កូដករ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ម្នាក់​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ

កូដករ​ក្រុមហ៊ុន​បន​ល្បែង​កាស៊ីណូ​ណាហ្គាវើលដ៍ (NAGAWORLD) ម្នាក់ បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា តាម​បណ្ដឹង​របស់​ក្រុមហ៊ុន ដែល​បាន​ប្ដឹង​កញ្ញា​​ថា​ បាន​រំលោភ​លំនៅឋាន និង​បង្ខាំង​ដោយ​ខុស​ច្បាប់។ កូដករ​ណាហ្គាវើលដ៍ និង​មន្ត្រី​សង្គម​ស៊ីវិល​ ទទូច​ឲ្យ​តុលាការ​ ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួកគាត់​ ហើយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពន្លឿន​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ក្រៅ​ប្រព័ន្ធ​តុលាការ​វិញ។

កូដករ​ណាហ្គាវើលដ៍​កញ្ញា ជួប សោភ័ណ្ឌ បាន​ចូល​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (Nagaworld) ដែល​ប្ដឹង​កញ្ញា​ពី​បទ «រំលោភ​លើ​លំ​នៅ​ឋាន ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់»។ ក្រុម​កូដករ​ណាហ្គាវើលដ៍​ប្រមាណ​ជិត ៦០នាក់​ទៀ​ត ក៏​បាន​ប្រមូល​ផ្ដុំ​គ្នា​មុខ​តុលាការ​ ដើម្បី​ចូល​រួម​ឃ្លាំ​មើល និង​លើក​ទឹក​ចិត្ត​ដល់​កញ្ញា ជួប សោភ័ណ្ឌ។ កូដករ​ទាំងនោះ ​បាន​ឈរ​នៅ​ផ្នែក​ម្ខាង​ផ្លូវ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដោយ​លើក​បដា​សរសេរ​ថា ខ្ញុំ​មក​ធ្វើ​ជា​សាក្សី ក្រោម​ការ​រៀបចំ​សណ្ដាប់ធ្នាប់​យ៉ាង​តឹង​រឹង​ពី​អាជ្ញាធរ។

កូដករ​ណាហ្គាវើលដ៍ ដែល​ចូល​បំភ្លឺ​កញ្ញា ជួប សោភ័ណ្ឌ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា ថា កញ្ញា​បាន​ឆ្លើយ​បំភ្លឺ​ និង​បដិសេធ​ការ​ចោទ​របស់​ក្រុមហ៊ុន ដោយ​ថា ពួក​គាត់​មិន​បាន​រំលោភ​លំនៅឋាន ឬ​បំពាន​ច្បាប់​ណា​មួយ​ដូច​ជា​ការ​ចោទ​ប្រកាន់​របស់​ក្រុមហ៊ុន​នោះ​ទេ​​។ កញ្ញា​​ថា ​ខាង​ក្រុមហ៊ុន​ ចោទ​កូដករ​ទាំង​បំពាន​ ព្រោះ​កូដករ​គ្រាន់​តែ​នៅ​ក្រៅ​របង ហើយ​ការ​រៀប​ចំ​សន្តិសុខ​ សណ្ដាប់ធ្នាប់​ក្នុង​ការ​ចេញ​ចូល​ជា​ការងារ​របស់​សន្តិសុខ។ កញ្ញា ជួប សោភ័ណ្ឌ បញ្ជាក់​ថា ​​កញ្ញា​មិន​ព្រួយ​បារម្ភ​នោះ​ទេ ព្រោះ​កញ្ញា និង​កូដករ​ដទៃ​ទៀត​ធ្វើ​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់។ កញ្ញា ជួប សោភ័ណ្ឌ បន្ថែម​ថា​ ព្រះរាជអាជ្ញា​សាកសួរ​មិន​ខុស​ពី​កូដករ​ដទៃ​នោះ​ទេ​ ដោយ​ព្រះរាជអាជ្ញា​ចង់​ដឹង​អ្នក​នៅ​ពីក្រោយ​ក្នុង​ការ​ធ្វើ​កូដកម្ម​កន្លងមក៖

«និយាយ​ទៅ​ពួក​ខ្ញុំ​វា​អត់​បាន​ធ្វើ​ដូច​គាត់​និយាយ​ទាំង ៣ហ្នឹង គឺ​ពួក​គាត់ ខ្ញុំ​អត់​បាន​ធ្វើ​ទាំង ៣ករណី​ហ្នឹង គឺ​អត់​ត្រូវ​តែ​ម្ដង​បង។ អ៊ីចឹង​ខ្ញុំ​ស្នើ​ទៅ​គាត់​វិញ​ ដូច​ថា​ ពួក​ខ្ញុំ​អត់​បាន​ធ្វើ​អ៊ីចឹងឱ្យ​គាត់​ជួយ​ស្រាយ​ឱ្យ​ពួក​ខ្ញុំ​អ៊ីចឹង​ហាស។ សម្រាប់​ការ​ដោះស្រាយ​ គឺ​ចង់​និយាយ​ថា​ឱ្យ​គាត់​ច្រានចោល​បទ​ចោទ ហើយ​ឱ្យ​លោក​ថៅកែ​ណាហ្គាវើលដ៍​ហ្នឹង​ គាត់​ទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព​ចូល​ធ្វើការ​វិញ។ មាន​អារម្មណ៍​ថា រំភើប ព្រោះ​ជា​លើក​ទី១ បាន​ន័យ​ថា ជា​លើក​ទី១ ក្នុង​ឆាក​ជីវិត​យើង​ហាស ព្រោះ​អី​យើង​វា​ធ្វើ​ស្រប​ច្បាប់ ហើយ​គេ​ហៅ​យើង​មក​កន្លែង​ហ្នឹង។ បាន​ន័យ​ថា ទាល់​ តែ​កន្លែង​ដូច​ថា យើង​ធ្វើ​ខុស​ច្បាប់​បាន​គេ​ហៅ​យើង​មក​ដោះ​ស្រាយ ឬ​មួយ​ក៏​ខុស ដែល​គេ​ចោទ​ចាប់​អី​អ៊ីចឹង​ហាស​ តែ​ខ្ញុំ​អត់​មាន​បាន​ធ្វើ​អី​ខុស​សោះ​ហាស​ ដល់​ពេល​នៅ​សុខៗ គេ​ហៅ​មក​អ៊ីចឹង»។

អយ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី៣១ តុលា បាន​ចេញ​ដីកា​ឱ្យ​កូដករ​ណាហ្គាវើលដ៍​ជា​ស្ត្រី​គឺ​កញ្ញា ជួប សោភ័ណ្ឌ ឱ្យ​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះហៅ​លើក​ទី២ របស់​ព្រះរាជ​អាជ្ញា​រង លោក ឆាយហុង នៅ​ថ្ងៃ​ទី១៥ វិច្ឆិកា តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ដែល​ប្ដឹង​ពួកគាត់​ពី​បទ «រំលោភ​លើ​លំនៅឋាន ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ចាប់​ឃុំ​ឃាំង​ និង​បង្ខាំង​ដោយ​ខុសច្បាប់»។

មក​ទល់​ពេល​នេះ ​មាន​ក្រុម​កូដករ​ចំនួន ៨នាក់ ហើយ​ដែល​ទទួល​បាន​ដីកា​កោះ​ហៅ​ពី​តុលាការ ហើយ​ក្នុង​នោះ​ មាន ៥នាក់ ដែល​ទទួល​បាន​ដីកា​លើក​ទី២ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដោយសារ​ការ​តវ៉ា​អហិង្សា​របស់​ពួក​គាត់​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ចប់​វិវាទ​ការងារ ដែល​អូស​បន្លាយ​ពេល​ជិត​មួយ​ឆ្នាំ​នោះ។

ជុំវិញ​រឿង​នេះ​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត យល់​ឃើញ​ថា ការ​ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​ការងារ​របស់​បុគ្គលិក​ណាហ្គាវើលដ៏​ ជា​រឿង​ស្រប​ទៅតាម​នីតិវិធី​ច្បាប់។ លោក​ថា បណ្ដឹង​របស់​ក្រុមហ៊ុន​ជា​ដាក់​គំរាមកំហែង ដាក់​សម្ពាធ​ និង​បំភិតបំភ័យ​ដល់​កូដករ។ លោក​បន្ត​ថា ករណី​ប្ដឹង​កូដករ​ណាហ្គាវើលដ៍​ទៅ​តុលាការ ជា​យុទ្ធ​សាស្ត្រ​តាម​សកម្មជន​ដីធ្លី ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គាប​សង្កត់​ និង​គំរាមកំហែង។ លោក អំ សំអាត បន្ថែម​ថា ក្រុមហ៊ុន​ណាហ្គាវើលដ៍ គួរ​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​ទទួល​នូវ​ការ​រិះគន់​មជ្ឈដ្ឋាន​ជាតិ ​និង​អន្តរជាតិ ពាក់ព័ន្ធ​ការ​រំលោភ​សិទ្ធិ​ការងារ៖

«ជម្រើស​ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​នេះ​ វា​មិនមែន​ជា​ជម្រើស​ល្អ ហើយ​នាំ​ឱ្យ​គេ​រិះគន់​ថា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ធ្វើការ​គំរាមកំហែង​បំភិតបំភ័យ ឬ​ក៏​រំលោភ​ទៅ​លើ​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម​របស់​ពួកគាត់​ទេ។ អ៊ីចឹង​អ្វី​ដែល​ជា​ជម្រើស​ល្អ​ ទាំង​ក្រុមហ៊ុន​ណាហ្គាវើលដ៍ អាជ្ញាធរ​ពាក់ព័ន្ធ​ ក៏​ដូចជា​ក្រុម​កូដករ​ហ្នឹង យើង​រក​វិធី​ ដើម្បី​ចរចា​ដោយ​សន្តិវិធី​ ដោះស្រាយ ដើម្បី​បញ្ចប់​នូវ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ និង​ក្រុម​កូដករ​ដែល​ជា​អតីត​និង​បុគ្គលិក​ណាហ្គាវើលដ៍​ហ្នឹង វា​ជា​រឿង​ដែល​ល្អ។ អ៊ីចឹង​បញ្ហា​នៅ​ត្រង់​ថា​ តើ​មាន​ឆន្ទៈ​ប៉ុណ្ណា ក្នុង​ការ​ជំរុញ និង​ការ​ដោះស្រាយ ដើម្បី​បញ្ចប់​វិវាទ​ការងារ»។

កន្លងមក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ និង​អង្គការ​ជាតិ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស សិទ្ធិ​ការងារ តែង​ចេញ​សេចក្ដី​ថ្លែងការណ៍​ចាត់​ទុក​ថា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ មិនមែន​ជា​ដំណោះ​ស្រាយ​ពិត​ប្រាកដ​ ដែល​ធ្វើ​ឲ្យ​កូដករ​បោះបង់​ការ​ទាមទារ​សិទ្ធិ​ការងារ​ និង​យុត្តិធម៌​នៅ​កន្លែង​ការងារ​ឡើយ។ អង្គការ​ទាំងនោះ​យល់​ឃើញ​ថា ការ​ប្រើ​ប្រព័ន្ធ​តុលាការ ដោះ​ស្រាយ​បញ្ហា​នេះ កាន់​តែ​បង្ហាញ​ពី​ការ​រំលោភ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​កូដករ និង​អង្គការ​សង្គម​ស៊ីវិល​ អំពាវនាវ​ដល់​ក្រុមហ៊ុន​ណាហ្គាវើលដ៏​ឱ្យ​ងាក​មក​ដោះ​ស្រាយ​ដោយ​សន្តិវិធី និង​គោរព​សេរីភាព​សហជីព និង​សិទ្ធិ​ការងារ​របស់​កម្មករ ដែល​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រីក​ចម្រើន​រហូត​មក​ដល់​សព្វថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។