សមត្ថកិច្ចខេត្តបាត់ដំបងបានសម្រេចដោះលែង ព្រះតេជព្រះគុណ សយ សាត វិញហើយ នៅល្ងាចថ្ងៃទី១០ ខែមីនា ក្រោយឃុំព្រះកាយព្រះអង្គអស់រយៈពេលជាង ២៤ម៉ោង។ មន្ត្រីសិទ្ធិមនុស្សស្វាគមន៍ការដោះលែងនេះ ប៉ុន្តែពួកគេ រិះគន់ថា ការចាប់ផ្សឹក និងការឃុំព្រះកាយព្រះអង្គនេះថា ជាការធ្វើទុក្ខបុកម្នេញលើព្រះសង្ឃ ដែលធ្វើការងារសង្គម។
មន្ត្រីសិទ្ធិមនុស្ស និងពលរដ្ឋចូលរួមធ្វើធម្មយាត្រាជាមួយព្រះតេជព្រះគុណ សយ សាត ឱ្យដឹងដូចៗ គ្នាថា សមត្ថកិច្ចខេត្តបាត់ដំបងបានដោះលែងព្រះអង្គ សយ សាត ហើយ តែសមត្ថកិច្ចហាមឃាត់មិនឱ្យធ្វើធម្មយាត្រាទៀតទេ។ នៅមុនដោះលែង ព្រះរាជអាជ្ញាបានទាមទារឱ្យព្រះអង្គធ្វើកិច្ចសន្យាឈប់ធ្វើធម្មយាត្រា។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ខែត្របាត់ដំបង លោក អ៊ិន គង់ជិត ឱ្យវិទ្យុអាស៊ីសេរីដឹង នៅល្ងាចថ្ងៃទី១០ មីនាថា សមត្ថកិច្ចដោះលែងព្រះអង្គ សយ សាត ពេលនេះ ព្រោះសមត្ថកិច្ចរកមិនឃើញធាតុផ្សំនៃបទល្មើស។ មន្ត្រីស៊ីវិលរូបនេះស្វាគមន៍សម្រេចរបស់សមត្ថកិច្ចខេត្តបាត់ដំបង ប៉ុន្តែលោកសោកស្ដាយដែល សមត្ថកិច្ចបំបិទសិទ្ធិសេរីភាព នៃការធ្វើធម្មយាត្រារបស់ព្រះតេជព្រះគុណ សយ សត។
លោក អ៊ិន គង់ជិត៖«ខ្ញុំទទួលព័ត៌មានពីខាងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ហ្មង អ្នកដែលធ្វើសំណុំរឿងដោយសារអត់ធាតុផ្សំនៃបទល្មើស ដោយសារលោកនិមន្តតែមួយអង្គឯងធ្វើកិច្ចការការងារសង្គម ដើម្បីឱ្យមានសីលធម៌សង្គមឱ្យមានការបង្រួបបង្រួមផ្សះផ្សាអ្នកនយោបាយអ៊ីចឹងណាលោកមានបំណងអ៊ីចឹង អត់មានចូលទៅធាតុផ្សំបទល្មើសអី»។
សមត្ថកិច្ចខេត្តបាត់ដំបង បានឃាត់ព្រះកាយ និងចាប់ផ្សឹកព្រះតេជព្រះគុណ សយ សាត នៅស្រុកមោងឫស្សី នៅពេលព្រះអង្គនិមន្តធ្វើធម្មយាត្រាផ្សាយមេត្តាធម៌ដល់ខេត្តនេះ កាលពីថ្ងៃទី៩ ខែមីនា។ សមត្ថកិច្ច មន្ត្រីសង្ឃ អភិបាលស្រុកមោងឫស្សី ចោទប្រកាន់ព្រះតេជព្រះគុណ ថា ធ្វើធម្មយាត្រាគ្មានការអនុញ្ញាត និងមានពាក់ព័ន្ធជាមួយគណបក្សនយោបាយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក ឯម កុសល្យ ដើម្បីសាកសួររឿងនេះបានទេ គិតត្រឹមល្ងាចថ្ងៃទី១០ មីនា។ ចំណែកព្រះតេជព្រះគុណ សយ សាត ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងបាននៅឡើយដែរ។
ពលរដ្ឋរស់នៅខេត្តបាត់ដំបង លោកស្រី សេង រ័ត្នមុនី ដែលត្រូវបានអធិការនគរបាលស្រុកមោងឫស្សី បានកោះហៅនោះ ឱ្យវិទ្យុអាស៊ីសេរីដឹងថា សមត្ថកិច្ចបានសួរលោកស្រីពីរម៉ោងទើបអនុញ្ញាតឱ្យលោកស្រីត្រឡប់ទៅផ្ទះវិញ។ លោកស្រីឱ្យដឹងថា សមត្ថកិច្ចបានសួរនាំលោកស្រីពីមូលហេតុនៃការចូលរួមធម្មយាត្រានេះ និងចង់ដឹងថា តើអ្នកណានៅពីក្រោយនៃការធ្វើសកម្មភាពនេះ? លោកស្រីបានប្រាប់សមត្ថកិច្ចវិញថា ការចូលរួមនេះជាការស្ម័គ្រចិត្ត និងគ្មានអ្នកណានៅពីក្រោយទេ។ លោកស្រីឱ្យដឹងទៀតថា នៅទីបំផុតសមត្ថកិច្ចទាមទារឱ្យធ្វើកិច្ចសន្យាថា មុនធ្វើសកម្មភាពអ្វីមួយ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរជាមុនសិន និងហាមធ្វើសកម្មភាពប៉ះពាល់ដល់សង្គម។ លោកស្រីយល់ថា កិច្ចសន្យានេះជាការរំលោភសិទ្ធិលោកស្រី ហើយលោកស្រីមិនពេញចិត្តនឹងធ្វើទេ តែដោយសារសមត្ថកិច្ចទាមទារ លោកស្រីត្រូវបង្ខំចិត្តផ្ដិតមេដៃលើកិច្ចសន្យានោះ។
លោកស្រី សេង រ័ត្នមុនី៖«ទាក់ទងនឹងការធ្វើកិច្ចសន្យា សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមិនសូវសប្បាយចិត្តអីប៉ុន្មាន ព្រោះខ្ញុំអត់មានកំហុសអីផងបង។ យើងអត់មានកំហុសផង គ្រាន់តែយើងធ្វើចង្ហាន់លោក ហើយជូនដំណើរលោកឱ្យផុតព្រំប្រទល់ ដែលយើងរស់នៅ គ្រាន់តែប៉ុណ្ណឹង បំណងជ្រះថ្លារបស់យើងក្លាយជាជនសង្ស័យ ឱ្យយើងធ្វើកិច្ចសន្យា ប្រៀបដូចយើងអ្នកមានពិរុទ្ធជនអីមួយអ៊ីចឹងណា។ ចង់និយាយថា ខ្ញុំមិនសប្បាយទេ តែធ្វើម៉េចបើគេ(សមត្ថកិច្ច)ឱ្យយើងធ្វើហើយ យើងធ្វើទៅ។ បើយើងមិនធ្វើ រឿងវែងឆ្ងាយទៅទៀត»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី យល់ថា អាជ្ញាធរខេត្តបាត់ដំបងឃាត់ព្រះកាយព្រះតេជព្រះគុណ សយ សាត និងកោះហៅពលរដ្ឋឱ្យធ្វើកិច្ចសន្យា ហាក់គ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវនោះទេ។ លោកសង្កេតឃើញទៀតថា សមត្ថកិច្ចបានចោទព្រះសង្ឃ និងពលរដ្ឋថា ការធ្វើធម្មយាត្រានេះខុសច្បាប់ តែសមត្ថកិច្ចមិនបានបង្ហាញថា តើខុសទៅនឹងច្បាប់អ្វីឡើយ។
លោក យិន ម៉េងលី៖«និមន្តតាមថ្នល់ប្រជាពលរដ្ឋចូលរួមជាសេរីភាពរបស់ប្រជាពលរដ្ឋទេតើ!ព្រះអង្គមានបានកៀរគរប្រជាពលរដ្ឋណាឱ្យចូលរួម ហើយម៉េចក៏ថា ខុសច្បាប់។ ដូចខ្ញុំប្រាប់អ៊ីចឹងថា ឱ្យបង្ហាញមកច្បាប់អី ដែលអស់លោកថាខុសហ្នឹង ម៉េច?ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ វាប៉ះយ៉ាងម៉េច?ប្រាប់ឱ្យច្បាស់មក ច្បាប់នេះមាត្រាប៉ុណ្ណេះនិយាយថា អ៊ីចេះ ដើម្បីឱ្យប្រជាពលរដ្ឋលោកបានយល់លោកឈប់ប្រព្រឹត្តទៅនេះ បានជាការល្អ»។
ព្រះតេជព្រះគុណ សយ សាយ បានធ្វើធម្មយាត្រា ដោយចាប់ផ្ដើមពីរាជធានីភ្នំពេញ ឆ្ពោះទៅព្រំដែនថៃ កាលពីថ្ងៃទី១ ខែមីនា ដើម្បីផ្សាយមេត្តាធម៌ សុំសុខសន្តិភាពក្នុងប្រទេស និងទាមទារដំណោះស្រាយជាតិ។
ដំបូងឡើយ ព្រះអង្គធ្វើធម្មយាត្រាតែមួយអង្គឯងប៉ុណ្ណោះ តែចាប់តាំងពីព្រះអង្គបាននិមន្តដល់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ពលរដ្ឋមួយចំនួនរស់នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ដែលជាទីកន្លែងព្រះអង្គនិមន្តឆ្លងកាត់នោះ ពួកគាត់បានចូលរួមអមធម្មយាត្រានេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។