សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ឃុំ​ខ្លួន ព្រះអង្គ សយ សាត ក្រោយ​ពី​ចាប់​បង្ខំ​ផ្សឹក​ព្រះអង្គ

ដោយ ទីន ហ្សាការីយ៉ា
2023.03.10
សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ឃុំ​ខ្លួន ព្រះអង្គ សយ សាត ក្រោយ​ពី​ចាប់​បង្ខំ​ផ្សឹក​ព្រះអង្គ ​ព្រះតេជព្រះគុណ សយ សាត និង​ពលរដ្ឋ​ដែលចូលរួមនឹង​ធម្មយាត្រារបស់​ព្រះអង្គ កាលពីថ្ងៃទី៩ មីនា ២០២៣។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សមត្ថកិច្ច​បាន​បញ្ជូន​ព្រះតេជព្រះគុណ សយ សាត ទៅ​ស្នងការ​នគរបាល​ខែត្រ​បាត់ដំបង​ភ្លាមៗ ក្រោយពី​សមត្ថកិច្ច​ចាប់បង្ខំ​ឲ្យ​ព្រះអង្គ​ផ្សឹក កាលពី​យប់​ថ្ងៃទី​៩ មីនា នេះ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខែត្រ​បាត់ដំបង លោក អ៊ិន គង់ជិត ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​កាល​ពី​យប់​ថ្ងៃទី៩ មីនា ថា ព្រះតេជព្រះគុណ សយ សាត ដែល​ធ្វើ​ធម្ម​យាត្រា​ពី​ភ្នំពេញ​មកដល់​ខែត្រ​បាត់ដំបង កាលពី​ថ្ងៃទី​៩ មីនា ដើម្បី​ឆ្ពោះទៅ​ប៉ោយប៉ែត​នោះ ត្រូវ​បាន​សមត្ថកិច្ច​ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​សាលាដំបូង​ខែត្រ​បាត់ដំបង លោក កែវ សុជាតិ មក​ឃាត់​ក្បួន​ធម្ម​យាត្រា​នេះ​។ លោក​បន្ថែម​ថា លោក​ព្រះរាជអាជ្ញា​បង្ខំ​ឲ្យ​ព្រះអង្គ​ត្រលប់​ទៅ​ភ្នំពេញ​វិញ ហើយ​ត្រូវ​ដាក់​លិខិត​ស្នើសុំ​ធ្វើ​ធម្មយាត្រា​ពី​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​ព្រះអង្គ​បដិសេធ ពីព្រោះ​អង្គ​ចង់​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត។

លោក​បញ្ជាក់​ថា ក្រោយ​ពី​អង្គ សយ សាត មិន​ព្រម​ត្រលប់​ទៅ​ភ្នំពេញ​វិញ សមត្ថកិច្ច​បាន​វាយ​ខ្នោះ​ព្រះអង្គ ហើយ​ដឹក​យក​ទៅ​វត្ត​ពោធិ៍វាល ស្ថិតនៅ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង។ រួច​ប្រធាន​មន្ទីរ​ធម្មតា និង​សាសនា ព្រះ​គ្រូ​ចៅអធិការ​វត្ត​ពោធិ៍វាល និង​ជា​ព្រះមេគណ​ខែត្រ ចាប់​ផ្សឹក​ព្រះអង្គ​ទាំង​បង្ខំ។ ក្រោយ​ពី​ផ្សឹក​សមត្ថកិច្ច​បញ្ជូន​ព្រះអង្គ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខែត្រ​បាត់ដំបង។

លោក អ៊ិន គង់ជិត អះអាងថា សមត្ថកិច្ច​នាំ​ព្រះកាយ​ព្រះតេជព្រះគុណ សយ សាត នេះ ពុំ​មាន​ដីកា​ឡើយ។

លោក អ៊ិន គង់ជិត៖ «មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ទាន់​ដឹង​ថា ព្រះរាជអាជ្ញា​ចោទប្រកាន់​ពី​បទ​អ្វី​នោះ​ទេ​។ តែ​ព្រះអង្គ​ធ្វើ​ធម្មយាត្រា​នេះ មាន​រយៈពេល​ជាច្រើន​ថ្ងៃ​ហើយ ព្រះអង្គ​ធ្វើ​ធម្ម​យាត្រា​តែមួយ​អង្គ​ឯង​ទៀត ដូច​ពុំ​មាន​អ្វី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម​ទេ។ ការ​បង្ក្រាប​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ដើរ​ហើយ​នៅក្នុង​សង្គម ដែល​ធានា​នៅក្នុង​ច្បាប់»។

រីឯ​អ្នកចូលរួម​ជាមួយ​ព្រះតេជព្រះគុណ សយ សាត មួយ​នាក់​គឺ​លោក ជាតិ ខែមរា ត្រូវ​បាន​សមត្ថកិច្ច​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅមុខ​វត្ត​ពោធិ៍វាល។

វិទ្យុ​អាស៊ី​មិនអាច​ទាក់ទង​ស្នងការ​នគរបាល​ខែត្រ​បាត់ដំបង ដើម្បី​សុំ​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ កាលពី​យប់​ថ្ងៃទី​៩ មីនា។

ព្រះតេជព្រះគុណ សយ សាត បា​នធ្វើ​ធម្មយាត្រា​ចេញ​ពី​ភ្នំពេញ ឆ្ពោះ​ទៅ​ព្រំដែន​ថៃ​តែ​អង្គ​ឯង​ទេ ក៏​ប៉ុន្តែ​ក្រោយ​ពី​ព្រះអង្គ​និមន្ត​ដល់​ខែត្រ​ពោធិ៍សាត់ និង​ខែត្រ​បាត់ដំបង​មាន​ប្រជាពលរដ្ឋ​ជិត ២០​នាក់​ចូលរួម​ធម្ម​យាត្រា​ជាមួយ​អង្គ​ដែរ។ ព្រះតេជព្រះគុណ សយ សាត ធ្លាប់​មាន​ថេរដីកា​ប្រាប់​អាស៊ីសេរី​នៅ​មុន​ពេល​សមត្ថកិច្ច​ឃាត់​ព្រះ​កាយ​ព្រះអង្គ​អំពី​គោលបំណង​ធ្វើ​ធម្ម​យាត្រា​នេះ ដើម្បី​លើកស្ទួយ​សីលធម៌​សង្គម និង​ទាមទារ​យុត្តិធម៌​សង្គម។

លោក អ៊ិន គង់ជិត បញ្ជាក់​ថា ក្រោយពី​សមត្ថកិច្ច​បញ្ជូន​ព្រះអង្គ សយ សាត ទៅ​ស្នងការ​នគរបាល​ខែត្រ គឺ​លោក​មិនទាន់​ដឹង​ថា តើ​សមត្ថកិច្ច​និង​ព្រះរាជអាជ្ញា លោក កែវ សុជាតិ នឹង​ចាត់វិធានការ​បែប​ណា​ទៀត​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​ធនាគារ​បង្ខំ​ឲ្យ​កូន​បំណុល​លក់​ទ្រព្យសម្បត្តិ​សង​លុយ​ទៅ​ធនាគារ​ខ្លួន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។