​ វ៉ាន់ឆាឡឺម មិន​បាន​បន្ត​ទិដ្ឋាការ​ស្នាក់​នៅ​កម្ពុជា​ជា​ថ្មី​នោះ​ទេ​ហើយ​អះអាង​ថា​រដ្ឋា​ភិបាល​កម្ពុជា​មិន​បាន​ដឹង​អំពី​ការ​ចាប់​ពង្រត់​នេះ​ទេ ​ហើយ​ប្រាប់​ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​រឿង​នេះ។

ស្ថាប័ន​ជំនាញ​សិទ្ធិ​មនុស្ស​របស់​ អ.ស.ប ស្វាគមន៍​ដែល​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ធ្វើ​ការ​ ស៊ើបអង្កេត​ករណី​បាត់​ខ្លួន​ របស់​លោក​ វ៉ាន់ឆាឡឺម​ ប៉ុន្តែ​ជាង ១ខែ​ទៅ​ហើយ​ដែល​មិន​មាន​ដំណឹង​អំពី​ដំណើរ​ការ​នៃ​ការ​ស៊ើបអង្កេត​ ឬ​ការ​កំណត់​អត្តសញ្ញាណ​ជនល្មើស​ ដើម្បី​ធានា​អំពី​ជោគវាសនា​ ឬ​ទីតាំង​របស់​លោក​ វ៉ាន់ឆាឡឺម​ យ៉ាង​ណា​នោះ​នៅ​ឡើយ​ទេ។

អាស៊ី​សេរី​​បាន​​ព្យាយាម​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក កុយ គួង និង​អ្នក​នាំ​ស្នង​ការ​នគរបាល​ លោក ​ឆាយ គឹមខឿន ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម និង​ព័ត៌មាន​ចុងក្រោយ​ជុំវិញ​ដំណើរ​វិវត្ត​នៃ​ការ​ស៊ើបអង្កេត​ក្នុង​ករណី​នេះ ​នៅ​​ថ្ងៃ​ទី១៥ ខែកញ្ញា ប៉ុន្តែ​លោក មិន​ទទួល​ទូរស័ព្ទ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា ឆាយ គឹមខឿន បាន​ប្រាប់ ខេមបូចា (CamboJa) ថា ប៉ូលិស​កម្ពុជា​កំពុង​ស៊ើប​អង្កេត​ករណី បាត់​ខ្លួន​សកម្មជន​អាវ​ក្រហម​ថៃ​រូប​នេះ ព្រោះ​ជា​កាតព្វកិច្ច​របស់​ប៉ូលិស ប៉ុន្តែ​លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​គ្មាន​តម្រុយ ឬ​ព័ត៌មាន​អ្វី ដែល​ត្រូវ​ជម្រាប​ជូន​ខាង​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​នោះ​ទេ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់ ខេមបូចា ថា សមត្ថកិច្ច​កម្ពុជា មិន​ទាន់​រក​ឃើញ​លោក វ៉ាន់ឆាឡឺម នោះ​ទេ ហើយ​ប្រសិន​បើ​អ្នក​ណា​មាន​ភស្តុតាង​នោះ ជួយ​ផ្តល់​ជូន​ក្រសួង​មហាផ្ទៃ។ បន្ថែម​ពី​នេះ លោក ខៀវ សុភ័គ មិន​ស្វាគមន៍​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ពិសេស​មួយ ដើម្បី​ស៊ើប​អង្កេត​រឿង​នេះ​ឡើយ។

ស្ថាប័ន​សិទ្ធិ​មនុស្ស​បាន​រៀបរាប់​ថា ​លោក​ វ៉ាន់ឆាឡឺម​ បាន​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​ក្រោយ​ឆ្នាំ២០១៧​ហើយ​បាន​ត្រឡប់​ទៅ​កម្ពុជា​វិញ​នៅ​ពេល​បន្ទាប់។ ស្ថាប័ន​នេះ​អះអាង មាន​មនុស្ស​ជា​ច្រើន​បាន​ឃើញ​លោក​ វ៉ាន់ឆាឡឺម​ នៅ​ថ្ងៃ​ទី៣ មិថុនា​ ឆ្នាំ២០២០ ហើយ​ក៏​មាន​សាក្សី​ជា​ច្រើន​អំពី​ការ​ចាប់​ពង្រត់​រូប​លោក​ នៅ​ថ្ងៃ​ទី៤ មិថុនា ឆ្នាំ២០២០ ផង​ដែរ។

ស្ថាប័ន​ជំនាញ​ទាំង​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ចាត់​វិធាន​ការ​ចាំ​បាច់ ដើម្បី​ស្វែង​រក​ទីតាំង​របស់​លោក វ៉ាន់ឆាឡឺម ហើយ​នឹង​ធ្វើ​ការ​ការ​ពារ​គាត់​ឲ្យ​ទាន់​ពេល ស្រប​តាម​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ផ្តល់​សច្ចាប័ន​កាល​ពី​ថ្ងៃ​ទី២៧ ខែ​មិថុនា ឆ្នាំ២០១៣។

ស្ថាប័ន​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ បញ្ជាក់​ថា គ្រួសារ​របស់​លោក វ៉ាន់ឆាឡឺម​ មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពិត និង​លំអិត​អំពី​ការ​ស៊ើបអង្កេត និង​ជោគ​វាសនា​របស់​លោក​ថា ពេល​នេះ​លោក​នៅ​កន្លែង​ណា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។