“ការ​ប្រើប្រាស់​ពលកម្ម​កុមារ​គឺ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អនាគត​ប្រទេស​ជាតិ”

0:00 / 0:00

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​ទស្សនៈ​ពិភពលោក បាន​យល់​ឃើញ​ដូច​គ្នា​ថា ការ​ប្រើប្រាស់​ពលកម្ម​កុមារ គឺ​ជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​អនាគត​របស់​ប្រទេស​ជាតិ​ទាំង​មូល ដែល​មិន​ត្រូវ​ឲ្យ​កើត​មាន​ដូច​នេះ​ទេ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​សីហា កន្លង​ទៅ អង្គការ​ទស្សនៈ​ពិភពលោក (World Vision) បាន​រួម​គ្នា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ដឹក​នាំ​យុវជន និង​កុមារ​ប្រមាណ ៣០០​នាក់​នៅ​ខេត្ត​សៀមរាប ធ្វើ​វេទិកា​បញ្ឈប់​ពលកម្ម​កុមារ​នៅ​ក្រោម​ប្រធានបទ “កុំ​ឈប់​ត្រឹម​ប៉ុណ្ណឹង គឺ​យើង​ទាំងអស់​គ្នា​អាច​ធ្វើ​បាន”។

មន្ត្រី​គម្រោង​ប្រឆាំង​ពលកម្ម​កុមារ​របស់​អង្គការ​ទស្សនៈ​ពិភពលោក បាន​ចាត់​ទុក​ថា បច្ចុប្បន្ន ថ្វីត្បិតតែ​ខេត្ត​សៀមរាប ជា​ខេត្ត​មួយ​ដែល​មាន​ភាព​ល្បីល្បាញ​ខាង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស ឲ្យ​មក​ទស្សនា​ប្រាសាទ​បុរាណ​ជាច្រើន​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ​ក៏ដោយ ក៏​ខេត្ត​នេះ​នៅ​តែ​មាន​កុមារ​ជាច្រើន កំពុង​ធ្វើ​ការ​ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​នៅ​ឡើយ។

មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល សម្ដែង​ក្តី​ព្រួយ​បារម្ភ​ថា ការ​បណ្ដោយ​ឲ្យ​កុមារ​ខ្លះ​ធ្វើ​ការងារ​នៅ​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ គឺ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់ ព្រម​ទាំង​បាត់បង់​អនាគត​ដោយសារ​តែ​មិន​បាន​រៀន​សូត្រ។

អភិបាល​រង​ខេត្ត​សៀមរាប គឺ​លោក គឹម ឆៃហៀង។ លោក​បាន​ថ្លែង​នៅ​ក្នុង​ពេល​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​បញ្ឈប់​ពលកម្ម​កុមារ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ថា បញ្ហា​ប្រើប្រាស់​ពលកម្ម​កុមារ គឺ​ជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​អនាគត​នៃ​ប្រទេស​កម្ពុជា ទាំង​មូល។ លោក គឹម ឆៃហៀង បញ្ជាក់​ថា ដោយសារ​តែ​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រើប្រាស់​ពលកម្ម​កុមារ គឺ​នៅ​ខេត្ត​សៀមរាប បាន​ប្រឹងប្រែង​លើ​ការ​លុប​បំបាត់​រយៈពេល ៣-៤​ឆ្នាំ​មក​ហើយ។

កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ ខេត្ត​សៀមរាប បាន​ដាក់​ចេញ​នូវ​កម្មវិធី​លុប​បំបាត់​ពលកម្ម​កុមារ​នេះ ដោយ​រំដោះ​កុមារ​ចេញ​ពី​កន្លែង​ធ្វើ​ការ​ធ្ងន់ធ្ងរ ដូចជា​ពី​ឡ​ឥដ្ឋ ពី​កន្លែង​នេសាទ​ត្រី និង​កន្លែង​សិប្បកម្ម​ខ្លះៗ បាន​ចំនួន​ជាង ១០០​នាក់។ លោក គឹម ឆៃហៀង បញ្ជាក់​ថា ក្នុង​រយៈពេល ៦​ខែ​ដើម​ឆ្នាំ​២០១៥ គឺ​អាជ្ញាធរ​បាន​រំដោះ​កុមារ​ចេញ​ពី​កន្លែង​ការងារ​ធ្ងន់ធ្ងរ​បាន​ជាង ៥០​នាក់​ថែម​ទៀត៖ «ទោះ​បី​ថា​លទ្ធផល​ដែល​យើង​បាន​រំដោះ​ដូច្នោះ​ក៏ដោយ ប៉ុន្តែ​ការ​ប្រឈម​នៅ​តែ​មាន ដោយ​តែ​ទី​១ គ្រួសារ​របស់​គាត់​ក្រីក្រ គឺ​ពឹង​ផ្អែក​ទៅ​លើ​កុមារ ដើម្បី​រក​លុយ​សម្រាប់​គ្រួសារ»

អង្គការ​ទស្សនៈ​ពិភពលោក ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ថ្វីត្បិតតែ​ខេត្ត​សៀមរាប គឺ​ជា​ខេត្ត​ដ៏​ល្បីល្បាញ​ខាង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​មក​ទស្សនា​ប្រាសាទ​បុរាណ ក៏ប៉ុន្តែ​មាន​កុមារ​ជាច្រើន​កំពុង​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​នៅ​តាម​កន្លែង​កសិកម្ម និង​កន្លែង​នេសាទ​ត្រី ជាដើម។

ប្រធាន​គម្រោង​លុប​បំបាត់​ពលកម្ម​កុមារ​របស់​អង្គការ​ទស្សនៈ​ពិភពលោក អ្នកស្រី អ៊ីមេលដា អូឆាវីឡូ (Imelda Ochavillo) មាន​ប្រសាសន៍​ថា ថ្វីត្បិតតែ​បច្ចុប្បន្ន យើង​ដឹង​ថា​នៅ​ខេត្ត​សៀមរាប មាន​កុមារ​មួយ​ចំនួន​កំពុង​ធ្វើ​ការ​ធ្ងន់ធ្ងរ​នៅ​តាម​កន្លែង​កសិកម្ម និង​កន្លែង​នេសាទ​ត្រី​ក៏ដោយ ក៏​វា​ពិបាក​ដឹង​អំពី​ចំនួន​តួលេខ​ពិត​ប្រាកដ​ណាស់។ អ្នកស្រី អ៊ីមេលដា អូឆាវីឡូ បញ្ជាក់​ថា បច្ចុប្បន្ន​អង្គការ​ទស្សនៈ​ពិភពលោក កំពុង​មាន​យុទ្ធសាស្ត្រ​បញ្ចុះ​បញ្ចូល​ឲ្យ​ឪពុក​ម្ដាយ​របស់​កុមារ​ទាំង​នោះ សុខ​ចិត្ត​បញ្ជូន​កូន​ទៅ​សាលា​រៀន​វិញ ពីព្រោះ​ថា ប្រសិន​បើ​កុមារ​ទាំង​នោះ​ក្លាយ​ជា​អ្នក​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ គឺ​គេ​ប្រាកដ​ជា​អាច​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ​បាន​ច្រើន​ជាង​បច្ចុប្បន្ន។ បញ្ហា​ម្យ៉ាង​ទៀត អង្គការ​ទស្សនៈ​ពិភពលោក កំពុង​ជួយ​ដល់​កុមារ​ដែល​វិវឌ្ឍ​វ័យ​ទៅ​ជា​យុវជន ប្រសិន​បើ​ពួក​គេ​មិន​អាច​ទៅ​រៀន​សូត្រ​អក្សរសាស្ត្រ​បាន គឺ​នឹង​ជួយ​បណ្ដុះបណ្ដាល​ពួក​គេ​ឲ្យ​មាន​ជំនាញ​អ្វី​មួយ សម្រាប់​ចិញ្ចឹម​ជីវិត​ដើម្បី​ឲ្យ​គេច​ផុត​ពី​ការងារ​ធ្ងន់ធ្ងរ៖ «ការ​ប្រើប្រាស់​ពលកម្ម​កុមារ គឺ​ជា​បញ្ហា​ដ៏​ស្មុគស្មាញ ដែល​យើង​ពិបាក​លុប​បំបាត់ ក៏ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ដោះស្រាយ គឺ​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ចម្រុះ។ គម្រោង​ឈ្មោះ អេចសែល (Excel) របស់​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា នេះ គឺ​យើង​ឆ្លើយ​តប​ដោយ​ការ​ផ្ដល់​សេវាកម្ម​អប់រំ ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ។ បន្ថែម​លើ​នោះ យើង​ក៏​ជួយ​លើក​កម្ពស់​ជីវភាព​គ្រួសារ​របស់​គេ​ទៀត ដើម្បី​ឲ្យ​បញ្ឈប់​ពលកម្ម​កុមារ និង​បញ្ជូន​កូន​ទៅ​សាលា​រៀន»

អង្គការ​សិទ្ធិ​មនុស្ស​ដែល​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​កិច្ច​ការពារ​កុមារ បាន​មើល​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន ក្រៅ​តែ​ពី​ការ​ប្រើប្រាស់​កុមារ​ក្នុង​ទម្រង់​ពលកម្ម​ធ្ងន់ធ្ងរ ដូចជា​ធ្វើ​កសិកម្ម ការ​នេសាទ​ត្រី គឺ​នៅ​មាន​ប្រភេទ​ការងារ​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​កុមារ​ដែល​បម្រើ​ការងារ​នៅ​តាម​ផ្ទះ ហើយ​ធ្វើ​ការងារ​គ្មាន​ពេល​ទំនេរ កុមារ​ដែល​គេ​បង្ខំ​ឲ្យ​រក​ស៊ី​ផ្លូវ​ភេទ និង​ការ​បញ្ឆោត​ឲ្យ​កុមារ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។

អ្នក​សម្រប​សម្រួល​ការិយាល័យ​តស៊ូ​មតិ​សម្រាប់​កុមារ របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក គង់ សុជាតិ មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​កុមារ​ឲ្យ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ គឺ​ជា​ការ​ប៉ះពាល់​ទៅ​លើ​សិទ្ធិ​របស់​ពួក​គេ។ លោក គង់ សុជាតិ បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​មាន​មូលហេតុ​ជាច្រើន​ដែល​ជំរុញ​ឲ្យ​កុមារ​កម្ពុជា ត្រូវ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ៖ «ក្រុម​គ្រួសារ​មួយ​ចំនួន​រងគ្រោះ​ដោយសារ​ការ​បណ្ដេញ​ចេញ គាត់​ត្រូវ​បាត់បង់​ដី បាត់បង់​អ្វី​ខ្លះ​ទៀត គឺ​គាត់​ត្រូវ​តែ​រក​ការងារ ឬ​ក៏​បញ្ជូន​កូន​ទៅ​រក​ការងារ​នៅ​កន្លែង​ផ្សេងៗ»

មន្ត្រី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ស្ថិតិ​នៃ​ក្រសួង​ផែនការ ក្រសួង​ការងារ និង​អង្គការ​អន្តរជាតិ​ខាង​ការងារ អាយឡូ (ILO) បច្ចុប្បន្ន​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១៥​លាន​នាក់ គឺ​មាន​កុមារ​អាយុ​ចាប់​ពី ៥​ឆ្នាំ​ទៅ ១៧​ឆ្នាំ​ចំនួន​ជាង ៧០​ម៉ឺន​នាក់ បាន​ចូលរួម​ធ្វើ​ការងារ​រក​ចំណូល​សម្រាប់​ទ្រទ្រង់​គ្រួសារ។

បច្ចុប្បន្ន អង្គការ​ទស្សនៈ​ពិភពលោក កំពុង​ធ្វើ​ការងារ​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៦ នៃ​ប្រទេស​កម្ពុជា ដើម្បី​លុប​បំបាត់​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ធ្ងន់ធ្ងរ។ ខេត្ត-ក្រុង​ទាំង​នោះ មាន​ខេត្ត​សៀមរាប បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ពោធិ៍សាត់ និង​ទីក្រុង​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។