មន្ត្រីសង្គមស៊ីវិលនិងពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តព្រះសីហនុរំពឹងថា អាជ្ញាធរខេត្តនេះនឹងដោះស្រាយបញ្ហាដីធ្លីដោយគោរពសិទ្ធិមនុស្ស អហិង្សានិងប្រុងប្រយ័ត្នជាងមុន។ ក្តីសង្ឃឹមនេះ ក្រោយមន្ត្រីឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចុះទៅអង្កេតករណីជម្លោះដីធ្លីនៅក្នុងខេត្តនេះ។
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋមានបញ្ហាដីធ្លីនៅខេត្តព្រះសីហនុឱ្យដឹងថា មន្ត្រីឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាចំនួន ៥រូប បានចុះជួបតំណាងពលរដ្ឋមានបញ្ហាដីធ្លីនិងមន្ត្រីសង្គមស៊ីវិលក្នុងខេត្តនេះដើម្បីប្រមូលព័ត៌មានពីករណីជម្លោះដីធ្លី និងវិធានការរបស់អាជ្ញាធរក្នុងការដោះស្រាយក្នុងតំបន់នីមួយៗក្នុងខេត្តព្រះសីហនុ។
ប្រធានសហគមន៍សេអ៊ី៥ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក ស៊ុន សុផាត ដែលបានជួបមន្ត្រីឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សឱ្យអាស៊ីសេរីដឹងថា មន្ត្រីទាំងនោះចង់ដឹងថា ករណីអាជ្ញាធរបណ្ដេញពលរដ្ឋចេញពីលំនៅឋានក្នុងខេត្តនេះ ការផ្តល់ដីធ្លី ឬសំណងដល់ពលរដ្ឋដែរទេ? លោកបន្តថា ក្នុងពេលមន្ត្រីយូអ៊ិនសាកសួរលោក និងសាកសួរពលរដ្ឋផ្សេងទៀតក៏មានការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីសមត្ថកិច្ចមូលដ្ឋានដែរ៖ «ខាងយូនអ៊ិនគេសួរថា តើដេញប្រជាពលរដ្ឋមានសំណងអីឱ្យប្រជាពលរដ្ឋឬក៏រដ្ឋត្រូវមានកាតព្វកិច្ចអី រកទីតាំងណាមួយសម្រាប់ពលរដ្ឋដែលក្រីក្រ គេសួរព័ត៌មានទាំងអស់ហ្នឹង»។
ពលរដ្ឋរូបនេះឱ្យដឹងទៀតថា មន្ត្រីឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានមកសាកសួរព័ត៌មានពីលោកកាលពីដើមខែកុម្ភៈ។ លោក ស៊ុន សុផាត យល់ថា នៅមន្ត្រីយូអ៊ិនស្វែងយល់ពីជម្លោះដីធ្លីនៅក្នុងខេត្ត នឹងអាចធ្វើឱ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីដោយមានការគោរពសិទ្ធិមនុស្សជាងមុន។
ដូចគ្នានេះដែរ អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ឱ្យដឹងដែរថា មន្ត្រីឧត្ដមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិបានទៅសួរនាំពលរដ្ឋមួយចំនួនក្នុងខេត្តនេះ ដែលទទួលបានដីសម្បទានសង្គមកិច្ចពីអាជ្ញាធរខេត្ត ។ អ្នកស្រីបន្តថា មន្ត្រីយូអ៊ិនក៏បានស្នើជួបពលរដ្ឋដែលត្រូវអាជ្ញាធរចាប់ខ្លួនក្នុងករណីជម្លោះដីធ្លីដែរ ប៉ុន្តែមន្ត្រីពន្ធនាគារក្នុងខេត្តមិនអនុញ្ញាតឱ្យចូលជួបនោះទេ៖ «ខាងពន្ធនាគារអត់ឱ្យចូលទេ ថ្ងៃហ្នឹងខ្ញុំបានទៅជាមួយពួកគាត់ ( មន្ត្រីយូអ៊ិន ) គេថាដោយសារមានបញ្ហាកូរ៉ូណា»។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ឱ្យអាស៊ីសេរីដឹងថ្ងៃទី១៥ ខែកុម្ភៈថា លោកមិនទាន់ទទួលបានព័ត៌មានទាក់ទង និងមន្ត្រីឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចុះទៅអង្កេតករណីជម្លោះដីធ្លីនៅក្នុងខេត្តនេះនៅឡើយទេ។ ទោះយ៉ាងនេះក្ដីលោកអះអាងថា អាជ្ញាធរខេត្តស្វាគមន៍គ្រប់ភាគីទាំងអស់ដែលចុះមកសង្កេតនៅក្នុងខេត្តនេះ។ មន្ត្រីអ្នកនាំពាក្យដដែលថ្លែងការពារចំណាត់ការសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានៅក្នុងខេត្តនេះ ថាគឺអនុវត្តតាមច្បាប់ត្រឹមត្រូវ៖ «ការអនុវត្តការងារគឺយើងធ្វើតាមច្បាប់ទាំងអស់ អត់មានការរំលោភសិទ្ធិ អត់មានការគំរាមកំហែង តែក្នុងករណីនេះបងប្អូនប្រជាពលរដ្ឋចូលមកចាប់ដីកម្មសិទ្ធិឯកជន ឬក៏ដីសាធារណៈរបស់រដ្ឋគឺរដ្ឋបាលខេត្តនឹងអនុវត្តច្បាប់ដូចគ្នាអ៊ីចឹង»។
ប៉ុន្តែ មន្ត្រីសមាគមអាដហុក អ្នកស្រី ជៀប សុធារី លើកឡើងថា នៅរយៈពេលចុងក្រោយនេះ អាជ្ញាធរខេត្តព្រះសីហនុបានប្រើវិធានការក្តៅបណ្ដេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំដោយចោទប្រកាន់ថា ពួកគេចូលរស់នៅលើដីរដ្ឋនិងការមានការចាប់ខ្លួនពលរដ្ឋជាច្រើននាក់បញ្ជូនទៅតុលាការថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។