តារាចម្រៀងអាជីពមួយចំនួនប្រតិកម្ម ចំពោះការចាប់ខ្លួនយុវជន ២រូប នៅខេត្តសៀមរាប ក្រោយពីពួកគេច្រៀងរ៉ែប (Rap) រិះគន់សង្គម និងនយោបាយ។ ពួកគេចាត់ទុកទង្វើនេះថា ជាការរឹតត្បិតសេរីភាពសិល្បករប៉ះពាល់ដល់វប្បធម៌ជាតិ។ អ្នកចម្រៀងខ្លះព្រួយបារម្ភពីការថយចុះសេរីភាពសិល្បៈប៉ះពាល់ដល់អាជីពរបស់ពួកគេ។
សិល្បករមួយចំនួនយល់ឃើញថា ការចាប់ខ្លួនយុវជន ឡុង ពុទ្ធារ៉ា និង យុវជន គា សុគន្ធ ដែលច្រៀងរ៉ែប បង្ហោះតាមបណ្ដាញសង្គមរៀបរាប់ពីការឈឺចាប់រឿងអយុត្តិធម៌សង្គម និងនយោបាយនោះ គឺជាគំរាមកំហែងដល់អាជីពអ្នកសិល្បៈ និងប៉ះពាល់អារម្មណ៍អ្នកនិពន្ធ។
អ្នកចម្រៀងអាជីពលោក សែម សុធា យល់ថា ក្រោយពីរដ្ឋាភិបាលចាប់ខ្លួនយុវជនទាំងនេះ ពួកលោកក៏បារម្ភពីសុវត្ថិភាពខ្លះៗ ដែរ និងមានការប្រុងប្រយ័ត្នជាងមុន ក្នុងការច្រៀងបង្ហាញពីស្ថានភាពសង្គម។ លោកថា បទចម្រៀងនីមួយៗ លេចជារូបរាងឡើង ត្រូវមានធាតុផ្សំជាច្រើនរួមមានការតែងនិពន្ធអ្នកច្រៀង និងតន្ត្រីត្រូវច្របាច់បញ្ចូលគ្នា។ លោកបន្ថែមថា ប្រសិនបើសេរីភាពសិល្បៈត្រូវបានរឹតត្បិតហើយនោះ អ្នកដែលរងគ្រោះពុំមែនតែអ្នកចម្រៀងនោះទេ គឺអ្នកនិពន្ធទំនុកច្រៀង និងអ្នកភ្លេង ក៏ប៉ះពាល់ដែរ៖ «គឺគាត់ពូកែក្នុងការលើកឡើងអ្វីដែលថ្មីអ្វីដែលប្លែកពេញនិយមនៅសម័យបច្ចុប្បន្ន ហើយពួកគាត់ហាក់មានការប្រុងប្រយ័ត្នការពារខ្លួនដែររាល់ការបញ្ចេញមតិយោបល់ណាមួយ។ ពួកគាត់អាចរងនូវការគំរាមកំហែងផ្សេងៗ ប្រសិនគាត់ធ្វើហើយបើសិនជាខ្ញុំអាចប្រឈមជាមួយផ្លូវច្បាប់ ខ្ញុំក៏មានពាក្យខ្លះចង់សួរទៅពួកគាត់ដែរ ( រដ្ឋាភិបាល ) មូលហេតុអ្វីដែលគាត់ហាមប្រាមពាក្យពេចន៍ដែលយើងកំពុងតែធ្វើ » ។
តារាងចម្រៀងអាជីពម្នាក់ទៀតរស់នៅខេត្តតាកែវលោក សំ កំសាន្ត យល់ថា ការចាប់ខ្លួនយុវជនទាំងនេះប៉ះពាល់ដល់អារម្មណ៍អ្នកនិពន្ធ និងអ្នកចម្រៀងធ្វើឱ្យពួកគេភ័យខ្លាចក្នុងការបង្ហាញសមត្ថភាពសរសេរ និងច្រៀងរៀបរាប់ពីស្ថានភាពពិតក្នុងសង្គម។ លោកថា អ្នកចម្រៀង មានតួនាទីសំខាន់ណាស់លើកស្ទួយវប្បធមជាតិតែបើសេរីភាពពួកគេ រងការគំរាមកំហែងហើយនោះវប្បធម៌ជាតិអាចនឹងធ្លាក់ចុះ៖ «ពិនិត្យអ៊ីចឹងភ័យដែល ប៉ុន្តែភ័យចំពោះដូចថា ដែលយើងលើកទៅជារឿងពិតហើយគេចាប់កំហុសមកយើងគេដាក់ទោសទណ្ឌវាពិបាកដែរ ព្រោះថា អ្នកចម្រៀង និងអ្នកនិពន្ធគេនិពន្ធអ្វីដែលជាធាតុពិតជាក់ស្ដែង ដើម្បីបង្ហាញទៅទស្សនិកជនហើយបើសិនជាយើងធ្វើខុសពីការគិតជាបញ្ហាមួយប៉ះពាល់អារម្មណ៍របស់អ្នកនិពន្ធ និងអ្នកច្រៀងដែរ » ។
ចំណែកតារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានបង្ហោះសារក្នុងទំព័រហ្វេសបុករបស់លោកក្រោយការចាប់ខ្លួនយុវជនទាំងពីរនាក់នោះថា សម័យវៀតណាមឈ្លានពានទឹកដីកម្ពុជា ក្រោមការដឹកនាំរបស់សេនាប្រមុខ លន់ នល់ អ្នកចម្រៀង និងកវីនិពន្ធសម័យនោះហ៊ានច្រៀងដាស់ស្មារតីឱ្យពលរដ្ឋ និងយោធា ងើបឡើងចូលរួមការពារបូរណភាពទឹកដី។ បទចម្រៀងភាគច្រើនរុញឱ្យពលរដ្ឋខ្មែរចេះសាមគ្គីគ្នា និងក្លាហាន ការពារទឹកដីដែលរងការឈ្លានពានពីប្រទេសជិតខាង។
ក្រុមអ្នកសិល្បៈ ឱ្យដឹងថា សម័យដើមបានផ្តល់តម្លៃខ្ពស់ដល់តារាចម្រៀង និងកវីនិពន្ធ ដែលសរសេររឿងប្រទេសជាតិ ដើម្បីលើកទឹកចិត្តកងទ័ព និងពលរដ្ឋឱ្យស្នេហាទឹកដី។ បទចម្រៀងទាំងនោះច្រៀងដោយអ្នកចម្រៀងល្បីៗ ដូចជាលោក ស៊ិន ស៊ីសាមុត និងលោក សុះ ម៉ាត់ ហើយនិងនិពន្ធដោយកវីដ៏មានទេពកោសល្យ ដូចជា លោក ម៉ា ឡៅពី ជាដើម។ បទចម្រៀងស្នេហាជាតិដែលពលរដ្ឋកម្ពុជាតែងឮជាញឹកញាប់នោះមានដូចជាបទសម្រែកឈាមខ្មែរវាចាយុទ្ធជនភូមិគគីរធំ និងស្អែកលាម៉ែធ្វើទាហានជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។