កុមារ​បឹងកក់​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ

ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០១៣ ជា​ខួប​លើក​ទី៦៤ នៃ​ទិវា​កុមារ​អន្តរជាតិ។ នៅ​ថ្ងៃ​នេះ កុមារ​មក​ពី​តំបន់​ដែល​មាន​ជម្លោះ​ដីធ្លី បាន​ជួប​ប្រជុំ​គ្នា​ក្នុង​តំបន់​បឹងកក់ បន្ទាប់​មក​បាន​ដង្ហែ​ក្បួន​ទៅ​តាម​មហា​វិថី​នានា ក្នុង​រាជធានី​ភ្នំពេញ។

0:00 / 0:00

ពួក​គេ​បាន​ហែ​ក្បួន​កាត់​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ស្ថានទូត​សហរដ្ឋ​អាមេរិក ព្រះបរមរាជវាំង និង​សាលា​ឧទ្ធរណ៍។ ពួក​គេ​អំពាវនាវ​ដល់​រដ្ឋាភិបាល អោយ​យក​ចិត្ត​ទុក​ដាក់​ការពារ​សិទ្ធិ​កុមារ​ក្នុង​គ្រួសារ​រងគ្រោះ​ដោយ​ការ​បណ្ដេញ​ចេញ និង​បញ្ឈប់​ការ​ប្រើ​ហិង្សា ឬ​ចាប់​ម្ដាយ​ពួក​គេ​ដែល​ជា​សកម្មជន​ដីធ្លី​ដាក់​ពន្ធនាគារ។

ក្រុម​កុមារ​ប្រមាណ ២០០​នាក់ មក​ពី​សហគមន៍​ចំនួន​៨ ក្នុង​រាជធានី​ភ្នំពេញ យក​ថ្ងៃ​អបអរ​ទិវា​កុមារ​អន្តរជាតិ អំពាវនាវ​អោយ​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ និង​ស្នើ​អោយ​ដោះលែង​សកម្មជន​ដីធ្លី​លោកស្រី យ៉ោម បុប្ផា។

ក្រុម​កុមារ និង​តំណាង​សហគមន៍ ដែល​បាន​ចូលរួម​ហែ​ក្បួន បាន​លើក​បង្ហាញ​រូបថត​លោកស្រី យ៉ោម បុប្ផា ជាច្រើន​ផ្ទាំង និង​ស្រែក​តាម​ឧបករណ៍​បំពង​សំឡេង ឬ​មេក្រូ ដោយ​ផ្ញើ​សារ​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ​ថា ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ កំពុង​ប៉ះពាល់​សិទ្ធិ​មួយ​ចំនួន​របស់​កុមារ។ ចំណែក​កុមារ​នៅ​ក្នុង​តំបន់​ដែល​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ ធ្វើ​អោយ​ពួក​គេ​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច។

ក្រុម​អ្នក​ហែ​ក្បួន​ទាំង​នេះ​មក​ពី​សហគមន៍​បឹងកក់ បុរីកីឡា ថ្មគោល អតីត​អ្នក​បឹងកក់ សំបុកចាប បឹង​ឈូក និង​អ្នក​រស់នៅ​តាម​ផ្លូវ​រថ​ភ្លើង​ជាដើម។

កុមារី សៀក ម៉ីលី កូន​ស្រី​សកម្មជន​ដីធ្លី​លោកស្រី គង់ ចន្ថា នៃ​តំបន់​បឹងកក់ បាន​អោយ​ដឹង​ថា ការ​បណ្ដេញ​ចេញ​ធ្វើ​អោយ​កុមារ​ដូច​រូប​នាង​បាត់​បង់​ភាព​កក់​ក្ដៅ​ក្នុង​គ្រួសារ។ ជា​រៀង​រាល់​ថ្ងៃ នាង​តែង​បារម្ភ​ពី​ម្ដាយ​របស់​នាង​ដែល​ចេញ​តវ៉ា​ការពារ​ផ្ទះ​សម្បែង ដែល​អាច​ប្រឈម​នឹង​ការ​វាយ​ដំ ឬ​ចាប់​ដាក់​ពន្ធនាគារ​ជា​ដើម។ នាង​បាន​អំពាវនាវ​អោយ​ដោះលែង​លោកស្រី យ៉ោម បុប្ផា ដែល​នាង​គិត​ថា គឺ​ជា​ការ​គោរព​សិទ្ធិ​កុមារ​ក្នុង​តំបន់​បឹងកក់។

ការ​អំពាវនាវ​អោយ​ដោះលែង​លោកស្រី យ៉ោម បុប្ផា ក្នុង​ទិវា​កុមារ​អន្តរជាតិ ធ្វើ​ឡើង​នៅ ៤​ថ្ងៃ​មុន​ការ​បើក​សវនាការ​របស់​សាលា​ឧទ្ធរណ៍​លើ​សំណុំ​រឿង​ប្ដឹង​ទាស់​នឹង​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង ដែល​កាត់​អោយ​លោកស្រី​មាន​ទោស ដោយ​ការ​ចោទ​ប្រកាន់​ថា​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា។

១-កុមារា លួស លីហួរ កូន​ប្រុស​លោកស្រី យ៉ោម បុប្ផា លើក​សារ​សុំ​ឲ្យ​ដោះលែង​ម្ដាយ។

២-ក្រុម​កុមារ​មក​ពី​សហគមន៍​ទាំង​៨ នៅ​រាជធានី​ភ្នំពេញ ជួបជុំ​គ្នា​នៅ​បឹងកក់។

៣-កុមារ​៤​នាក់​កំពុង​ថ្លែង​ពី​ផល​ប៉ះពាល់​នៃ​ការ​បណ្ដេញ​ចេញ​លើ​កុមារ។

៤-ក្រុម​កុមារ​មក​ពី​សហគមន៍​ទាំង​៨ នៅ​រាជធានី​ភ្នំពេញ ជួបជុំ​គ្នា​នៅ​បឹងកក់។

៥-ក្រុម​កុមារ​កំពុង​បរិភោគ​អាហារ​ពេល​ព្រឹក។

៦-ក្រុម​កុមារ​កំពុង​បរិភោគ​អាហារ​ពេល​ព្រឹក។

៧-ក្រុម​កុមារ​ហែ​ក្បួន​លើក​បដា​ឲ្យ​ដោះលែង​លោកស្រី យ៉ោម បុប្ផា។

៨-ក្រុម​កុមារ​ហែ​ក្បួន។

៩-ក្រុម​កុមារ​កំពុង​សុំ​ឲ្យ​ដោះលែង​លោកស្រី យ៉ោម បុប្ផា។

១០-កុមារ​បី​នាក់​អង្គុយ​កាន់​រូប​លោកស្រី យ៉ោម បុប្ផា និង​កូន​ប្រុស។

១១-លោកស្រី ទេព វន្នី សុំ​ឲ្យ​ដោះលែង​លោកស្រី យ៉ោម បុប្ផា។

១២-អ្នក​បឹងកក់ កាន់​បដា​សុំ​ឲ្យ​ដោះលែង​លោកស្រី យ៉ោម បុប្ផា។

១៣-ក្រុម​កុមារ​ហែ​ក្បួន​កាត់​ស្ថានទូត​សហរដ្ឋ​អាមេរិក។

១៤-ក្រុម​កុមារ​ហែ​ក្បួន​កាត់​ស្ថានទូត​សហរដ្ឋ​អាមេរិក។

កូន​ប្រុស​លោកស្រី យ៉ោម បុប្ផា កុមារា លួស លីហួរ បាន​ស្រែក​អំពាវនាវ​រក​យុត្តិធម៌​អោយ​ម្ដាយ​នៅ​ខាង​មុខ​សាលា​ឧទ្ធរណ៍។

តំណាង​អ្នក​បឹងកក់ លោកស្រី ទេព វន្នី បាន​ជំរុញ​អោយ​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​បំពាន​សិទ្ធិ​កុមារ​ក្រោម​រូប​ភាព​បណ្ដេញ​ចេញ​ដោយ​បង្ខំ។

ក្នុង​ថ្ងៃ​ជាមួយ​នេះ នៅ​ក្នុង​ពិធី​អបអរ​ទិវា​កុមារ​អន្តរជាតិ និង​ទិវា​ប្រឆាំង​ពលកម្ម​កុមារ​ដែល​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ លោក ហ៊ុន សែន បាន​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា បាន​ធានា​នូវ​រាល់​សិទ្ធិ​របស់​កុមារ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី។

របាយការណ៍​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០០ មក យ៉ាង​ហោច​ណាស់​ប្រជាជន​ចំនួន ៧០​ម៉ឺន​នាក់​ទូទាំង​ប្រទេស រង​ផល​ប៉ះពាល់​ពី​ការ​ចាប់​យក​ដី និង​ការ​រើ​លំនៅឋាន​ដោយ​បង្ខំ។ នៅ​រាជធានី​ភ្នំពេញ គឺ​ប្រហែល ១៤​ម៉ឺន ៥​ពាន់​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ។ ដោយ​ឡែក​នៅ​ចុង​ឆ្នាំ​២០១១ ប្រជាជន​ជិត ៤​ម៉ឺន​នាក់ ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ភ្លាមៗ​នៃ​ការ​បណ្ដេញ​ចេញ។ គេ​បាន​រក​ឃើញ​ដែរ​ថា ភាគ​ច្រើន​នៃ​ស្ត្រី​ដែល​ត្រូវ​បណ្ដេញ​ចេញ កំពុង​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​អារម្មណ៍ ហើយ​វា​ក៏​បាន​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​កូនៗ​ក្នុង​បន្ទុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។