អង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោមធ្វើការងារលើវិស័យការពារសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាចំនួន៦ ធ្វើបាតុកម្មដើម្បីទាមទារឱ្យរដ្ឋវៀតណាមដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំង ១៣អង្គ/នាក់។ ពួកគេអះអាងថា នឹងបន្តធ្វើបាតុកម្ម និងតស៊ូមតិតាមមធ្យោបាយផ្សេងទៀត រហូតដល់មានការដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំងអស់។
សមាគមខ្មែរកម្ពុជាក្រោមដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ មិត្តសមាគមខ្មែរកម្ពុជាក្រោម និងអង្គការសង្គមស៊ីវិលខ្មែរក្រោមចំនួន ៤ទៀត នៅថ្ងៃទី២៤ ខែមេសា ធ្វើបាតុកម្មដោយមានការចូលរួមពីពលរដ្ឋ និងព្រះសង្ឃជាង ១រយអង្គនាក់ នៅវត្តសាមគ្គីរង្សី ហៅវត្តកម្ពុជាក្រោម ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបន្តហែញត្តិទៅកាន់ក្រសួងការបរទេស ដើម្បីឱ្យជួយធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ដែលបានចាប់ផ្សឹកព្រះសង្ឃ និងចាប់ឃុំខ្លួនសកម្មជនខ្មែរក្រោម។

និស្សិតសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ កញ្ញា រៀម ស្រីពេជ្យរតនា ឱ្យដឹងថា កញ្ញាមកចូលរួមបាតុកម្មនេះគឺដើម្បីរួមចំណែកទាមទារឱ្យរដ្ឋាភិបាលវៀតណាមបញ្ឈប់ការធ្វើទុក្ខបុកម្នេញ រើសអើង បំបិទសិទ្ធិសេរីភាព ពលរដ្ឋ និងព្រះសង្ឃខ្មែរក្រោម។ កញ្ញា រៀម ស្រីពេជ្យរតនា ក៏ស្នើដល់រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ងាកទៅមើលទុក្ខលំបាករបស់ពលរដ្ឋខ្មែរក្រោមដែលកំពុងរស់នៅក្រោមបក្សកុម្មុយនិស្តវៀតណាម។
កញ្ញា រៀម ស្រីពេជ្យរតនា៖«ហើយខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងព្យាយាមយកចិត្តទុកដាក់មិនថាអ្នកនៅក្នុងប្រទេសខ្មែរកណ្ដាល គឺខ្មែរក្រោមចង់ឱ្យគាត់យកចិត្តទុកដាក់ដែរ ព្រោះខ្ញុំជឿថា វៀតណាម ជនជាតិរបស់គេ ក៏មកនៅខ្មែរយើងច្រើនដែរ។ អ៊ីចឹង ប្រសិនបើវៀតណាមមកនៅកម្ពុជាកណ្ដាលបាន ចុះហេតុអីបានជាយើងមិនអាចឱ្យកម្ពុជាក្រោម គាត់រស់នៅសុខស្រួលដូចប្រជាជនគេមករស់នៅប្រទេសយើងទៅ ទាំងដែលយើងជាជនជាតិដើមភាគតិច ហើយគេជាជនជាតិភាគតិចមករស់នៅលើទឹកដីរបស់យើងទេ»។
ចំណែកព្រះសង្ឃ ដែលមានស្រុកកំណើតនៅខេត្តឃ្លាំងកម្ពុជាក្រោម ព្រះតេជព្រះគុណ ថាច់ ចក្រី មានថេរដីកាថា រដ្ឋាភិបាលវៀតណាមបានប្រើអំណាចឃោរឃៅ និងបានរំលោភច្បាប់សិទ្ធិមនុស្សអន្តរជាតិកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដើម្បីបំបិទសំឡេងពលរដ្ឋខ្មែរក្រោម ដែលគ្រាន់តែចង់រក្សាវប្បធម៌ និងប្រពៃណីរបស់ខ្លួន។ ព្រះតេជព្រះគុណ ថាច់ ចក្រី ថា ពលរដ្ឋខ្មែរគ្រប់រូបទាំងក្នុង និងក្រៅប្រទេសគួរបន្តចូលរួមទាមទាររកយុត្តិធម៌រហូតដល់រដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោមទាំង ១៣នាក់/អង្គ។
ព្រះតេជព្រះគុណ ថាច់ ចក្រី៖«ឃើញថា ពីរឆ្នាំនេះយួនធ្វើទុកបុកម្នេញយ៉ាងខ្លាំង សម្រាប់បងប្អូនខ្មែរក្រោម អ៊ីចឹងទៅក្នុងនាមអាត្មាជាឈាមជ័រខ្មែរក្រោមមួយរូប អាត្មាមិនសុខចិត្តឱ្យពួកយួនធ្វើបាបធ្វើទុក្ខបុកម្នេញបងប្អូនខ្មែរក្រោមទេ អ៊ីចឹងអាត្មានៅនេះត្រូវតែទាមទារសិទ្ធិសេរីភាពឱ្យពួកគាត់»។
ការជួបជុំធ្វើបាតុកម្មរបស់ពលរដ្ឋ និងព្រះសង្ឃនេះ គេក៏ឃើញមានអាជ្ញាធរទាំងក្នុងសំលៀកបំពាក់ជានគរបាល និងស៊ីវិលជាច្រើននាក់តាមឃ្លាំមើលផងដែរ បើទោះជាបាតុកម្មនេះត្រូវបានសាលារាជធានីភ្នំពេញអនុញ្ញាតឱ្យធ្វើក៏ដោយ។
ការធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរទាំងនៅកម្ពុជា និងបណ្ដាប្រទេសប្រជាធិបតេយ្យមួយចំនួនជាបន្តបន្ទាប់នេះ គឺក្រោយពី អាជ្ញាធរវៀតណាមខេត្តលង់ហោ ដែលវៀតណាម ហៅថា ខេត្ត វិញ ឡុង (Vinh Long) កាលពីខែមីនា បានចាប់ផ្សឹកព្រះសង្ឃគង់នៅវត្តប្រជុំពលមង្គលបូរីឬហៅថាវត្តទ្រនំសេកចំនួន ៥អង្គ រួមមាន ព្រះចៅអធិការវត្តទ្រនំសេក ព្រះភិក្ខុ ថាច់ ចន្ទតារា និងព្រះភិក្ខុ យឿង ខាយ និងចាប់ឃុំខ្លួនពលរដ្ឋខ្មែរក្រោមចំនួនបីនាក់ ក្រោមបទចោទប្រកាន់ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ និងពីបទ «ការចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» តាមមាត្រា ១៥៧ នៃក្រមព្រហ្មទណ្ឌវៀតណាម។
អាជ្ញាធរវៀតណាមនៅខេត្តព្រះត្រពាំង និងខេត្តឃ្លាំង កាលពីឆ្នាំមុន ក៏បានចាប់ខ្លួនសកម្មជនខ្មែរក្រោម ៣នាក់រួមមានលោក តោ ហ្វាងចឿង លោក ថាច់ កឿង និងលោក យ័ញ មិញក្វាង ក្រោមការចោទប្រកាន់តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាមនេះដូចគ្នា។ ក្នុងឆ្នាំ២០២៣ ដដែល អាជ្ញាធរវៀតណាមបានចាប់ឃុំខ្លួន សកម្មជនខ្មែរក្រោមជាស្ត្រីម្នាក់ទៀត គឺលោកស្រី ឌិន ធីហ្វិន រស់នៅខេត្តឃ្លាំង ក្រោមបទចោទ «មិនអនុវត្តតាមសាលក្រមរបស់តុលាការ» ដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី។ ពួកគេត្រូវបានតុលាការវៀតណាមកាត់ទោសជាប់ពន្ធនាគារចន្លោះពី ២ ដល់ ៤ឆ្នាំ កាលពីដើមខែកុម្ភៈ និងខែមីនា។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា និង អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានទេ នៅថ្ងៃទី២៤ ខែមេសា។
ប្រធានស្ដីទីលេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរក្រោម លោក គឹម ស៊ីសំណា ថ្លែងក្រោយដង្ហែញាតិទៅក្រសួងការបរទេសថា អង្គការ សមាគមខ្មែរក្រោមសោកស្ដាយដែលរដ្ឋាភិបាលមិនបានអនុញ្ញាតឱ្យធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យដូចការគ្រោងទុក។ ទោះជាយ៉ាងណាក្ដី លោក គឹម ស៊ីសំណា ថា អង្គការសង្គមស៊ីវិលខ្មែរក្រោម គ្រោងនឹងធ្វើបាតុកម្ម និងដាក់ញត្តិ ទៅតាមបណ្ដាស្ថានទូតផ្សេងទៀត រហូតដល់មានការដោះលែងសកម្មជនខ្មែរក្រោម។
លោក គឹម ស៊ីសំណា៖«ប្រាកដហើយកន្លងមកយើង ក៏ធ្លាប់ស្នើសំណូមពរ អំពាវនាវឱ្យទាំងរាជរដ្ឋាភិបាលកម្ពុជាផង ទាំងពលរដ្ឋខ្មែរយើងទូទៅទាំងអស់គ្នាផង ពីព្រោះពលរដ្ឋខ្មែរក្រោម គឺឈាមជ័រខ្មែរតែមួយ។ អ៊ីចឹង ទុក្ខរបស់ខ្មែរកម្ពុជាក្រោម ក៏ជាទុក្ខរបស់ខ្មែរយើងទូទៅទាំងអស់គ្នា»។
គិតមកទល់ពេលនេះ មានព្រះសង្ឃ សកម្មជន និងពលរដ្ឋខ្មែរក្រោមចំនួន ១៣អង្គ/នាក់ហើយ ត្រូវបានអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារ។ ចំណែកព្រះសង្ឃខ្មែរក្រោមមួយអង្គទៀតគឺព្រះភិក្ខុ គឹម សំរិន្ទ ដែលជាសកម្មជនសង្ឃ និងជាអ្នកកសាងរូបសំណាកលោកឧកញ៉ា សឺន គុយ តម្កល់ទុកនៅផ្ទះក្នុងខេត្តព្រះត្រពាំង កាលពីថ្ងៃទី២៥ មីនា ត្រូវបានគណៈសង្ឃខេត្តក្រោមឥទ្ធិពលរដ្ឋវៀតណាម និងអាជ្ញាធរខេត្ត បានប្រកាសមិនទទួលស្គាល់ព្រះអង្គជាអ្នកបួស និងមិនអនុញ្ញាតឱ្យវត្តទាំង ១៤៣ ក្នុងខេត្តព្រះត្រពាំងទទួលយកព្រះអង្គគង់នៅ។ បច្ចុប្បន្ន ព្រះភិក្ខុ គឹម សំរិន្ទ កំពុងគង់នៅផ្ទះជាមួយញោមស្រី និងសាច់ញាតិរបស់ព្រះអង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។