គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បដិសេធ​សេចក្ដី​ថ្លែងការណ៍​របស់ APHR ដែល​ចោទ​កម្ពុជា​ថា រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

ដោយ សេក បណ្ឌិត
2024.09.04
គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បដិសេធ​សេចក្ដី​ថ្លែងការណ៍​របស់ APHR ដែល​ចោទ​កម្ពុជា​ថា រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ រុមយុវជនដែលអាជ្ញាធរចាប់ខ្លួនដោយចោទថា បានចេញធ្វើបាតុកម្មផ្ដួលរំលំរដ្ឋាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ជុំវិញរឿងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ឬ CLV។
រូប៖ ហ្វេសប៊ុក

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បដិសេធ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស (ASEAN Parliamentarians for Human Rights) ហៅ​កាត់​ថា APHR ដែល​ចោទ​កម្ពុជា​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ពាក់ព័ន្ធ​ការ​ចាប់​អ្នក​ការពារ​សិទ្ធិមនុស្ស​ដាក់​គុក​យ៉ាង​ឃោរឃៅ។ ពួក​គេ​ថា ការ​ចោទ​ប្រកាន់​នេះ ខុស​ពី​ការ​ពិត និង​មាន​លក្ខណៈ​នយោបាយ។ មន្ត្រី​សង្គម​ស៊ីវិល​ថា​ រដ្ឋាភិបាល​គួរ​តែ​ទទួល​ស្គាល់​ការ​ពិត ដើម្បី​រក​ដំណោះ​ស្រាយ​នោះ​ទើប​ជា​ការ​ប្រសើរ។

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី៣ ខែកញ្ញា ចេញ​សេចក្ដី​ថ្លែង​ការណ៍​ឆ្លើយ​តប​របាយការណ៍​រក​ឃើញ​របស់​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា APHR ដែល​បង្ហាញ​ក្ដី​បារម្ភ និង​ចោទ​រដ្ឋាភិបាល​កម្ពុជា​ថា កំពុង​ដឹកនាំ តាម​របប​ផ្ដាច់ការ និង​ចាប់​យុវជន​សង្គម​ដាក់​គុក​តាម​ទំនើង​ចិត្ត។ ពួក​គេ​ថា ការ​ចោទ​ប្រកាន់​របស់​អង្គការ​អន្តរជាតិ​នេះ គឺ​ពុំ​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ និង​មាន​លក្ខណៈ​នយោបាយ ដែល​ចង់​ជ្រៀតជ្រែក​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​ដដែល​លើក​ឡើង​ថា អង្គការ APHR ចាត់​ទុក​ខ្លួន​ឯង​ជា​អ្នក​តស៊ូ​មតិ ផ្នែក​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ដែល​មាន​ចំណេះដឹង​តិចតួច​អំពី​ប្រវត្តិសាស្ត្រ ប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ សាសនា ច្បាប់​ជាតិ និង​អន្តរ​ជាតិ។ បន្ថែម​ពី​នោះ អង្គការ​មួយ​នេះ បាន​បំផ្លើស និង​ធ្វើ​សកម្មភាព​ដោយ​គ្មាន​ការ​អៀន​ខ្មាស ព្រម​ទាំង​ដើរតួ ជា​ចៅក្រម​ជ្រៀតជ្រែក​លើ​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​រដ្ឋ​អធិបតេយ្យ​មួយ ក្នុង​គោលដៅ​នយោបាយ ហើយ​ការ​ថ្កោលទោស ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន គឺ​ជា​ចេតនា​គាំទ្រ​អំពើ​ឧក្រិដ្ឋ។

គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា ក៏​បាន​អះអាង​ដែរ​ថា ការ​ចាប់​ខ្លួន​ជន​សង្ស័យ​មួយ​ចំនួន គឺ​ផ្អែក​លើ​ភស្តុតាង​ជាក់ស្ដែង និង​មិន​អាច​ប្រកែក​បាន ដោយសារ​បុគ្គល​ទាំង​នោះ​បាន​ផ្សព្វផ្សាយ​ការ​គំរាមកំហែង ព័ត៌មាន​ក្លែងក្លាយ ក្នុង​គោល​បំណង ញុះញង់​មហាជន​ឱ្យ​ធ្វើ​បដិវត្តន៍​ពណ៌ និង​ប្រព្រឹត្ត​អំពើ​ហិង្សា​នានា ដើម្បី​ផ្ដួល​រំលំ​របប​រាជា​និយម​នៅ​កម្ពុជា។

លើស​ពី​នោះ ការ​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន ដែល​ប្រឆាំង​នឹង​កិច្ច​សហ​ប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នា​ពេល​ថ្មីៗ នេះ មិន​មែន​ដោយសារ​ការ​ប្រើ​ប្រាស់ សេរីភាព​ក្នុង​ការ​បញ្ចេញមតិ ឬ​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​នោះ​ទេ ដោយ​សារ​តែ​ពួក​គេ មាន​ចេតនា​ទុច្ចរិត ក្នុង​ការ​បង្ក​អស្ថិរភាព និង​ញុះញង់​ឱ្យ​ប្រើ​អំពើ​ហិង្សា ក្រោយ​ពី​អាជ្ញាធរ​បាន​រក​ឃើញ​ភស្តុតាង​ជាក់លាក់ ដូច​ជា កាំភ្លើង​កែច្នៃ ដ្រូន (Drone) ភ្ជាប់​ដោយ​គ្រាប់​ផ្ទុះ និង​អាវុធ​គ្រោះថ្នាក់​ដទៃ​ជា​ច្រើន​ទៀត ដូច្នេះ អាជ្ញាធរ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ចាប់​ខ្លួន ដើម្បី​រក្សា​សន្តិ​សុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ​ស្រប​តាម​ច្បាប់​កម្ពុជា។

ការ​ឡើង​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដើម្បី​ឆ្លើយ​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR) ដែល​បាន​ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​ទី២៩ ខែ​សីហា​ បង្ហាញ​ថា អាជ្ញាធរ​បក្ស​កាន់​អំណាច បាន​វាយ​ប្រហារ​ឥត​ឈប់​ឈរ​ប្រឆាំង​នឹង​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​នៅ​កម្ពុជា។ ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ២០២៤ មនុស្ស​យ៉ាង​តិច​ចំនួន​៩៤នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រិះគន់​ផែនការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ មនុស្ស​ចំនួន ៥៩នាក់ រួម​ទាំង​កុមារ ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ អំពី​ផែនការ ឬ​ការ​ញុះញង់​។

បន្ថែម​ពី​នោះ ប្រធាន​សមាជិក​សភា APHR និង​ជា​សមាជិកសភា​ឥណ្ឌូណេស៊ី អ្នក​ស្រី មើរ៍ស៊ី បៀរ៉ិនដ៍ (Mercy Barends) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ការ​បង្ក្រាប​យ៉ាង​រហ័ស និង​ឃោរឃៅ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​អ្នក​រិះគន់​ដោយ​សន្តិវិធី​នៃ​គម្រោង CLV គឺ​ជា​ការ​វាយ​ប្រហារ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ។ អ្នក​ស្រី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ជា​បន្ទាន់​នូវ​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ដែល​ប្រឆាំង​នឹង​ពួក​គាត់។ ក្រៅ​ពី​នេះ នៅ​មាន​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ APHR ផ្សេង​ទៀត ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​ចាក​ឆ្ងាយ​ពី​កេរដំណែល​នៃ​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​ដូច​ជា​ឪពុក​របស់​លោក​គឺ លោក ហ៊ុន សែន និង​មិន​ត្រូវ​យក​ប្រជាពលរដ្ឋ​របស់​ខ្លួន​ធ្វើ​ជា​សត្រូវ​នោះ​ឡើយ។

Mercy_Chriesty_Barends_APHR_FB_2.webp
អ្នក​ស្រី មើរ៍ស៊ី បៀរ៉ិនដ៍ (Mercy Barends) ប្រធាន​​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិ​មនុស្ស (ASEAN Parliamentarians for Human Rights) ហៅ​កាត់​ថា APHR និង​ជា​សមាជិកសភា​ឥណ្ឌូណេស៊ី។ រូប៖ ហ្វេសប៊ុក APHR

សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ថែម​ថា អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ព្រឹទ្ធសភា​បច្ចុប្បន្ន លោក ហ៊ុន សែន ក៏​បាន​គាំទ្រ​យ៉ាង​ចាស់​ដៃ​លើ​កិច្ចព្រមព្រៀង CLV ដោយ​ប្រើ​ប្រាស់​ការ​គំរាមកំហែង​ជា​សាធារណៈ និង​ការ​ឃ្លាំ​មើល​ប្រឆាំង​នឹង​អ្នក​រិះគន់។ លោក ហ៊ុន សែន ក៏​ជំរុញ​ឱ្យ​មាន​ការ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​សកម្មជន ដោយ​គំរាមកំហែង​ដល់​ក្រុម​គ្រួសារ​នៃ​ឥស្សរ​ជន​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស។ ការ​ឃុំខ្លួន​អ្នក​រិះគន់​នេះ គឺ​ជា​ការ​ខុស​ច្បាប់​យ៉ាង​ខ្លាំង​ថែម​ទាំង​បំពាន​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នីតិរដ្ឋ​ក្នុង​ប្រទេស។

ទាក់ទិន​រឿង​នេះ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត សង្កេត​ឃើញ​ថា​ ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​របស់​គណៈកម្មាធិការ​សិទ្ធិ​កម្ពុជា ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ក៏​ប៉ុន្តែ លោក​ថា គឺ​ជា​រឿង​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ ប្រសិន​បើ​រដ្ឋាភិបាល​ពុំ​បាន​ពិនិត្យ ចំណុច​ខ្វះខាត និង​កែប្រែ តាម​អនុសាសន៍​ផ្សេង​ៗ​ តាម​ការ​អំពាវនាវ​ របស់​អង្គការ​ជាតិ និង​អន្តរជាតិ។ លោក​ថា ការ​បដិសេធ​នេះ ពុំ​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​ផល​ចំណេញ​អ្វី​នោះ​ទេ។

លោក អំ សំអាត៖ «កម្ពុជា​គួរតែ​ពិនិត្យ​មើល​ដែរ​ថា​ អ្វី​ដែល​ចំណុច​ខ្វះខាត និង​ខ្វះ​ចន្លោះ​ ទាក់ទង​​ បញ្ហា​សិទ្ធិ​មនុស្ស​គួរតែ​កែ​លម្អ​នោះ ជា​រឿង​ដែល​ល្អ​ប្រសើរ។ មួយ​ទៀត គួរតែ​ពិនិត្យ​លើ​ អនុសាសន៍​របស់​អង្គការ​ជាតិ និង​អន្តរជាតិ​នានា ដូច​ជា ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ អង្គការ​សហប្រជាជាតិ សម្រាប់​កម្ពុជា​យើង ហើយ​កម្ពុជា មាន​ការ​កែ​លម្អ​នោះ វា​មាន​ផល​ប្រយោជន៍ និង​ផល​ល្អ​សម្រាប់​កម្ពុជា​ទៅ​វិញ​ទេ»

លោក អំ សំអាត លើក​ឡើង​ថា ការណ៍​ដែល​រដ្ឋាភិបាល​ចាប់​យុវជន​សង្គម និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ដាក់គុក បែប​នេះ គឺ​ជា​រូប​ភាព​រំលោភ​សិទ្ធិ​ដ៏​ធ្ងន់ធ្ងរ ព្រោះ​ថា រយៈ​កាល​កន្លង​ទៅ ពួក​គាត់ គ្រាន់​តែ​បញ្ចេញមតិ​ខ្វល់​ខ្វាយ​បញ្ហា​ប្រទេស​ជាតិ និង​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ចំពោះ​អំពើ​អយុត្តិធម៌​នៅ​លើ​បណ្ដាញ​សង្គម។ ដូច្នេះ លោក​ថា រដ្ឋាភិបាល​គួរតែ​បើក​ចិត្ត​ទទួល​យក​ក្ដី​បារម្ភ​របស់​ពលរដ្ឋ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ជាជាង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​គាបសង្កត់​លើ​ពួក​គាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។