ក្រុម​សង្គម​ស៊ីវិល​ជិត​ ៤០​ អង្គការ​ ស្នើ​ឲ្យអាជ្ញាធរ​ដោះ​លែងសកម្មជន និង​​បញ្ឈប់​ការ​បង្ក្រាប​មក​លើ​ក្រុម​យុវជន

ដោយ មួង ណារ៉េត
2020-09-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាពយុវជន និង​ព្រះសង្ឃ ដែលត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួនជាបន្តបន្ទាប់។
រូបភាពយុវជន និង​ព្រះសង្ឃ ដែលត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួនជាបន្តបន្ទាប់។
រូបភាពពីហ្វេសប៊ុក

ក្រុម​សង្គម​ស៊ីវិល​ជិត​ ៤០​ (៣៦)​ អង្គការ​ និង​សមាគម​ ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​ នៅ​ថ្ងៃ​ទី​ ០៩​ ខែ​ កញ្ញា​ ដោយ​ស្នើ​ឲ្យអាជ្ញាធរ ​ដោះ​លែង​សកម្មជន និង​​បញ្ឈប់​ការ​បង្ក្រាប​មក​លើ​ក្រុម​យុវជន។​ សំណើ​នេះ​ធ្វើឡើង ក្រោយ​អាជ្ញាធរ​ នៃ​របបក្រុងភ្នំពេញ បង្កើន​ការបង្ក្រាប​ និង​ចាប់ខ្លួន​សកម្មជន​ និង​ក្រុមយុវជន​ ដែលតវ៉ា​ដោយ​សន្តិវិធី ចំពោះ​បញ្ហា​អយុត្តិធម៌សង្គម​ និង​បរិស្ថាន​។​

ក្រុម​សង្គម​ស៊ីវិល​ ៣៦​ បង្ហាញ​ការសោកស្ដាយ​ ជុំវិញការ​ចាប់​ខ្លួន​សកម្មជន​ជាយុវជន​ក្មេងៗ​ចំនួន ៧​ នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ ហើយ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទម្លាក់ចោល​រាល់បទ​ចោទប្រកាន់​ទាំងអស់ មកលើ​យុវជន​ទាំងអស់នោះ​។

យុវជន​ទាំងអស់​នោះ​ រួមមាន សមាជិក​ក្រុមយុវជន​ខ្មែរថាវៈ លោក ថា​ ឡាវី​ ដែល​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន នៅ​ពេល​ដែល​លោក​បំរុង​ចេញ​ពី​រ៉ឺម៉ក​កង់បី ដើរ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​ ដើម្បី​ចូលរួម​តវ៉ា​ដោយ​អហិង្សា​ អំពាវនាវ​សូម​ឱ្យ​មាន​ការ​ដោះលែង​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន ។ សមាជិក​ក្រុម​យុវជនខ្មែរថាវៈ ម្នាក់​ទៀត កញ្ញា អេង ម៉ាឡៃ (ហៅ សូ​ មេត្តា) ត្រូវ​បាន​នគរបាល​តាម​ដាន ក្រោយ​ពី​ចូលរួម​តវ៉ា​អហិង្សា ហើយ​ត្រូវ​បាន​ចាប់​ខ្លួន ក្រោយ​ពេល​ដែល​កញ្ញា​ ចាក​ចេញ​ពី​ការិយាល័យ​ឧត្តម​ស្នងការ​នៃ​អង្គការ​សហ​ប្រជាជាតិ ​ទទួល​បន្ទុក​ផ្នែក​សិទិ្ធ​មនុស្ស (UNOHCHR)

យុវជន​ចំនួន ៣នាក់ទៀត រួមមាន​កញ្ញា ឡុង គន្ធា កញ្ញា ភួន​ កែវរស្មី និង​លោក ថុន រដ្ឋា ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣ ខែកញ្ញា នៅ​ពេល​ដែល​អ្នក​ទាំង​បី គ្រោង​នឹង​រៀបចំ​យុទ្ធនាការ​មួយ ដែល​យុវនារី​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​បី នឹង​ដើរ​ចេញ​ពី​វត្ត​ភ្នំ​ឆ្ពោះ​ទៅ​កាន់​គេហដ្ឋាន​របស់​លោក ហ៊ុន សែន នៅ​​ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​ផ្សព្វផ្សាយ​អំពី​បញ្ហា​នៃ​ការ​ចាក់ដី​លុប​បឹង​តាមោក។ ​តុលាការ​ចោទ​ប្រកាន់ពួកគាត់​​ពី​បទ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ឬ​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម។

ចំណែក​ឯព្រះ​សង្ឃ ​ជា​សកម្មជន​យុវជន ​ព្រះ​នាម កើត សារាយ និង​អនុ​ប្រធាន​សមាគមសម្ព័ន្ធ​និស្សិត​បញ្ញា​វ័ន្ត​ខ្មែរ លោក មាន ព្រហ្មមុន្នី ក៏ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន ពាក់ព័ន្ធ​នឹង​គម្រោង​ប្រមូល​ផ្តុំ​គ្នា​​តវ៉ា​អហិង្សា​នៅ​ទី​លាន​ប្រជាធិបតេយ្យ ដើម្បី​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ដោះលែង​អ្នកដែលត្រូវ​បានអាជ្ញាធរចាប់ និង​ឃុំខ្លួន រួមាន​ប្រធាន​សហជីព លោក រ៉ុង ឈុន ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ និង​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ និង​អ្នក​នាង ឈឿន ដារ៉ាវី។

នគរបាល ក៏​បាន​ចាប់ខ្លួនយុវជន​នៅខេត្ត​សៀមរាប​ អាយុ​ ២២​ ឆ្នាំ​ ម្នាក់​ ឈ្មោះ​ គា សុគន្ធ​ ដែល​ជា​អ្នក​និពន្ធ​បទ​ចម្រៀងរ៉ែប​ កាលពី​ថ្ងៃ​សុក្រ ទី៤ ខែកញ្ញា។ លោក ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​នៅ​ថ្ងៃ​បន្ទាប់ ពី​បទញុះញង់ ពាក់ព័ន្ធ​នឹង​បទ​ចម្រៀង​រ៉េប​មួយ​បទ ដែល​លោក​បាន​និពន្ធ ហើយ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម យូធូប កាល​ពី ៤ខែមុន ដែល​មាន​ចំណង​ជើង​ថា៖ “ដីខ្មែរ”។ បទ​ចម្រៀង​នេះ រៀបរាប់​អំពីកង្វល់របស់​យុវជន ជុំវិញ​​បញ្ហា​ព្រំដែន និង​មាន​អ្នក​ចុច​មើល​យ៉ាង​ច្រើន​។

មុន​នឹង​ការចាប់ខ្លួន​ទាំងនេះ ​កាលពីខែ សីហា មាន​មនុស្ស​ចំនួន ៦នាក់ ផ្សេង​ទៀត ក៏ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ពាក់ព័ន្ធ​នឹង​ការ​អំពាវនាវ​សុំ​ឱ្យ​មាន​ការ​ដោះ​លែង លោក រ៉ុង ឈុនដែរ។ អ្នកទាំងនោះ​ រួមមាន លោក ជុំ ពុទ្ធី លោក ឈួ ផេង កញ្ញា​ ស កណិកា អ្នក​នាង ឈឿន ដារ៉ាវី និង​លោក ហ៊ុន វណ្ណៈ និង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ​។

ជារួមគិត​ពីចុងខែ​ កក្កដា ដល់ថ្ងៃទី ០៩ ខែ កញ្ញា ត្រឹមរយៈពេល ១០ ថ្ងៃនេះ អាជ្ញាធរ​បាន​ចាប់​មនុស្ស ១៦​ នាក់​ហើយ ដោយ​ចោទប្រកាន់​ពីបទចោទ​ស្រដៀងៗ​គ្នា។

ការចាប់ខ្លួន​ទាំងទាំង​នេះ រងការរិះគន់​ជុំទិស​ពីយុវជន អ្នកឃ្លាំមើល​សង្គម មន្រ្តីឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ពីអង្គការ​ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ ​និងពី​​រដ្ឋាភិបាលប្រទេស​ប្រជាធិបតេយ្យ​សេរី។

ប្រធាន​ក្រុមអ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ សរសេរ​សារលើគណនី​ហ្វេសប៊ុក​របស់​កញ្ញា ថាបើសិន​គ្រាន់តែ​ការធ្វើបាតុកម្ម និងការតវ៉ា​ដោយសន្តិវិធី​ អាចរាប់​ថាជាការធ្វើ​បដិវត្តន៍​ដែរ​នោះ នោះយើង​មិនចាំបាច់​និយាយ​ពីប្រជាធិបតេយ្យ​អ្វី​នោះទេ។ កញ្ញា​បន្ថែម​ថា ធំៗអស់ហើយ អាយុ​ក៏ច្រើន​ រៀន​ក៏បាន​ច្រើន អ្នកខ្លះ​មាន​ទាំងអនុបណ្ឌិត​ បណ្ឌិត​ ហើយ​បទពិសោធន៍​ធ្វើការងារ​រដ្ឋ​ក៏មិនតិច​ឆ្នាំ​នោះដែរ រីឯចំណេះដឹងប្រវត្តិសាស្រ្ត​ក៏សមរម្យ​ តើពេលណា​បានអស់លោក​អ្នកឈប់​លាបពណ៌​ពលរដ្ឋខ្លួនឯង​?

អ្នកវិភាគ​ឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ​ឯណោះវិញ ក៏ប្រើប្រាស់​បណ្តាញ​សង្គមហ្វេសប៊ុក ដើម្បីបញ្ចេញ​មតិរិះ​គន់ជុំវិញ​រឿងនេះ​ដែរ។ លោកដក​ស្រង់​សម្តី​របស់​ទស្សនៈវិទូ​អង់គ្លេស​លោក ចន ស្ទួតមៀល (John Stuart Mill) មកដាស់តឿន​ក្រើនរម្លឹក​អាជ្ញាធរ​ដែលរារាំង​យុវជនថា​ “ហាមឃាត់ បង្ក្រាប ចាប់ដាក់គុក យុវជន​និងពលរដ្ឋ​ឯទៀត មិនឲ្យប្រើប្រាស់​បាននូវសិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុងជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់ប្រទេសជាតិ ដូចមានចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ គឺសម្លាប់សេចក្តី​ស្នេហាជាតិ​របស់ពួកគេហើយ។ លោកបន្ថែមថា មនុស្សបើគេ​មិន​ឲ្យ​ធ្វើអ្វីសោះ​សម្រាប់​ប្រទេស​គាត់ទេ មនុស្សនោះ​នឹងមិនស្រឡាញ់​ប្រទេសគាត់​នោះដែរ​។ បើធ្វើតែ​របៀបនេះ​ នឹងអាចនៅសល់តែ​អ្នកស្នេហាជាតិតែម្នាក់គត់​យ៉ាងច្រើន គឺមេដឹកនាំផ្តាច់ការ​នោះឯង។​

ចំណែក​ឯអ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) និង​អ្នករាយការណ៍ពិសេស ទទួលបន្ទុក​ផ្នែកអ្នកការពារ​សិទ្ធិ​មនុស្ស​អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) សុទ្ធតែបង្ហាញ​អំពីកង្វល់ជុំវិញ​ការចាប់ខ្លួន​ទាំងនេះដែរ​។

អ្នក​ស្រី រ៉ូណា ស្មីត ​រម្លឹក​​​អាជ្ញាធរ​កម្ពុជា​ អំពីកាតព្វកិច្ច​ដែលត្រូវ​​ធានា​ឱ្យ​បាន​នូវ​ការ​​គោរព​ និង​ការពារ​សិទ្ធិ​ទាំងនេះ ព្រម​ទាំង​​បង្កើត​បរិយាកាស​ដែល​ពលរដ្ឋ​គ្រប់​រូប​អាច​អនុវត្ត​សិទ្ធិ​ទាំងនេះ​បាន។

អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) ឯណោះ បង្ហាញ​អំពីការ​តាមឃ្លាំមើល​យ៉ាងយកចិត្ត​ទុកដាក់ ចំពោះ​បញ្ហា​ដែលកំពុងកើត​ឡើង​នៅកម្ពុជា ជាពិសេស​មួយរយៈពេលចុង​ក្រោយនេះ​។

ប៉ុន្តែ ក្រសួង​មហាផ្ទៃវិញ ចាត់ទុកសកម្មភាព​របស់​ក្រុមយុវជនខ្មែរថាវរៈ និងយុវជន​​ចលនា​មាតាធម្មជាតិ ថាខុសច្បាប់ និងចោទ​ថា​ធ្វើសកម្មភាព​ក្រោមរូបភាព ដែលមានអង្គការ​ចាត់តាំង​ច្បាស់លាស់។ ក្រសួង​មហាផ្ទៃ ថែមទាំង​គម្រាម​ចាប់មនុស្ស​បន្ថែមទៀត។

អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) ចាត់ទុកសារ​របស់អាជ្ញាធរ ថា​ជា​ការ​លាបពណ៌សកម្មភាព​ក្រុមយុវជនទាំងនោះ។ អ្នកស្រីព្រួយបារម្ភ​យ៉ាងខ្លាំង ដែលអាជ្ញាធរកម្ពុជា​ធ្វើដូច្នេះ។

ក្រុមសង្គមស៊ីវិលទាំង ៣៦ ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង ​អំពី​ការ​ប្រើប្រាស់​បទ​ល្មើស​ញុះញង់ ដោយ​អាជ្ញាធរ ដើម្បី​បំបិទ​សិទិ្ធ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​បញ្ចេញមតិ និង​ចូលរួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សង្គម។ ពួកគាត់​អំពាវនាវ ឱ្យ​អាជ្ញាធរ​ទំលាក់​ចោល​បទ​ចោទ​ប្រកាន់​ទាំង​នោះ និងបញ្ឈប់ការបំភិតបំភ័យ និង​បង្ក្រាប​លើ​ក្រុម​យុវជន​ដែល​ជា​សកម្មជន​សិទិ្ធ​មនុស្ស និង​បរិស្ថានតទៅទៀត ហើយអាជ្ញាធរត្រូវ​​ធានា​ នូវ​ការ​គោរព​សិទិ្ធ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​សិទិ្ធ​របស់​អ្នក​ទាំង​នោះ ក្រុម​គ្រួសារ​របស់​ពួក​គេ និង​សហគមន៍​ដែល​អ្នក​ទាំង​នោះ​រស់​នៅ ដែល​សិទ្ធិទាំង​នេះ មានធានាក្នុង​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល