ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន​ទាំងអស់​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ

ដោយ មាន ឫទ្ធិ
2020-09-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាពយុវជន និង​ព្រះសង្ឃ ដែលត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួនជាបន្តបន្ទាប់។
រូបភាពយុវជន និង​ព្រះសង្ឃ ដែលត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួនជាបន្តបន្ទាប់។
រូបភាពពីហ្វេសប៊ុក

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​បរិស្ថាន​ទាំងអស់​​ដែល​ត្រូវ​អាជ្ញាធរ​ចាប់ និង​ឃុំខ្លួន​ដោយសារតែ​អនុវត្ត​សិទ្ធិ​របស់​ពួកគេ ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការបំភិត​បំភ័យ​មក​លើ​តួអង្គ​សង្គម​ស៊ីវិល និង​អំពាវនាវ​ឲ្យ​កងកម្លាំង​សន្តិសុខ បញ្ឈប់​ការប្រើប្រាស់​កម្លាំង​ដោយ​មិន​ចាំបាច់ និង​ជ្រុល​ហួសហេតុ​ពេក​ទៅលើ​ក្រុម​អ្នកតវ៉ា​ដោយ​សន្តិវិធី។

ការអំពាវនាវ​ទាំងនេះ ធ្វើឡើង​នៅ​ក្នុង​កំណត់​សង្ខេប​ព័ត៌មាន​ស្តី​ពី​កម្ពុជា ផ្សាយ​នៅ​ថ្ងៃទី១១ កញ្ញា ដោយ​អ្នកនាំពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ប្រចាំ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស អ្នកស្រី រ៉ាវីណា ស្សាមដាសានី (Ravina Shamdasani)។

អ្នកនាំពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​រូបនេះ សង្កត់ធ្ងន់​ថា ស្ថានភាព​បច្ចុប្បន្ន​នៅ​កម្ពុជា ស្តែង​ឲ្យ​ឃើញ​នូវ​ការមិន​អត់​អោន​របស់​រដ្ឋាភិបាល​ចំពោះ​ពលរដ្ឋ​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពីខ្លួន និង​ពី​ការគាប​សង្កត់​ទៅលើ​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ ការជួប​ប្រជុំ​ដោយ​សន្តិវិធី និង​ការចងក្រង​សមាគម។ អ្នកស្រី​បន្ត​ថា ទង្វើ​របស់​រដ្ឋាភិបាល សំដៅ​ជា​ចម្បង​ទៅដល់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ក្រុម​អ្នកការពារ​បរិស្ថាន និង​សិទ្ធិ​មនុស្ស។

ចាប់តាំង​ពី​ថ្ងៃទី៣១ ខែកក្កដា បន្ទាប់​ពី​អាជ្ញាធរ​ប្រមាណ ៣០​នាក់ បាន​ចាប់​ខ្លួន​មេ​សហជីព​ដ៏​ល្បី​ឈ្មោះ លោក រ៉ុង ឈុន រួចមក ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បាន​កត់ត្រា​នូវ​ករណី​ចាប់ខ្លួន​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សរុប​ចំនួន២៤នាក់ ក្នុងនោះ ៨​នាក់ ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ក្នុង​ខែកញ្ញា។ ក្នុងចំណោម​ពលរដ្ឋ​ដែល​ត្រូវ​ចាប់​ខ្លួននោះ មនុស្ស ១៣​នាក់​ត្រូវ​អាជ្ញាធរ​ដោះលែង​មកវិញ ក្រោយ​ពី​ពួកគេ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដោយ​បង្ខិតបង្ខំ​ឲ្យ​បញ្ឈប់​សកម្មភាព​សិទ្ធិមនុស្ស​របស់​ពួកគេ។ បើ​តាម​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដដែល បច្ចុប្បន្ន​មនុស្ស​១២​នាក់​កំពុង​ជាប់ឃុំ ក្នុងនោះ​រួមទាំង​ស្ត្រី​ម្នាក់​ដែល​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ក្រោយ​ពី​ស្ត្រី​រូបនោះ​បាន​ចាកចេញ​ពី​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី០៧ កញ្ញា។

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដដែល កត់សម្គាល់​ថា មន្ត្រី​របស់​ខ្លួន​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ការប្រើប្រាស់​កម្លាំង​មិន​ចាំបាច់ និង​ជ្រុល​ហួសហេតុ​របស់​កងកម្លាំង​សន្តិសុខ​ប្រឆាំង​នឹង​ក្រុម​អ្នកតវ៉ា​ជា​ស្ត្រី​ យ៉ាងតិច​ចំនួន ៥លើក​ផ្សេងគ្នា ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។

គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ តំណាង​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេសស្វីស នៅ​មិនទាន់​មាន​ប្រតិកម្ម​ណាមួយ​នៅឡើយ​ទេ ជុំវិញ​ការអំពាវនាវ​ទាំងនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

ខ្មែរថ្នាក់កណ្តាល

"ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ" :D:D:D
ចង់និយាយថាបើមានលក្ខខណ្ឌចរចាគេមែន កមិនដឹងគេលែងអត់ផង ព្រោះថាវាស្រាលប៉ផ្លើកពេកទៅណា! គ្មានទំងន់អីតិចផងហ្នឹង៕ UN ត្រូវគេមើលស្រាលព្រោះវាស្រាល - ម្យ៉ាងវាគ្រាន់តែជាឧបករណ៍នយោបាយរបស់ប្រទេសមហាអំណាចតែប៉ុណ្ណោះ!

Sep 12, 2020 11:23 AM

គេហទំព័រ​ទាំងមូល