ជាង​ថតរូប​ដែល​គេ​ចោទ​ថា បង្ហោះ​សារ​ប្រមាថ​លោក ហ៊ុន សែន ត្រូវ​បាន​ដោះលែង ក្រោយ​ធ្វើ​កិច្ចសន្យា

0:00 / 0:00

នគរបាល​ខេត្ត​ពោធិ៍សាត់ បាន​ដោះលែង​ជាង​ថតរូប​ម្នាក់ ដែល​រង​ការ​ចោទ​ថា បាន​បង្ហោះ​សារ​ប្រមាថ​លោក ហ៊ុន សែន ហើយ នៅ​ថ្ងៃ​ទី​០៦ កុម្ភៈ​។ ជាង​ថតរូប លោក មុត សាមាន អះអាង​ថា លោក​គ្មាន​ចេតនា​បង្ហោះ​សារ​ជេរប្រមាថ​ឡើយ។

លោក មុត សាមាន ឱ្យ​ដឹង​ក្រោយ​ការ​ដោះលែង​ថា ម្ដាយ​និង​បងស្រី​របស់​លោក បាន​សុំ​អង្វរ​និង​ធានា ជាមួយ​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ទើប​មានការ​សម្របសម្រួល មិន​បញ្ជូន​លោក​ទៅ​តុលាការ។ លោក ​ថា អាជ្ញាធរ​បាន​ឱ្យ​លោក​ធ្វើ​កិច្ចសន្យា បញ្ចប់​សកម្មភាព​បង្ហោះ​សារ​រិះគន់​តាម​ហ្វេសប៊ុក (facebook) ត​ទៀត​។​

​លោក​ប្រាប់​ថា លោក​បាន​លាក់​សារ​នោះ​ទុក (Hide) មិន​បង្ហាញ​ជា​សាធារណៈ​ទេ ក្រោយ​មានរឿង​រ៉ាវ​ចាប់​ខ្លួន​នេះ។ លោក​ក៏​គ្មាន​បំណង​បង្ហាញ ឬ​ប្រាប់​ពី​អត្ថន័យ​នៃ​សារ​នោះ​ឡើយ ព្រោះ​បាន​សន្យា​ជាមួយ​សមត្ថកិច្ច​រួចហើយ និង​ខ្លាច​មានរឿង​រ៉ាវ​បន្ត​ទៀត។ យ៉ាងណា លោក​អះអាង​ថា សារ​ទាំងនោះ​គ្មាន​ចេតនា​ជេរ​ប្រមាថ​ឡើយ ជា​សារ​ចង់​បញ្ចេញមតិ​ប៉ុណ្ណោះ៖ «និយាយ​ទៅ​ចេតនា​របស់ខ្ញុំ​ពេល​ហ្នឹង គ្រាន់តែ​ចង់​បញ្ចេញមតិ​អ៊ីចឹង​ណា ហើយ​ចង់​បញ្ចេញមតិ​លេង​ហើយ​អ៊ីចឹង​ទៅ​វា​ជ្រុល​ទៅ​ណា​បង ហើយ​ខ្ញុំ​ក៏​ទទួលស្គាល់​សរសេរ​ទៅ​វា​ជ្រុល​ដែរ។ បាទ​ ! អ៊ីចេះ​បង ដោយសារ​រឿង​ហ្នឹង​វា​បញ្ចប់​ហើយ អ៊ីចឹង​ទៅ​សំណួរ​ខ្លះ​ខ្ញុំ​អត់​ចង់​ឆ្លើយ ដើម្បី​កុំ​ឱ្យ​បញ្ហា​ហ្នឹង វា​រើ​ឡើងវិញ​អ៊ីចឹង​ណា»។

ជុំវិញ​រឿង​នេះ​អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ភាគី​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក សារុន ចាន់ធី បាន​ទេ នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក សំ ច័ន្ទគា យល់ថា ប្រសិន​បើ​ការ​បង្ហោះ​សារ​ត្រឹម​ជា​ការ​រិះគន់​សង្គម ហើយ​គ្មាន​ចេតនា​ជេរប្រមាថ នោះ​សមត្ថកិច្ច​មិន​ត្រូវ​ចាប់ខ្លួន​ពលរដ្ឋ​ឡើយ។ លោក​ថា មានតែ​សង្គម​កុម្មុយនិស្ត​ទេ ទើប​ហាម​ពលរដ្ឋ​មិន​ឱ្យ​រិះគន់​សង្គម​នោះ៖ «បើ​ដូចជា​ការ​បញ្ជាក់​របស់​គាត់ ថា គាត់​គ្រាន់តែ​បញ្ចេញ​ទស្សនៈ​រិះគន់​ឱ្យ​មានការ​ស្ថាបនា​សង្គម ខ្ញុំ​គិត​ថា ការ​ចាប់​ខ្លួន​នេះ គឺជា​ការ​បំបិទ​សេរីភាព​មនុស្ស​ហើយ»។

នគរបាល​ខេត្ត​ពោធិ៍សាត់​បាន​ចាប់​លោក មុត សាមាន នៅ​ភូមិ​ផ្ចឹក​ជ្រុំ ឃុំ​ប្រមោយ​ស្រុក​វាលវែង កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ ក្នុង​ពេល​លោក​កំពុង​ថតរូប​ឱ្យ​កូនក្រមុំ​កូនកំលោះ ក្នុង​ពិធី​អាពាហ៍ពិពាហ៍​​មួយ​។ បន្ទាប់មក​នគរបាល បាន​បញ្ជូន​លោក​ទៅ​ឃុំខ្លួន និង​សួរចម្លើយ​នៅ​អធិការដ្ឋាន​ក្រុង​ពោធិ៍សាត់ នៅ​ថ្ងៃទី​៤ កុម្ភៈ និង​បញ្ជូន​បន្តទៅ​សួរចម្លើយ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ថ្ងៃ​ទី​៥ កុម្ភៈ​។ នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ទើប​មានការ​ដោះលែង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។